សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទឹកកខ្វក់បង្ហូរចូលព្រែកក្នុងក្រុងកំពតធ្វើឱ្យបំពុលបរិស្ថាន និងបង្កឱ្យត្រីស្លាប់បន្តបន្ទាប់

ទឹកកខ្វក់ដែលមានពណ៌ខ្មៅបង្ហូរចេញពីក្រុងកំពតចូលក្នុងព្រែក។ រូបភាពថតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ទឹកកខ្វក់ដែលមានពណ៌ខ្មៅបង្ហូរចេញពីក្រុងកំពតចូលក្នុងព្រែក។ រូបភាពថតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋ និងអាជីវករក្នុងក្រុងកំពត ព្រមទាំងភ្ញៀវទេចរជាតិបង្ហាញការព្រួយបារម្ភចំពោះការបង្ហូរទឹកកខ្វក់ទូទាំងក្រុងកំពតចូលក្នុងដងព្រែកដែលបង្កឱ្យបំពុលបរិស្ថាន ខណៈទឹកទាំងនោះជះក្លិនស្អុយ ធ្វើឱ្យរមាស់ និងបង្កឱ្យមានត្រីងាប់ផងដែរ។ ទោះជាយ៉ាងណា អាជ្ញាធរអះអាងថា កំពុងតែសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។

អង្គុយលក់ម្ជូរនៅតាមរបងមន្ទីរពេទ្យបង្អែកក្រុងកំពត កណ្ដាលថ្ងៃត្រង់ អ្នកស្រីផល អាយុ៤៧ឆ្នាំ ក្នុងក្រុងកំពត ខេត្តកំពត បានប្រាប់ឱ្យដឹងថា តាមរយៈដែលអ្នកស្រីសង្កេតឃើញថា ទឹកស្អុយដែលបង្ហូរចូលដងព្រែកចំកណ្ដាលខេត្តជាប់មាត់សមុទ្រនៃក្រុងកំពត គឺមានយូរមកហើយ។ អ្នកស្រីបានប្រាប់ថា នៅពេលដែលទឹកជោរឡើងម្ដងៗ គឺជះក្លិនស្អុយ និងចាល់ទឹកតាមលូបែកបាក់ឡើងមកលើថ្នល់ក៏មាន។

រស់នៅក្នុងខេត្តកំពតជាង៤០ឆ្នាំ អ្នកលក់ម្ជូររូបនេះ មើលឃើញថា ការបណ្ដោយឱ្យមានការបង្ហូរលូទឹកកខ្វក់ចូលដងព្រែកបែបនេះ គឺជាការបំផ្លាញបរិស្ថាន និងធម្មជាតិ និងប៉ះពាល់ទៅដល់ភ្ញៀវទេសចរ ស្របពេលដែលខេត្តកំពតគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រ៣ផ្សេងទៀត។

ឈរលក់ម្ជូរបណ្ដើរ អ្នកស្រីផល បាននិយាយថា៖«ទឹកលូហ្នឹងហូរចឹងយូរហើយតាស ទឹកស្អុយហូរចូលព្រែកហ្នឹងទាំងអស់វាប៉ះពាល់ត្រី វាប៉ះពាល់បរិស្ថាន វាស្អុយអ៊ីចឹង។ ហើយជួនកាលទឹកហ្នឹងពេលវាជោរឡើង បាត់ពីស្អុយទៅហ្នឹងក៏វាចាល់ចេញពីក្នុងលូឡើងមកលើថ្នល់ អត់ឃើញរៀបចំ ឃើញតែប៉ុណ្ណឹង»។

អ្នកស្រីផល បន្តថា កាលពីអភិបាលខេត្តចាស់មិនទាន់ប្ដូរចេញ គឺមានការរៀបចំចាក់ខ្សាច់សជិតគល់ស្ពានថ្មី​រហូតមកស្ពានចាស់ ដើម្បីពង្រីកសួនច្បារ ប៉ុន្តែនៅពេលប្ដូរអភិបាលខេត្តចាស់ទៅបាត់ មិនឃើញមានការជួសជុលបន្តទៀតឡើយ។

ស្រ្តីវ័យ៤៧ឆ្នាំរូបនេះ បន្តទៀតថា៖«ខ្សាច់ហ្នឹងអង្កាល់ចៅហ្វាយខេត្តមុនឮថាកាយឡើងមកគេចង់ពង្រីកសួនច្បារ ដល់តែពេលដូរចៅហ្វាយខេត្តទៅបាត់ទៅ លែងឃើញធ្វើអី គាំងត្រឹមហ្នឹងហើយទឹកហ្នឹងស្អុយ ដល់តែពេលវាភ្លៀងខ្លាំងទឹកហ្នឹងក៏ស្អុយដែរ ព្រោះទឹកលូវាហូរចូល»។

ជាពលរដ្ឋសាមញ្ញម្នាក់ ដែលខ្វល់ខ្វាយពីបរិស្ថាន អ្នកស្រីផល បានលើកឡើងថា អាជ្ញាធរគួរតែមានវិធានការ ដើម្បីបញ្ឈប់ការបង្ហូរទឹកស្អុយចូលក្នុងដងព្រែក និងដើម្បីកុំឱ្យជះក្លិនមិនល្អទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងលើកមុខមាត់ខេត្តកំពត។

អ្នកស្រីផលនិយាយថា៖«អាជ្ញាធរគួររៀបចំឱ្យស្អាត ព្រោះអីវាស្អុយ ពេលភ្ញៀវដើរលេងស្អុយហ្នឹងហើយ បរិស្ថានមាត់ព្រែកគួរតែសម្អាតឱ្យបានស្អាត ហើយលើសួននៅស្កេកស្កះពេញហ្នឹងអត់ព្រមរៀបឱ្យស្អាត  ខ្ញុំសប្បាយចិត្តបើមានភ្ញៀវមកលេងច្រើន»។

ទឹកកខ្វក់និងសំរាម ត្រូវបានឃើញនៅព្រែកក្នុងក្រុងកំពត។ រូបភាពថតថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ទឹកកខ្វក់និងសំរាម ត្រូវបានឃើញនៅព្រែកក្នុងក្រុងកំពត។ រូបភាពថតថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ចំណែក អ្នកស្រីស្រស់ ជាអ្នកលក់ទឹកផ្លែឈើក្បែរដងព្រែក មានស្រុកកំណើតនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពង់បាយ ខេត្តកំពត បានឱ្យដឹងថា តាមដែលអ្នកស្រីដឹង គឺមានការបង្ហូរទឹកចូលដងព្រែកយូរហើយ។ ​អ្នកស្រីបន្ថែមថា ការបហ្ហូរទឹកកខ្វក់ដូច្នេះ​ បានបង្កផលប៉ះពាល់ដល់បរិស្ថាន ខណៈជះក្លិនស្អុយ និងមានសំរាមមកជាមួយផងដែរ។

ស្រ្តីវ័យ២៨ឆ្នាំរូបនេះ បានបញ្ជាក់ថា៖«ទឹកហ្នឹងគេបង្ហូរចូលយូរហើយ ទឹកហ្នឹងវាស្អុយ ឃើញមានសំរាមហូរចូលទៀត និងប៉ះពាល់ដល់បរិស្ថាន»។

ត្បិតតែអ្នកស្រីមិនដឹងច្បាស់ពីប្រភពនៃការបង្ហូរទឹកកង្វក់នេះមកពីណា តែតាមការសន្មត់របស់អ្នកស្រីទំនងជាបង្ហូរចេញពីក្រុងកំពតផ្ទាល់តែម្ដង។ អ្នកស្រីស្រស់ បន្តថា ទឹកព្រែកនេះបង្កទៅជារមាស់ ឬកន្ទួល ព្រោះកូនអ្នកស្រីធ្លាប់កើតរមាស់ដល់មានពងបែក ពេលចុះលេងទឹកព្រែកដែលមានការបង្ហូរទឹកកង្វក់ចូល។

អ្នកស្រីស្រស់ និយាយថា៖«ទឹកហ្នឹងក្នុងក្រុងតែម្ដង គ្រាន់តែមិនដឹងបង្ហូរពីណាមក។ ខ្ញុំធ្លាប់នាំកូនទៅលេងដែរ តែលេងមិនដែលបានយូរ ព្រោះកន្លែងហ្នឹងវាមានក្លិនស្អុយ ហើយកាលហ្នឹងកូនខ្ញុំធ្លាប់ចុះលេងទឹកវាក៏រមាស់ឡើងកន្ទួលពងបែក»។

ទន្ទឹមនឹងនេះ អ្នកស្រីសុធារី ជាពលរដ្ឋមួយរូប ដែលបានអញ្ជើញទៅខេត្តកំពតដើម្បីបំពេញការងារ និងកម្សាន្តផង បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី១៩ ខែកុម្ភៈ និងអមដោយរូបថតត្រីស្លាប់ជាច្រើនសន្លឹក ដោយបង្ហាញពីការខកចិត្តនិងសោកសង្រេងនៅពេលដែលឃើញផ្ទៃសមុទ្រប្រែពណ៌ខ្មៅ និងបណ្តាលឲ្យមានត្រីស្លាប់ជាច្រើន។

