អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានរងបណ្តឹងពីបទញុះញង់ចំនួនពីរផ្សេងទៀត ខណៈថ្ងៃទី២៨ ខែមេសា តុលាការកំពូលបានបើកសវនាការលើករណីរបស់លោកពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកស្អុយ។
លោក សំ សុគង់ មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា បានឱ្យដឹងបន្ទាប់ពីបញ្ចប់សវនាការនៅតុលាការកំពូល ថា លោក ថាច់ សេដ្ឋា ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺអំពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«ញុះញង់ឱ្យមានការរើសអើង»។
មេធាវី សំ សុគង់ បន្តថា អង្គហេតុនៃបទចោទទាំងពីរខាងលើនេះ គឺជាអង្គហេតុផ្សេងគ្នាពាក់ព័ន្ធនឹងការថ្លែងរបស់លោក ថាច់ សេដ្ឋា នៅតាមវេទិការសាធារណៈនានាកាលពីកន្លងទៅ។
បន្ទាប់ចេញពីសាលសវនាការ លោក ថាច់ សេដ្ឋា ក៏បានបញ្ជាក់ប្រាប់ថា លោកកំពុងតែរងនូវការបទចោទចំនួនពីរទៀតគឺ «បទញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម» និង«ញុះញង់ឱ្យមានការរើសអើង» តែដោយសារបញ្ហាសុខភាព លោកធ្វើការពន្យាពេលចូលបំភ្លឺ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ និងលោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនអាចសុំការបកស្រាយបានទេពាក់ព័ន្ធនឹងករណីនេះ។
លោក ថាច់ សេដ្ឋា ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកទិត ដាលីន ឃុំខ្លួនលោកជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកស្អុយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទៅតាមបណ្ដឹងក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្ដឹងលោកពាក់ព័ន្ធករណីជំពាក់បំណុលប្រមាណ ៣៣ ៤០០ដុល្លារ។
នៅចំពោះមុខតុលាការកំពូលនាព្រឹកថ្ងៃទី២៨ ខែមេសា នេះ លោក ថាច់ សេដ្ឋា ក៏បានស្នើទៅចៅក្រមថា លោកពិតជាមានតម្រូវការចាំបាច់ដើម្បីសុំនៅក្រៅឃុំ ដោយសារតែលោកមានជំងឺបេះដូង ហើយបរិយាកាសនៅក្នុងពន្ធនាគា មិនអំណោយផលដល់ជំងឺលោកឡើយ។
លោក ថាច់ សេដ្ឋា លើកឡើងថា៖ «ខ្ញុំសូមនៅក្រៅឃុំដើម្បីព្យាបាលជំងឺ សុខភាពខ្ញុំលេបថ្នាំជាប្រចាំ»។
លោក ថាច់ សេដ្ឋា អះអាងក្នុងសវនាការថា ការសុំចេញនៅក្រៅឃុំ ក៏ដើម្បីសម្រួលទៅដល់ដំណើរការនៃការរកប្រាក់សងត្រឡប់ទៅក្រុមហ៊ុន និងដើម្បីសម្រួលដល់នីរិវិធីនៃការរកភស្តុតាង ដោយមិនមានអ្វីជាការរារាំងដល់រឿងក្ដីនោះទេ ហើយក្នុងករណីតុលាការតម្រូវឱ្យតម្កល់ប្រាក់បន្ថែម នោះលោកនឹងរកប្រាក់តម្កល់បន្ថែម។
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បន្ថែមថា៖ «ប្លង់៦ហ្នឹងគិតជាលុយរាប់សែន តែនៅតែតុលាការមិនព្រមសោះ[ឱ្យនៅក្រៅឃុំ] ខ្ញុំមានលុយតម្កល់៣ម៉ឺន បើឱ្យតម្កល់ថែម ខ្ញុំថែមទៀត ខ្ញុំមិនមានគំនិតគេចវេះទេ»។
តំណាងមហាអយ្យការនៃតុលាការកំពូល លោក ង៉ែត សារ៉ាត់ បានលើកឡើងនៅក្នុងអង្គសវនាការថា ការស្នើរបស់មេធាវីលោក ថាច់ សេដ្ឋា ឱ្យកូនក្ដីបាននៅក្រៅឃុំ ក្រោមហេតុផលសុខភាព មិនមែនជារឿងចាំបាច់នោះទេ ហើយក្ដីបារម្ភនោះនៅត្រង់ថានៅពេលលោក ថាច់ សេដ្ឋា នៅក្រៅឃុំជាការរាំងស្ទះដល់នីតិវិធីនៃរឿងក្ដីទៅវិញ។
លោក ង៉ែត សារ៉ាត់ បញ្ជាក់ថា៖ «បញ្ហាសុខភាពខ្ញុំទទួលស្គាល់ថាសំខាន់ តែនៅក្នុងពន្ធនាគាមានពេទ្យ មានការបន្ទាន់អាចយកទៅពេទ្យបាន យោងតាមមាត្រា២០៣ ការឃុំខ្លួនជាភាពចាំបាច់ មិនត្រូវដោះលែងទេ»។
ក្នុងអង្គសវនាការ មានការជជែកដេញដោល និងលើកនូវអង្គហេតុជាច្រើនពីមេធាវីការពារក្ដីលោក ថាច់ សេដ្ឋា និងមេធាវីតំណាងឱ្យក្រុមហ៊ុន រិនឆាយ ផនសប។
តំណាងមហាអយ្យការនៃតុលាការកំពូល បន្ថែមថា ការសុំចេញនៅក្រៅឃុំគ្រាន់តែជាហេតុផលមួយផ្សេងប៉ុណ្ណោះ ក្នុងករណីរកប្រាក់សងក្រុមហ៊ុនបាន ហេតុអ្វីពេលលោកថាច់ សេដ្ឋា មិនទាន់ចាប់ខ្លួន ម្ដេចមិនមានលទ្ធភាពសង?
