ស្រុកបុទុមសាគរ នៃខេត្តកោះកុង៖ កាលពីខែមុន ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារមកពីស្រុកបុទុមសាគរ និងស្រុកគិរីសាគរក្នុងខេត្តកោះកុង បានយល់ព្រមទទួលយកដំណោះស្រាយដី ដែលមានបណ្ណកម្មសិទ្ធិ ដោយបញ្ចប់ជម្លោះដ៏អូសបន្លាយជាមួយនឹងក្រុមហ៊ុន Union Development Group (UDG) ដ៏មានឥទ្ធិពល ហើយបន្សល់ទុកគ្រួសារមួយចំនួនតូចប៉ុណ្ណោះដែលមិនទាន់យល់ព្រម។
លោក ប៊ុន សារិន ជាពលរដ្ឋម្នាក់ក្នុងចំណោមមនុស្សពីរនាក់ប៉ុណ្ណោះមកពីឃុំតានូន ស្រុកបុទុមសាគរ ដែលបដិសេធមិនចុះហត្ថលេខាទទួលយកដំណោះស្រាយចុងក្រោយកាលពីថ្ងៃទី២២ ខែតុលា ដែលសម្របសម្រួលដោយរដ្ឋាភិបាលតាងនាមឲ្យក្រុមហ៊ុនចិនដែលមានខ្នងក្រាសបាននិយាយថា៖«គោលនយោបាយនេះ គឺអយុត្តិធម៌សម្រាប់ជនរងគ្រោះដូចជាខ្ញុំ ដោយសារដំណោះស្រាយនេះត្រូវបានបង្ខិតបង្ខំ [លើពួកយើង]។ វាមិនយុត្តិធម៌ទេ ការផ្តល់ដីទំហំតូចជាងមុនដល់យើងខ្ញុំ »។ នៅទូទាំងឃុំដែលរងផលប៉ះពាល់ទាំងនោះ មានប្រជាពលរដ្ឋប្រហែល១០០គ្រួសារបានបដិសេធសំណើផ្តល់ជូនចុងក្រោយនេះ។
ថ្លែងពីផ្ទះរបស់លោកនៅភូមិទួលពោធិ៍ជាកន្លែងតាំងទីលំនៅថ្មីដែលលោក សារិន បានរស់នៅចាប់តាំងពីត្រូវបានបណ្តេញចេញទាំងបង្ខំពីដីរបស់លោកទំហំ១២ហិកតាកាលពីឆ្នាំ២០១០នោះ បុរសវ័យ៥៦ឆ្នាំរូបនេះបាននិយាយថា លោកមានការខកចិត្តដែលរដ្ឋាភិបាលសម្រេចបញ្ចប់ជម្លោះដោយគ្មានដំណោះស្រាយសមរម្យ។
លោកបាននិយាយថា៖ «អ្វីដែលខ្ញុំយល់ គោលនយោបាយនេះគឺដើម្បីបញ្ចប់ជម្លោះ ហើយប្រសិនបើយើងទទួលយក [សំណង] នោះយើងនឹងបាត់បង់សិទ្ធិក្នុងការទាមទារបន្ថែមទៀត។ ពួកគេគួរតែពិភាក្សាជាមួយពលរដ្ឋដែលជាជនរងគ្រោះ ដើម្បីស្វែងយល់ពីជម្លោះនីមួយៗ។ ខ្ញុំមិនអាចទទួលយកគោលនយោបាយនេះបានទេ»។
ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារបានតតាំងជាមួយក្រុមហ៊ុន UDG ដើម្បីទទួលបានសំណងគ្រប់គ្រាន់ ចាប់តាំងពីត្រូវបានបង្ខំឲ្យចាកចេញពីដីរបស់ពួកគាត់កាលពីជាងមួយទសវត្សរ៍កន្លងមក ដើម្បីរកកន្លែងសម្រាប់គម្រោងអភិវឌ្ឍរមណីយដ្ឋានប្រណីតដែលគ្រោងចំណាយទឹកប្រាក់អស់ ៣,៨ពាន់លានដុល្លារ ដែលគ្របដណ្តប់ប្រហែល២០ភាគរយនៃឆ្នេរសមុទ្រកម្ពុជា។
ខណៈលោក សារិន អះអាងថា លោកនឹងបន្តតវ៉ា រដ្ឋាភិបាលបានអះអាងថា ថ្ងៃទី២២ ខែតុលា គឺជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋ១.៣៣៣គ្រួសារក្នុងការចូលរួមចាប់ឆ្នោតយកដីឡូត៍នៅកន្លែងថ្មី។
លិខិតរបស់រដ្ឋបាលខេត្តបានសរសេរថា សម្រាប់ប្រជាពលរដ្ឋដែលខកខានមិនបានចូលរួមតាមពេលកំណត់៖ «អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុងចាត់ទុកថា បងប្អូនប្រជាពលរដ្ឋបោះបង់ចោលសិទ្ធិទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
