សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិវៀតណាមដែលជម្លៀសចេញពីភ្នំពេញជាប់គាំងនៅព្រំដែនថាកំពុងខ្វះអាហារ

ពលរដ្ឋវៀតណាដែលជាប់គាំងនៅម្តុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងអង្គុយមាត់ច្រាំងទន្លេមេគង្គ ដែលគ្របដណ្តប់ដោយខ្សាច់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ
ពលរដ្ឋវៀតណាដែលជាប់គាំងនៅម្តុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងអង្គុយមាត់ច្រាំងទន្លេមេគង្គ ដែលគ្របដណ្តប់ដោយខ្សាច់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

ជនជាតិវៀតណាមដែលជម្លៀសចេញពីរាជធានីភ្នំពេញ គ្រោងធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ តែត្រូវបានជាប់គាំងនៅព្រំដែនជាង១ឆ្នាំមកនេះ ដោយសារវៀតណាមិនព្រមទទួល។ ករណីជាប់គាំងនេះធ្វើឲ្យពួកគេជួបការលំបាកខ្លាំងដោយសារខ្វះអាហារ ហើយផ្ទះបណ្តែតទឹកចាស់បាក់បែក និងខ្លះលិចចូលទៅក្នុងទឹក។

បើពិនិត្យលើស្ថានភាពជនជាតិវៀតណាមដែលជាប់គាំងនៅព្រំដែននៅក្នុងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ដែលអ្នកសារព័ត៌មានខេមបូចា បានចុះទៅដល់កន្លែងនោះ នាចុងខែសីហានេះ សង្កេតឃើញថា ទីនោះមានភាពស្ងប់ស្ងាត់ ដែលខុសប្លែកនៅពេលដែលពួកគេទៅដល់ដំបូង។ នៅមាត់ច្រាំងទន្លេមានកំណាត់ឈើចាស់ៗរើចេញពីផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី។ រីឯនៅក្នុងផ្ទះវិញឃើញតែមនុស្សចាស់ និងកុមារ។

ទីតាំងផ្ទះបណ្តែតទឹកដែលកំពុងជាប់គាំងនេះស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម នៅចំណុចក្អមសំណ និងមានចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្លូវជាតិលេខ១៤។ ពីផ្លូវជាតិលេខ១៤ទៅតំបន់នោះគឺមិនមានផ្លូវទេដោយត្រូវធ្វើដំណើរកាត់វាលខ្សាច់មួយកន្លែងរបស់ក្រុមហ៊ុនឯកជនចាក់បំពេញ។

អ្នកស្រីអ៊ង ហ្វៀង វ័យ ៦៤ ឆ្នាំ ថា រូបគាត់ខ្វះទាំងអង្ករដាំបាយ  និងលុយទិញម្ហូប។ អ្នកស្រីរស់នៅជាមួយប្តីវ័យជាង៦០ឆ្នាំដែលប្តី និងរូបគាត់មានជំងឺប្រចាំកាយដូចគ្នាពឹងផ្អែកលើការលក់នំតិចតួចដើម្បីទិញអង្ករ និងម្ហូបអាហារ។ អ្នកស្រីថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះភ្លៀងធ្លាក់ខ្លាំងទៅលក់នំមិនកើត ហើយមិនមានលុយទិញម្ហូបទេ គឺសល់អង្ករខ្លះដាំបាយ ទទួលទានជាមួយឆៃប៉ូវដែលអ្នកភូមិក្បែរនោះជាជនជាតិខ្មែរឱ្យ។​

អ្នកស្រីអ៊ង ហ្វៀង ថ្លែងថា ៖ «ល្ងាចនេះ បងស្រីនោះឱ្យឆៃប៉ូវហ្នឹង លាងទឹកហើយដាក់ស្ករ ២នាក់ប្តីប្រពន្ធហូបទៅ»។

លោក ចូវ យ៉ាំយៀង វ័យ ៦៦ ឆ្នាំ រស់នៅលើផ្ទះបណ្តែតទឹកចាស់ទ្រុឌទ្រោម ម្នាក់ឯង។ ផ្ទះរបស់លោកមិនមានសម្ភារអ្វីទេ ហាក់ដូចជាផ្ទះគ្មានមនុស្សនៅ។ លោក ចូវ យ៉ាំយៀង ដេកទាំងយប់ទាំងថ្ងៃនៅលើអង្រឹងមួយ ចំណែកបាយទឹកលោក ហូបជាមួយអ្នកជិតខាង។

លោក ចូវ យ៉ាំយៀង ឱ្យដឹងថា លោកមានកូន៥នាក់ មានគ្រួសារហើយ៣នាក់ និងនៅលីវ២នាក់។ លោកថា កូនៗទាំងអស់បានធ្វើដំណើរចេញពីផ្ទះបណ្តែតទឹកនេះ ដើម្បីរកការងារធ្វើនៅរាជធានីភ្នំពេញវិញ។ ចំណែករូបលោកដេកចាំផ្ទះបណ្តែតទឹក រង់ចាំលុយពីកូនៗផ្ញើឱ្យតិចតួច។​

លោក ចូវ យ៉ាំយៀង ថ្លែងថា៖ «រង់ចាំកូនបើកប្រាក់ខែ បើអត់ទាន់បើកចេះតែទ្រាំចឹងទៅ មិនដឹងធ្វើម៉េច! ជួនកាលធ្វើការកន្លែងខ្លះគេអត់បើកទៀត»។

អ្នកស្រី ត្រឹង ជីមិន វ័យ ៦៦ឆ្នាំ ជាជនជាតិវៀតណាម ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានខេមបូចា នៅផ្ទះបណ្តែតទឹកនៅក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

អ្នកស្រី ត្រឹង ជីមិន វ័យ៦៦ឆ្នាំ ឱ្យដឹងថា កូនគាត់ក៏ទៅធ្វើការនៅភ្នំពេញដែរ។ ចំណែករូបគាត់រស់នៅលើផ្ទះបណ្តែតទឹកជាមួយអ្នកជិតខាង ព្រោះផ្ទះគាត់ចាស់រុះរើអស់ហើយ។​ ​ អ្នកស្រី ឱ្យដឹងថា ទន្ទឹមនឹងការខ្វះខាតអាហារហូបចុក ពួកគាត់ក៏ត្រូវប្រឈមពេលភ្លៀងខ្យល់ម្តងៗត្រូវរត់ឡើងគោកមិនថា យប់ឬថ្ងៃទេ។

អ្នកស្រី ត្រឹង ជីមិន បាននិយាយថា៖ «អត់នៅកើតទេ ត្រូវឡើងគោក ទាំងភ្លៀង ទាំងកណ្តាលយប់ក៏ទៅដែរ ឡើងគោកទាំងអស់គ្នាអត់អាចនៅកើតទេ»។​

ផ្ទះបណ្តែតទឹកនៅក្នុងភូមិក្អមសំណលើ ឃុំក្អមសំណនេះ មានប្រមាណ៤០ផ្ទះ តែភាគច្រើនមិនមានមនុស្សនៅទេគឺ មានតែក្មេងៗ និងមនុស្សចាស់ ចំណែកមនុស្សពេញកម្លាំងធ្វើដំណើរទៅភ្នំពេញ ឬ ទីប្រជុំជនផ្សេងៗទៀត ដើម្បីស្វែងរកការងារធ្វើ។

ចំណែកអ្នកស្រី ស៊ែ សំណាង វ័យជិត៤០ឆ្នាំ ថ្លែងថា រូបគាត់ជួបការលំបាកខ្លាំងគឺបាត់បង់ចំណូលទាំងស្រុង ដោយមិនអាចចិញ្ចឹមត្រីកើតដូចនៅភ្នំពេញ ហើយត្រូវប្រឈមខ្យល់រលកបោកខ្លាំងប្រឈមលិចផ្ទះបណ្តែតទឹកអាចគ្រោះថ្នាក់ដល់ជីវិត។​ អ្នកស្រីបញ្ជាក់ថា គោលបំណងគាត់នៅពេលនេះចង់ទៅវៀតណាមវិញ ព្រោះមិនបារម្ភការបណ្តេញចេញដូចនៅកម្ពុជា។​

អ្នកស្រី ស៊ែ សំណាង ថ្លែងថា៖ «ខ្ញុំនៅចង់ទៅវៀតណាម តែគេមិនបើព្រំដែនឱ្យទៅ។ ខ្ញុំបន់ព្រះឱ្យជួយឱ្យអាជ្ញាធរបើកព្រំដែនឱ្យពួកខ្ញុំបានទៅ»។​

អ្នកស្រី ស៊ែ សំណាង ខុសពីអ្នកផ្សេងទៀត ដែលអះអាងថា កើតនៅកម្ពុជា ប៉ុន្តែអ្នកស្រីថា រូបគាត់ និងប្តីកើតនៅក្នុងខេត្តអានយ៉ាង ប្រទេសវៀតណាម។ អ្នកស្រីថា រូបគាត់ និងប្តី មកប្រកបរបរចិញ្ចឹមត្រីនៅភ្នំពេញប្រមាណជាង១០ឆ្នាំ ហើយតែងតែធ្វើដំណើរទៅលេងស្រុកកំណើតញឹកញាប់។​

បើតាមជនជាតិវៀតណាមដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹកទាំងនេះ អះអាងថា កាលដែលអាជ្ញាធរជម្លៀសចេញពីភ្នំពេញភ្លាមនោះ មានអ្នកយកអំណោយទៅចែកឱ្យច្រើន ដែលមានទាំងសមាគមវៀតណាម​ ស្ថានទូតវៀតណាម និងសប្បុរសជនផ្សេងៗទៀត។ ប៉ុន្តែពួកគេថា រហូតដល់ពេលនេះហាក់មិនមានអ្នកណាយកចិត្តទុកដាក់លើពួកគាត់ទេគឺមានតែសមាគមវៀតណាមយកអង្ករទៅចែកឱ្យ១ខែម្តង បានតែម្នាក់១០គីឡូក្រាម។​

នៅលើផ្ទះទឹកនេះពួកគេមិនមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ទេ គឺទឹកពួកគាត់យកទឹកទន្លេដែលល្អក់នោះ មកកូរជាមួយសាច់ជូហើយប្រើប្រាស់តែម្តង។​

ប្រជាពលរដ្ឋខ្មែរម្នាក់ដែលរស់នៅក្បែរនោះ លោក ម៉ាញ់ ធី ឱ្យដឹងថា កាលពីឆ្នាំមុនផ្ទះបណ្តែតទឹករបស់វៀតណាមរាប់រយបានទៅដល់ទីនោះគឺដល់ក្បែរចំណុចព្រំដែនតែម្តង ប៉ុន្តែលោកថា ក្រោយមក អាជ្ញាធរកម្ពុជាអូសផ្ទះបណ្តែតទឹករបស់វៀតណាមទាំងនោះចូលមកកម្ពុជាប្រមាណ៧គីឡូម៉ែត្រពីព្រំដែន។​

លោក ម៉ាញ់ ធី បានឲ្យដឹងថា៖ «ពេលហ្នឹងគៀកទៅដល់ព្រំដែន ហើយកាលណុងមិនដឹងមានផែនការអីឱ្យខ្មែរយើងអូសឡើងវិញមក»។​

លោក​ ម៉ាញ់ ធី ឱ្យដឹងថា ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមនេះមានទាំងនៅត្រើយខាងកើត និងត្រើយខាងលិចនៃទន្លេមេគង្គ ដោយនៅត្រើយខាងលិចមានចំនួនច្រើនជាង។  លោកថា ផ្ទះបណ្តែតទឹករបស់ជនជាតិនេះមួយចំនួនរុះរើ និងមួយចំនួនក៏លក់ឱ្យអ្នកភូមិជាជនជាតិខ្មែរនៅទីនោះ។​

អ្នកស្រី ស៊ែ សំណាង កំពុងអង្គុយនៅមាត់ច្រាំងទន្លេមេគង្គ ជាមួយប្តី និងបុរស់ជនជាតិវៀតណាមម្នាក់ទៀត នៅម្តុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាទីដែលពួកគេជាប់គាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

រហូតដល់ចុងខែសីហាឆ្នាំ២០២២នេះ ទាំងភាគីកម្ពុជា និង វៀតណាម នៅរក្សាភាពស្ងប់ស្ងាត់ មិនបានបង្ហាញពីលទ្ធផលនៃការបញ្ជូនជនជាតិវៀតណាមទៅប្រទេសកំណើតវិញដំណើរការដល់ណានោះទេ បន្ទាប់ពីផែនការនេះមានការជំទាស់ពីភាគីវៀតណាម។​

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បញ្ជាក់ថា  កិច្ចការនេះមិនមែនជាភារកិច្ចរបស់ក្រសួងការបរទេសទេ។

អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា ក៏មិនធ្វើការអត្ថាធិប្បាយច្រើនទេលើករណីនេះ ដោយលោកថា បញ្ហាកើតឡើងយូរណាស់ហើយតែមិនមានដំណោះស្រាយ។​

លោក ចាប ច័ន្ទវិទ្យា បានថ្លែងថា ៖ «បើចុះមកឃើញហើយមើលតាមហ្នឹងទៅណា រឿងហ្នឹងវាដដែលៗទេ អត់អីប្លែកទេរឿងតែប៉ុណ្ណឹង»។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា អាជ្ញាធរឱ្យជនជាតិវៀតណាមដែលជម្លៀសចេញពីភ្នំពេញនោះ រស់នៅក្នុងចំណុចឃុំក្អមសំណបណ្តោះអាសន្ន ចំណែកវិធានការបន្តនោះលោកថា ជាភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

លោក គង់ សោភ័ណ្ឌ ថ្លែងថា៖ «ចំពោះបងប្អូនវៀតណាម អនុវត្តន៍តាមច្បាប់អន្តោប្រវេស៍ ថា ស្របច្បាប់ ឬ មិនស្របច្បាប់ អគ្គនាយករដ្ឋានអន្តោប្រវេស៍លោកចាត់ចែង»។​

លោក គង់ សោភ័ណ្ឌ​ បន្តថា ការលើកឡើងថា ជនជាតិវៀតណាមទាំងនោះកំពុងជួបការលំបាកគឺមិនមែនជាការពិតទេ។​

លោក គង់ សោភ័ណ្ឌ ថ្លែងថា៖ «គាត់គ្មានលំបាកអីគាត់ បងឯងចេះតែជឿងគាត់ បើលំបាកគាត់គ្មាននៅទេ»។​

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន ពេលដែលសាកសួរជុំវិញដំណោះស្រាយជនជាតិវៀតណាមទាំងនេះ លោកថ្លែងថា លោកមិនបានដឹងទេ។​

លោក កែវ វណ្ណថន បានថ្លែងថា៖ «ខ្ញុំអត់បានដឹងអីទេ រឿងវៀតណាមអីនោះ ទៅសួរខាងវៀតណាមទៅ»។

លោក គៀត ច័ន្ធថារិទ្ធិអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មិនលើកទូរសព្ទ ហើយផ្ញើសារតាមតេឡេក្រាមក៏មិនមានការឆ្លើយតប។​

ដូចគ្នានេះដែរ អ្នកសារព័ត៌មានខេមបូចាព្យាយាមសុំការឆ្លើយតបពីស្ថានទូតវៀតណាមប្រចាំកម្ពុជា តែទូរសព្ទមិនមានអ្នកទទួល ហើយសារផ្ញើតាមហ្វេសប៊ុកផេកស្ថានទូតក៏មិនមានការឆ្លើយតបដែរ។​

ប្រធានសមាគមវៀតណាមប្រចាំកម្ពុជាលោក ស៊ឹម ជី បញ្ជាក់ថា ខាងសមាគមមិនមានធនធានច្រើនសម្រាប់ជួយទ្រទ្រង់ដល់ជនជាតិវៀតណាមទាំងនេះទេ។ លោក ក៏បានអំពាវនាវឱ្យសប្បុរសជនជួយឧត្ថម្ភដល់ជនជាតិដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកទាំងនេះ។​

លោក ស៊ឹម ជី ថ្លែងថា៖ «យើងមានតែអំពាវនាវដល់សប្បុរសជននានា ឱ្យជួយឧបត្ថម្ភគាត់ ម្ហូបអាហារ តិចតួចចឹងទៅ ដើម្បីជួយគាត់មួយរយៈពេលមួយរយៈពេលចឹងទៅ»។​

លោក ស៊ឹម ជី ឱ្យដឹងទៀតថា វៀតណាមមិនបើកព្រំដែនទទួលអ្នកទាំងនេះ ព្រោះពួកគេមិនមានឯកសារបញ្ជាក់ពីជនជាតិវៀតណាមទេ។ លោកថា ជនជាតិវៀតណាមទាំងនេះជាអ្នកដែលកើត និងរស់នៅកម្ពុជាច្រើនជំនាន់ហើយ។​

ជនជាតិវៀតណាមដែលកំពុងជាប់គាំងនៅចំណុចក្អមសំណនេះ បានបង្ហាញ បណ្ណពណ៌លឿង ដែលបញ្ជាក់ថា ជាជនអន្តោប្រវេសន៍ស្របច្បាប់។

របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបង្ហាញថា គិតត្រឹមពាក់​កណ្តាលឆ្នាំ២០២០ នៅកម្ពុជាមានជនបរទេសជាង១១ម៉ឺននាក់ក្នុងនោះជិត៧ម៉ឺននាក់ជា​ជនជាតិវៀតណាម។​

លោក ​អំ សំអាត ​នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​លីកាដូជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំង២ពន្លឿនក្នុងការដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យប៉ះពាល់ធ្ងន់ធ្ងរពលរដ្ឋវៀតណាមដែលកំពុងជួបការលំបាកទាំងនេះ។​

លោក អំ សំអាត ថ្លែងថា៖ «ភាគីកម្ពុជានិងវៀតណាមគួរតែជួបចរចាស្វែងរកដំណោះស្រាយ។ នេះជាផលប្រយោជន៍របស់ប្រទេសវៀតណាមទេ ព្រោះពលរដ្ឋវៀតណាមហេតុអ្វីវៀតណាមមិនឱ្យពលរដ្ឋខ្លួនឯងចូលក្នុងប្រទេស»។​

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយតម្រូវ​ឱ្យអ្នក​រស់នៅលើទឹកជាង១ ០០០គ្រួសារភាគច្រើនជាជនជាតិវៀតណាមរើចេញក្នុងពេល១សប្តាហ៍ ដោយលើកហេតុផលរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាន។​

បើតាមលោក ស៊ឹម ជី ប្រធានសមាគមវៀតណាមប្រចាំកម្ពុជាឱ្យដឹងថា ជនជាតិវៀតណាមប្រមាណ១ ០០០គ្រួសារដែលជម្លៀសចេញពីផ្ទៃទឹក​ក្នុងរាជធានីភ្នំពេញពេលនោះគឺ១០០គ្រួសារជាប់គាំងនៅព្រំដែននៅលើទន្លេមេគង្គនៅចំណុចក្អមសំណ ជាង៤០០គ្រួសារឡើងគោក​ជួល​ដី ជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ និងផ្សេងៗទៀតរស់នៅលើផ្ទៃទឹកក្នុងខេត្តកណ្តាល ក្បែរព្រំប្រទល់រាជធានីភ្នំពេញ៕

488 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម