សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋនិងអាជ្ញាធរ ស្នើឲ្យមន្ត្រីជំនាញរៀបចំទីលានចាក់សំរាមឲ្យមានលក្ខណៈបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់សុខភាពពលរដ្ឋ

គំនរសំរាមដែលបានដាក់រាយប៉ាយនៅទីលានចាក់សំរាមដែលគ្រប់គ្រងដោយក្រុមហ៊ុន ហ្គាអ៊ីយ៉ា(Gaea) ក្នុងខេត្តសៀមរាប។ រូបថត៖ ហ៊ុន ឌីម៉ូ
គំនរសំរាមដែលបានដាក់រាយប៉ាយនៅទីលានចាក់សំរាមដែលគ្រប់គ្រងដោយក្រុមហ៊ុន ហ្គាអ៊ីយ៉ា(Gaea) ក្នុងខេត្តសៀមរាប។ រូបថត៖ ហ៊ុន ឌីម៉ូ

សៀមរាប៖ ពលរដ្ឋនិងអាជ្ញាធរឃុំត្រពាំងធំ ក្នុងស្រុកបាគង ខេត្តសៀមរាបបានស្នើឲ្យមន្ត្រីជំនាញរៀបចំទីលានចាក់សំរាមដែលគ្រប់គ្រងដោយក្រុមហ៊ុន ហ្គាអ៊ីយ៉ា(Gaea)ឲ្យបានល្អ និងត្រូវតាមបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។

ប្រជាពលរដ្ឋរស់នៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ដែលជាទីកន្លែងចាក់សំរាម លោកនៅ អៃ បានឲ្យដឹងថា គំនរសំរាមមានក្លិនស្អុយធ្វើឲ្យប៉ះពាល់សុខភាព ជាពិសេសកុមារតូចៗ តែងមានជម្ងឺផ្លូវដង្ហើមជាប្រចាំ។

 លោកបានថ្លែងថា៖«ពេលខ្យល់ប៉ើងអី មានសំរាមហើរឡើង ពេលគេដុតសំរាមអីចឹងទៅ ហុយផ្សែង ក្លិនខ្លាំង ចង់ឲ្យគេគ្រប់គ្រងឲ្យបានល្អបើលុបបណ្តោយ ឈប់ចាក់ល្អ»។

លោកបន្តថា វាប៉ះពាល់សុខភាពខ្លាំងណាស់ព្រះវាមានក្លិនស្អុយ ហើយកន្លងមកអាជ្ញាធរធ្លាប់ចុះមកដែរហើយសន្យាថារៀបចំឲ្យបានល្អ។

 លោកបានបន្ថែម៖ «សន្យាជាមួយពួកយើង សន្យាខ្យល់ មកសន្យារហូតមកបីដងហើយ ប៉ះពាស់សុខភាពដូចប្រពន្ធខ្ញុំគាត់មិនដែលជាទេ គាត់វិលមុខហើយទៅពេទ្យម្តងអស់បួនដប់ម៉ឺន ម្ភៃម៉ឺន [រៀល] បានគ្រាន់វិញ»។

ទាក់ទងទៅនឹងបញ្ហានេះដែរ មេឃុំត្រពាំងធំ លោក សយ សីហា បានឲ្យដឹងថាទីលានចាក់សំរាម ដែលមានផ្ទៃដីទំហ៊ំ៨ហិកតា គ្រប់គ្រងដោយក្រុមហ៊ុនប្រមូលសំរាម ហ្គាអ៊ីយ៉ា(Gaea)មានរយៈពេលជាង១០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ។ ក្រុមហ៊ុននេះបានធ្វើ​ឲ្យ​ប៉ះពាល់ដល់ទៅ៩ភូមិ ដែលមានមានពលរដ្ឋប្រមាណជាងមួយម៉ឺននាក់ ក្នុងឃុំត្រពាំងធំក្នុងស្រុកបាគង និងឃុំចំនួន៣ផ្សេងទៀតក្នុងនោះមានឃុំកន្ទ្រាំង ឃុំមានជ័យ និងឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគមផងដែរ។

លោកមានប្រសាសន៍ថា៖ «មានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋក្នុងឃុំខ្លាំង។ មានការជួបប្រទះលំបាកច្រើន ដូចជាបញ្ហាក្លិន បញ្ហាប៉ើងថង់ប្លាស្ទិក ទឹកស្អុយជម្រាបចេញពីរណ្តៅ សំរាមដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសក្នុងភូមិអន្លុងពីរ និងភូមិភ្នំដីដែលនៅជិតហ្នឹងតែម្តង»។

លោកបន្តថាក្រុមហ៊ុនដឹកសំរាម ហ្គាអ៊ីយ៉ា (Gaea)មិនសូវរៀបចំតាមស្តដាអនាម័យ និងបច្ចេកទេសទេ។លោកថាពលរដ្ឋមានជម្ងឺច្រើនក្នុងឃុំ ដូចជា ជម្ងឺរាគរួស ឈឺក្បាល គ្រុនក្តៅ វិលមុខ។ លោកបន្តថាថ្នាក់ខេត្ត ក្រសួងបរិស្ថាន ធ្លាប់ចុះមកពិនិត្យក្រោយពេលពលរដ្ឋបិទផ្លូវធ្វើការតវ៉ាឲ្យអាជ្ញាធររកដំណោះស្រាយពីបញ្ហានេះកាលពីចុងឆ្នាំ២០១៧ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ លោកស្នើមន្ទីរសុខាភិបាលខេត្តជួយផ្តល់ជាថ្នាំសង្កូវឲ្យគ្រប់គ្រាន់ដល់មណ្ឌលសុខភាពក្នុងឃុំត្រពាំងធំដើម្បីទុកសម្រាប់ព្យាបាលពេលពលរដ្ឋឈឺថ្កាត់។

លោកក៏ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយបញ្ហាទីលានចាក់សំរាមនេះ បើមិនប្តូរទីតាំងទេ សូមធ្វើឲ្យបានត្រឹមត្រូវតាមស្តងដាបច្ចេកទេស កុំឲ្យប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គំនរសំរាមដែលបានដាក់រាយប៉ាយនៅទីលានចាក់សំរាមជាប់របងផ្ទះពលរដ្ឋ ក្នុងខេត្តសៀមរាប។ រូបថត៖ ហ៊ុន ឌីម៉ូ

ជាការឆ្លើយតប ប្រធានផ្នែកសេវាកម្ម និងអាជីវកម្មក្រុមហ៊ុនហ្គាអ៊ីយ៉ា (Gaea) កញ្ញា រ៉ន សារួម បានឲ្យដឹងថា ខាងក្រុមហ៊ុននិងចូលរួមដើម្បីដោះស្រាយបញ្ហានេះជូនពលរដ្ឋ តែអាជ្ញាធរមានតួនាទីសំខាន់ជាង។

កញ្ញាបានបន្តថា៖ «គាត់អាចតវ៉ា ឬ គាត់ទៅជួបមេភូមិដើម្បីរាយការណ៍ពីបញ្ហា ក្រុមហ៊ុននឹងទទួល សប្បាយចិត្តក្នុងការដោះស្រាយបញ្ហាជាមួយគ្នា។ ភាគច្រើនអាជ្ញាធរជាអ្នកដោះស្រាយ ព្រោះជាការទួលបន្ទុក ដើម្បីការពារ និងមើលសុខទុក្ខប្រជាពលរដ្ឋជាងខាងក្រុមហ៊ុន»។

ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាបលោក ណម គឹមអ៊ន បានឲ្យដឹងថាជុំវិញការលើកឡើងពីផលប៉ះពាល់សុខភាព និងការស់នៅរបស់ពលរដ្ឋនិងអាជ្ញារឃុំលោកទួលស្គាល់។

លោកមានប្រសាសន៍ថា៖«នៅក្នងទីលាន ខ្ញុំសុំបញ្ជាក់ ការគ្រប់ទីលានក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺយើងប្រើប្រាស់ទីលានចំហរ គឺយើងគ្មានបច្ចេកទេសអីធំដុំទេ គ្រាន់តែប្រម៉ែប្រមូលសំរាមពីតំបន់មួយ ទៅទុកដាក់ ជាជាងយើងទុកដាក់រាយប៉ាយតាមដងផ្លូវ»។

លោកបន្តថា អ្វីដែលកើតទាំងនេះមិនមែនទើបក្នុងឆ្នាំ២០២០ ឆ្នាំ២០២១នេះទេ គឺកើតទើងតាំងពីឆ្នាំ២០០៧មកម្លេះ ដែលមិនបានគ្រប់គ្រងតាមបច្ចេកទេសនៅឡើយ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះត្រូវរកដៃគូសហការ វិស័យបរិស្ថាន ការគាំទ្រផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាល ភាគីក្រុមហ៊ុន អាជ្ញាធរមូលដ្ឋានដើម្បីបានទីលានមួយមានបច្ចេកទេសល្អ។

ចំពោះបញ្ហាទាំអស់នេះលោកបានពាំនាំទៅជូនថ្នាកដឹកនាំដែលមានសិទ្ធិសម្រេចចិត្តលើថវិការ និងបច្ចេកទេសក្នុងការអនុវត្តនការងារនេះរួចហើយ។

បើតាមការសិក្សារស្រាជ្រាវរបស់​ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ថាមពលអគ្គីសនី គ្រោង​វិនិយោគនៅលើលទឹកដីខេត្តសៀមរាប បានឲ្យដឹងថា សំរាមនៅក្នុងក្រុងសៀមរាប មានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ។ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន៕

ដោយ៖ ពលរដ្ឋសារព័ត៌មានខេត្តសៀមរាប ហ៊ុន ឌីម៉ូ

225 views

ព័ត៌មានទាក់ទង