មួយឆ្នាំបន្ទាប់ពីត្រូវបានដាក់បញ្ចូលជាថ្ងៃអបអរសាទរក្នុងប្រតិទិនថា «ទិវានយោបាយឈ្នះ-ឈ្នះ» ដែលត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ រដ្ឋាភិបាលបានសម្រេចកំណត់ទិវានេះ ជាថ្ងៃបុណ្យជាតិផ្លូវការ និងជាថ្ងៃឈប់សម្រាកជាសាធារណៈ ដោយមានឈ្មោះថ្មីថា «ទិវាសន្តិភាពនៅកម្ពុជា»។ ទិវាបុណ្យនេះធ្វើឡើងដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមនៅកម្ពុជាដែលត្រូវបានដោះស្រាយតាមរយៈនយោបាយឈ្នះ-ឈ្នះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកតាមដានសង្គម និយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានដើរតួនាទីសំខាន់ជាង «នយោបាយឈ្នះ-ឈ្នះ» ដោយការប្រមូលផ្តុំភាគីជម្លោះនៅកម្ពុជា ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយ ហើយប្រែក្លាយកម្ពុជាទៅជាប្រទេសប្រជាធិបតេយ្យ។
នៅឆ្នាំ ២០២០ រដ្ឋាភិបាលបានលុបចោលថ្ងៃឈប់សម្រាក ដែលរំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយប្រារព្ធនៅថ្ងៃទី ២៣ ខែតុលា ប៉ុន្តែអ្នកឃ្លាំមើលសង្គម យល់ថា ថ្ងៃឈប់សម្រាកនេះគួរតែត្រូវបានរាប់បញ្ចូលឡើងវិញ ដោយសារៈសំខាន់របស់វាចំពោះប្រវត្តិសាស្ត្រកម្ពុជា។
នៅឆ្នាំ ២០២២ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថ្ងៃទី ២៩ ខែធ្នូ ជាទិវានយោបាយឈ្នះ-ឈ្នះ តែមិនមានការឈប់សម្រាកទេ។ បច្ចុប្បន្ននេះ កម្ពុជាមានថ្ងៃឈប់សម្រាកសរុបចំនួន២៣ថ្ងៃ ដោយបូករួមទាំងថ្ងៃទី២៩ ខែធ្នូ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ទិវាសន្តិភាពនៅកម្ពុជា នឹងប្រារព្ធជាថ្ងៃបុណ្យជាតិរៀងរាល់ថ្ងៃទី ២៩ ខែធ្នូ ដោយកត់សំគាល់ថា ព្រឹត្តិការណ៍នេះ គឺជាការរំលឹកដល់វីរជនដែលបានប្រយុទ្ធរហូតដល់ទីបញ្ចប់នៃសមរភូមិ និងការលះបង់ដែលបានធ្វើដើម្បីទទួលបានសន្តិភាព និងឯកភាពជាតិក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ។
អនុក្រឹត្យបានកត់សម្គាល់ផងដែរថា ទិវាសន្តិភាព គឺជាការរំលឹកដល់ប្រជាជនកម្ពុជាគ្រប់រូបអំពីវិនាសកម្មនៃជាតិ ទុក្ខវេទនា និងទុក្ខលំបាកដែលបណ្តាលមកពីសង្រ្គាម ក៏ដូចជាបំផុសស្មារតីរបស់ពួកគេឱ្យស្អប់ខ្ពើមសង្គ្រាម។ ពិធីនេះក៏ធ្វើឡើងក្នុងគោលបំណងបណ្តុះវប្បធម៌សន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃភាពសុខដុម និងការកសាងប្រទេសជាតិ។
ចាប់តាំងពីការប្រកាសនេះមក ទាំងក្រសួង និងគណបក្សនយោបាយនៅក្នុងសម្ព័ន្ធភាពជាមួយបក្សកាន់អំណាចបានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តជាផ្លូវការក្នុងការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា។
ក្នុងខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួបលើកទី៥នៃការសាងសង់វិមានឈ្នះ ឈ្នះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាទទួលបានសន្តិភាពពេញលេញ ដែលអាចធ្វើឲ្យប្រទេសមានការអភិវឌ្ឍគ្រប់វិស័យ។ សេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរទៅជាប្រាក់ចំណូលមធ្យមកម្រិតទាប ហើយបាននាំប្រជាជនជាច្រើនចេញពីភាពក្រីក្រ ខណៈដែលនឹងឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
លោក ម៉ាណែត បានមានប្រសាសន៍ថា៖ «តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចហ៊ុនសែន កម្ពុជាសម្រេចបាននូវសមត្ថផលផ្ទួនៗ លើគ្រប់វិស័យទាំងនយោបាយសង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនបំផុត»។
ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ដែលជាវដ្តថ្មីមួយសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា គោលដៅគឺដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សហការជាមួយរដ្ឋាភិបាល ដើម្បីរក្សាសន្តិភាព ដែលលោកអះអាងថា បានមកដោយការខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមអស់រយៈពេលជិត បីទស្សវត្សមកហើយ ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយលោកសេនាប្រមុខ លន់ នល់ ដែលបានផ្តួលរំលំព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ និងរបបខ្មែរក្រហម។ ភ្លើងសង្រ្គាមបានឆាបឆេះពេញប្រទេសកម្ពុជាស្ទើក្លាយជាផេះ។
ទោះជាយ៉ាងណា អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមអះអាងថា កម្ពុជា «មិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ ព្រោះពលរដ្ឋខ្លះនៅតែរស់នៅដោយការភ័យខ្លាច»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានពន្យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានភាពសមស្របជាងទិវាសន្តិភាពនៅកម្ពុជា ព្រោះវានាំឱ្យភាគីជម្លោះទាំងអស់បញ្ចប់សង្គ្រាម និងនាំឱ្យលទ្ធិប្រជាធិបតេយ្យមានរហូតមកដល់បច្ចុប្បន្ន។
លោកអះអាងថា អ្នកនយោបាយខ្លះបាននិយាយថា កម្ពុជាមិនមានសន្តិភាពពេញលេញ និងឯកភាពជាតិទេ ព្រោះប្រជាពលរដ្ឋដែលទាមទារឲ្យមានការលើកកម្ពស់សិទ្ធិមនុស្ស និងស្វែងរកការបង្រួបបង្រួមជាតិ បន្តរស់នៅក្នុងភាពភ័យខ្លាច។ ពលរដ្ឋមួយចំនួនបានរត់ចេញពីប្រទេស ខណៈពលរដ្ឋខ្លះទៀតរងការវាយប្រហារជាហូរហែ។
ជាក់ស្ដែង កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ នៅពេលដែលកម្ពុជាប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល ជនភៀសខ្លួនកម្ពុជា ១០ នាក់ ដែលកំពុងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្រុងបាងកក ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន។ ទោះបីជាពួកគេបីនាក់ត្រូវបានដោះលែងនៅថ្ងៃបន្ទាប់ក៏ដោយ ប៉ុន្តែ ៧ នាក់បានឃុំខ្លួននៅមណ្ឌលជនអន្តោប្រវេសន៍ នៅក្រុងបាងកកនៅឡើយនិងរង់ចាំការអន្តរាគមន៍ពី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ។
លោក សុខា បានថ្លែងថា ដោយសារជម្លោះនិងការបែកបាក់បែបនេះនៅតែបន្ត ការចរចាសន្តិភាពមិនទាន់ចប់នៅឡើយ។ លោក បានមានប្រសាសន៍ថា៖ «ចឹងយើងឃើញថាកិច្ចព្រមព្រៀងសន្តិភាពប៉ារីសមានការឯកភាពគ្នាច្រើនរវាងខ្មែរនិងខ្មែរ ប៉ុន្តែបើយើងនិយាយអំពីការរំលឹកអំពីរឿងសន្តិភាពយើងឃើញថានៅមិនទាន់មានការស្រុះស្រួល មិនទាន់មានការយល់ដូចគ្នានៅឡើយទេ»។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ បានអំពាវនាវដល់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា «ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដោយភាគីកម្ពុជាចំនួន ៤ ដែលពាក់ព័ន្ធនឹងជម្លោះដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ការចុះហត្ថលេខានេះត្រូវបានធ្វើជាសាក្សីដោយប្រទេសចំនួន ១៨ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
កិច្ចព្រមព្រៀងនេះបានបង្កើតអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ ១៩៩៣ និងការអនុម័តរដ្ឋធម្មនុញ្ញកម្ពុជា។
ទោះបីជាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមនៃភាគីជម្លោះទាំងបួនក៏ដោយ ក៏ការប៉ះទង្គិចប្រដាប់អាវុធនៅតែបន្តកើតមាន។ ក្នុងការប្រយុទ្ធនោះ ជាពិសេសការផ្ទុះអាវុធដ៏ខ្លាំងក្លាមួយរវាងកងកម្លាំងស្មគ្រស្មោះជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៥ និង ០៦ ខែកក្កដា ឆ្នាំ១៩៩៧។
ក្រោយមក ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ត្រូវបានប្រកាសថា ជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយសារនយោបាយឈ្នះ ឈ្នះ ដែលនាំឱ្យមានការបិទប្រតិបត្តិការខ្មែរក្រហមនៅកម្ពុជា។
គោលនយោបាយនេះគឺការធានារក្សាអាយុជីវិត មុខតំណែង និងទ្រព្យសម្បត្តិរបស់គូជម្លោះ ។ លោក ហ៊ុន សែន ក៏បានបង្កើតយុទ្ធសាស្ត្រចំនួន ៥ ក្រោមពាក្យថា DIFID ដែលមកពីពាក្យពេញមាន Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) និង Develop (អភិវឌ្ឍន៍)។
នៅពេលទាក់ទង លោក ខេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា មានប្រសាសន៍ថា លោកគោរពការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្ថែមថ្ងៃឈប់សម្រាកជាសាធារណៈមួយថ្ងៃទៀត ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ការកំណត់យកទិវាសន្តិភាពជាថ្ងៃបុណ្យជាតិ បង្ហាញថា គណបក្សកាន់អំណាចចង់រំលេចស្នាដៃរបស់ខ្លួនដែលមនុស្សជំនាន់មុនសម្រេចបាន។
លោក និយាយថា៖ «គេចង់និយាយអំពីតម្លៃរបស់បក្សកាន់អំណាចដែលគេសម្រេចបាន ដើម្បីទាមទារឱ្យមាន ជំនឿលើការដឹកនាំនិងការគាំទ្រទៅអនាគតទៀត»។
លោក សុវណ្ណរ៉ា បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏គួរតែធានានូវសុខសន្តិភាពជារួមសម្រាប់ប្រជាពលរដ្ឋ រួមទាំងសុខភាពផ្លូវចិត្ត ការធ្វើដំណើរ យុត្តិធម៌សង្គម និងជីវភាពរស់នៅសមរម្យ។
អ្នកស្រាវជ្រាវសង្គម លោក សេង សារី ចោទថា បុណ្យជាតិថ្មីនេះឆ្លុះបញ្ចាំងពីការប្រើអំណាចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរៀបចំបុណ្យជាតិ។
លោក និយាយថា៖ «យើងឃើញហើយថាគណបក្សកាន់អំណាចបច្ចុប្បន្ន ជាពិសេសក្រុមគ្រួសារត្រកូលហ៊ុន យើងឃើញហើយ លោក ហ៊ុន ម៉ាណែត គ្រប់គ្រងនីតិប្រតិបត្តិ។ ឆាប់ៗនេះ លោក [អតីត] នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងក្លាយជាអ្នកគ្រប់គ្រងអង្គនីតិបញ្ញត្តិ ក្លាយជាប្រធានព្រឹទ្ធសភា»។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ាណែត បានជំរុញឱ្យបន្តការស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងគោលនយោបាយឈ្នះ ឈ្នះ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបខ្លឹមសារប្រវត្តិសាស្រ្តអំពីនយោបាយឈ្នះ ឈ្នះ ដល់សិស្ស ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ជុំវិញបញ្ហានេះ។
បន្ថែមលើការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត អ្នកវិភាគនយោបាយ លោក សុវណ្ណរ៉ា បានស្នើដាក់បញ្ចូលប្រវត្តិសាស្រ្តពិតទៅក្នុងកម្មវិធីសិក្សារបស់សាលាទាក់ទិននឹងការបញ្ចប់សង្រ្គាមនៅកម្ពុជា ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជំនួបចរចារវាងភាគីខ្មែរ មុនឈានដល់ការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជានៅចុងឆ្នាំ១៩៩៨ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Win-Win Policy Day Re-Named “Peace Day in Cambodia”, Now A National Holiday









