សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សហជីពដកសំណើតួលេខប្រាក់ឈ្នួលអប្បបរមា ដោយទុកឱ្យរដ្ឋាភិបាល​​ជា​អ្នក​សម្រេច

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​ទៅ​រោងចក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ នា​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
រថយន្ត​ដឹក​កម្មករ​កាត់ដេរ​ទៅ​រោងចក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ នា​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ ​កាត់ដេរ សម្លៀកបំពាក់ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើដំណើរ​(GFT) បាន​ផ្លាស់ប្តូរ​កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា ដោយ​សហជីព​បាន​ដក​សំណើ​តួលេខ​របស់​ខ្លួន​វិញ ហើយ​រង់ចាំ​ការ​សម្រេច​ពី​រដ្ឋាភិបាល​​នៅ​សប្តាហ៍​ក្រោយ​។

សហជីពក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ផលិតស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរនិងកាបូប ជា​ច្រើន​បាន​ស្នើ​ឱ្យ​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៦ ចំនួន ២៣២ ដុល្លារ​ក្នុង​មួយ​ខែ ​ដែល​​ពេល​បច្ចុប្បន្នមាន​ចំនួន ២០៨ ដុល្លារ​ក្នុងមួយខែ ដែលសហជីព ​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា តួលេខ​នេះ​គឺ​«ទាប​ជាង​កម្រិត​ជីវភាព​រស់នៅ​សមរម្យ​ឆ្ងាយ​ណាស់»។ យោង​តាម​ក្រសួង​ការងារ សហជីព​ដែល​ជា​តំណាង​នៅ​ក្នុង​ការ​ចរចា​បាន​ដក​តួលេខ​នេះ​ចេញ​វិញ បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​និយោជក ​និង​មន្ត្រី​ក្រសួង​ការងារ​កាល​ពី​សប្តាហ៍​មុន ដែល​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រាកដ​ប្រជា​ខាង​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ការ​វិល​ត្រឡប់​ដ៏​ច្រើន​នៃ​ពលករ​ចំណាក​ស្រុក និង​ពន្ធ​គយបដិការថ្មី​របស់​សហរដ្ឋ​អាមេរិក។

ឥឡូវនេះគេមិនទាន់ច្បាស់ថាតើប្រាក់ឈ្នួលនឹងកើនឡើងឬអត់។ ក្រសួងការងារ ដែលសម្របសម្រួលការចរចារវាងសហជីព និងនិយោជកតាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងសម្រេចចិត្តនៅថ្ងៃទី១៧ ខែកញ្ញា ដោយតួលេខចុងក្រោយនឹងត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី។

បទប្បញ្ញត្តិប្រាក់ឈ្នួលអប្បបរមាត្រូវបានអនុវត្តចំពោះតែវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបប៉ុណ្ណោះ ដែលផ្តល់ការងារដល់កម្មករជិតមួយលាននាក់ដោយភាគច្រើនជាស្ត្រី និងជាឆ្អឹងខ្នងនៃកម្លាំងពលកម្មជាផ្លូវការរបស់កម្ពុជា ខណៈកម្មករជាង ៨៨% នៅតែធ្វើការងារក្រៅប្រព័ន្ធ។

យោងតាមការស្ទង់មតិឆ្នាំ២០២៤ របស់សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី(Asia Floor Wage Alliance) កម្មករចំណាយជាមធ្យម ៤០៨ ដុល្លារក្នុងមួយខែលើអាហារនិងតម្រូវការចាំបាច់ផ្សេងៗ ស្មើនឹងជិតពីរដងនៃប្រាក់ចំណូលធម្មតា ២៥០ ដុល្លារ ដែលរាប់បញ្ចូលទាំងការធ្វើការបន្ថែមម៉ោងនិងអត្ថប្រយោជន៍តិចតួចផ្សេងទៀត។

