បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញបានបញ្ជាកាលពីដើមខែមិថុនាឲ្យរុះរើផ្ទះបណ្តែតទឹកចេញពីផ្លូវទឹកក្នុងតំបន់ទីប្រជុំជន អ្នកភូមិម្នាក់ឈ្មោះ មិញ យ៉ាងកៃ បានឆ្លៀតឱកាសបណ្តែតផ្ទះរបស់គាត់តាមរំហូរទឹកទន្លេមេគង្គ។
លោក យ៉ាងកៃ អាយុ៦៩ឆ្នាំកើតនៅខេត្តដុងថាប់ ប្រទេសវៀតណាម ប៉ុន្តែបានមករស់ នៅក្នុងប្រទេសកម្ពុជាប្រមាណ២៥ឆ្នាំហើយ នៅលើផ្ទះបណ្តែតទឹកតាមដងទន្លេក្នុងខណ្ឌច្បារអំពៅ។ ជំនួសឲ្យការរុះរើផ្ទះរបស់គាត់ទៅតាមឱសានវាទនៅត្រឹមថ្ងៃទី១២ ខែមិថុនា ជាវិធានការបណ្តេញផ្ទះបណ្តែតទឹកចេញដោយអាជ្ញាធរក្រុង លោកបាន សម្រេចចិត្តបណ្តែតផ្ទះតាមខ្សែទឹកទន្លេមេគង្គក្រោមត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញ។
លោក យ៉ាងកៃ បានប្រាប់ ខេមបូចា អំពីការធ្វើដំណើរទៅកាន់ព្រំដែនថា៖ «វាត្រូវចំ ណាយពេលប្រហែល៤ឬ៥ថ្ងៃ»។ ប្រពន្ធរបស់គាត់បានដេកនៅលើអង្រឹងខាងក្រោយគាត់នៅលើផ្ទះបណ្តែតទឹករបស់ប្តីប្រពន្ធនេះ ដែលនៅពេលនេះ ត្រូវជាប់គាំងនៅព្រំដែនខាងទឹកដីនៃកម្ពុជា ក្បែរច្រកទ្វារអន្តរជាតិក្អមសំណ។
ប៉ុន្តែដំណើរវិលត្រឡប់ចូលប្រទេសវៀតណាមវិញ គឺមិនច្បាស់ដូចជាការបណ្តែតលើព្រំដែនទឹកទេ។ ឥឡូវនេះ លោក យ៉ាងកៃ និងប្រជាពលរដ្ឋរាប់រយនាក់ផ្សេងទៀត ភាគច្រើនគឺជាជនជាតិវៀតណាម ដែលរស់នៅលើផ្ទះអណ្តែតទឹក ត្រូវបានឈប់នៅព្រំដែន បន្ទាប់ពីត្រូវបានរារាំងដោយមន្រ្តីវៀតណាម និងការបិទផ្លូវទឹកទន្លេមេគង្គដោយប្រើសាឡង់ដឹកខ្សាច់និងកប៉ាល់ធំៗផ្សេងទៀត។
សាក្សីម្នាក់បានប្រាប់ ខេមបូចា ថា តំបន់នោះក៏ត្រូវបានល្បាតផងដែរដោយនាវាល្បឿនលឿន ដើម្បីហាមឃាត់ការឆ្លងកាត់។ ជាមួយនឹងការអនុវត្តបែបនោះ គ្មាននរណាម្នាក់ប្រាកដថា តើនៅពេលណាឬថា តើក្រុមគ្រួសារដែលកំពុងជាប់គាំងទាំងនេះ នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសវៀតណាមនោះទេ ជាពិសេសនៅពេលដែលអាជ្ញាធរលើកឡើងអំពីការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសនោះ ដែលជាហេតុផល ដើម្បីហាមឃាត់គ្រួសាររស់នៅលើផ្ទះបណ្តែតទឹកចូល។
លោក យ៉ាងកៃ បាននិយាយថា៖«អាជ្ញាធរវៀតណាមនិងកម្ពុជាបានប្រើកប៉ាល់និងសាឡាង ដើម្បីបិទព្រំដែនទឹក។ ពួកគេមិនអនុញ្ញាតឲ្យយើងចូលទេ»។
នៅពេលនេះ ក្រុមគ្រួសារនៅព្រំដែនកំពុងរង់ចាំដំណោះស្រាយរយៈពេលវែងបន្ថែមទៀតនៅឃុំក្អមសំណ ដែលស្ថិតនៅក្នុងស្រុកលើកដែកខេត្តកណ្ដាល។
លោក ចាប ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានមានប្រសាសន៍កាលពីថ្ងៃអង្គារថាផ្ទះបណ្តែតទឹកប្រមាណ៨៣ខ្នង ដែលមានមនុស្ស៤៣៦នាក់ទើបមកដល់ក្អមសំណនាពេលថ្មីៗនេះ នៅត្រើយខាងលិចទន្លេមេគង្គ។ សហគមន៍នេះបាននាំមកជាមួយនូវបែត្រី១១៩ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នករស់នៅតាមដងទន្លេ។
ប៉ុន្តែនៅច្រាំងទន្លេផ្នែកខាងកើតក្នុងខេត្តព្រៃវែងវិញ ជនជាតិវៀតណាមរស់នៅច្រើនគ្រួសារដែរ។ លោក សេង ធា អភិបាលស្រុកពាមជរបានមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រហែល៧០គ្រួសារ ដែលមានចំនួនមនុស្សប្រមាណ១៧០នាក់បានចតនៅតំបន់របស់លោក ដែលមានបែចិញ្ចឹមត្រីចំនួន៣២។
លោក សេង ធា បាននិយាយថា អាជ្ញាស្រុកបានចុះត្រួតពិនិត្យការបិទផ្លូវទឹកតាមទន្លេប៉ុន្តែបញ្ហានេះ ជាចុងក្រោយ គឺទុកឲ្យមន្រ្តីថ្នាក់លើដោះស្រាយ។
លោកបានមានប្រសាសន៍ថា៖ «ពួកគេមកដល់ព្រំដែនវៀតណាម ប៉ុន្តែវៀតណាមបដិសេធមិនឲ្យពួកគេចូល។ ពួកគេបានប្រើកប៉ាល់ ដើម្បីសណ្តោងផ្ទះបណ្តែតទឹករបស់ពួកគេមកដាក់ចម្ងាយប្រហែល២០០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន»។
លោកបានមានប្រសាសន៍ថា តំណាងមកពីសមាគមវៀតណាមនៅកម្ពុជាបាននាំយកគ្រឿងផ្គត់ផ្គង់ជាច្រើនមកចែកជូនដល់អ្នករស់នៅក្នុងផ្ទះបណ្តែតទឹកខណៈពួកគេរង់ចាំ ដោយសង្ឃឹមថា បានឆ្លងព្រំដែន។ លោក សេង ធា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនដែលឥឡូវនៅលើផ្ទះបណ្តែតទឹកមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ប៉ុន្តែអ្នកខ្លះទៀតមានបណ្ណស្នាក់នៅអចិន្រ្តៃយ៍ ហើយបានរស់នៅចាប់ តាំងពីឆ្នាំ១៩៧៩។
ទោះបីជា ជនជាតិវៀតណាមភាគច្រើន ដែលរស់នៅតាមផ្លូវទឹកក្នុងប្រទេសកម្ពុជាមិនមានលក្ខណៈជាពលរដ្ឋរបស់ប្រទេសក៏ដោយ ប៉ុន្តែវាមិនដូចគ្នាទាំងអស់នោះទេ។ លោក ចន្ទវិទ្យា បានមានប្រសាសន៍ថា អ្នកដែលបានទៅដល់ស្រុកលើកដែកក៏មានឯកសារស្នាក់នៅកម្ពុជាផងដែរ។ អភិបាលស្រុករូបនេះ បានមានប្រសាសន៍ថា មន្ត្រីមូលដ្ឋានកំពុងធ្វើការជាមួយសមាជិកគ្រួសារផ្ទះបណ្តែតទឹក ដើម្បីធានាថា ពួកគេមិនរស់នៅទីនេះយូរទេ។
លោកបានមានប្រសាសន៍ថា៖ «យើងបានរៀបចំសណ្តាប់ធ្នាប់សម្រាប់ពួកគេ ហើយយើងមិនអនុញ្ញាតឲ្យពួកគេរស់នៅដោយអនាធិបតេយ្យ ហើយពួកគេក៏បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធររបស់យើងដែរ។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យរស់នៅទីនេះជាអចិន្ត្រៃយ៍ទេ ប៉ុន្តែយើងនឹងអនុញ្ញាតឱ្យពួកគេស្នាក់នៅបណ្តោះអាសន្នរហូតដល់ត្រីរបស់ពួកគេធំល្មមសម្រាប់លក់។ បន្ទាប់មកពួកគេនឹងរើផ្ទះបណ្តែតទឹកដោយខ្លួនឯង»។
លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាលក៏បានសង្កត់ធ្ងន់ថា ផ្ទះបណ្តែតទឹកទាំង នេះ គ្រាន់តែជាសំណង់រយៈពេលខ្លីប៉ុណ្ណោះ។ លោកថា អាជ្ញាធរនឹងដោះស្រាយស្ថានការណ៍ដោយគ្មានការរើសអើងឬអំពើហិង្សា ប៉ុន្តែត្រូវគោរពសិទ្ធិមនុស្ស។
លោក សៅភ័ណ បានមានប្រសាសន៍ថា៖ «យើងអនុវត្តករណីនេះ ទៅតាមផ្លូវច្បាប់»ដោយគូសបញ្ជាក់ពីស្ថានភាពរស់នៅអចិន្រ្តៃយ៍របស់ប្រជាពលរដ្ឋមួយចំនួននឹងបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋទាំងនេះសុទ្ធតែជាអ្នកមានឯកសារគ្រប់គ្រាន់ត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់។
ទោះយ៉ាងណា សម្រាប់អ្នកដែលឥឡូវកំពុងរង់ចាំនៅតាមច្រាំងទន្លេ ដើម្បីឆ្លងចូលទៅប្រទេសវៀតណាមឬរង់ចាំឲ្យត្រីចិញ្ចឹមរបស់ពួកគេធំនោះ ពេលវេលាអន្តរកាលនេះក៍ក្លាយជារយៈពេលដ៏វែងមួយ។
យ៉ាង ធីណឺ អាយុ២៥ឆ្នាំ ឥឡូវកំពុងស្នាក់នៅផ្ទះបណ្តែតទឹកក្នុងឃុំក្អមសំណ។ នាងបានប្រាប់ខេមបូចានៅច្រាំងទន្លេថា ដើមឡើយ នាងមកពីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាទីកំណើតរបស់នាង បន្ទាប់ពីការបណ្តេញចេញ។ នាងបានបន្ដទៀតថា ប៉ុន្តែដូចជាលោក យ៉ាងកៃ ដែរនៅពេលដែលក្រុមគ្រួសាររបស់នាងទៅដល់ព្រំដែន អាជ្ញាធរវៀតណាមមិនឲ្យចូល ដោយលើកហេតុផលពីស្ថានភាពឆ្លងជំងឺកូវីដ-១៩។
ធីណឺ និយាយថា៖ «ឥឡូវនេះ យើងកំពុងជួបការលំបាក ពីព្រោះយើងមិនអាចរកស៊ី ឬនេសាទបានទេ។ យើងគ្មានអ្នកណាទិញត្រី ដែលយើងកំពុងចិញ្ចឹមនេះទេ។ ឥឡូវនេះ យើងគ្មានប្រាក់ ចំណូលទេ ដូច្នេះយើងគ្រាន់តែដេកស៊ីៗប៉ុណ្ណោះ»។
សូម្បីតែពេលត្រីអាចលក់បាន ក៏មិនធានាថា ពួកគេនឹងរកបានប្រាក់គ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបំណុលរបស់សមាជិកក្នុងសហគមន៍នេះបានដែរ។
លោក យ៉ាងកៃ បានប្រាប់ខេមបូចាថា លោកបានខ្ចីប្រាក់សរុបចំនួន១២,០០០ដុល្លារពីម្ចាស់បំណុល៤នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមករកស៊ីចិញ្ចឹមត្រីរបស់លោក។ ឥឡូវនេះ លោកមិនប្រាកដថា នរណានឹងទិញត្រីទេនៅពេលត្រីធំល្មមនោះ។
លោកបាននិយាយថា៖«ម្ចាស់បំណុលពីរនាក់មកតាមខ្ញុំដល់នៅទីនេះ ហើយពួកគេបានទារប្រាក់របស់គេវិញ ប៉ុន្តែខ្ញុំគ្មានប្រាក់សងទេ ពីព្រោះខ្ញុំមិនទាន់បានលក់ត្រីរបស់ ខ្ញុំនៅឡើយ»។
ការបណ្តេញចេញនៅក្នុងទីក្រុងភ្នំពេញបានទាក់ទាញការយកចិត្តទុកដាក់ជាថ្មីម្តងទៀតចំពោះស្ថានភាពរស់នៅបណ្តោះអាសន្នរបស់ពលរដ្ឋដែលរស់នៅលើទឹក។
នៅពេលដែលសេចក្តីជូនដំណឹង ដើម្បីរុះរើចេញ ត្រូវបានផ្សព្វផ្សាយជាសាធារណៈពលរដ្ឋជាច្រើនបានប្រាប់ខេមបូចាថា ពួកគេមិនចង់រស់នៅលើទឹកទេ ដោយលើក ឡើងពីកង្វល់សុវត្ថិភាពលើសំណង់បណ្តែតទឹករបស់ពួកគេ។ ប៉ុន្តែដោយសារគ្មានជម្រើសច្បាស់លាស់ក្នុងការតាំងទីលំនៅថ្មីនៅលើដីគោក ជាពិសេសសម្រាប់អ្នកដែលមិនមានលក្ខណៈជាពលរដ្ឋផ្លូវការនោះ គឺមានតែរស់នៅលើដងទន្លេនៃប្រទេសកម្ពុជា។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានប្រាប់ខេមបូចាថា ចំនួនប្រជាជនដែលរស់នៅទឹកមិនទាន់ត្រូវបានធ្វើស្ថិតិឱ្យនៅឡើយទេ។ ទោះជាយ៉ាងណា លោកថា នៅឆ្នាំ២០១៩ អាជ្ញាធរបានធ្វើស្ថិតិលើចំនួនគ្រួសារ ដែលរស់នៅលើទឹកក្នុងខណ្ឌព្រែកព្នៅ ហើយក្រោយមកទៀតឃើញសំណង់ ដែលគ្មានការអនុញ្ញាតផ្សេងទៀតនៅតាមដងទន្លេបានកើនឡើង។
លោកមានប្រសាសន៍ថា៖ «បើក្មួយឯងសង់ផ្ទះថ្ម យើងសុំច្បាប់អនុញ្ញាត ហើយត្រូវស្រង់ចូលស្ថិតិ» ដោយពន្យល់ពីលក្ខណៈតាំងនៅទីកន្លែង នៃផ្ទះបណ្តែតទឹក។ «[ អ្នករស់នៅតាមទន្លេ] ចេះតែសាងសង់ទៅ ហើយអ៊ីងចឹងយើងស្រង់ស្ថិតិមិនបានទេ អ៊ីងចឹងយើងធ្វើតាមស្ថានការណ៍ជាក់ស្តែង»។
កាលពីថ្ងៃទី១២ ខែមិថុនា លោក កើត ឆែ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះបណ្តែតទឹកជាទូទៅបានសហការជាមួយសេចក្តីសម្រេចរបស់សាលា ក្រុង ដើម្បីរុះរើអ្វី ដែលសាលាក្រុងហៅថា ជាទីលំនៅខុសច្បាប់នៅតាមដងទន្លេ។ លោកបានប្រាប់ខេមបូចាថា គ្រួសារដែលមានបែចិញ្ចឹមត្រីនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅជាយក្រុងភ្នំពេញរវាងខណ្ឌព្រែកព្នៅនិងខេត្តកណ្តាលរហូតដល់ត្រីរបស់ពួកគេធំល្មមអាចលក់បាន។ ទោះយ៉ាងណា លោកបានមានប្រសាសន៍នៅពេលនោះថា ប្រជាពលរដ្ឋ ដែលមានតែផ្ទះបណ្តែតទឹក ប៉ុន្តែមិនចិញ្ចឹមត្រីនឹងត្រូវរកលំនៅដ្ឋានដោយខ្លួនឯងនៅកន្លែងផ្សេងទៀត។
ង្វៀង យ៉ាងហុង អាយុ៤៦ឆ្នាំ គឺជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលកំពុងរង់ចាំនៅខណ្ឌព្រែកព្នៅក្បែរព្រំប្រទល់ខេត្តកណ្តាល។
កើតនៅខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ១៩៧៥ លោក យ៉ាងហុង និងក្រុមគ្រួសារបានចាកចេញពីប្រទេសកម្ពុជាត្រឡប់ទៅប្រទេសវៀតណាមវិញ មុនពេលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៨២ ហើយគាត់បានត្រឡប់មករស់នៅខេត្តកំពង់ឆ្នាំងវិញ។ ក្រោយមកលោកបានទៅរស់នៅខណ្ឌព្រែកព្នៅអស់រយៈពេលជាង១០ឆ្នាំមុនពេលមានបទបញ្ជាបណ្តេញចេញ។
លោកបាននិយាយថា ស្ថានទូតវៀតណាមនៅភ្នំពេញនិងសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា បានជួយចចារជាមួយអាជ្ញាធរ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋស្នាក់នៅរហូតដល់ត្រីរបស់ពួកគេធំ។ បន្ទាប់ពីនោះ យ៉ាងហុង មិនប្រាកដថាលោកនឹងទៅទីណាទេ។
លោកបាននិយាយថា៖ «បន្ទាប់ពីរយៈពេល៦ខែ វាអាស្រ័យលើអាជ្ញាធរនិងកន្លែងដែលពួកគេបញ្ជាឲ្យយើងទៅរស់នៅ។ ប្រសិនបើពួកគេមិនអនុញ្ញាតឲ្យយើងរស់នៅលើផ្ទះបណ្តែតទឹកទេ យើងនឹងរកផ្ទះជួលណាមួយរស់នៅ»។
លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ–វៀតណាម បានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ ខណៈស្ថានទូតវៀតណាមមិនអាចសុំការធ្វើអត្ថាធិប្បាយបានទេ។ លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសា សន៍ថា ការព្រួយបារម្ភអំពីបញ្ហាជនអន្តោប្រវេសន៍កើតមាននៅទូទាំងពិភពលោក ប៉ុន្តែបានមានប្រសាសន៍ថា ប្រទេសនានាត្រូវតែទទួលយកប្រជាពលរដ្ឋរបស់ខ្លួន ប្រសិនបើ និងនៅពេលណាដែលពួកគេត្រូវបាននិរទេសចេញពីកន្លែងផ្សេងទៀត។ លោកបានចង្អុលបង្ហាញអំពីការនិរទេសជនជាតិកម្ពុជាចេញពីសហរដ្ឋអាមេរិកជា ឧទាហរណ៍។
លោក នី សុខា មានប្រសាសន៍ថា៖ «ដូច្នេះ សម្រាប់ជនអន្តោប្រវេសន៍វៀតណាមប្រ សិនបើពួកគេមករស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ ប្រទេសកម្ពុជាត្រូវតែឆ្លើយតប ដើម្បីដោះស្រាយបញ្ហានៃការរុះរើផ្ទះរបស់ពួកគេចេញពីទន្លេនិងអនុញ្ញាតឱ្យពួកគេរស់នៅកន្លែងណាដែលសមរម្យ។ ប៉ុន្តែប្រសិនបើពួកគេមករស់នៅដោយខុសច្បាប់ វាមានន័យថា ពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ដូច្នេះយើងត្រូវតែបញ្ជូនពួកគេទៅកាន់ប្រទេសរបស់ពួកគេវិញ»។
ទោះយ៉ាងណា បញ្ហានេះមិនទាន់ច្បាស់ទាក់ទងនឹងបុគ្គលដើមកំណើតវៀតណាម ដែលកើតនិងធំដឹងក្តីនៅកម្ពុជា ប៉ុន្តែអាចថា គ្មានឯកសារបញ្ជាក់អ្វីទាំងអស់។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការអនុវត្តច្បាប់អន្តោប្រវេសន៍មានសារសំខាន់ ប៉ុន្តែត្រូវធ្វើដោយគោរពសិទ្ធិមនុស្ស។ លោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជាគួរតែឆ្លើយតបទៅ វិញចំពោះការប្រើប្រាស់ជំងឺកូវីដ-១៩របស់វៀតណាម ជាហេតុផល ដើម្បីបដិសេធជនជាតិរបស់ខ្លួន ហើយបាននិយាយថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីរកដំណោះស្រាយ។
លោក ពិសី បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាមមានការព្រួយបារម្ភអំពីជំងឺកូវីដ ប៉ុន្តែការទទួលយកពលរដ្ឋរបស់ខ្លួនមិនមែនជាបញ្ហាព្រួយបារម្ភនោះទេ។ យើងត្រូវជំរុញប្រទេសវៀតណាមឲ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងការបញ្ជូនជនជាតិវៀតណាមត្រឡប់ទៅប្រទេសរបស់ពួកគេវិញតាមច្បាប់»៕ (រាយការណ៍បន្ថែមដោយ ជា សុខនី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Vietnamese authorities block the Mekong to bar entry for hundreds of ethnic Vietnamese evicted from Phnom Penh floating homes