សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សមត្ថភាពប្រកួតប្រជែងត្រូវបានស្តារឡើងវិញ ក្រោយ​អាមេរិកបន្ថយពន្ធមកត្រឹម១៩ភាគរយ ខណៈទំនិញអាមេរិកនាំចូលកម្ពុជាដោយអត្រាពន្ធសូន្យ

រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

សហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដោយកំណត់យកអត្រាពន្ធគយបដិការ ១៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា ខណៈទំនិញអាមេរិកអាចនាំចូលកម្ពុជាវិញដោយអត្រាពន្ធសូន្យ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីកម្ពុជាអះអាងថាអត្រាថ្មីនេះនៅតែអំណោយ​ផលដល់រោងចក្រដែលមានស្រាប់ និងនឹងអាចទាក់ទាញការវិនិយោគថ្មី ក៏ដូចជាគាំទ្រការពង្រីករោងចក្រទាំងនោះនាពេលអនាគតផងដែរ។

តាមសេចក្តីរាយការណ៍ពីសេតវិមាននៅព្រឹកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធគយបដិការចំនួន១៩% លើទំនិញចូលពីកម្ពុជា។ ចំនួននេះត្រូវបានកាត់បន្ថយបន្ទាប់ពីការចរចាពាណិជ្ជកម្មចំនួនបួនជុំជាមួយសហរដ្ឋអាមេរិក។ មុនការប្រកាសនៅថ្ងៃនេះ កម្ពុជាបានប្រឈមនឹងអត្រាពន្ធ៣៦% ដែលពីដំបូងឡើយលោកត្រាំកំណត់យកពន្ធលើទំនិញពីកម្ពុជារហូតដល់៤៩%។

លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោក ត្រាំ ចំពោះការកាត់បន្ថយពន្ធលើការនាំចេញកម្ពុជារបស់កម្ពុជាមកនៅត្រឹម១៩%។ លោកក៏បានសម្តែងការកោតសរសើរចំពោះសហរដ្ឋអាមេរិកសម្រាប់តួនាទីរបស់ខ្លួនក្នុងការផ្តួចផ្តើមឱ្យមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងបន្តតាមដានការអនុវត្តរហូតដល់ «មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ»។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ នៅថ្ងៃទី២៦ និង២៨ ខែកក្កដា លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជា ដែលបានងើបចេញពីជម្លោះរាប់សតវត្សរ៍។ លោកបានស្នើឱ្យលោក ត្រាំ ពិចារណាកាត់បន្ថយពន្ធដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងកែលម្អជីវភាពប្រជាជន។

លោកបានលើកឡើងថា៖ «ខ្ញុំចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី២៨ កក្កដា ថា នឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)»។

លោក ក៏បានលើកឡើងផងដែរថា៖ «នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ»។ 

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ស៊ុន ចាន់ថុល អនុប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយថា ការកាត់បន្ថយពន្ធគយរបស់សហរដ្ឋអាមេរិកគឺជាលទ្ធផលនៃការចរចាដោយសុចរិត និងស្មោះត្រង់ពីកម្ពុជាជាមួយសហរដ្ឋអាមេរិក ទើបកម្ពុជាបានលទ្ធផលដែលអាចទទួលយកបានបែបនេះ។

នៅក្នុងតំបន់អាស៊ាន អត្រាថ្មីរបស់កម្ពុជាគឺស្ថិតនៅកម្រិតមធ្យម។ សិង្ហបុរីប្រឈមនឹងពន្ធ ១០% ខណៈថៃ ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីត្រូវបានដាក់ពន្ធ ១៩% រៀងៗខ្លួន។ អត្រាពន្ធរបស់វៀតណាមគឺ ២០% ប្រ៊ុយណេ (២៥%) ហើយសម្រាប់ឡាវ និងមីយ៉ាន់ម៉ាត្រូវបានដាក់ពន្ធខ្ពស់បំផុតក្នុងតំបន់នេះគឺ ៤០%។

លោក ចាន់ថុល បានបន្ថែមថា បើប្រៀបធៀបជាមួយប្រទេសជិតខាង ពន្ធនេះនឹងអនុញ្ញាតឱ្យកម្ពុជាប្រកួតប្រជែងជាមួយពួកគេបាន។