តាមការស្ទង់មតិនេះ ភាពខុសគ្នារវាងការចំណាយក្នុងជីវភាព និងប្រាក់ឈ្នួលបានជំរុញឱ្យកម្មករនៅក្នុងវិស័យនេះប្រមាណ ៧៦% ធ្លាក់ក្នុងបំណុលដើម្បីតែរស់រាន។​

ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ បានកើនឡើងត្រឹម ៤ដុល្លារប៉ុណ្ណោះ ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ពោលគឺពីរបីឆ្នាំបន្ទាប់ពីច្បាប់ពាណិជ្ជកម្មដែលមានការរឹតត្បិតត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងការបង្ក្រាបដ៏ឃោរឃៅលើកម្មករដែលធ្វើយុទ្ធនាការស្នើសុំប្រាក់ឈ្នួលសមរម្យ​។

នៅក្នុងសេចក្តីជូនដំណឹងបន្ទាប់ពីការប្រជុំថ្ងៃពុធ ក្រសួងការងារបានបញ្ជាក់ថា៖ «តំណាង​ភាគី​កម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន៣ចំណុច ជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍»។

នៅពេលសួរដើម្បីបញ្ជាក់ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានមានប្រសាសន៍ថា និយោជកបានលើកឡើងពីចំណុចនានាទាក់ទងនឹងនីតិវិធីនាំចូល-នាំចេញ ការត្រួតពិនិត្យគយ និងការធានាការវិនិយោគ។ លោកបានបន្ថែមថា សហជីពបានគាំទ្រសំណើទាំងបីនេះ។

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់អ្នកសារព័ត៌មានអំពីប្រាក់ឈ្នួលអប្បបរមាថ្មីថា៖ «យើងទាំងអស់គ្នាយល់ពីស្ថានភាព។ នោះហើយជាមូលហេតុដែលយើងមិនពិភាក្សាអំពីតួលេខជាក់លាក់នៅពេលនេះទេ»។

«ផ្ទុយទៅវិញ យើងកំពុងផ្តោតលើការពង្រីកទីផ្សារការងាររបស់យើង» លោកបានមានប្រសាសន៍ ដោយលើកឡើងពីភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងតម្រូវការកំណត់ប្រាក់ឈ្នួលឱ្យមានការ«ប្រកួតប្រជែង និងមិនខ្ពស់ជាងបណ្តាប្រទេសជិតខាង»។

លោក ហេង សួរ បានអះអាងថា បណ្តាប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀតមិនទាន់កំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីនៅឡើយទេ ដោយសារភាពមិនច្បាស់លាស់ដែលកើតចេញសង្គ្រាមពន្ធគយបដិការសកលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបណ្តាលឱ្យប្រទេសជាច្រើននៅតែមិនអាចវាយតម្លៃផលប៉ះពាល់ពេញលេញ។

រដ្ឋមន្ត្រីការងារ លោក ហេង សួរ ជួបជាមួយតំណាងនិយោជក និងតំណាងកម្មករដើម្បី​ពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ នៅក្រសួងការងារ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការងារ)

អត្រាពន្ធនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកត្រូវបានកាត់បន្ថយមកនៅត្រឹម ១៩ភាគរយ ដែលកាលពីដំបូងមានអត្រា ៤៩ភាគរយ និងក្រោយមក ៣៦ភាគរយ។ ភាពមិនច្បាស់លាស់បានបន្តរហូតដល់មានការកាត់បន្ថយអត្រាពន្ធចុងក្រោយនេះ ទើបបានធ្វើឱ្យកម្ពុជា​មានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។

សហជីពឥឡូវនេះកំពុងផ្តោតលើការចរចាឆ្នាំក្រោយ ដោយសង្ឃឹមថា ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចនឹងធូរស្រាល ខណៈកម្មករនិងមេដឹកនាំសហជីពផ្សេងទៀតបានសម្តែងការខកចិត្តចំពោះការបរាជ័យរបស់សហជីពក្នុងការជំរុញប្រាក់ឈ្នួលឱ្យគ្រប់គ្រាន់សម្រាប់ជីវភាព។

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមការប្រជុំថ្ងៃពុធ បានលើកឡើងថា ការពិភាក្សាបានផ្តោតលើពន្ធអាមេរិក និងបញ្ហាសេដ្ឋកិច្ចដែល«ធ្វើឱ្យនិយោជកមិនអាចដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករបាន»។

អ្នកស្រីបានថ្លែងថា៖ «ដូច្នេះ ទាំងនិយោជក និងតំណាងសហជីពបានសម្រេចទុកឱ្យរដ្ឋាភិបាល​ជាអ្នកសម្រេចការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ» ដោយបន្ថែមថា ស្ថានភាពនៅតែលំបាកសម្រាប់កម្មករ ប៉ុន្តែការចរចាឆ្នាំក្រោយនឹងមានភាពរឹងមាំជាងមុន។

លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលមិនមែន​ជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរិះគន់អវត្តមាននៃសំណើប្រាក់ឈ្នួលទាំងពីខាងសហជីព និងនិយោជក។

លោកបានចោទសួរថា៖ «នៅពេលសិទ្ធិសម្រេចចិត្តត្រូវទុកឱ្យរដ្ឋាភិបាល តើគោលបំណងនៃការមានក្រុមប្រឹក្សានេះជាអ្វី?»។ លោកបានបន្តថា៖ «ភាគីទាំងអស់គួរតែមានសំណើច្បាស់លាស់។ បើក្រុមចរចាមិនដាក់តួលេខ វានឹងធ្វើឱ្យកម្មករជួបបញ្ហា»។

លោក អាត់ ធន់ បានបញ្ជាក់ថា ខណៈអតិផរណាត្រូវបានរំពឹងថានឹងកើនលើស ២ភាគរយ នៅ​ឆ្នាំ២០២៥ អ្នកនាំចេញត្រូវបានព្យាករណ៍ថានឹងរកប្រាក់ចំណេញ ២,៨ភាគរយ ឬប្រមាណ ៥០០លាន ទៅ ៨០០លានដុល្លារ។ លោកបានបន្ថែមថា៖ «ការស្រាវជ្រាវត្រូវបានធ្វើឡើងដើម្បី​ប្រៀបធៀបបញ្ហាប្រឈមរបស់កម្មករនិងសមត្ថភាពសេដ្ឋកិច្ច។ បើសហជីពមិនដាក់តួលេខប្រាក់ឈ្នួល តម្រូវការរបស់ពួកគេនឹងពិបាកក្នុងការទទួលបាន»។

កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កម្មកររោងចក្រ​កាត់​ដេរ​ទិញ​អាហារ​នៅ​តូប​មុខ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល មុនពេលពួកគេចូលធ្វើការ។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់នៅភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះដោយខ្លាចបាត់បង់ការងារ បាននិយាយថាខ្លួនខកចិត្តដែលសហជីពមិនបានស្នើតួលេខប្រាក់ឈ្នួលអំឡុងការចរចា។

កម្មកររូបនោះបានលើកឡើងថា៖ «តាមគំនិតខ្ញុំ សហជីពគួរតែស្នើតួលេខជាក់លាក់សម្រាប់ការចរចា។ បើគ្មានតួលេខ វាហាក់ដូចជាគ្មានអ្វីសម្រាប់ពិភាក្សា។ ខ្ញុំមិនហ៊ាននិយាយថាប្រាក់ឈ្នួលនឹងកើនឡើងឬអត់នោះទេ»។

កម្មករដដែលបានបន្ថែមថា ការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំចន្លោះពី ២ ទៅ ៤ដុល្លារមិនជួយធ្វើឱ្យជីវភាពប្រសើរឡើងច្រើនទេ ហើយនាងបានអំពាវនាវឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ៣០០ដុល្លារក្នុងមួយខែ។

លោក ណាង សុធី តំណាងនិយោជកក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ក្នុងការចរចាប្រាក់ឈ្នួល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Unions Drop GFT Minimum Wage Figures, Government Now Set to Decide

ព័ត៌មានថ្មី

អត្ថបទពេញនិយម