នៅតាមឃុំសង្កាត់ទូទាំងប្រទេសតែងតែទទួលបានកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ក្នុងមូលដ្ឋានតាមរយៈថ្នាក់ជាតិជិត១៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែចៅសង្កាត់វត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានលើកឡើងពីភាពស្មុគស្មាញក្នុងការប្រើប្រាស់កញ្ចប់ថវិកាថ្នាក់ជាតិនេះទៅវិញ ដោយលោកអះអាងថាមានភាពតឹងតែង ធ្វើឱ្យរាំងស្ទះដល់កិច្ចការអភិវឌ្ឍមួយចំនួន។
បើតាមលោក សុខ ឈឿក អាយុ៧០ឆ្នាំ ជាចៅសង្កាត់វត្តគរ បានរៀបរាប់ឱ្យដឹងថា ក្នុងមូលដ្ឋានរបស់លោកតែងតែចង់ឃើញការប្រើប្រាស់ថវិកាដែលថ្នាក់ជាតិផ្ដល់ឱ្យប្រកបដោយតម្លាភាព។ ហើយម្យ៉ាងទៀតសោត កញ្ចប់ថវិកាទាំងនោះ គួរតែប្រើទៅដោយភាពងាយស្រួល មិនគួរបង្កភាពស្មុគស្មាញដល់ថ្នាក់មូលដ្ឋានឡើយ។
ទាក់ទងនឹងការប្រើប្រាស់លុយសម្រាប់ដំណើរការគម្រោងអ្វីមួយ លោកចៅសង្កាត់សង្កត់ធ្ងន់ទៅលើការទាមទារវិកយប័ត្រពីថ្នាក់លើ ព្រោះវាមិនមានភាពស៊ីចង្វាក់គ្នាជាមួយថ្នាក់ឃុំសង្កាត់។ លោកលើកជាឧទាហរណ៍ថា ពេលប្រជុំជាមួយពលរដ្ឋ តម្រូវការទិញចេកចៀន ប៉ុន្តែអ្នកលក់ចេកចៀនមិនមានវិក្កយបត្រទេ ដូច្នេះត្រូវទិញនំធុងវិញ។
លោកបន្តទៀតថា ហេតុអ្វីខាងរតនាគារមិនយកការបញ្ជាក់ចំណាយពីខាងឃុំសង្កាត់ថាពិតជាបានទិញចេកចៀន ព្រោះមានត្រាបញ្ជាក់ពីខាងសង្កាត់ និងមានលេខទូរសព្ទអ្នកលក់ស្រាប់។ ការធ្វើដូច្នេះ វាកាន់តែបង្កភាពស្មុគស្មាញមួយកម្រិតទៀត ព្រោះទាមទារតែវិក្កយបត្រ។
លោកថ្លែងថា៖ «បើអ្នកណាលក់អីឃុំបោះត្រាលេខទូរសព្ទអ្នកលក់ចេកចៀន ដើម្បីឱ្យស្រួល អង្គការគេធ្វើអ៊ីងចឹង អំណាចអ្នកគេចង់បានពិត បើដាក់នំធុងមិនកុហក? ប្រជាពលរដ្ឋចង់ហូបអានេះ ទៅធ្វើអានោះ»។ លោកបន្តថា៖ «ពាក្យថាលុយរដ្ឋពិបាកចាយណាស់ ការងារគឺវាពិបាកណាស់ ចាយទាល់តែមានកម្រិត មានគម្រោង មានឯកសារច្បាស់លាស់»។
លោក ឈឿក បន្ថែមថា ក្នុងរយៈពេល៣ខែ ខាងរតនាគារនឹងបើកប្រាក់ឱ្យម្ដង ចំពោះការចំនាយនានានៅក្នុងឃុំសង្កាត់ និងទៅតាមតម្រូវការជាក់ស្ដែងដោយផ្អែកលើវិក្កយបត្រ ដែលគេហៅថាបុរេប្រទាន។
លោកប្រាប់យ៉ាងដូច្នេះថា ប្រភពថវិកាដែលបានគឺមាន២ ទីមួយលុយមូលនិធិ និងទីពីរ លុយការងារសង្គម។ លោកអះអាងថា ចំពោះលុយមូលនិធិ ខាងឃុំសង្កាត់លោក ទទួលបានតែតួរលេខប៉ុណ្ណោះ ហើយលោកស្នើសុំឱ្យឃុំសង្កាត់លោក ជាអ្នកកាន់កាប់លុយនេះដោយខ្លួនឯង ដើម្បីយកលុយនោះមកដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខណាមួយ។
លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍របស់យើងចង់ឱ្យមានការកែសម្រួលខ្លះ កិច្ចការងារខ្លះបើមានលុយក្នុងដៃរបស់យើង យើងធ្វើការបានល្អហើយបានច្រើន ជាងគម្រោងដែលដាក់ទៅ»។
លោកចៅសង្កាត់បន្តទៀតថា មានមេភូមិខ្លះខ្ជិលដកប្រាក់យកមកអភិវឌ្ឍភូមិឃុំ ក៏ដោយសារតែដំណើរការយកថវិការដ្ឋមកប្រើបាស់មានភាពស្មុគស្មាញពេក។ ហើយក្នុងករណីថវិកាទាំងនោះមិនបានចាយគឺត្រូវលុបចោល ស្មើនឹងសូន្យ ខុសស្រឡះពីថវិកាមូលនិធិផ្សេងៗ ប្រសិនបើប្រើមិនអស់គឺត្រូវទុកបន្តនៅឆ្នាំក្រោយទៀត។
ជាការសំណូមពរ លោក ឈឿក ស្នើថា ការប្រើប្រាស់ថវិកានៅតាមឃុំសង្កាត់គួរតែប្រគល់ឱ្យសង្កាត់ជាអ្នកគ្រប់គ្រង ហើយថ្នាក់ខេត្តជាអ្នកត្រួតពិនិត្យរាល់ចំណាយផ្សេងៗក្នុងការយកមកអភិវឌ្ឍមូលដ្ឋាន ដើម្បីជាការងាយស្រួយ និងមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖«ចង់បានឱ្យបន្ធូរបន្ថយរាល់កិច្ចការងារទាំងអស់ហ្នឹង ដើម្បីទូទាត់លុយហ្នឹងឱ្យវាត្រូវ វិក្កយបត្រខ្លះមេឃុំត្រូវបញ្ជាក់ៗខ្លះទៅ»។ លោកបន្តថា៖ «បើលុយនៅនឹងដៃយើង យើងធ្វើកើតតែលុយហ្នឹងប្រើអត់កើត លុយហ្នឹងនៅមានភាពតឹងតែង នៅតែពាក់ព័ន្ធនឹងបច្ចេកទេស»។
ចំណែកលោក សុខ លូ អភិបាលខេត្តបាត់ដំបងដែលទើបតែផ្លាស់មកថ្មី បានឆ្លើយតបថា បញ្ហាកញ្ចប់ថវិកាសម្រាប់ការចំណាយនៅតាមភូមិសង្កាត់ គឺត្រូវមានភាពច្បាស់លាស់ដូច្នេះ និងមិនអាចគ្រប់គ្រងដោយសង្កាត់ផ្ទាល់បានទេ ព្រោះជាថវិការដ្ឋ។ ម្យ៉ាង លោកយល់ថា ការទាមទារវិក្កយបត្រមិនបានរាំងស្ទះដល់ការអភិវឌ្ឍឃុំសង្កាត់ឡើយ។
លោកមានប្រសាសន៍ថា៖ «រតនាគារគេមាននីតិវិធីរបស់គេ បើថវិកាយើងប្រើប្រាស់ដោយគ្មានការគ្រប់គ្រង មិនបានទេ ព្រោះលុយរដ្ឋមិនអាចធ្វើចឹងបានទេ»។
ជុំវិញករណីនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការចំណាយនានារបស់ឃុំសង្កាត់គឺតម្រូវឱ្យមានភាពច្បាស់លាស់ មានឯកសារត្រឹមត្រូវ ដើម្បីរតនាគារត្រួតពិនិត្យ មិនអាចយកមកគ្រប់គ្រងដោយខ្លួនឯងស្រេចចិត្តនោះទេ ពោលគឺគោរពទៅតាមក្រិតក្រមនៃនីតិវិធីដែលបានចែង។
លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍ការចាយវាយលុយត្រូវតែមាននីតិវិធីច្បាស់លាស់ បើមិនដូច្នេះទេវារបូតចុះរបូតឡើងទៅ យើងគ្មានអីត្រួតពិនិត្យទេ»។
លោក សេដ្ឋា បានថ្លែងទៀតថា ការចំណាយក្នុងមួយឃុំៗទូទាំងប្រទេសគឺមានច្រើនមុខ ដូច្នេះខាងរតនាគារគេមានខ្ទង់ថវិកាសម្រាប់ការចំណាយទាំងនោះ ឱ្យតែខាងឃុំសង្កាត់មានឯកសារត្រឹមត្រូវ ខាងរតនាគារនឹងប្រគល់ថវិកាទៅតាមជាក់ស្ដែង។
លោក សេដ្ឋា ឆ្លើយតបថា៖ «ការចាយវាយថវិការដ្ឋអាចមានការលំបាក ប៉ុន្តែយ៉ាងណាយើងពិនិត្យមើលករណីហ្នឹង គាត់អ្នកចាយចេះតែចង់បានស្រួល តែរដ្ឋអ្នកគ្រប់គ្រងលុយត្រូវមានភាពហ្មត់ចត់»។
លោក សេដ្ឋា បន្ថែមថា លោកនឹងពិនិត្យមើលករណីនេះ ពីព្រោះថាការយកថវិការដ្ឋ គឺតម្រូវឱ្យមានតម្លាភាព បើមិនដូច្នេះទេនឹងពិបាកគ្រប់គ្រង ខណៈក្នុងមួយឃុំសង្កាត់ទទួលបានទឹកប្រាក់ជាង១២ម៉ឺនដុល្លារសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍ។
ដោយឡែក លោក សន ជ័យ ជាប្រធានអង្គការសម័្ពន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា មិនមែនជាការងាយស្រួលប៉ុន្មានទេក្នុងការប្រើប្រាស់ថវិការដ្ឋ ពីព្រោះថាឃុំសង្កាត់ ដែលជាថ្នាក់ក្រោមជាតិត្រូវតែគោរពតាមនីតិវិធីដែលបានកំណត់ជារួម។
លោកបញ្ជាក់ថា៖ «នៅតាមឃុំសង្កាត់ ជាជម្រើសខ្ញុំគិតថា ការចាយវាយទៅតាមគោលការណ៍ដែលមាននៅក្នុងច្បាប់ ហើយនឹងសមត្ថភាពរបស់អ្នកប្រើប្រាស់ថវិកាដូចជានៅមានគម្លាតគ្នា»។
លោកអះអាងថា ចំពោះគោលការណ៍ និងនីតិវិធីផ្សេងៗមិនទាន់មានភាពយល់ច្បាស់ និងអនុវត្តបានល្អនៅឡើយ។ ជាជម្រើស គួរតែមានការដោះស្រាយជាប្រព័ន្ធចំពោះបញ្ហានេះ ហើយនៅតាមឃុំសង្កាត់គួរតែមានមន្រ្តីជំនាញក្នុងការគ្រប់គ្រងថវិកានេះ ដើម្បីធានាថាការចាយវាយថវិកាត្រឹមត្រូវតាមគោលការណ៍កំណត់។
លោកមានប្រសាសន៍ថា៖ «ឃុំសង្កាត់គួរតែលើកយកបញ្ហាដែលប្រឈមជជែកគ្នាជាមួយស្ថាប័នថ្នាក់លើរបស់ខ្លួន ដើម្បីរកដំណោះស្រាយ។ ថាតើភាពយឺតយ៉ាវ ឬនីតិវិធីស្មុគស្មាញបណ្ដាលមកពីអ្វី?»។
ថ្វីបើយ៉ាងនេះក្ដី ចៅសង្កាត់វត្តគ យល់ឃើញថា ប្រសិនបើឃុំសង្កាត់គង់តែទទួលកញ្ចប់ថវិកាដែលជារបស់ខ្លួនម្ដង៣ខែដដែល ហេតុអ្វីមិនបង្កើតគណនីរបស់សង្កាត់មួយដោយឡែកទៅ ដើម្បីងាយស្រួលគ្រប់គ្រងចំណាយ។ ហើយក្នុងករណីមិនទុកចិត្តចំពោះការចំណាយ ថ្នាក់ខេត្តឬក្រុង អាចធ្វើការត្រួតពិនិត្យរាល់ការចំណាយនោះបានដើម្បីឱ្យមានតម្លាភាព ព្រោះការធ្វើដូច្នេះគឺងាយស្រួល និងចំណេញពេលវេលា។
លោកចៅសង្កាត់ បានមានប្រសាសន៍ថា៖ «រាល់ថវិកាទាំងអស់គឺចាំបាច់ តែដល់តែពិបាកពេក អាការចាំបាច់ខ្ជិល»។
សូមរម្លឹកដែរថា យោងតាមសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិ» កាលពីខែមករា កន្លងទៅ រាជរដ្ឋាភិបាលតាមរយៈការអនុវត្ដកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ បានបង្កើនការបែងចែកថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ជាង១ពាន់លានដុល្លារអាមេរិក។ ចំពោះរដ្ឋបាលក្រុង-ស្រុកនីមួយៗទទួលថវិកាជាមធ្យមប្រមាណ៥៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ និងឃុំ-សង្កាត់តូចឬធំ ទទួលបានថវិកាជិត១៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