សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អនុព័ន្ធយោធាអាមេរិកនឹងពិនិត្យមើលមូលដ្ឋានទ័ពជើងទឹករាម ជុំវិញក្តីបារម្ភអំពីវត្តមានយោធាចិន

នាយទាហានជើងទឹកឈរយាមនៅក្បែរទូកល្បាតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ រូបភាពថត អំឡុងដំណើរចុះពិនិត្យរបស់អ្នកសារព័ត៌មាន ដែលរៀបចំដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០ ១៩ ។ ខេមបូចា / ព្រីង សំរាំង
នាយទាហានជើងទឹកឈរយាមនៅក្បែរទូកល្បាតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ រូបភាពថត អំឡុងដំណើរចុះពិនិត្យរបស់អ្នកសារព័ត៌មាន ដែលរៀបចំដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០ ១៩ ។ ខេមបូចា / ព្រីង សំរាំង

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកពិនិត្យមើលមូលដ្ឋានទ័ពជើងទឹករាម បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកសម្តែងការព្រួយបារម្ភអំពីវត្តមានយោធាចិន ដែលតាមចោទថា មាននៅក្នុងប្រទេសកម្ពុជា។ អ្នកវិភាគនយោបាយមួយចំនួនបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយព្រមានថា ប្រទេសកម្ពុជាអាចប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមាន ប្រសិនបើទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអា មេរិកកាន់តែអាក្រក់ទៅៗ។

លោកឧត្តមនាវីទោ ម៉ី ឌីណា អ្នកនាំពាក្យមូលដ្ឋានកងទ័ពជើងទឹករាម បានបញ្ជាក់ថា ក្រសួងការពារជាតិនឹងអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យមូលដ្ឋានកងទ័ព ជើងទឹករាម ប៉ុន្តែលោកមិនបានប្រាប់ពីកាលបរិច្ឆេទនៃការចុះទៅពិនិត្យនោះទេ។

លោកបានមានប្រសាសន៍ថា៖ «វាមិនដូចអ្វី ដែលពួកគេបានចោទប្រកាន់មកលើយើងនោះទេ ពីព្រោះនេះជាយុទ្ធសាស្ត្ររបស់ពួកគេ។ ពួកគេចង់បំផ្លាញយើង [ដោយធ្វើឲ្យខូចទំនាក់ទំនងកម្ពុជាចិន]។ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យមានមូលដ្ឋានបរទេសណាមួយនៅក្នុងទឹកដីកម្ពុជាឡើយ»

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Shermanនិងលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ ដោយសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា លោកស្រី Sherman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលស្ថានទូតបានចាត់ទុកថា ជាវត្តមានយោធាចិននិងការបន្តសាងសង់និងសកម្មភាពវាយកម្ទេចចោលមូលដ្ឋានកងទ័ពជើងទឹករាមតាមបណ្តោយឆ្នេរសមុទ្រកម្ពុជា។

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ថ្លែងប្រាប់អង្គភាពព័ត៌មានក្នុងស្រុក Freshnews នៅថ្ងៃទី៣ ខែមិថុនា លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងអនុញ្ញាតឱ្យមានការពិនិត្យ ដើម្បីជម្រះនូវការចោទប្រកាន់នានាដែលថា កម្ពុជាអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន។

លោកបានប្រាប់ Freshnews ថា៖ «ប្រទេសកម្ពុជាគ្រាន់តែទទួល [ជំនួយ] ពីប្រទេសចិនក្នុងនាមជាមិត្តដែកថែប ក្នុងការសាងសង់កំពង់ផែរាមដ៏ធំនិងទំនើបជាងមុន។ បន្ទាប់ពីសាងសង់រួច កម្ពុជាគឺជាអ្នកប្រើប្រាស់កំពង់ផែទំនើបនេះ ដោយមិនប្រគល់ទៅឲ្យប្រទេសចិនដូចដែលសហរដ្ឋអាមេរិកបានចោទនោះទេ»

នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ។

លោកChad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកមិនបានប្រាប់ព័ត៌មានលម្អិតបន្ថែមទៀតអំពីដំណើរចុះពិនិត្យនាពេលខាងមុខនេះទេ។

