សហជីពជាតិ និងអន្តរជាតិបានថ្កោលទោសការចាប់ខ្លួនលោក ជា ចាន់ ប្រធានសហជីពរោងចក្រវីងស្តារស៊ូ ដោយទាមទារឲ្យដោះលែងលោកជាបន្ទាន់។ ពួកគេចាត់ទុកការឃុំខ្លួនលោកថា ជាការបង្រ្កាបលើសហជីព និងជាការប៉ុនប៉ងរារាំងការបង្កើតសហជីពនៅតាមរោងចក្រ។
លោក ចាន់ បានជាប់ឆ្នោតជាប្រធានសហជីពប៉ុន្មានសប្តាហ៍មុនពេលលោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើលួច» កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជុំវិញបទល្មើសដែលបានកើតឡើងកាលពីពីរឆ្នាំមុន។
លោក Atle Hoie អគ្គលេខាធិការនៃសហភាព IndustriALL Global Union បានទទូចឱ្យលោក Chiu Ching Ting នាយកក្រុមហ៊ុនវីងស្តារស៊ូ បញ្ឈប់ការរំលោភសិទ្ធិជាមូលដ្ឋានរបស់កម្មករ។ កាលពីខែមករា ក្រុមហ៊ុនបានផ្ញើសារបំភិតបំភ័យទៅលោក ចាន់ និងសហស្ថាបនិកសហជីព ដោយស្នើឲ្យពួកគេទម្លាក់ចោលគម្រោងបង្កើតសហជីពក្នុងរោងចក្រ។នៅពេលដែលសកម្មជនសហជីពរូបនេះបដិសេធ និងបន្តចុះឈ្មោះសហជីព លោក ចាន់ ត្រូវបានប៉ូលិសចាប់ខ្លួន។
លោក Atle Hoie បានមានប្រសាសន៍ថា៖ «វាជារឿងចាំបាច់ដែលរោងចក្រវីងស្តារស៊ូត្រូវដករបាយការណ៍ក្លែងក្លាយរបស់នគរបាលចេញ។ លោក ចាន់ គួរតែត្រូវបានដោះលែងជាបន្ទាន់ ហើយការបំភិតបំភ័យចំពោះសមាជិកសហព័ន្ធសហជីពកម្ពុជា (CATU) នៅតាមរោងចក្រត្រូវតែបញ្ចប់។ យើងថ្កោលទោសការចោទប្រកាន់ក្លែងក្លាយនេះថា ជាយុទ្ធសាស្ត្ររារាំងសហជីពក្នុងគោលបំណងបញ្ឈប់គំនិតផ្តួចផ្តើមស្របច្បាប់របស់សហជីពក្នុងការរៀបចំកម្មករនៅតាមរោងចក្រ»។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាឃុំខ្លួនលោក ជា ចាន់ ដែលកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីម្ចាស់រោងចក្រស្បែកជើងវីងស្តារស៊ូដាក់ពាក្យបណ្តឹង។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតសហជីពនៅក្នុងរោងចក្រ គឺស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ក្នុងករណីរបស់លោក ជា ចាន់ រោងចក្រកំពុងរំលោភសិទ្ធិសហជីព ទោះបីសិទ្ធិនេះត្រូវបានការពារដោយច្បាប់ក៏ដោយ។លោកស្រី សុភ័ណ្ឌ មានប្រសាសន៍ថា៖ «យើងទទូចឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់នូវទង្វើ ដែលរំលោភសិទ្ធិសហជីព។ គាត់ [ចាន់] មានសិទ្ធិបង្កើតសហជីព ប៉ុន្តែ [ក្រុមហ៊ុន] ដាក់សម្ពាធលើគាត់តាមរយៈប្រព័ន្ធច្បាប់»។
លោកស្រី សុភ័ណ្ឌ បានហៅការចាប់ខ្លួនលោក ចាន់ ថា ជារឿងមិនសមរម្យ និងរំលោភសិទ្ធិសហជីព។ លោកស្រីបានបន្ថែមថា បើលោក ចាន់ ប្រព្រឹត្តអំពើចោរកម្ម ហេតុអ្វីក្រុមហ៊ុនមិនប្ដឹងគាត់តាំងពីពេលនោះ? ហេតុអ្វីបានពីរឆ្នាំក្រោយទើបក្រុមហ៊ុនប្តឹង ដោយប៉ូលិសទើបតែចាប់ខ្លួនគាត់ក្រោយបង្កើតសហជីព? ហើយការចាប់ខ្លួននោះក៏គ្មានការចេញដីកាដែរ។
ឆាយ ចាន់រ៉ា អាយុ៣៥ឆ្នាំ ជាភរិយារបស់លោក ចាន់ បានប្រាប់ខេមបូចាថា អស់រយៈពេល១១ថ្ងៃហើយ ចាប់តាំងពីប្តីរបស់អ្នកស្រីត្រូវបានចាប់ខ្លួន ដោយអ្នកស្រីបញ្ជាក់ថា ការឃុំខ្លួនប្តីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌។ អ្នកស្រីសង្ឃឹមថា ប្តីរបស់អ្នកស្រីនឹងទទួលបានយុត្តិធម៌ឆាប់ៗនេះ។
អ្នកស្រី ចាន់រ៉ា បាននិយាយថា៖ «ខ្ញុំជឿលើ [ប្រព័ន្ធ] តុលាការថា នឹងផ្តល់យុត្តិធម៌ដល់គាត់ [ចាន់]។ ខ្ញុំយំរាល់យប់ ហើយឯកោ ព្រោះខ្ញុំនឹកឃើញពេលគាត់នៅផ្ទះ។ ពេលកូនយើងសួរ ខ្ញុំប្រាប់ថា ឪពុកទៅធ្វើការហើយ»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ទាមទារឱ្យមានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីឱ្យក្រុមហ៊ុនវីងស្តារស៊ូដកពាក្យបណ្តឹងចោទប្រកាន់លោក ជា ចាន់។ លោក មឿន តុលា បាននិយាយថា ការចោទប្រកាន់តាមអំពើចិត្ត និងការបន្តឃុំខ្លួនទាក់ទងនឹងអំពើលួចដែលបានកើតឡើងក្នុងឆ្នាំ២០២២ ចាំបាច់ត្រូវដោះស្រាយ។
ដូច្នេះហើយ ជាការអំពាវនាវរបស់លោកទៅកាន់លោក Yukiro Urata ប្រធានផ្នែកប្រតិបត្តិការរបស់សាជីវកម្ម ASICS ជាម៉ាកស្បែកជើងកីឡាដ៏ល្បីរបស់ប្រទេសជប៉ុន និងជាអ្នកបញ្ជាទិញដោយផ្ទាល់ពីរោងចក្រផលិតស្បែកជើងវីងស្តារស៊ូ។ លោកមានប្រសាសន៍ថា លោក Yukiro អាចទាក់ទងដោយផ្ទាល់ជាមួយអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុនផលិតស្បែកជើង ដើម្បីធានាឱ្យមានការដកពាក្យបណ្តឹងភ្លាមៗប្រឆាំងនឹងលោក ចាន់។
លោក តុលា បានមានប្រសាសន៍កាលពីថ្ងៃទី២៨ ខែកុម្ភៈថា៖ « [Yukiro] គួរតែជួយសម្រួលដល់ការដោះលែងគាត់ភ្លាមៗ និងបញ្ឈប់ទម្រង់នៃការសងសឹកផ្សេងទៀតមកលើមេដឹកនាំសហព័ន្ធសហជីពកម្ពុជា ដែលបានជាប់ឆ្នោត និងស្ថាបនិកសហជីពផ្សេងទៀត ដូច្នេះកម្មករអាចប្រើប្រាស់សិទ្ធិរបស់ពួកគេដោយសេរីក្នុងការបង្កើតសហជីព»។
តាមការបញ្ជាក់របស់លោក ការចាប់ខ្លួនលោក ជា ចាន់ បានធ្វើឡើងដោយគ្មានដីកាចាប់ខ្លួនដែលចេញដោយតុលាការ។ លោកបានបន្តថា បន្ទាប់ពីការចាប់ខ្លួន សហព័ន្ធសហជីពកម្ពុជាបានស្វែងរកជំនួយពីអង្គការសង់ត្រាល់ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់លោក ជា ចាន់ និងក្រុមគ្រួសាររបស់គាត់ អំឡុងពេលឃុំខ្លួននិងការសាកសួរលើបទចោទសមគំនិតក្នុងអំពើលួច។
ការស៊ើបអង្កេតផ្ទៃក្នុងដែលធ្វើឡើងដោយក្រុមអ្នកច្បាប់របស់អង្គការសង់ត្រាល់ បានបង្ហាញពីការជ្រៀតជ្រែកជាបន្តបន្ទាប់ និងភាពមិនប្រក្រតីជាច្រើនបានកើតឡើង បន្ទាប់ពីការបោះឆ្នោតរបស់សហជីព និងអំឡុងពេលដំណើរការចុះបញ្ជីសហជីពថ្មី។ រឿងនេះបានបន្តកើតឡើងចាប់តាំងពីការបង្កើតសហជីពមូលដ្ឋានឯករាជ្យនៅរោងចក្រនេះកាលពីខែមករាឆ្នាំនេះ។
លោក មឿន តុលា បានមានប្រសាសន៍ថា៖ «ការរកឃើញបឋមរបស់យើងបង្កើតជាចម្ងល់ខ្លាំងថា ហេតុអ្វីបានជាលោក ចាន់ ដែលធ្វើការនៅរោងចក្រវីងស្តារស៊ូ តាំងពីឆ្នាំ២០១១ ត្រូវបានចាប់ខ្លួនដែលតាមចោទថា ពីបទលួច ដែលបានកើតឡើងក្នុងឆ្នាំ២០២២ ប៉ុន្មានសប្តាហ៍បន្ទាប់ពីគាត់បានក្លាយជាប្រធានសហជីពរបស់សហព័ន្ធសហជីពកម្ពុជានៅរោងចក្រនោះ»។
លោកចាត់ទុកការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងធ្វើឱ្យខូចខាត ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការបង្កើតសហជីព ដែលជាសេរីភាពមូលដ្ឋាន ដែលត្រូវបានធានាដោយអនុសញ្ញាស្នូលលេខ៨៧ និងលេខ ៩៨ របស់អង្គការ ILO ។ វាក៏ជាការគំរាមកំហែងដល់ក្រមសីលធម៌របស់ ASICS ស្តីពីអាជីវកម្ម និងសិទ្ធិមនុស្សផងដែរនៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ចម្បងៗនៅប្រទេសកម្ពុជា។
ទោះយ៉ាងណាក៏ដោយ លោក Naomichi Hatori អ្នកចាត់ការទូទៅផ្នែកទំនាក់ទំនងសាធារណៈនៅ ASICS បាននិយាយថា ក្រុមហ៊ុន «មានការព្រួយបារម្ភយ៉ាងខ្លាំង»បន្ទាប់ពីបានដឹងពីស្ថានភាពរបស់លោក ជា ចាន់។ASISC នឹងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងចាត់វិធានការសមស្របដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត។
លោកបានលើកឡើងថា៖ «ខ្ញុំចង់បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងខ្ជាប់ខ្ជួនរបស់ ASICS ក្នុងការគោរពតាមគោលការណ៍សេរីភាពនៃសមាគម និងធានាការការពារសិទ្ធិរបស់កម្មករក្នុងការចូលរួមនិងរៀបចំដោយសេរី»។ លោក Naomichi បានបន្ថែមថា៖ «រាល់ការចោទប្រកាន់អំពីការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការស៊ើបអង្កេត និងដោះស្រាយឱ្យបានទាន់ពេលវេលា»។
ឆ្លើយតបតាមអ៊ីមែលមកកាន់ខេមបូចា លោក Maximilian Iciok ទីប្រឹក្សាផ្នែកទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) និងផ្នែកសិទ្ធិមនុស្សនៃក្រុមហ៊ុនលក់រាយបញ្ចុះតម្លៃរបស់អាល្លឺម៉ង់ឈ្មោះ Lidl International បាននិយាយថា ក្រុមហ៊ុននេះ មិនមានទំនាក់ទំនងអាជីវកម្មសកម្មជាមួយក្រុមហ៊ុនវីងស្តារស៊ូចាប់តាំងពីឆ្នាំ២០២១មក។
លោក Maximilian Iciok បាននិយាយថា៖«Lidl តែងតែទទួលខុសត្រូវចំពោះនិយោជិតនៅតាមបណ្តាប្រទេសដែលទទួលបានសិទ្ធិផ្គត់ផ្គង់ និងបានប្តេជ្ញាក្នុងការគោរពតាមស្តង់ដារសង្គម»។ដោយលោកបន្ថែមថា៖ «ប្រសិនបើយើងទទួលបានព័ត៌មានអំពីកង្វះខាតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង ឬថា ស្តង់ដាររបស់យើងមិនត្រូវបានបំពេញ នោះយើងនឹងតាមដានលើសូចនាករទាំងនេះ ជាផ្នែកនៃដំណើរការអនុលោមតាមច្បាប់របស់យើង»។
កម្មករ និងជាសមាជិកសហជីពរោងចក្រវីងស្តារស៊ូ លោក ចំរុង បានប្រាប់ខេមបូចាថា បន្ទាប់ពីការចាប់ខ្លួនលោក ចាន់ លោកក៏បារម្ភអំពីសុវត្ថិភាពរបស់លោកផងដែរ ហើយថា សិទ្ធិសហជីពនឹងត្រូវបានរំលោភ។
លោក ចំរុង បាននិយាយថា៖«យើងបារម្ភថា រោងចក្រកំពុងតាមមើលសកម្មភាពរបស់យើង ប៉ុន្តែយើងគ្មានជម្រើសផ្សេងទៀតទេ ព្រោះយើងត្រូវនៅជាមួយសហជីព ដើម្បីការពារសិទ្ធិកម្មករ»។
រោងចក្រវីងស្តារស៊ូមិនបានឆ្លើយតបនឹងសំណួររបស់ខេមបូចា ដែលបានផ្ញើតាមអ៊ីមែលឲ្យបានទាន់ពេលនៃការចេញផ្សាយអត្ថបទនេះទេ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា គ្មានអ្នកណាម្នាក់អាចលូកដៃចូលក្នុងប្រព័ន្ធតុលាការបានទេ ដោយសារស្ថាប័ននេះជាស្ថាប័នឯករាជ្យដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ តុលាការអនុវត្តតាមភស្តុតាង សាក្សី និងច្បាប់។
លោក កត្តា អ៊ន បានប្រាប់ខេមបូចាថា៖ «ការវាយតម្លៃលើនីតិវិធីច្បាប់ដោយអង្គការ ឬគណបក្សនយោបាយមួយ គឺមិនត្រឹមត្រូវទេ»។
លោកបានលើកឡើងថា លោក ជា ចាន់ គួរតែជួលមេធាវី និងស្វែងរកភស្តុតាងដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ប្រសិនបើគាត់និយាយថា គាត់មិនបានប្រព្រឹត្តបទល្មើសនោះ។ អាជ្ញាធរត្រូវតែអនុវត្តតាមច្បាប់ ដើម្បីធានានូវភាពសុខដុមក្នុងសង្គម ដូច្នេះហើយបានជាមានចំណាត់ការចំពោះជនជាប់ចោទ។
ជាមួយគ្នានេះដែរ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាបានទទូចឱ្យក្រុមហ៊ុនដកពាក្យបណ្តឹង និងទទួលស្គាល់សិទ្ធិសហជីព និងបញ្ឈប់ការបំពានអំណាចរបស់ពួកគេ ដោយការបំបាក់ទឹកចិត្តបុគ្គលិកមិនឱ្យបង្កើតសហជីព។
លោកស្រីមានប្រសាសន៍ថា៖ «នេះបង្ហាញថា ក្រុមហ៊ុនកំពុងប្រើលុយ ដើម្បីធ្វើអ្វីតាមចិត្ត។ ខ្ញុំចង់ឲ្យក្រុមហ៊ុនគោរពសិទ្ធិសហជីព។ ខ្ញុំក៏មិនបោះបង់ករណីនេះដែរ ព្រោះវារំលោភសិទ្ធិសហជីពយ៉ាងធ្ងន់ធ្ងរ»។
លោកស្រីសង្ឃឹមថា ក្រសួងនឹងពង្រឹងច្បាប់ការងារ ដើម្បីការពារកម្មកររោងចក្រ និងដោះស្រាយវិវាទការងារស្របតាមច្បាប់កម្ពុជា។ លោកស្រីបានបន្ថែមថា៖ «ប្រសិនបើក្រសួងការងារអនុវត្តកាតព្វកិច្ចរបស់ខ្លួន ពួកគេអាចជំរុញភាគីទាំងអស់ឲ្យគោរពច្បាប់ ប៉ុន្តែប្រសិនបើពួកគេមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនទេ ខ្ញុំជឿជាក់ថា ក្រុមហ៊ុននឹងមិនគោរពច្បាប់ទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖Wing Star Shoes Union Leader’s Arrest Draws More Flak, Call For Immediate Release