សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សហជីព និង​​សង្គម​ស៊ីវិល​ទាមទារដំឡើង​ប្រាក់​ខែគោល​កម្មករ​ ក្នុងវិស័យវាយនភណ្ឌ​ដែល​ជួប​ការ​លំបាក

កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សហជីព និងក្រុមសង្គមស៊ីវិលបានអំពាវនាវឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយសម្រាប់កម្មករនិយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើដំណើរ(GFT) ដោយនិយាយថា វាពិតជាចាំបាច់សម្រាប់ «ការចំណាយជាក់ស្ដែងក្នុងការរស់នៅ»។

តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃអង្គារ សហជីព និងក្រុមការពារសិទ្ធិមនុស្សចំនួន ២៨ស្ថាប័ន បានទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ចំនួន ២៣២ ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បន្នមានចំនួន ២០៨ ដុល្លារប៉ុណ្ណោះ ដែលពួកគេបាននិយាយថា «មាន​កម្រិត​ទាប​ពុំគ្រប់​គ្រាន់នឹង​ការ​ចំណាយក្នុង​ជីវភាពរស់នៅ​​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ​​ឡើយ»។

​ប្រភពដដែលបញ្ជាក់ថា៖ «សំណើរួម​លើ​ការ​​ដំឡើង​​ប្រាក់ឈ្នួលអប្បបរមា​នេះ គឺ​ផ្អែក​លើស្ថាន​ភាព​ចាំបាច់ទាក់ទងនឹង​​ការ​ចំណាយ​ជាក់ស្តែង​​​របស់​កម្មករ​និយោជិត​ និង​សមត្ថភាព​​សេដ្ឋកិច្ចរបស់​ប្រទេស​កម្ពុជា​​»។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រោមក្រសួងការងារ បានជួបប្រជុំកាលពីថ្ងៃទី២០ ខែសីហា ជាមួយសហជីព ម្ចាស់រោងចក្រ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ដែលជាកិច្ចប្រជុំជាធម្មតាធ្វើឡើងជារៀងរាល់ឆ្នាំ។ ការពិភាក្សានៅតែស្ថិតក្នុងភាពជាប់គាំង ដោយការប្រជុំលើកទីពីរបានធ្វើឡើងនៅថ្ងៃពុធ និងវគ្គក្រោយៗគ្រោងធ្វើនៅសប្តាហ៍បន្ទាប់។

ច្បាប់ប្រាក់ឈ្នួលអប្បបរមាត្រូវបានអនុវត្តចំពោះតែវិស័យ GFT របស់កម្ពុជា ដែលផ្តល់ការងារដល់មនុស្សជិតមួយលាននាក់ ដែលភាគច្រើនជាស្ត្រី និងជាឆ្អឹងខ្នងនៃកម្លាំងការងារផ្លូវការរបស់ប្រទេស ខណៈដែលកម្មករជាង ៨៨ភាគរយ នៅតែស្ថិតក្នុងការងារក្រៅផ្លូវការ។

យោងតាមការស្ទង់មតិរបស់ Asia Floor Wage Alliance ក្នុងឆ្នាំ២០២៤ រកឃើញថា កម្មករម្នាក់ត្រូវចំណាយជាមធ្យម ៤០៨ ដុល្លារក្នុងមួយខែលើថ្លៃអាហារ និងរបស់ចាំបាច់ផ្សេងទៀត ដែលស្ទើរតែទ្វេដងនៃប្រាក់ចំណូលធម្មតារបស់ពួកគេគឺ ២៥០ដុល្លារ គិតទាំងប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍តិចតួច។

ប្រភពដដែលបន្តថា ភាពខុសគ្នារវាងថ្លៃរស់នៅ និងប្រាក់ឈ្នួលបានជំរុញឱ្យកម្មករក្នុងវិស័យ GTF ប្រមាណ ៧៦ភាគរយ ត្រូវខ្ចីបំណុលគេដើម្បីរស់។

កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកស្រី សំ បុប្ផា អាយុ ៤១ ឆ្នាំ ជាកម្មករកាត់ដេរក្នុងក្រុងភ្នំពេញបានឱ្យដឹងដាថា ប្រាក់ឈ្នួលជាធម្មតាឡើងតែពីរបីដុល្លារក្នុងមួយឆ្នាំ បើទោះជាមានការត្អូញត្អែរក៏ដោយ។ ចំណែកតម្លៃទំនិញលើទីផ្សារនៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។

ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ បានកើនឡើងត្រឹមតែ៤ដុល្លារប៉ុណ្ណោះ បន្ទាប់ពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាជាតិដែលបានអនុវត្តនៅក្នុងឆ្នាំ២០១៨ ពីរបីឆ្នាំបន្ទាប់ពីច្បាប់ពាណិជ្ជកម្មរឹតបន្តឹងត្រូវបានអនុម័ត បន្ទាប់ពីមានការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើកម្មករដែលធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលសមរម្យ។

អ្នកស្រី បុប្ផាបាននិយាយថា ប្រសិនបើប្រាក់ឈ្នួលរបស់គាត់មិនឡើងដល់ ២៣២ ដុល្លារទេនោះ អ្នកស្រីគិតថា សុខុមាលភាពគ្រួសាររបស់គាត់នឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ជាពិសេសប្រសិនបើការបញ្ឈប់ការងារចាប់ផ្តើម បើទោះបីជាថ្មីៗនេះកម្ពុជាបានទទួលអត្រាពន្ធប្រកួតប្រជែងទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់វិស័យនេះក៏ដោយ។

អ្នកស្រីបានបន្ថែមថា៖ «ទោះបីជារដ្ឋាភិបាលអាចជួយកម្មករដំឡើងប្រាក់បៀវត្សរ៍ដល់ជាង ២០៨ ដុល្លារក៏ដោយ យើងនឹងនៅតែអរគុណ បើទោះជាវាមិនគ្រប់គ្រាន់ក៏ដោយ យើងនឹងព្យាយាមធ្វើការបន្ថែមម៉ោង»។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាគ្រាន់តែជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំប៉ុណ្ណោះ ហើយម្ចាស់រោងចក្រ និងសហជីពត្រូវតែសម្រេចចិត្តលើប្រាក់ឈ្នួល។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​សហជីព​មួយ​ណា​នោះ លោក មេសា​ បាន​ថ្លែង​ថា បច្ចុប្បន្នពួកគេកំពុងស្នើ​ដំឡើង​ប្រាក់ឈ្នួលចំនួន​១០​ដុល្លារ​ដែលជាតួរលេខរួម ​ខណៈ​ដែលនិយោជកចង់រក្សាតួលេខដដែល។

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​ទៅ​រោងចក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
រថយន្ត​ដឹក​កម្មករ​កាត់ដេរ​ទៅ​រោងចក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានប្រសាសន៍​ថា ការចរចាប្រាក់ឈ្នួលតែងតែមានការប្រកួតប្រជែង ដោយនិយោជក និងកម្មករចង់បានផ្សេងៗគ្នា ខណៈដែលរដ្ឋាភិបាលធ្វើការសម្រេចចិត្តចុងក្រោយ។

លោក​បាន​ថ្លែង​ថា ប្រាក់​ឈ្នួលស្របតាមតម្រូវការ​រស់​នៅ​របស់​កម្មករ អំណាច​ចរចា និង​ការ​បញ្ចូល​លុយ​របស់​រដ្ឋាភិបាល ដែល​ជា​ធម្មតា​មួយ​ដុល្លារ​ ឬ​ពីរ​ដុល្លារបន្ថែម។

លោក ធន់ មាន​ប្រសាសន៍​ថា៖ «បន្ទាប់​ពី​កូដកម្ម​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ២០១៣ ការ​ចរចា​បាន​ឡើង​ចំនួន ២៨ដុល្លារ ប៉ុន្តែ​ការ​កើន​ឡើង​មាន​កម្រិត​បន្តិច​បន្តួច។ ឆ្នាំ​នេះការ​ចរចា​នៅ​តែ​បន្ត»។ លោក​បន្ថែម​ថា ក្រុមហ៊ុន​គួរ​ពង្រីក​អត្ថប្រយោជន៍ដល់កម្មករនិយោជិត។

វិស័យ GFT នៅតែជាឆ្អឹងខ្នងនៃការនាំចេញរបស់កម្ពុជា ដែលរកចំណូលបាន ១៣.៦ ពាន់លានដុល្លារសម្រាប់ទំនិញសម្រាប់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២៤ ។ ក្នុងនោះ មានក្រុមហ៊ុនប្រមាណ ១ ៥៥៥ កំពុងដំណើរការនៅក្នុងប្រទេស ដោយផ្គត់ផ្គង់អ្នកលក់រាយឈានមុខគេមួយចំនួនរបស់ពិភពលោក។

សហជីព និងក្រុមសិទ្ធិមនុស្សទាំង ២៨ ស្ថាប័ន បានលើកឡើងថា៖ «មិនអាចទទួលយកបានទេ ដែលកម្មករ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ពុំទទួលបានកម្រិតជីវភាពដ៏សមរម្យ ខណៈដែលវិស័យនេះនៅតែបន្តទាក់ទាញការវិនិយោគអន្តរជាតិ និងបង្កើតប្រាក់ចំណេញយ៉ាងច្រើនសម្រាប់ម៉ាកយីហោ និងនិយោជក»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Unions, Civil Society Groups Demand Wage Boost for Struggling GTF Workers

ព័ត៌មានថ្មី

អត្ថបទពេញនិយម