លោកបានមានប្រសាសន៍ថា៖ «លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពយោធា [របស់សាធារណរដ្ឋប្រជា មានិតចិន ] នៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងប៉ះពាល់អវិជ្ជមានដល់ទំនាក់ ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ ដំណើរទស្សនកិច្ចជាញឹកញាប់និងទៀងទាត់របស់អនុព័ន្ធយោធាបរទេសទាំងអស់ទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមអាចចូល រួមចំណែកក្នុងការបង្កើនតម្លាភាព»។

លោក អៀរ សុផល សាស្រ្តាចារ្យនៅមហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ាមានប្រសាសន៍ថា លោកជឿថា សហរដ្ឋអាមេរិកគ្រាន់តែចង់ឲ្យរដ្ឋា ភិបាលពិចារណាឲ្យបានហ្មត់ចត់កុំឲ្យជ្រុលហួសនៅក្នុងទំនាក់ទំនងជាមួយចិន។

លោកបានមានប្រសាសន៍ថា៖ «គ្មានអ្វីដែលបានមកដោយទទេរនោះទេ។ ប្រាកដជា មានចំណង។ យើងនឹងឃើញនូវអ្វីដែលអនុព័ន្ធយោធាអាមេរិករកឃើញ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់មូលដ្ឋានទ័ពជើងទឹករាម»

លោក សុផល បានបន្ថែមទៀតថា កន្លងមករដ្ឋាភិបាលធ្លាប់បានអញ្ជើញអ្នកយកព័ត៌ មានឲ្យចុះទៅមើលមូលដ្ឋានទ័ពនេះ ប៉ុន្តែគឺធ្វើឡើងមុនពេលអគារដែលជាជំនួយរបស់អាមេរិកត្រូវបានវាយកម្ទេចចោល។

លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបានអញ្ជើញពួកគេដោយភាពឆ្លាតវៃនៅពេលគ្មានអ្វីត្រូវឲ្យពួកគេមើល ហើយក្រោយមកចាប់ផ្តើមធ្វើការងាររបស់ខ្លួននៅពេលពួកគេមិនអាចមើលឃើញ។ ប៉ុន្តែផ្កាយរណបអាមេរិកអាចមើលឃើញអ្វីៗទាំងអស់ ដូច្នេះហេតុអ្វីត្រូវកុហក? ជាមួយអនុព័ន្ធយោធាអាមេរិក តើរដ្ឋាភិបាលនឹងបង្ហាញម្តងទៀតថា គ្មានអ្វីកើតឡើងឬ? តើវាគឺជាការបង្វែងដានឬយ៉ាងណា?»។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា វិធីល្អបំផុតសម្រាប់រដ្ឋា ភិបាល គឺត្រូវមានភាពស្មោះត្រង់ជាមួយអាមេរិកជុំវិញការទទួលជំនួយរបស់ចិន។

លោកបានមានប្រសាសន៍ថា៖«ប្រសិនបើកម្ពុជាមិនឆ្លើយតបនឹងអ្វីដែលសហរដ្ឋអា មេរិកបានលើកឡើងទាក់ទងនឹងអព្យាក្រឹតភាពនិងសន្តិសុខក្នុងតំបន់នោះ កម្ពុជានឹងប្រឈមផលប៉ះពាល់អវិជ្ជមានទាំងនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេ រិកនិងផ្នែកសេដ្ឋកិច្ច»

លោក សុផល បាននិយាយថា រដ្ឋាភិបាលគួរតែប្រយ័ត្នប្រយែង ដោយមិនត្រូវធ្វើឱ្យល្អក់កករទំនាក់ទំនងជាមួយអាមេរិក តាមរយៈការពឹងផ្អែកកាន់តែខ្លាំងលើប្រទេសចិន ដោយលើកហេតុផលថា ប្រទេសនេះប្រឈមនឹងការបាត់បង់ឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើរដ្ឋាភិបាលនិយាយថា គ្មានអ្វីដែលត្រូវមើល ប៉ុន្តែផ្កាយរណបមើលឃើញអ្វីមួយ ដូច្នេះការពិតគឺថា មានអ្វីដែលកំពុងកើត ឡើង ដែលក្រុងភ្នំពេញចង់លាក់បាំង។ ដូច្នេះ វដ្តដ៏អាក្រក់នឹងបន្តកើតមាន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US Military Attaché will inspect Ream Naval Base over concerns of Chinese military presence

827 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម