លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឲ្យស្ថាប័នឧត្តមសិក្សាពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន មជ្ឈមណ្ឌលស្រាវជ្រាវ និងអង្គការផ្សេងៗទៀត ដើម្បីបង្កើតឱកាសឲ្យនិស្សិតរបស់ខ្លួនបានចុះអនុវត្តការងារទាក់ទងនឹងជំនាញដែលពួកគេបានសិក្សា។
លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ថា និស្សិតបញ្ចប់ការសិក្សាត្រូវការហាត់សមការងារបន្ថែមដើម្បីបានបទពិសោធន៍ ដូចនេះការរៀនសូត្រត្រូវតែទៅព្រមគ្នានឹងការអនុវត្ត។ លោកមានប្រសាសន៍ទៀតថា នេះជាអ្វីដែលក្រសួងអប់រំគួរតែត្រូវធ្វើបន្ត។
លោកពន្យល់ថា៖ «ការសិក្សារៀនសូត្រផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្ដែង។ សាលាត្រូវការសហការជាមូយក្រុមហ៊ុនឯកជន មជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីឲ្យនិស្សិតបានអនុវត្តនូវអ្វីដែលពួកគេបានរៀនសូត្រ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានយល់ស្របថាសាកលវិទ្យាល័យនានា ត្រូវផ្ដល់ឲ្យនិស្សិតទាំងទ្រឹស្តី និងការអនុវត្ត ដែលជាការរួមចំណែកក្នុងការទទួលការការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាព។ យ៉ាងណា លោកសង្កេតឃើញថានិស្សិតដែលបានបញ្ចប់ការសិក្សាកម្រមានបទពិសោធន៍អនុវត្តការងារជាក់ស្ដែងណាស់។
លោកប្រាប់ខេមបូចាថា៖ «សាកលវិទ្យាល័យមិនមានសម្ភារៈ និងធនធានមនុស្សគ្រប់គ្រាន់ក្នុងការដឹកនាំពិសោធន៍ ឬអនុវត្តគម្រោងតូចៗដល់និស្សិត ដើម្បីអនុវត្តពីអ្វីដែលពួកគេបានរៀននោះទេ»។
លោកថា៖ «ស្ថាប័នអប់រំភាគច្រើនមិនមានកម្មវិធីហាត់ការ ដោយសារតែខ្វះការដឹកនាំ និងគ្រប់គ្រង ខណៈការចូលរួមពីនិស្សិតក៏នៅមានកម្រិត ពីព្រោះតែលទ្ធភាព និងសមត្ថភាព»។
បើសិនជាសាកលវិទ្យាល័យពិបាកក្នុងផ្ដល់ឲ្យនិស្សិតនូវអ្វីទាំងនេះ លោកផ្ដល់ជាយោបល់ថាស្ថាប័នទាំងនោះគួររៀបចំឲ្យមានកម្មវិធីចែករំលែកចំណេះដឹង និងសិក្ខាសាលាជាទៀងទាត់ជាមួយអ្នកជំនាញ ដែលមានបទបិសោធន៍ច្រើន និងមកពីវិស័យផ្សេងៗគ្នា។
លោក ប៉ា ចន្ទរឿន ជឿថាការហាត់ការ គឺជាវិធីមួយដែលអាចជួយនិស្សិតឲ្យពង្រីកចំណេះដឹង និងបង្កើតសមត្ថភាពចំណេះដឹងលើជំនាញដែលពួកគេបានសិក្សា។
លោក ស្រេង ហេងសី ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានរដ្ឋមួយ បានប្រាប់ខេមបូចាថា លោកមិនទាន់ដែលបានចុះហាត់ការនៅឡើយ។ លោកថា លោកគ្រាន់តែធ្លាប់បានធ្វើការស្ម័គ្រចិត្តនៅវិទ្យាស្ថានស្រាវជ្រាវមួយប៉ុណ្ណោះ។
លោក យល់ថាបើសិនជាសាកលវិទ្យាល័យកំណត់ឲ្យនិស្សិតត្រូវតែចុះហ្វឹកហាត់ការងារ វាគឺជារឿងល្អ ព្រោះនិស្សិតអាចបានត្រៀមខ្លួនទុកជាមុន។
លោកបន្ថែមថា៖ «ការស្វែងរកឱកាសហាត់ការងគឺមានការលំបាក ព្រោះថាឱកាសមានតិចតួចសម្រាប់មុខវិជ្ជាមួយចំនួន… វាមានការប្រកួតប្រជែងខ្លាំង ហើយនិស្សិតមិនសូវទទួលបានព័ត៌មាន ដែលធ្វើឲ្យមានការពិបាកក្នុងការបានឱកាសហ្វឹកហាត់ការងារ។ និស្សិតក៏មិនទាន់ត្រៀមខ្លួនសម្រាប់ឱកាសទាំងនោះផងដែរ»។
និស្សិតរូបនេះបន្តថា៖ «និស្សិតត្រូវការឱកាសហាត់ការពេលកំពុងសិក្សាដើម្បីបានបទពិសោធន៍ជាក់ស្ដែង។ វាមានសារសំខាន់ណាស់សម្រាប់សិស្ស។ ….ការហាត់ការគឺផ្ដល់បទពិសោធន៍ជាច្រើនដល់និស្សិត ព្រោះវាបានផ្ដល់ជាកន្លែងដែលនិស្សិតអាចអនុវត្តចំណេះដឹង និងទទួលបានបទពិសោធន៍ពីអ្នកជំនាញ»។
ជានិស្សិតទើបបញ្ចប់ការសិក្សា កញ្ញា សួង ពេជ្រចន្ទបូរមី កំពុងហាត់ការនៅក្នុងក្រុមយុវជនក្នុងស្រុកមួយ។ កញ្ញាឲ្យដឹងថាសាកលវិទ្យាល័យរបស់កញ្ញា បានផ្ដល់ឱកាសហាត់ការដល់និស្សិតដែរ តែមានចំនួនតិចតួច។ ដូចនេះហើយ កញ្ញាថា វាមានការប្រកួតប្រជែងខ្លាំង និងបានធ្វើឲ្យនិស្សិតជាច្រើនមិនបានទទួលឱកាសនេះ។
កញ្ញា បាននិយាយថា៖ «ខ្ញុំគិតថាគ្រប់សាកលវិទ្យាល័យគួរតែធ្វើដៃគូជាមួយ [វិស័យឯកជន] ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតបានហាត់ការ។ វាពិតជាមានសារសំខាន់ណាស់ដែលសាកលធ្វើដៃគូជាមួយក្រុមហ៊ុន ក្រសួង ឬស្ថាប័នផ្សេងទៀត ដើម្បីទទួលនិស្សិតហាត់ការ»។ កញ្ញា បន្តថា៖ «អត្ថប្រយោជន៍នៃការហាត់ការគឺសំខាន់ ព្រោះថាយើងអាចអនុវត្តអ្វីដែលយើងបានសិក្សា ទៅក្នុងភាពជាក់ស្ដែង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកមានបទពិសោធន៍ច្រើន»។
កញ្ញាឲ្យដឹងទៀតថា ការស្វែងរកការងារសព្វថ្ងៃក៏មានការប្រកួតប្រជែងខ្លាំងដែរ ដូចនេះបើសិនជានិស្សិតមានបទពិសោធន៍ការងារតាមរយៈការហាត់ការ ពួកគេអាចមានឱកាសល្អប្រសើរក្នុងការបានទទួលការងារ។
កញ្ញា បន្ថែមទៀតថា៖ «យើងនៅថ្មីក្នុងវិស័យការងារ។ ជាមួយបទពិសោធន៍ពីការហាត់ការ វានឹងជួយឲ្យយើងមានទំនុកចិត្ត។ ពេលយើងរៀនចប់ដោយមិនមានបទពិសោធន៍ហាត់ការ វានឹងធ្វើឲ្យយើងមិនមានបទពិសោធន៍ ដូចនេះយើងមិនមានទំនុកចិត្តទេ»។
ទាំង ហេងសី និង ពេជ្រចន្ទបូរមី និយាយថានិស្សិតចង់បានឱកាសហាត់ការ ដូចនេះពួកគេភាគច្រើនស្វែងរកកន្លែងធ្វើហាត់ការងារដោយខ្លួនឯង។
និស្សិតបីនាក់ផ្សេងទៀតដែលបាននិយាយជាមួយខេមបូចា បានលើកឡើងប្រហាក់ប្រហែលនឹងហេងសី និងពេជ្រចន្ទបូរមី ដែរ។ ពួកគេនិយាយថាសាកលវិទ្យាស័យមិនមានកម្មវិធីបញ្ជូននិស្សិតឆ្នាំទី៣ ឬទី៤ ទៅហាត់ការនៅស្ថាប័នណាមួយទេ។ ប៉ុន្តែពួកគេយល់ថាគ្រប់សាកលវិទ្យាល័យគួរតែផ្ដល់កម្មវិធីនេះសម្រាប់និស្សិតមុនពួកគេបញ្ចប់ការសិក្សា។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ខេមបូចាថា ស្ថាប័នឧត្តមសិក្សាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នឯកជន ដើម្បីបន្ថែមការគាំទ្រដល់និស្សិត។ ទាំងនេះមានការចូលរួមទាំងពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងដៃគូ ក្នុងការរៀន និងដំណើរការបង្រៀន ស្រាវជ្រាវ អនុវត្ត និងហាត់ការ។
អ្នកស្រីបន្តថា៖ «ដើម្បីលើកកម្ពស់ជំនាញជាក់ស្ដែង និងជំនាញទន់ សាកលវិទ្យាល័យលើកទឹកចិត្តឲ្យផ្នែកកិច្ចការនិស្សិតលើកកម្ពស់សកម្មភាពក្រៅកម្មវិធីសិក្សា បន្ថែមទៀត។ ដូចនេះនិស្សិតអាចចូលរួមការងារស្ម័គ្រចិត្ត ឬធ្វើការងារសង្គមដើម្បីទទួលបានជំនាញបន្ថែម»។
សាកលវិទ្យាល័យមួយចំនួនមានទាំងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ សាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យបញ្ញាសាស្រ្តជាដើម មិនបានឆ្លើយតបភ្លាមៗចំពោះការសុំអត្ថាធិប្បាយលើរឿងនេះទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Universities Should Collaborate With Private Sector to Offer Internships, PM Urges Institutions