អ្នកស្រីបានសរសេរថា៖ «ដងព្រែកខេត្តកំពតក្លាយជាសមុទ្រទឹកខ្មៅ ត្រីងាប់អណ្តែតគួរឲ្យសង្វេកណាស់!»។

 ត្រីត្រូវបានប្រទះឃើញស្លាប់នៅលើឆ្នេរដៃព្រែកដែលមានក្លិនស្អុយ នៅក្រុងកំពត កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
ត្រីត្រូវបានប្រទះឃើញស្លាប់នៅលើឆ្នេរដៃព្រែកដែលមានក្លិនស្អុយ នៅក្រុងកំពត កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

អ្នកស្រីសុធារី បានបញ្ជាក់ប្រាប់ខេមបូចា តាមរយៈសារអេឡិចត្រូនិកថា អ្នកស្រីពិតជាបានប្រទះឃើញ មានត្រីងាប់អណ្ដែតត្រៀបត្រា នៅក្នុងទឹកខ្មៅកខ្វក់នៅតាមមាត់ព្រែកដែលមានការបង្ហូរទឹកលូយ៉ាងខ្មៅជាច្រើនកន្លែង ដែលមិនទាន់មានការបន្សុទ្ធចូលដងព្រែក។អ្នកស្រីបន្ថែមថា ការបង្ហូរទឹកលូដូច្នេះ  វាអាចបង្កជាផលប៉ះពាល់ដល់សុខភាព និងបរិស្ថានផងដែរ។

បើតាមអ្នកស្រីសុធារី​ បានលើកឡើងថា៖«ពេលដើរកាត់ទៅ វាក្លិនលូ និងទឹកស្អុយវាជះឡើងមកមានន័យថាវាអាចប៉ះពាល់សុខភាពច្រើន ពិសេសប្រជាពលរដ្ឋនៅក្បែរខាងហ្នឹងដែរ។ហើយករណីនេះត្រីងាប់គឺបងដើរហួសពីលូហូរទី២ គឺឃើញវាអណ្ដែតឡើងងាប់​ និងក្នុងទឹកក៏មានដែរនៅម៉ោងជិត៦ល្ងាច»។

មិនខុសពីគ្នាពីពលរដ្ឋខាងលើ អ្នកស្រីវិបុល អាយុ៣៣ឆ្នាំ​ មានស្រុកកំណើតនៅភូមិកំពង់បាយ​ ឃុំកំពង់កណ្ដាល ស្រុកកំពង់បាយ ខេត្តកំពត បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តឡើយ ខណៈដឹងថាមានការបង្ហូរទឹកចូលដងព្រែកនេះ ដោយអ្នកស្រីយល់ថាការធ្វើដូច្នេះ នឹងប៉ះពាល់បរិស្ថាន និងទេសចរណ៍។

អ្នកស្រីបាននិយាយថា៖«ខ្ញុំដឹងថាគេបង្ហូរទឹកហ្នឹងយូរដែរហើយ មិនសប្បាយចិត្តទេ ហើយមើលតាមជាក់ស្ដែងវាប៉ះពាល់ដែរហើយ ព្រោះតំបន់នេះគេទេសចរណ៍ចឹង ណាមួយវាមិនល្អទេ»។

អ្នកស្រីបន្តថា អ្នកស្រីចង់ឃើញមានការកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅតាមដងព្រែកកំពត ដោយមានប្រព័ន្ធលូត្រឹមត្រូវ និងកុំឱ្យមានការបង្ហូរទឹកកខ្វក់ចូលដងព្រែកដូច្នេះទៀត ព្រោះពេលទៅអង្គុយលេងម្ដងម្កាលជះក្លិនមិនល្អឡើយ។

 ភ្នែកសម្លឹងមើលដងព្រែក ដៃចង្អុលទៅទីតាំងបង្ហូរទឹកលូ អ្នកស្រីប្រាប់ថា៖«កុំឱ្យបង្ហូរទឹកចូលព្រែកចឹងហ្អា៎ ឱ្យមានប្រព័ន្ធលូត្រឹមត្រូវព្រោះអីទឹកមិនដឹងមកពីណាចឹងណា។ បើខែវស្សាទឹកច្រើនវាមិនសូវក្លិន ដល់តែខែប្រាំងឃើញក្បាលលូច្បាស់ និងជះក្លិន»។

