ក្រុមអាជីវករមួយចំនួន ដែលរកស៊ីដឹកផ្លែឈើពីប្រទេសថៃ ចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង ទទូចឱ្យស្ថាប័នគយបញ្ចុះថ្លៃបង់ពន្ធនាំចូល ខណៈមន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការប្រមូលពន្ធដោយមានតម្លាភាព។ សំណើនេះកើតឡើងនៅពេលដែលឱសានវាទថ្ងៃដែលមន្ត្រីគយព្រមបន្ធូរបន្ថយប្រាក់បង់ពន្ធជិតចូលមកដល់។
កាលពីថ្ងៃទី២៣ខែកញ្ញាកន្លងទៅ ក្រុមប្រជាពលរដ្ឋអ្នករកស៊ីដឹកផ្លែឈើប្រមាណជាង១០០នាក់ ធ្វើបាតុកម្មទាមទារឱ្យមន្ត្រីគយបន្ធូបន្ថយប្រាក់បង់ពន្ធ។ បន្ទាប់ពីមានបាតុកម្ម និងឆ្លងកាត់ការសម្របសម្រួលពីអាជ្ញាធរស្រុកកំរៀង មន្ត្រីគយស្នាក់ការអូរដារ ស្រុកកំរៀង យល់ព្រមបន្ធូរបន្ថយប្រាក់ពន្ធក្នុងរយៈពេល១ខែគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញាដល់ថ្ងៃទី២៣ ខែតុលា។
អភិបាលរងស្រុកកំរៀង លោក គង់ សម្បត្តិ ថ្លែងប្រាប់ខេមបូចាថា អាជ្ញាធរស្រុកជាអ្នកសម្របសម្រួល ស្នើទៅស្ថាប័នគយឱ្យពន្យាពេលមួយខែ មុននឹងតម្លើងពន្ធលើឡានដឹកផ្លែឈើតាមតារាងតម្លៃបង់ពន្ធគយជាក់ស្ដែង។
លោក គង់ សម្បត្តិ ៖ «ក្នុងការទារប្រាក់ពន្ធគយហ្នឹងមានគេតារាងតម្លៃរបស់គេ។ ការណ៍ដែលគយយក(ប្រាក់បង់)ពីមុនៗមកហ្នឹងគឺគយប្រាប់ខាងអាជ្ញាធរថាគេចេះតែសម្របសម្រួលមិនបានយកតាមតម្លៃតារាងជាក់ស្ដែងទេ ដល់ពេលតម្លើងថ្លៃ(យកតាមតារាងវិញទៅ) ពលរដ្ឋក៏តវ៉ា»។
លោក គង់ សម្បត្តិ បន្តថា ភាគីទាំងសងខាងឯកភាពគ្នាលើដំណោះស្រាយចំនួនបីចំណុច ទី១គឺរក្សាតម្លៃបង់ពន្ធចាស់(ផ្លែឈើមួយឡានតូរីសបង់៥ម៉ឺនរៀល)ក្នុងរយៈពេល១ខែ ទី២ ស្នើស្នាក់ការគយអូរដារបញ្ជូនសំណើទៅថ្នាក់ជាតិដើម្បីសុំគោលការណ៍បន្ធូរបន្ថយណាមួយ ជួយសម្រួលជូនអាជីវករនិងទី៣ ឯកភាពចរចាគ្នាឡើងវិញនៅជិតដល់ថ្ងៃឱសានវាទកំណត់។
អាជីវករដឹកផ្លែឈើ លោក សេង សីហា និយាយថា ការតម្លើងតម្លៃពន្ធនេះបានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់អាជីវករ។ លោកស្នើឱ្យស្ថាប័នគយដោះស្រាយបញ្ហាដោយផ្អែកលើតម្រូវការជាក់ស្ដែងដែលអាជីវករកំពុងជួបប្រទះ។
លោក សេង សីហា៖ «កាលពីមុនឡានតូចៗ(តូរីស១២កៅអី)ដូចខ្ញុំបង់លុយឱ្យគយមួយឡាន៥ម៉ឺន ខ្ញុំមិនដែលគិតខ្វល់ខ្វាយទារសំបុត្រស្នាមអីទេ។ ពួកយើងនាំគ្នាតវ៉ា ព្រោះគយប្រាប់ថា យកលុយតាមច្បាប់គឺបង់រហូតដល់ជាង២០ម្ភៃម៉ឺនឯណោះ។ អ៊ីចឹងផ្លែឈើមួយឡានហ្នឹងលែងចំណេញបាត់ហើយ យើងរកស៊ីទៀតម៉េចនឹងកើត?»។
លោក សី ហា បន្តថា ដំណោះស្រាយដែលអាជ្ញាធរស្រុកសម្របសម្រួលគឺរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះលោកទទួចឱ្យស្ថាប័នគយថ្នាក់ជាតិអន្តរាគមន៍ចំពោះរឿងនេះ ។
លោក សេង សីហា៖«ខ្ញុំមិនដឹងថាច្បាប់ពិតប្រាកដត្រូវយកពន្ធប៉ុន្មានៗទេ តែបើយកច្រើនពេកអ្នករកស៊ីដូចពួកខ្ញុំមានអីហូប? សូមថ្នាក់លើជួយពិនិត្យនិងអនុគ្រោះដល់អ្នករកស៊ីតូចតាចផង»។
អ្នកស្រី ហេង សុខលាភ ជាអាជីវករដឹកផ្លែឈើដឹកពីច្រកដួង ចួលមកលក់នៅខេត្តសៀមរាប ។ អ្នកស្រី ដឹកផ្លែឈើចម្រុះរួមមាន សាម៉ាវ មៀន ក្រូចថ្លុង ប៉ោម សារី ពីផ្សារថៃមកបោះដុំនិងលក់រាយនៅខេត្តសៀមរាប។ អ្នកស្រី សុខលាភ លើកឡើងថា អ្នកស្រីមិនបានចូលរួមតវ៉ាជាមួយក្រុមឡានដឹកផ្លែឈើ ព្រោះសមាជិកក្រុមគ្រួសារឆ្លងជំងឺកូវីដ១៩ ប៉ុន្តែគាត់ក៏រងផលប៉ះពាល់ដោយសារការការដំឡើងតម្លៃប្រាក់បង់ចូលគយនោះដែរ។ អ្នកស្រីបន្តថា កាលពីមុនឡានគាត់ជាឡានការ៉េ២តោនកន្លះ គាត់ត្រូវបង់លុយឱ្យគយចំនួន១០ម៉ឺនរៀលក្នុងមួយជើងៗ ប៉ុន្តែអ្នកស្រីមិនដែលចង់បានវិកយប័ត្រឡើយ។
អ្នកស្រី សុខលាភ ៖ «បង់មុនៗហ្នឹងខ្ញុំមិនដែលខ្វល់រឿងសំបុត្រស្នាមអីទេ ខ្ញុំយកលុយ ១០ម៉ឺន ទម្លាក់ចូលក្នុងស្បោងខ្មៅជិតស្នាក់ការគយអ៊ីចឹងទៅ។ ពេលគយតម្លើងថ្លៃគេតម្រូវឱ្យបង់ប្រាក់ស្មើនឹង៦០%នៃថ្លៃដើមផ្លែឈើដែលខ្ញុំដឹកបាត់ទៅហើយ។ មួយជើងក្រោយនេះខ្ញុំខាតខ្លាំង រហូតគ្មាន លុយបង់ថ្លៃរំលោះឡានគេ ហើយយកប្លង់ដីទៅបញ្ចាំយកលុយបង់មួយខែសិន»។
អ្នកស្រីបន្តថា ពេលគយតម្លើងថ្លៃបង់ប្រាក់នេះ គាត់បានទទូលវិកាយប័ត្រជាលើកដំបូង ក្នុងរបរជាអ្នកដឹកផ្លែឈើច្រើនឆ្នាំ។
អ្នកស្រី សុខលាភ៖ «កាលពីថ្ងៃទី០៩ខែ០៩ហ្នឹង ជើងចុងក្រោយដែលខ្ញុំទៅដឹកផ្លែឈើ។ គយឱ្យបង់ប្រាក់ចំនួន៥០ម៉ឺនរៀល គេចេញក្រដាសឱ្យប្រាំសន្លឹកសរសេរសុទ្ធតែភាសាអង់គ្លេសខ្ញុំអត់ចេះអានទេ តែបើបូកលេខទៅក្នុងក្រដាសនោះមានទឹកលុយ២០ម៉ឺន៤ពាន់ទេ។ អ្នកឱ្យលិខិតមកខ្ញុំនោះខ្ញុំស្គាល់ត្រឹមឈ្មោះ តាហេងៗតែមិនដឹងឈ្មោះពិតឈ្មោះអីទេ ។ខ្ញុំថា បើនៅតែទារប្រាក់បង់គយច្រើនបែបនេះទៀតខ្ញុំច្បាស់ជាវណ្ឌកមិនខាន»។
អ្នកស្រី សុខលាភ បារម្ភខ្លួនមិនអាចរកស៊ីបានតទៅទៀត ពេលដែលថ្ងៃបន្ធូរបន្ថយថ្លៃបង់ប្រាក់ចូលគយបានផុតកំណត់។
ខេមបូចា មិនអាចទាក់ទងមន្ត្រីគយប្រចាំស្នាក់ការគយអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបងឡើយ ដោយទូរសព្ទចូលជាច្រើនតែគ្មានអ្នកទទួល។
មន្ត្រីនាយកដ្ឋានកិច្ចការច្បាប់និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក សង់ សិទ្ធានិត្យ ប្រាប់ថា លោកមិនបានដឹងរឿងនេះទេ។
លោក សិទ្ធានិត្យ៖ «សូមអធ្យាស្រ័យណាប្អូន! បងមិនបានទទួលព័ត៌មានទេ បើសិនជាដឹងបងនឹងប្រាប់»។
អភិបាលរងស្រុកកំរៀង លោក គង់ សម្បត្តិ បញ្ជាក់ថា លោកមិនបានជ្រាបពីរបៀបដែលឈ្មួញបង់ប្រាក់ឱ្យមន្ត្រីគយនោះទេ។
លោក គង់ សម្បត្តិ៖ «ខ្ញុំមិនបានដឹងពីផ្ទៃក្នុងពួកគាត់ ថាគាត់បង់ប្រាក់រាល់ដងហ្នឹងមានលិខិតស្នាមឬយ៉ាងណានោះទេ »។
តារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ បង្ហាញថា ផ្លែឈើហូបផ្លែ មានមៀន ក្រូចថ្លុង ចេក មង្ឍុត មានអត្រាពន្ធគយចំនួន៧ភាគរយ បូកនឹងតម្លៃពន្ធបន្ថែម១០%ទៀត។ សរុបអ្នកនាំចូលត្រូវបង់ប្រាក់ប្រមាណ១៧% នៃថ្លៃដើមដែលបានទិញដោយផ្អែកលើវិកាយប័ត្រត្រឹមត្រូវ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ស្ថាប័នគយត្រូវមានតម្លាភាពចំពោះការប្រមូលពន្ធ ដើម្បីបញ្ចៀសនូវបាតុភាពទាំងឡាយ ជាយថាហេតុ។លោកបន្តថា អាជ្ញាធរថ្នាក់លើគួរណាស់តែស៊ើបអង្កេតករណីតវ៉ារបស់ប្រជាពលរដ្ឋនៅស្រុកកំរៀងនេះ។
លោក ប៉ិច ពិសី៖ «យើងមិនទាន់ចោទថា មានភាពមិនប្រក្រតីឬពុករលួយអីទេ ទាល់តែមានការត្រួតពិនិត្យពីថ្នាក់លើពិសេសសាម៉ីស្ថាប័នតែម្ដង ថាតើគយនៅតំបន់ហ្នឹងធ្វើការស្របតាមមូលដ្ឋានគតិយុត្តិឬអត់ ហើយបើមានបញ្ហាគួរតែដោះស្រាយជូនពលរដ្ឋ។ បើសិនជាមានការបង់លុយលើសសេវាដែលកំណត់ក្របខណ្ឌច្បាប់បានន័យថា ប្រព្រឹត្តិអំពើពុករលួយ»។
លោកបញ្ជាក់ថា ពលរដ្ឋគួរតែព្យាយាមស្វែងយល់ឬស្នើឱ្យមន្ត្រីគយពន្យល់ ថាហេតុអ្វីត្រូវបង់ប្រាក់ចំនួនណាមួយទៅគយ ដើម្បីជៀសវាងការខាតបង់ប្រាក់កាសឬធ្លាក់ខ្លួនប្រព្រឹត្តិបទល្មើសពុករលូយ ដោយមិនដឹងខ្លួន៕