លោកបានលើកឡើងថា៖ «យើងនឹងអាចថែរក្សារោងចក្រនៅកម្ពុជាយើង ហើយនឹងពង្រីករោងចក្រដែលមានស្រាប់នេះឱ្យរីកបន្ថែមទៀត។​ ទាក់ទាញអ្នកវិនិយោគឱ្យបណ្តាក់ទុនថែមទៀត ដើម្បីផលប្រយោជន៍របស់ជាតិយើង»។

លោកបានបន្ថែមថា៖ «​វានឹងបង្កើតការងារជូនប្រជាពលរដ្ឋយើងធ្វើ ដូច្នេះយើងខ្ញុំយកឱកាសនេះសូមអំពាវនាវទៅប្រជាពលរដ្ឋខ្មែរដែលធ្វើការចំណាកស្រុកអាចអញ្ជើញត្រលប់មកកម្ពុជាយើងវិញ ដោយសារយើងអាចបង្កើតការងាររាប់ម៉ឺនសែនជូនបងប្អូន»។

គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤២៦ ដែល ៩០ភាគរយ នៃគម្រោងទាំងនោះស្ថិតនៅក្នុងវិស័យឧស្សាហកម្ម។ វាត្រូវបានគេរំពឹងថានឹងបង្កើតការងារជាង ៣០០ ០០០ កន្លែង។

លោក ចាន់ថុល បានពន្យល់ថា ដើម្បីទទួលបានអត្រាពន្ធ ១៩ភាគរយ ពីសហរដ្ឋអាមេរិក កម្ពុជាបានយល់ព្រមយកអត្រាពន្ធសូន្យលើទំនិញនាំមកពីអាមេរិក។

លោកបានឱ្យដឹងបន្ថែមថា៖ «សន្លឹកបៀរនោះគឺកម្ពុជាបានកាត់បន្ថយអត្រាពន្ធដែលយើងបានផ្តល់ពីមុននោះ មុនថ្ងៃទី៧ ខែកក្កដា យើងកាត់បន្ថយទៅសូន្យទាំងអស់។ ដូច្នេះទំនិញសហរដ្ឋអាមេរិកនាំចូលមកកម្ពុជាគឺអត់មានយកពន្ធទេ»។

លោកបាននិយាយថាអត្រាពន្ធគយនាំចូលលើទំនិញចំនួន ១១ ៤១៤ បន្ទាត់ពីសហរដ្ឋអាមេរិក ដែលមានចន្លោះពី ៥ភាគរយ ទៅ ៣៥ភាគរយ ពីមុន ត្រូវបានកាត់បន្ថយមកនៅសូន្យទាំងអស់នៅពេលនេះ។ ផលិតផលទាំងនោះរួមមានរថយន្តមួយទឹកផងដែរ។

រថយន្តមួយទឹកសម្រាប់លក់នៅក្នុងហាងមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី ១ សីហា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក៏មានបញ្ចូលការចរចារបស់ក្រុមហ៊ុន Air Cambodia ជាមួយសហរដ្ឋអាមេរិកដើម្បីទិញយន្តហោះ Boeing 737 Max 8 ចំនួន ១០ គ្រឿងផងដែរ។

ទោះបីជាយ៉ាងណា លោក ចាន់ថុល បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តស្វែងរកវិធីកាត់បន្ថយការចំណាយដើម្បីទាក់ទាញវិនិយោគិន ទោះបីជាមានអត្រាពន្ធទាបបើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក៏ដោយ។

លោក Stephen Higgins ប្រធានគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Mekong Strategic Capital ដែលមានមូលដ្ឋាននៅភ្នំពេញ បាននិយាយថា ពន្ធ ១៩ភាគរយ នេះទំនងជាមិនជំរុញឱ្យអ្នកនាំចូលអាមេរិកងាកចេញពីផលិតផលកម្ពុជាទេ ព្រោះអត្រានេះស្មើ ឬទាបជាងអត្រាដែលប្រទេសប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជាផង។

លោកបានថ្លែងថា ពន្ធនេះអាចធ្វើឱ្យតម្លៃទំនិញនៅសហរដ្ឋអាមេរិកកើនឡើងប្រមាណ ៥ភាគរយ ក្នុងរយៈពេលមួយទៅពីរឆ្នាំខាងមុខ ប៉ុន្តែការចំណាយភាគច្រើនទំនងជាត្រូវបានគ្រប់គ្រងដោយខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងរយៈពេលខ្លី។ លោករំពឹងថា ការកើនឡើងតម្លៃនេះនឹងមានផលប៉ះពាល់តិចតួចលើតម្រូវការអ្នកប្រើប្រាស់ជារួម។

លោកបាននិយាយថា៖ «ពន្ធ ១៩ភាគរយនេះល្អច្រើនបើប្រៀបធៀបនឹង ៤៩ភាគរយ ដែលបានប្រកាសដំបូង ឬ ៣៦% ដែលបានស្នើក្នុងលិខិតរបស់លោក ត្រាំ កាលពីខែមុន។ ខ្ញុំជាទូទៅក៏មិនសប្បាយចិត្តនឹងការណ៍ដែលអ្នកនាំចូលទៅអាមេរិកត្រូវបង់ពន្ធ ១៩ភាគរយ លើទំនិញនាំពីកម្ពុជាដែរ។ ប៉ុន្តែជាមួយនឹងអត្រាពន្ធនេះ ក្រុមហ៊ុនផលិតមិនមានហេតុផលណាមួយដើម្បីផ្លាស់ទីផលិតកម្មចេញពីកម្ពុជាទេ»។

លោកបានបន្ថែមថា ត្រូវចាំថាពន្ធអនុវត្តលើតម្លៃនាំចូល មិនមែនតម្លៃលក់រាយទេ។

លោកបានបន្ថែមថា៖ «ពន្ធថ្មីនេះទំនងជាមិនប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកទេ។ វាជាពន្ធដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ប៉ុន្តែត្រូវបានបង្ហាញថាជាវិធានការដើម្បីជួយប្រជាជនទូទៅ»។

អ្នកស្រី គង់ ម៉ាលីស ជាកម្មកររោងចក្រកាត់ដេរនៅភ្នំពេញ បាននិយាយថា ការកាត់បន្ថយពន្ធនេះជាដំណឹងល្អសម្រាប់កម្មកររោងចក្រ។

អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំគិតថាយើងអាចទទួលយកចំនួននេះបាន ហើយរោងចក្រនឹងបន្តដំណើរការនៅកម្ពុជា និងមានកម្មករកាន់តែច្រើន។ ប្រជាជនកម្ពុជានឹងសប្បាយចិត្ត»។

កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)

លោក អាត់ ធន់ ​អនុប្រធាន​សហព័ន្ធ​​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU) បាននិយាយថា វាជារឿងល្អដែលសហរដ្ឋអាមេរិកកាត់បន្ថយពន្ធមកនៅត្រឹម ១៩% ដែលទាបជាងវៀតណាម បង់ក្លាដែស មីយ៉ាន់ម៉ា និងឡាវ។

ក្នុងរយៈពេលបួនឆ្នាំកន្លងមក សហរដ្ឋអាមេរិកជាទីផ្សារនាំចេញលេខមួយរបស់កម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់ បន្ទាប់មកគឺសហភាពអឺរ៉ុប។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហរដ្ឋអាមេរិកនៅតែជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា ដោយការនាំចេញពីខែមករាដល់ខែឧសភា ឆ្នាំ២០២៥ ឈានដល់ ៤,៣៥ ពាន់លានដុល្លារ ដែល កើនឡើង ២៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ ការនាំចេញសរុបមានរហូតដល់ជិត ១០ពាន់លានដុល្លារ។

លោក ធន់ បានលើកឡើងថា​៖ «ពន្ធ ១៩ភាគរយ នៅតែល្អ ព្រោះនៅប្រទេសផ្សេងទៀតខ្ពស់ជាងកម្ពុជា»។ ទោះយ៉ាងណាក៏ដោយ លោកបានបន្តថា កម្ពុជាត្រូវធ្វើការបន្ថែមទៀត ដូចជាពង្រឹងសមត្ថភាពឱ្យកាន់តែច្បាស់លាស់អំពីគោលនយោបាយសេដ្ឋកិច្ចសកល ទីផ្សារសេដ្ឋកិច្ច និងសង្គមនយោបាយ រួមទាំងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោកបានបន្ថែមថា៖ «កម្ពុជាគួរតែពិនិត្យលើរឿងនេះ ព្រោះសហរដ្ឋអាមេរិកតម្រូវឱ្យបំពេញលក្ខខណ្ឌមួយចំនួន»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US Lowers Tariff to 19% on Cambodian Goods, Gains Duty-Free Access; Govt Says Competitiveness Restored

ព័ត៌មានថ្មី

អត្ថបទពេញនិយម