លោក ង៉ែត សារ៉ាត់ បន្ថែមថា៖ «បើមានឧប្បតិហេតុអ្វីមួយ តើគួរឱ្យចេញឬមិនចេញ? បើរកប្រាក់សងមានពេលសងយូរហើយ មិនមែនទាល់តែឃុំខ្លួនទេ»។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា លើកឡើងថា កូនក្ដីរបស់លោក គឺមានហេតុផលគ្រប់គ្រាន់ក្នុងការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ត្រង់ថាកូនក្ដីលោកមានបញ្ហាសុខភាពមិនល្អ និងជាប់ឃុំជិត៤ខែមកហើយ ហើយការឱ្យកូនក្ដីនៅក្រៅឃុំ គឺដើម្បីមានលទ្ធភាពសងលុយទៅក្រុមហ៊ុនវិញផងដែរ។
លោក សំ សុគង់ ថ្លែងថា៖ «ការឱ្យកូនក្ដីខ្ញុំនៅក្រៅឃុំមិនជាការលំបាកដល់ការស៊ើបក្ដីទេ ព្រោះការស៊ើបមានការជឿនលឿនហើយ។ ម្យ៉ាងសុខភាពកូនក្ដីក៏សំខាន់ដែរ បេះដូងសម្បនិម្មិត ចំណែកមាត្រា២០៣ គោលគារណ៍សេរីភាពក្នុងរឿងព្រហ្មទណ្ឌគិតរឿងសេរីភាពជាការឃុំខ្លួន»។
លោក សឺន ជុំជួន មេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា មួយរូបទៀត លើកឡើងស្រដៀងគ្នាថា ការឱ្យកូនក្ដីលោកនៅក្រៅឃុំ គឺចំណេញបណ្ដឹងរដ្ឋប្បវេណី និងមានលទ្ធភាពរកលុយសងដើមបណ្ដឹង ដោយមិនមានបំណងគេចវេះឡើយ។
លោក ជុំជួន បញ្ជាក់ថា៖ «កូនក្ដីខ្ញុំមានប្រាក់ដាក់តម្កល់ មានទីលំនៅពិតប្រាកដ ចូលតាមការកោះហៅ និងមានការធានាដោយសមាគមខ្មែរក្រោមមិនគេចវេះទៅណាទេ»។
ប៉ុន្តែកញ្ញា ហេង សុភាព មេធាវីតំណាងឱ្យក្រុមហ៊ុន រិនឆាយ ផនសប បានលើកឡើងនូវហេតុផលជំទាស់នឹងការសុំនៅក្រៅឃុំរបស់មេធាវីលោក ថាច់ សេដ្ឋា។
កញ្ញា សុភាព ថ្លែងថា៖ «មាត្រា៤០៨ សិទ្ធិក្នុងការប្ដឹងសារទុក្ខ សំណូមពរបដិសេធចោលសំណូមពរនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា»។
ក្រោយពេលចេញពីសាលសវនាការ លោក ថាច់ សេដ្ឋា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅកន្លែងរង់ចាំថា លោកមិនមានក្ដីសង្ឃឹមខ្ពស់ឡើយ ត្បិតអំណាចឆន្ទានុសិទ្ធិនៅលើតុលាការ។
ថ្លែងទាំងដង្ហើមញ័រៗ លោក សេដ្ឋា និយាយយ៉ាងខ្លីថា៖ «ពិបាកសង្ឃឹម អំណាចឆន្ទានុសិទ្ធ»។
លោក យី សុខសាន្ត មន្រ្តីសង្កេតការជាន់ខ្ពស់នៃសមាគមអាដហុក ដែលបានចូលស្ដាប់សវនាការនៅតុលាការកំពូល លើកឡើងថា ការចាប់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា មានចរិតនយោបាយច្រើនជាងរឿងជំពាក់បំណុល ហើយការទាមទាររបស់មេធាវីលោក ថាច់ សេដ្ឋា មានហេតុផលគ្រប់គ្រាន់ និងសមរម្យសម្រាប់ស្នើសុំតុលាការនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះជំងឺលោក ថាច់ សេដ្ឋា កំពុងប្រឈមហានិភ័យដល់អាយុជីវិត។
លោក សុខសាន្ត ថ្លែងយ៉ាងដូច្នេះថា៖ «ការចាប់ខ្លួនលោក ថាច់ សេដ្ឋា វាពាក់ព័ន្ធនឹងចរិចនយោបាយច្រើនជាងការសងទូទាត់ប្រាក់សំណងលុយ បើសិនជាយើងផ្អែកទៅលើការអះអាងរបស់លោកថាច់ សេដ្ឋា ដែលលោកមានដី៦ប្លង់ លុយហ្នឹងវាច្រើនជាងបំណុលដែលលោកខ្ចីទៅទៀត។ ដូច្នេះតុលាការគួរផ្ដល់សិទ្ធិឱ្យគាត់បានចេញក្រៅឃុំ ដោយសារជំងឺបេះដូង»។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន រិន ឆាយ ផនសប បានចុះបញ្ជីពាណិជ្ជកម្មផ្លូវការនៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែតុលា ឆ្នាំ២០១៥។ ម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន គឺជាបុគ្គលមួយរូបដែលស្និតនឹងគណបក្សកាន់អំណាចផងដែរ៕