គ្រួសារពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍន៍នេះ ត្រូវបានបែងចែកជាបីក្រុមដើម្បីទទួលសំណង ដោយផ្អែកលើការគណនារបស់អាជ្ញាធរចំពោះការទាមទារពីដំបូងរបស់ពួកគាត់ នេះបើយោងតាមព័ត៌មានដែលផ្តល់ដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែតុលា ជាមួយក្រសួងរៀបចំដែនដីនិងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
ក្រុមទី១ ដែលមាន២៤៧គ្រួសារ នឹងទទួលបានប្រាក់៩.០០០ដុល្លារ ដី០,៥ហិកតាសម្រាប់សង់ផ្ទះ និងដី៣ហិកតាសម្រាប់ធ្វើកសិកម្ម។ ក្រុមទី២ដែលមានចំនួន ២៥៥គ្រួសារនឹងទទួលបានដី២ហិកតាសម្រាប់ធ្វើកសិកម្ម និងក្រុមចុងក្រោយ ដែល៨៣១គ្រួសារនឹងទទួលបានដី១ហិកតា។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចទំហំ ៣៦.០០០ហិកតា និងផ្តល់ដី ៩.១០០ហិកតាបន្ថែមទៀតរយៈពេល៣ឆ្នាំក្រោយ នេះបើយោងតាមព័ត៌មានវីអូឌី។ របាយការណ៍ឆ្នាំ២០១២របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានរកឃើញថា ប្រជាពលរដ្ឋជាង១.១៤០គ្រួសារត្រូវបានបង្ខំឲ្យចាកចេញពីផ្ទៃដីទំហំ១០.០០០ហិកតាក្នុងរយៈពេល៥ឆ្នាំដំបូងនៃការអភិវឌ្ឍន៍នេះ។
នៅខែកញ្ញា ឆ្នាំ២០២០ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុន UDG ចំពោះការរឹបអូស និងឈូសឆាយដីធ្លីរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងអភិវឌ្ឍន៍ ដែលរួមមានអាកាសយានដ្ឋានអន្តរជាតិដែលសហរដ្ឋអាមេរិក អះអាងថា អាចត្រូវបានប្រើប្រាស់ដោយយោធាចិន ទោះបីជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានបដិសេធការចោទប្រកាន់នេះ។
ជម្លោះរយៈពេលមួយទសវត្សរ៍នេះបង្កផលប៉ះពាល់ច្រើនចំពោះប្រជាពលរដ្ឋ ក្នុងចំណោមអ្នកដែលបានចូលរួមការចាប់ឆ្នោតនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកដំណោះស្រាយចុងក្រោយកាលពីថ្ងៃទី២២ ខែតុលា មានមួយចំនួនបាននិយាយថា ពួកគាត់មិនសប្បាយចិត្តនឹងដំណោះស្រាយនេះទេ ហើយបានយល់ព្រមដោយសារតែពួកគាត់គ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ។
លោក ជួន សាន អាយុ៥៥ឆ្នាំ រស់នៅភូមិទួលពោធិ៍ និងបានចូលរួមតស៊ូមតិអស់រយៈពេលប្រមាណ១២ឆ្នាំ ចាប់តាំងពីត្រូវបានបណ្តេញចេញពីដីទំហំ១០ហិកតារបស់លោក បាននិយាយថា៖ «ខ្ញុំនឿយណាយនឹងការតស៊ូ ដោយត្រូវធ្វើដំណើរចុះឡើងពីខេត្តទៅក្រុងភ្នំពេញម្តងហើយម្តងទៀត ហើយមិនឃើញមានដំណោះស្រាយណាមួយឡើយ»។
លោក ជួន សាន បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តទទួលយកដំណោះស្រាយនេះ [ដី១ហិកតា] ពីព្រោះគ្មានជម្រើសល្អជាងនេះទេ ដោយសាររយៈពេល១០ឆ្នាំមកហើយ ដែលយើងបានចំណាយប្រាក់និងកម្លាំងកាយយ៉ាងច្រើន»។
លោកបាននិយាយថា៖ «យើងធុញទ្រាន់នឹងការតវ៉ានិងស្តាប់ការដោះសាររបស់ពួកគេ» ដោយលោកបានបន្ថែមថា លោកបានបង្ខំចិត្តទទួលយកសំណងនេះ ដែលប្រសើរជាងការមិនទទួលបានអ្វីសោះ។
ខណៈកន្លងមក លោក សាន ធ្លាប់ផ្គត់ផ្គង់គ្រួសារក្នុងនាមជាកសិករធ្វើស្រែដ៏ជោគជ័យម្នាក់ លោកត្រូវធ្វើការជាកម្មករសំណង់និងជាអ្នករត់ម៉ូតូឌុបវិញ ចាប់តាំងពីលោកត្រូវបានបណ្តេញចេញ។ លោកក៏ត្រូវពឹងផ្អែកលើការឧបត្ថម្ភប្រាក់ពីកូនៗរបស់លោក ក៏ដូចជាកម្ចីធនាគារផងដែរ។
លោក សាន បាននិយាយថា៖ «ខ្ញុំអាចធ្វើស្រែបានប្រហែល១៦០បាវក្នុងមួយឆ្នាំនៅកន្លែងចាស់ ប៉ុន្តែឥឡូវនេះ ខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងការងារធ្វើស្រែទៀតទេ»។
ទីតាំងដែលលោក សាន និងអ្នកជិតខាងរបស់លោកត្រូវផ្លាស់ទៅនោះ ត្រូវបានគេរំពឹងថា អាចធ្វើស្រែបាន ប៉ុន្តែដីនៅទីនោះមិនសូវមានជីវជាតិទេ។
លោកបាននិយាយថា៖ «នៅទីតាំងដីថ្មី ខ្ញុំមិនអាចដាំដំណាំបានទេ សូម្បីតែដូង ដំឡូងមី ឬស្រូវក៏ដោយ ព្រោះវាជាដីខ្សាច់ស ហើយនៅរដូវវស្សាវាលិចទឹក»។ ដោយលោកបន្ថែមថា៖ «ខ្ញុំខឹងណាស់ដែលគេសន្យាថា នឹងផ្តល់ដីស្រែឲ្យយើង ប៉ុន្តែតាមពិត វាជាដីព្រៃដែលមិនអាចធ្វើស្រែចម្ការបាន»។
លោក សាន និងអ្នកជិតខាងរបស់លោកបានចំណាយពេលភាគច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដើម្បីទាមទារសំណងសមស្រប ដោយធ្វើដំណើរទៅកាន់ទីរួមខេត្ត និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយមន្ត្រី និងធ្វើការតវ៉ា។ ប៉ុន្តែលោកបាននិយាយថា បទពិសោធន៍ទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ដល់ចំណុចមួយដែលពួកគាត់មានអារម្មណ៍ថា ពួកគាត់គ្មានជម្រើសអ្វីក្រៅពីការទទួលយកសំណងចុងក្រោយនេះទេ។
លោកបានពន្យល់ថា៖«ខ្ញុំចង់បន្ត [ការតស៊ូ] ជាមួយពួកគាត់ ប៉ុន្តែពួកគាត់ភាគច្រើនបានទទួលយក។ ខ្ញុំមានអារម្មណ៍ថា អស់សង្ឃឹម ទើបខ្ញុំសម្រេចចិត្តទទួលយក ព្រោះពួកគេមិនអនុញ្ញាតឲ្យខ្ញុំតវ៉ាទេ»។
អ្នកស្រី ស្រី សុផា អាយុ៣៨ឆ្នាំ ដើមឡើយរស់នៅភូមិពាយកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ បានចូលរួមចាប់ឆ្នោតយកដីទំហំ៣,៥ហិកតា នៅភូមិទួលពោធិ៍ រួមនឹងសំណងជាប្រាក់ចំនួន៩.០០០ដុល្លារ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តរើចេញ ដើម្បីចាប់ផ្តើមជីវិតថ្មី។ វាគឺជាកន្លែងល្អ ព្រោះនៅជិតផ្លូវធំ មានភ្លើងអគ្គិសនី និងមានមណ្ឌលសុខភាព។ វាគឺជាកន្លែងល្អជាងភូមិចាស់របស់ខ្ញុំ ហើយខ្ញុំអាចធ្វើអាជីវកម្មខ្នាតតូចនៅតាមដងផ្លូវបាន»។
ទោះបីជាដីនេះមានទំហំតូចជាងដីចាស់របស់អ្នកស្រី ដែលមានទំហំ៥ហិកតាក៏ដោយ ក៏អ្នកស្រី សុផា បាននិយាយថា អ្នកស្រីមានអារម្មណ៍ធូរចិត្ត ដោយសារយ៉ាងហាចណាស់នៅពេលនេះទទួលបានបណ្ណកម្មសិទ្ធិដី។
អ្នកស្រីនិយាយថា៖ «រដ្ឋាភិបាលមិនអនុញ្ញាតឲ្យយើងស្នាក់នៅទៀតទេ។ យើងរស់នៅទីនោះរយៈពេល១០ឆ្នាំដោយគ្មានបណ្ណកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែឥឡូវយើងមានហើយ»។
ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់គម្រោងអភិវឌ្ឍនេះជាយូរមកហើយតាំងពីការបណ្ដេញចេញលើកដំបូងរហូតដល់ដំណោះស្រាយចុងក្រោយនាពេលថ្មីៗបំផុតនេះ។
លោក ហួរ អ៊ីន អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា ឱសានវាទនិងកង្វះការចរចាបានបង្ហាញពីរបៀបដែលរដ្ឋាភិបាលជារឿយៗធ្វើការជួសមុខឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា [អាជ្ញាធរ] មិនមានទំនួលខុសត្រូវក្នុងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីនេះទេ» ដោយកត់សម្គាល់ថា គ្រួសារជាច្រើនត្រូវបានបង្ខំឲ្យទៅឆ្ងាយបន្ថែមទៀតពីទីតាំងដីដែលពួកគាត់ត្រូវបានផ្តល់ជូនទៅទៀត។
លោក ហួរ អ៊ីន បានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តរបស់អាជ្ញាធរគឺជាការសម្រេចចិត្តឯកតោភាគី ដែលមិនមានការពិភាក្សាជាមួយអ្នកភូមិ ដូច្នេះអ្នកភូមិនៅតែបន្តរងគ្រោះពីគម្រោងអភិវឌ្ឍន៍នេះដដែល»។
លោកបានបន្ថែមថា៖ «អាជ្ញាធរគួរជួយសម្រួលឲ្យមានដំណោះស្រាយត្រឹមត្រូវ មិនត្រូវបង្ខំពួកគាត់ឲ្យទទួលយកគោលនយោបាយដែលមិនយុត្តិធម៌នោះទេ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបង្វែរសំណើសុំការអត្ថាធិប្បាយទៅគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីនេះ ចំណែកលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
យោងតាមលោកមេឃុំ រៀម រុំ បានឲ្យដឹងថា ខណៈមានពលរដ្ឋ១៧២គ្រួសារបានបាត់បង់ដីធ្លីនៅក្នុងឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ មានតែ៤០គ្រួសារប៉ុណ្ណោះដែលទទួលយកសំណងដី៣,៥ហិកតា និងប្រាក់៩០០០ដុល្លារ។
លោកបានមានប្រសាសន៍ថា៖ «ពលរដ្ឋមួយចំនួនមិនយល់ព្រម [ទទួលយកកិច្ចព្រមព្រៀង] នេះទេ ដោយសារតែការផ្តល់សំណងតិចតួច»។
លោក រៀម រុំ បានមានប្រសាសន៍ថា៖ «ប្រសិនបើពួកគាត់មិនយល់ព្រម វាមានន័យថា ពួកគាត់បោះបង់សិទ្ធិរបស់ពួកគាត់ហើយ»។
ចំណែកឯនៅឃុំថ្មស ស្រុកបុទុមសាគរវិញ មានតែប្រាំបីគ្រួសារប៉ុណ្ណោះក្នុងចំណោមប្រជាពលរដ្ឋ២២០គ្រួសារបានបដិសេធទទួលយកសំណងដីទំហំ២ហិកតា នេះបើយោងតាមលោកមេឃុំ អ៊ិត គួន។ លោកបានកត់សម្គាល់ថា ពួកគាត់ទាំងនោះមានដីច្រើនមុនពេលត្រូវបានបណ្តេញចេញ។
លោកបានមានប្រសាសន៍ថា៖ «ពួកគាត់ចង់បានការដោះដូរដី ប៉ុន្តែរដ្ឋាភិបាលមិនមានគោលនយោបាយដោះដូរនឹងអ្វីដែលពួកគាត់បានកាន់កាប់ទៅតាមទំហំដីរបស់ពួកគាត់នោះទេ»។
លោក សេក មុនីរិទ្ធ អភិបាលស្រុកគិរីសាគរបានឲ្យដឹងថា ក្នុងស្រុករបស់លោកមានប្រជាពលរដ្ឋចំនួន៦៨០គ្រួសារដែលបានរងគ្រោះដោយគម្រោងអភិវឌ្ឍន៍។
លោកបានមានប្រសាសន៍ថា៖ «គ្រួសារទាំងនោះ ភាគច្រើនបានយល់ព្រមទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល»។
លោក មុនីរិទ្ធ បានអះអាងថា ពាក់កណ្តាលនៃប្រជាពលរដ្ឋ២១៧គ្រួសារដែលត្រូវផ្តល់ជូនសំណងជាប្រាក់៩.០០០ដុល្លារនិងដី៣,៥ហិកតា បានយល់ព្រមទទួលយកដំណោះស្រាយនេះ។ ប្រហែល៧៥ភាគរយនៃប្រជាពលរដ្ឋ១០៣គ្រួសារដែលត្រូវផ្តល់សំណងដីស្រែចំនួន២ហិកតានោះបានយល់ព្រមទទួលយកដំណោះស្រាយនេះ ចំណែកឯ៩០ភាគរយនៅក្នុងចំណោមប្រជាពលរដ្ឋ៣៦០គ្រួសារដែលត្រូវផ្តល់ជូនដីមួយហិកតាបានយល់ព្រមទទួលយក។
លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានបដិសេធមិនប្រាប់ចំនួនប្រជាពលរដ្ឋដែលមិនព្រមទទួលយកដំណោះស្រាយនៅក្នុងស្រុករបស់លោកទេ ដោយនិយាយថា ក្រុមការងារកំពុងតែគណនាតួលេខ។
ទន្ទឹមនឹងនេះដែរ បើតាមលោក ហាក់ ឡេង ក្រុមហ៊ុន UDG សម្រេចការសាងសង់បាន៩០ភាគរយនៃព្រលានយន្តហោះអន្តរជាតិតារាសាគរ។
ក្តីសង្ឃឹមចុងក្រោយ
ថ្វីបើមានឱសានវាទដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនតូចសង្ឃឹមថា ពួកគេនៅតែអាចទទួលបានការផ្តល់ជូនប្រសើរជាងនេះ។
អ្នកស្រី ព្រាប លក្ខិណា អាយុ៣៥ឆ្នាំ មកពីឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ បានបដិសេធយកដដី៣,៥ហិកតានិងប្រាក់៩.០០០ដុល្លារ ដោយអះអាងថា ដំណោះស្រាយនេះមិនយុត្តិធម៌និងគ្មានតម្លាភាព។
អ្នកស្រី លក្ខិណា ដែលធ្លាប់កាន់កាប់ដី៨ហិកតាបាននិយាយថា អ្នកស្រីនិងពលរដ្ឋប្រមាណ១០០គ្រួសារទៀតនឹងបន្តតវ៉ា។ អ្នកស្រីបាននិយាយថា ពួកគាត់ភាគច្រើនដូចជាអ្នកស្រីដែរកាន់កាប់ដីច្រើនជាងដីដែលគេផ្តល់ជូនជាថ្នូរនេះ។
អ្នកស្រី លក្ខិណា បាននិយាយថា៖ «ខ្ញុំមិនអាចទទួលយកកិច្ចព្រមព្រៀង [ដីទំហំ៣ហិកតា] នេះទេ ពីព្រោះដីរបស់ខ្ញុំពីមុនធំជាងនេះ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំនៅតែតវ៉ារហូតដល់មានដំណោះស្រាយ»។
លោក សុខ សុទ្ធី អភិបាលរងខេត្ត ដែលទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីនោះ បានបដិសេធផ្តល់ព័ត៌មានអំពីស្ថានភាពនេះឲ្យស៊ីជម្រៅទេ ប៉ុន្តែបានអះអាងថា ប្រហែលជានៅមានសង្ឃឹមចំពោះអ្នកមិនព្រមទទួលយកសំណង។
លោកបានមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនអាចផ្តល់ចម្លើយបានទេ ព្រោះវាមិនទាន់បានដោះស្រាយទាំងស្រុងនៅឡើយ»។
មុនដាក់ទូរសព្ទចុះ លោកបានមានប្រសាសន៍ថា៖ «យើងកំពុងបន្តដោះស្រាយវាជាជំហានៗ ប៉ុន្តែសប្តាហ៍នេះ យើងឈប់សម្រាក។ នៅសប្តាហ៍ក្រោយ យើងនឹងបន្តទៀត»។
សម្រាប់លោក សារិន មកពីភូមិទួលពោធិ៍ ការបាត់បង់ប្រាក់ចំណូលពីដីស្រែដែលលោកកាន់កាប់តាំងពីឆ្នាំ១៩៩៧មកនោះ មានន័យថា លោកមានជម្រើសតិចតួច ប៉ុន្តែត្រូវបន្តការតវ៉ា។
មុនពេលមានការបណ្តេញចេញ លោករកចំណូលបានពី២៥០ទៅ៥០០ដុល្លារក្នុងមួយខែពីដំណាំស្រូវ ដូង និងដំឡូងមី ដែលលោកដាំដុះ។ ឥឡូវនេះ លោកនេសាទត្រី ដើម្បីចិញ្ចឹមជីវិត ជាអ្វីដែលកាន់តែលំបាក ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ ផលនេសាទត្រីទទួលបានកាន់តែតិចទៅៗនៅកម្ពុជា។ ដើម្បីជីវភាពរស់នៅ លោកត្រូវយកកម្ចីមីក្រូហិរញ្ញវត្ថុចំនួនពីរដែលមានទឹកប្រាក់សរុបជិត ៧.៥០០ដុល្លារ។
លោក សារិន បានថ្លែងថា៖ «ការអភិវឌ្ឍនេះមិនបានចំណេញអ្វីសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានទេ ដោយសារយើងបាត់បង់ចំណូល និងមិនអាចធ្វើស្រែចម្ការលើដីរបស់យើងបានទេ ចាប់តាំងពីយើងត្រូវបានបង្ខំឲ្យចាកចេញ»។
ទោះបីជាលោកបានតស៊ូអស់រយៈពេលមួយទសវត្សរ៍ហើយជួនកាលប្រឈមនឹងអំពើហិង្សាពីកម្លាំងសន្តិសុខក៏ដោយ ក៏លោក សារិន បាននិយាយថា ការតាំងចិត្តរបស់គាត់មិនចុះខ្សោយទេ។
លោកបាននិយាយថា៖ «ថ្មីៗនេះ មានទាហានម្នាក់ដែលគំរាមខ្ញុំ… [និយាយថា] បើយើងមិនទទួលយកដី១ហិកតាដែលគេផ្តល់ឲ្យទេ យើងនឹងមិនបានអ្វីទេ ដូច្នេះមានន័យថា វាប៉ះពាល់ដល់ជីវិតរបស់ខ្ញុំ»។ លោក សារិន បានកត់សម្គាល់ថា រដ្ឋាភិបាលបានចាត់ទុកអ្នកដែលទាមទារសំណងសមរម្យថា ជាអ្នកញុះញង់និងជាពួកប្រឆាំង ជាជាងជាជនរងគ្រោះដោយសារក្រុមហ៊ុនដ៏មានអំណាចដែលមានប្រាក់លើសពីគ្រប់គ្រាន់សម្រាប់ទូទាត់ឲ្យអ្នកភូមិនោះ។
លោក សារិន បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាហត់នឿយ និងតក់ស្លុតចំពោះគោលនយោបាយបង្ខិតបង្ខំនេះ ហើយខ្ញុំពិតជាសោកស្តាយដែលពួកយើងបានចំណាយពេលវេលាច្រើនតស៊ូអស់រយៈពេលជាង១០ឆ្នាំ ដើម្បីការពារដីរបស់យើង»។
លោកបន្ថែមទៀតថា៖ «ប៉ុន្តែខ្ញុំនៅតែបដិសេធ ទោះឱសានវាទមកដល់ក៏ដោយ ខ្ញុំចង់ជួបមន្ត្រីជាន់ខ្ពស់ទាំងនោះ ដើម្បីស្តាប់សំឡេងរបស់ពួកគេនិងលើកឡើងពីកង្វល់របស់ខ្ញុំ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ While hundreds sign final offer for decade-plus Koh Kong land dispute, holdouts remain