ក្រៅតែពីលូបង្ហូរទឹកកង្វក់ចូលដងព្រែកនាកណ្ដាលក្រុងកំពត ក៏មានសំរាមរាយប៉ាយនៅតាមមាត់ព្រែក ដែលហូរចេញពីមាត់លូ និងនៅក្នុងដងព្រែកផ្ទាល់រសាត់ទើមកលើឆ្នេរខ្សាច់ដែលអភិបាលខេត្តកំពតចាស់ បានចាក់កាលពីពេលកន្លងទៅ។ ម្យ៉ាង នៅតាមសួនច្បារនាដងព្រែកមិនទាន់មានការរៀបចំឱ្យបានស្អាតរៀបរយនៅឡើយទេ ដោយមានការបាក់ស្រុតដីដោយអន្លើរៗនៅត្រង់មាត់លូដែលបង្ហូរទឹកចូលព្រែក និងការ៉ូតាមសួនច្បារប៉ើងរប៉ាតរប៉ាយនៅឡើយ។

យ៉ាងណាមិញនៅម៉ោងប្រមាណជា៧ល្ងាច ភ្ញៀវទេសចរជនជាតិខ្មែរម្នាក់មកពីខេត្តកំពង់ឆ្នាំងកំពុងអង្គុយស្រូបខ្យល់អាកាសនៅមាត់ព្រែកក្បែរកន្លែងបង្ហូរទឹកលូ  គឺយុវជន ថាន អាយុ២២ឆ្នាំ បានប្រាប់អ្នកសារព័ត៌មាន ខេមបូចា ថាលោកមានការស្រងាកចិត្តនៅពេលដែលមកដើរលេងលម្ហែកាយ ស្រូបខ្យល់អាកាសមាត់ព្រែក តែបែរជាមកប្រទះនឹងលូទឹកស្អុយទៅវិញ​។

យុវជនវ័យក្មេងរូបនេះនិយាយថា៖«យើងអត់អាចធ្វើចឹងបានទេ ខ្ញុំទើសចិត្តដែរ ដូចខ្វះអ្វីម្យ៉ាង។ ហើយខ្ញុំគិតថាវាធ្ងន់ធ្ងរដែរទៅថ្ងៃមុខ ជាក់ស្ដែងខ្ញុំមកអង្គុយស្រូបខ្យល់វាជះក្លិន បើទេសចរបរទេសគេមកទស្សនា គេនឹងមើលមកអត់សម»។

យុវជនរូបនេះ រំពឹងថាអាជ្ញាធរនឹងមានការៀបចំប្រព័ន្ធបង្ហូរទឹកលូចូលដងព្រែកនេះឱ្យបានឆាប់ ដោយសារតែខេត្តកំពតជាខេត្តគោលដៅទេសចរណ៍មួយដ៏លេចធ្លោក្នុងចំណោមខេត្តផ្សេងៗទៀត បើមិនដូច្នះទេ នឹងបាត់បង់ភ្ញៀវទេសចរមកលេងកម្សាន្ត។

លោកនិយាយថា៖«បើអាចលឿនកាលណាល្អកាលហ្នឹង ព្រោះថាប្រសិនជានៅតែបង្ហូរអ៊ីចឹង ថ្ងៃក្រោយមានក្លិនខ្លាំងជាងហ្នឹង ហើយអាចបាត់បង់ភ្ញៀវទេសចរ ព្រោះរមនីយដ្ឋានកខ្វក់ ណាមួយអត់សណ្ដាប់ធ្នាប់»។

ទឹកកខ្វក់និងសំរាម ត្រូវបានឃើញនៅព្រែកក្នុងក្រុងកំពត។ រូបភាពថតថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ទឹកកខ្វក់និងសំរាម ត្រូវបានឃើញនៅព្រែកក្នុងក្រុងកំពត។ រូបភាពថតថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ងួន សារឿន ចៅសង្កាត់​កំពង់បាយក្រុងកំពត បានទទួលស្គាល់ថា ពិតជាមានការបង្ហូរទឹកកខ្វក់ចូលក្នុងដងព្រែកពិតមែន ហើយការបង្ហូរនេះ គឺមានជាយូរណាស់មកហើយ ដោយទឹកកង្វក់ទូទាំងក្រុងកំពត គឺបង្ហូរចូលដងព្រែកនេះតែម្ដង។

លោកសារឿន បាននិយាយថា៖«វាអញ្ចេះទេក្មួយ ការងារហ្នឹងនៅតាមប្រព័ន្ធលូចាស់ពីមុនមក លូដែលប្រើប្រាស់ក្នុងក្រុងកំពតទំាងមូលគឺហូរចូលក្នុងព្រែកហ្នឹងទាំងអស់ បើមិនហូរទៅហ្នឹងមិនដឹងបង្ហូរទៅណាទេក្មួយ។ [វា] ទូទៅហើយ ឱ្យតែក្បែរហ្នឹងគឺបង្ហូរចូលហ្នឹងទាំងអស់»។

ចៅសង្កាត់រូបនេះប្រាប់ឱ្យដឹងទៀតថា ជុំវិញបញ្ហានេះ អាជ្ញាធរមិនបាននៅស្ងៀមមិនដោះស្រាយឡើយ គឺកំពុងតែយកចិត្តទុកដាក់ក្នុងការបញ្ចៀសបញ្ហានេះ ដោយបាននឹងកំពុងសាងសង់ប្រព័ន្ធចម្រុះទឹកកខ្វក់ទូទាំងក្រុងកំពត ដោយគម្រោងនេះ ចំណាយប្រមាណ១០លានដុល្លារ ក្រោមកម្ចីពីធនាគារADB ចាប់ផ្ដើមតាំងពីឆ្នាំ២០២១ ហើយអាចនឹងបញ្ចប់ការសាងសង់នៅដើមឆ្នំា២០២៣។

លោកសារឿន បានបន្តថា៖«អាជ្ញាធរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់​។ ឥឡូវនេះបានស្នើសុំគម្រោងADB រយៈពេល១០ឆ្នាំហើយ ទើបតែបាន ដោយកំពុងសាងសង់ប្រព័ន្ធចម្រោះទឹកកង្វក់បានជិត១ឆ្នាំហើយ ដើម្បីរំដោះទឹកកង្វក់ ដោយច្រោះ៣ទៅ៤ដំណាក់កាល»​ ។ «យ៉ាងយូរមួយឆ្នាំទៀតអាចហើយគម្រោងសាងសង់ហ្នឹងណា»។

ចៅសង្កាត់រូបនេះបន្ថែមថា ផ្ទៃដីដែលសាងសង់ប្រព័ន្ធចម្រោះទឹកកង្វក់នេះប្រមាណជា៧ហិកតា ហើយមាន៤ដំណាក់កាល ដើម្បីកុំឱ្យមានការបង្ហូរទឹកកង្វក់ចូលដងព្រែកដើម្បីបរិស្ថាន និងទេសចរណ៍។​យ៉ាងណាមិញ លោកចៅសង្កាត់ក៏បានអំពាវនាវឱ្យពលរដ្ឋក្នុងក្រុងកំពតចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងមេត្តាអត់ធ្មត់បន្តិចទៀត ដោយសារតែអាជ្ញាធរកំពុងតែពន្លឿនដើម្បីដោះស្រាយបញ្ហានេះ។

ដោយឡែកលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក៏បានអះអាងស្រដៀងគ្នាថា ការបង្ហូរទឹកកង្វក់ចូលដងព្រែកកំពត តាំងពីសម័យអាណានិគមបារាំង ហើយបច្ចុប្បន្នអាជ្ញាធរកំពុងតែដោះស្រាយបញ្ហានេះ ដើម្បីទីក្រុងស្អាត។

លោកស៊ីណុល បានថ្លែងថា៖« រឿងលូហ្នឹងយើងមានតាំងពីសម័យបារាំងមក ហើយការពិតលូហ្នឹងលូរំដោះទឹកភ្លៀងទេ មិនមែនលូចេញពីលំនៅដ្ឋានទេ ហើយសព្វថ្ងៃនេះរដ្ឋបាលខេត្តគាត់បានធ្វើប្រព័ន្ធចម្រោះ២ធំៗនៅចន្លោះស្ពានទាំង២»។

លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បានប្រាប់ឱ្យដឹងទៀតថា អាជ្ញាធរកំពុងតែបន្តធ្វើកិច្ចការខាងលើបន្ថែមទៀត ដើម្បីស្ដារបញ្ហាដែលកំពុងប្រទះ ដែលមានគម្រោងរំដោះទឹក និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចេញពីក្រុងទៅផ្នែកខាងកើតហើយទើបទម្លាក់ទឹកទៅសមុទ្រ។

មានករណីស្រដៀងគ្នានេះដែរ នៅក្នុងខេត្តសៀមរាប។ កាលពីដើមខែកុម្ភៈ អតតីសកម្មជនបរិស្ថានមាតាធម្មជាតិ លោក ថុន រដ្ឋា បានបញ្ចេញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីការបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសៀមរាប ដោយពុំបានឆ្លងកាត់អាងចម្រោះទឹក។ លោកបារម្ភថា ទឹកកខ្វក់នេះនឹងមានផលប៉ះពាល់ដល់សុខភាពសារណៈ និងបំផ្លាញជីវៈចម្រុះក្នុងបឹងទន្លេសាប។

ចំណែកមន្ត្រីសម្របសម្រួល​គម្រោង​នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​លោក ​អូត ឡាទីន បានលើកឡើងថា ការបង្ហូរទឹកកង្វក់ចូលដងព្រែក​ ឬសមុទ្រ មិនមែនកើតឡើងថ្មីៗឡើយ ប៉ុន្តែអាជ្ញាធរពុំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយនោះទេ។

លោកឡាទីន ប្រាប់យ៉ាងដូច្នេះថា៖«យើងសង្កេតឃើញតាំងពីអភិបាលដឹកនាំខេត្តកំពតចាស់ រហូតមកដល់បច្ចុប្បន្នមិនទាន់មានចំណាត់ការឱ្យត្រឹមត្រូវ ទៅលើបញ្ហាទឹកស្អុយនៅក្នុងខេត្តពិសេសនៅកណ្ដាលក្រុងកំពតហ្នឹង»។

ទោះជាយ៉ាងណា លោកឡាទីន យល់ឃើញថា ប្រសិនបើបញ្ហានេះនៅតែបន្តអូសបន្លាយ និងមិនមានចំណាត់ការណាមួយទេ នោះវានឹងជះឥទ្ធិពលមិនល្អចំពោះបរិស្ថាន ជាពិសេសវិស័យទេសចរណ៍ក្នុងខេត្តកំពតផ្ទាល់តែម្ដង។

លោកឡាទីនពន្យល់ថា៖«បញ្ហាបង្ហូរទឹកស្អុយចូលក្នុងព្រែកំពតខ្ញុំបានចុះទៅតំបន់ហ្នឹងកាលពីដើមឆ្នាំ២០២២ គឺយើងអង្គុយនៅកន្លែងហ្នឹងអត់បានទេ គឺវាក្លិនកាកសំណល់​ពិសេសទឹកស្អុយហ្នឹងផង និងសំរាមផេ្សងៗ។ អ៊ីចឹងវានឹងប៉ះពាល់ភ្ញៀវទេសចរ និងខេត្តកំពតទាំងមូលបើអាជ្ញាធរមានសមត្ថកិច្ចមិនដោះស្រាយបញ្ហាហ្នឹង»។

លោកបញ្ជាក់ថា៖« ខ្ញុំជឿជាក់ថាបើសិនជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហាហ្នឹង វាមិនមែនជាបញ្ហាចោទសម្រាប់អាជ្ញាធរទេបាទ។ គាត់អាចចាត់វិធានការព្រោះអាជ្ញាធរខេត្តមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាហ្នឹង ដោយបង្កើតគោលការណ៍ច្បាប់មួយចំនួនកុំឱ្យពលរដ្ឋបង្ហូរទឹកស្អុយចូលទៅក្នុងដងព្រែក ឬអាចធ្វើការចម្រោះទឹកស្អុយឱ្យស្អាត និងបំលាស់ទីទៅទីតាំងណាដែលមិនប៉ះពាល់ដល់ដងព្រែកហ្នឹង»។

លោកបានបន្ថែមថា អាជ្ញាធរហាក់មិនទាន់មានការដោះស្រាយបញ្ហាការបង្ហូរទឹកកង្វក់ចូលស្ទឹង ទន្លេ ព្រែក ជាអទិភាពនៅឡើយទេ ខណៈបច្ចុប្បន្ន លោកនៅតែឃើញមានបញ្ហានេះដដែលៗ ជាក់ស្ដែង ការបង្ហូរទឹកកង្វក់មិនមែនមានតែក្នុងខេត្តកំពតមួយឡើយ តួយ៉ាងលោកប្រាប់ថា ក៏មានការបង្ហូរទឹកកខ្វក់ចូលទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ និង ខេត្តកណ្ដាលផងដែរ៕

1,331 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម