ស្ត្រីរងគ្រោះវ័យក្មេងម្នាក់បានរៀបរាប់ពីអំពើហិង្សាក្នុងគ្រួសារដោយសារស្វាមីរបស់គាត់បានផឹកស្រាស្រវឹងជោគជាំរករឿងនិងវាយដំលើអ្នកស្រីឱ្យរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
នាវេលាម៉ោង១យប់រំលងអាធា្រតចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ អ្នកស្រី សារីតា ត្រូវបានស្វាមីស្រវឹងជោគជាំ វាយដោយដែកទីប ជាច្រើនកន្លែងត្រង់ក្បាលនិងដងខ្លួនបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរជាបន្ទាន់។
គ្រួសារអ្នកស្រី ឡុង សារីតា ជាគ្រួសារមួយក្នុងចំណោមរាប់ពាន់គ្រួសារនៅក្នុងប្រទេសកម្ពុជាដែលកើតមានអំពើហិង្សា។ ផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានខេមបូចា តាមទូរសព្ទ អ្នកស្រី សារីតា ប្រាប់ថា៖ «រៀបការ១០ឆ្នាំគាត់(ប្ដី)តែងវាយធ្វើបាបយើង[អ្នកស្រី]រហូតទោះបីមិនមានរឿងអីក៏ដោយ»។
ដោយផ្ដើមចេញពីការស្រលាញ់គ្នារយៈពេលមួយឆ្នាំ អ្នកស្រី សារីតា បានជម្នះលើការជំទាស់ពីឪពុកម្ដាយដើម្បីរៀបការជាមួយ លោក វិន សាវ៉ាន់ ដែលចូលចិត្តផឹកស្រានិងមានអាយុលើសអ្នកស្រីដល់១៣ឆ្នាំ។
នៅអំឡុងឆ្នាំ២០១២ បន្ទាប់សែនដូនតារួច អ្នកស្រី សារីតា បានទៅរស់នៅផ្ទះខាងប្ដី នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយប្រកបរបរលក់អីវ៉ាន់ចាប់ហួយខាងមុខផ្ទះ។ អ្នកស្រី សារីតា និយាយថា បុរសជាប្ដីដែលពុំមានការងារធ្វើនិងផឹកស្រាស្រវឹងជាប្រចាំតែងរករឿងឥតឈប់ឈរដោយសារភ្លើងប្រចណ្ឌ។
ក្រោមសម្ពាធនៃផ្នត់គំនិតសង្គម ដោយគិតថាជាជម្លោះក្នុងគ្រួសារ និងមិនចង់មានឈ្មោះថាជាស្រ្តីមានប្ដីពីរ ព្រមទាំងអាណិតកូនៗដែលនៅតូច អ្នកស្រីបានបន្តស៊ូទ្រាំរស់នៅជាមួយអំពើហិង្សាជាច្រើនឆ្នាំ។
ស្រ្តីវ័យ២៨ឆ្នាំរូបនេះ និយាយថា៖ «ឈ្លោះសឹងរាល់ថ្ងៃ ជូនកាលមកទះយើងចំកណ្ដាលមុខ បែកអំពិលអំពែក។ គាត់មកពីផឹកគាត់រអ៊ូៗរង៉ូវៗ ដៀលយើងចឹងទៅ ដល់យើងនិយាយមួយម៉ាត់ពីរមាត់ស្ទុះហេមកវាយ។ …ដៃជើងខ្ញុំសុទ្ធតែស្នាមវាវាយ»។
អ្នកស្រី សារីតា បន្តថា៖ «វាយដោយដៃទះយើង [នៅឆ្ងាយ]បើមានអីក្នុងដៃគាត់គប់យើង…យើងរត់ចេញ រត់អត់ទាន់…ក្បាលខ្ញុំកាលមុនត្រូវដុំថ្មម្ដង មិនមានរឿងអីក៏វារករឿងយើងដែរ វាគ្រវែងដុំថ្មមកគប់ចំក្បាលដេរ៦ថ្នេរ»។
អ្នកស្រី សារីតា បន្ថែមថា៖ «វាប្រចណ្ឌយើង វាអង្គុយរករឿងយើងចឹងទៅ អាណាក៏ប្រុស យើង។ អង្គុយគិតតែខ្លួនវាចឹងទៅ សូម្បីឆ្កែចិញ្ចឹមក្នុងផ្ទះក៏វាប្រចណ្ឌជាមួយឆ្កែចិញ្ចឹមក្នុងផ្ទះ។ ឪវាពិការនៅផ្ទះក៏ប្រចណ្ឌដែរ វាថាឪវាចង់ស្រឡាញ់ប្រពន្ធវា ឪក្មេកពិការដើរមិនរួច វាឆ្កួត វាចឹង»។
ទោះយ៉ាងណា ថ្ងៃមួយអ្នកស្រី សារីតា បានដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន និងសម្រេចលែងលះ ប៉ុន្តែប្ដីនាងបានទទូចអង្វរជាថ្នូរនឹងការកែខ្លួន។
អ្នកស្រី សារីតា បន្តថា៖ «ប៉ូលិសអីគេមកវាថាឈប់ហើយ វាឈប់តែពេលមួយភ្លែត បានប៉ុន្មានថ្ងៃវាវាយទៀត។ សុំលែងវាអត់ផ្ដិតមេដៃលែងទេ ខ្ញុំផ្ដិតមេដៃរួចហើយ។ ពេលខ្ញុំរត់នៅខាងផ្ទះខ្ញុំ វាមកអង្វរយើងថាវាឈប់ហើយកែខ្លួន ដល់ពេលបានប៉ុន្មានថ្ងៃទៀត ឈ្លោះគ្នាលើកណាក៏វាដេញយើងចេញពីផ្ទះវា ឈ្លោះយប់វាយយើងយប់ វាដេញយើងយប់ ឈ្លោះថ្ងៃវាយថ្ងៃវាដេញយើងថ្ងៃ ដល់មកនៅផ្ទះយើងវាមកអង្វរតាម»។
ស្រ្តីរងគ្រោះលើកឡើងពីបញ្ហាមួយចំនួនដែលបណ្ដាលមកពីការដេកមិនសូវស្កប់ស្កល់ដោយសារការគិតច្រើននិងមានភាពភ័យខ្លាច។
អ្នកស្រី សារីតា បញ្ជាក់ថា៖ «ដេកមិនដែលសូវលក់ទេ រាល់ថ្ងៃដូចចង់សរសៃប្រសាទម៉េចខ្ញុំ យើងវាគិតច្រើន ណាមួយគាត់វាយតែក្បាលយើង»។
សព្វថ្ងៃ អ្នកស្រី សារីតា ជាមួយកូនប្រុសពីរនាក់ទៀត ដែលមានអាយុជាង១ឆ្នាំ និង៦ឆ្នាំ បានត្រឡប់ទៅរស់នៅជាមួយម្ដាយបង្កើតវិញនៅឯភូមិកូនខ្លុង ឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីសម្រាកព្យាបាលរបួសដែលបង្កឡើងនៅថ្ងៃកើតហេតុខាងលើ។
អ្នកស្រី សារីតា និយាយថា៖ «ទៅពេទ្យត្រចៀកឡើងង៉ាង អាយៈមុខ សណ្ដកឆ្អឹងដៃ ក្បាលវាយចំសៀតផ្កា ហើយមុខដេរ៤ថ្នេរ។ វាដាល់ថ្គាមខ្ញុំស្រាំ ហើយធ្មេញវៀច ខ្ញុំហូបអីអត់ចង់កើតទេរាល់ថ្ងៃ អត់ទាន់ជាទេ មួយខែនៅតែឈឺ។ ព្រោះយើងអត់មានលុយមើលខ្លួន ហើយយើងវះដាក់ដែកអបដៃវាអស់[លុយ]ច្រើន ថ្គាមខ្ញុំស្រាំទាំងអស់។ កូនខ្ញុំនៅមួយខ្ញុំ តែអាបងវា[ប្ដី]វាយខ្ញុំទៅចំកូន វា[កូនបង]ត្រូវអាយៈក្បាលដេរ៦ថ្នេរដែរ»។
ឥឡូវនេះប្ដីនារីរងគ្រោះត្រូវបានអាជ្ញាធរឃាត់ខ្លួននិងចាត់វិធានការតាមច្បាប់ បន្ទាប់ពីវាយប្រពន្ធឱ្យរងរបួសធ្ងន់ធ្ងរ។ យ៉ាងណា ស្រ្តីរងពីអំពើហិង្សាថា នាងមិនហ៊ានដកពាក្យបណ្ដឹងវិញ ដោយលើកឡើងពីការព្រួយបារម្ភថា ជនបង្កអាចមកធ្វើបាបខ្លួនសាជាថ្មី។
អ្នកស្រី សារីតា ថ្លែងថា៖ «អត់ដកពាក្យបណ្ដឹងទេ។ ដកឱ្យវាមកអាកខ្ញុំមក។ បើលើកនេះវាសម្លាប់ខ្ញុំអត់ងាប់ផង»។
អាជ្ញាធរមូលដ្ឋាន បានកត់សម្គាល់ថា គ្រួសារអ្នកស្រី ឡុង សារីតា កើតមានអំពើហិង្សា ស្ទើរតែជារៀងរាល់ថ្ងៃ ប៉ុន្តែមានលក្ខណៈស្រាល ក្រោយមកប្ដីប្រពន្ធពួកគេក៏ត្រូវគ្នាវិញ ខណៈឪពុកក្មេករបស់អ្នកស្រី សារីតា ក៏ធ្លាប់មានប្រវត្តិប្រើអំពើហិង្សាលើប្រពន្ធផងដែរ។
លោក ប៉ែន ជឹង អនុភូមិស្រះកែវ ឃុំកំពង់ព្រះ មានប្រសាសន៍ថា នៅភូមិលោក ករណីអំពើហិង្សាកើតមានតែក្នុងគ្រួសារមួយនេះប៉ុណ្ណោះ។ ការណ៍នេះ នាំឱ្យជីវភាពពួកគេមានភាពខ្សត់ខ្សោយដោយរស់នៅពឹងផ្អែកលើឪពុកម្ដាយ។ យ៉ាងណា លោក ជឹង អះអាងថា លោកពុំដែលទទួលដំណឹងទាន់ពេលវេលាឡើយ រាល់ពេលប្ដីរបស់អ្នកស្រី សារីតា ប្រើអំពើហិង្សាម្ដងៗ ហើយអ្នកស្រី សារីតា ក៏មិនធ្លាប់ប្ដឹងលោកឱ្យជួយអន្តរាគមន៍ផងដែរ។
លោក ជឹង និយាយថា៖ «ពីមុនឈ្លោះតិចតួចអំពើហិង្សាតិចតួច លើកនេះវាវាយសម្លាប់ហ្មង។ វាយចឹងអត់ដឹងដែរ ខ្ញុំនៅឆ្ងាយ វាវាយបិទទ្វារវាយប្រពន្ធ អ្នកជិតខាងអត់ដឹងដែរ»។
មន្រ្តីភូមិរូបនេះ យល់ថា ការប្រើអំពើហិង្សាក្នុងគ្រួសារជារឿងធម្មតា ដោយប្ដីប្រពន្ធនឹងត្រូវរ៉ូវគ្នាវិញបន្ទាប់ពីឈ្លោះគ្នារួច។
លោក ជឹង បញ្ជាក់ថា៖ «ជារឿងធម្មតាហេតុអី វាវាយ វាជាគ្នា វាយតិចតួចជាគ្នាវិញ។…វាឈ្លោះគ្នា ប្រកែកគ្នាហើយវាត្រូវគ្នាវិញ»។

លោក ឆោម ង៉ិ មេប៉ុសិ៍រដ្ឋបាលកំពង់ព្រះ ស្រុកសង្កែ មានប្រសាសន៍ថា លោកធ្លាប់ធ្វើការអប់រំផ្ទាល់មាត់ជាច្រើនលើករួចមកហើយចំពោះប្ដីអ្នកស្រី សារីតា ឱ្យឈប់ប្រើអំពើហិង្សាក្នុងគ្រួសារ។ លោកបន្តថា ក្នុងឃុំកំពង់ព្រះ មានប្រហែល២០គ្រួសារដែលប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារតែមានលក្ខណៈស្រាល។
លោក ង៉ិ បញ្ជាក់ថា៖ «គ្រាន់អប់រំផ្ទាល់មាត់ចឹងទៅ រួមទាំងអប់រំនៅផ្ទះ រួមទាំងអាណាព្យាបាល។ គាត់សន្យាថាឈប់ប្រព្រឹត្តអីហើយ។ ពីមុនមកគ្រាន់វាយមួយដៃពីរដៃជេរអ៊ីចឹងទៅ»។
លោក ង៉ិ បន្តថា តាមគោលការណ៍ពីថ្នាក់លើក្នុងមួយឆ្នាំ លោកត្រូវចុះពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារចំនួន៨០ដង។ ក្នុងនោះចុះផ្សព្វផ្សាយតាមភូមិចំនួន៤០ដង និងជាវេទិកាសាធារណៈចំនួន៤០ដងផងដែរ។ យ៉ាងណាការពន្យល់ណែនាំនេះភាគច្រើនបានតែស្រ្តី ខណៈបុរសត្រូវទៅធ្វើស្រែតាំងពីព្រលឹម។
លោក បញ្ជាក់ថា៖ «ព្រឹកឡើងបុរសធ្វើស្រែ រកត្រី ស្រីដាំបាយមើលកូន។ ជួបបុរសតិច បានត្រឹម១៥ភាគរយ[នៃអ្នកចូលរួម]»។
ទោះជាបែបនេះក្ដី មេប៉ុសិ៍រូបនេះ សង្កត់ធ្ងន់ថា ឆ្នាំក្រោយនេះ លោកនឹងធ្វើការជ្រើសរើសតែគ្រួសារធ្លាប់មានប្រវត្តិប្រើអំពើហិង្សាក្នុងគ្រួសារមកពន្យល់ណែនាំវិញ។
លោក ង៉ិ និយាយថា៖ «វិធីសាស្រ្ត យើងដៅមុខសញ្ញាដែលគាត់ធ្លាប់ប្រើប្រាស់អំពើហិង្សា។ ឧទាហរណ៍ក្នុងមួយភូមិមាន២ឬ៣គ្រួសារដែលធ្លាប់ ចឹងទៅយើងធ្វើការកោះហៅគាត់ប្រមូលគាត់។ អាហ្នឹងគ្រាន់តែយើងគម្រោងទេ ក្នុងឆ្នាំ២០២៣ ខ្ញុំនឹងមានគម្រោងចឹង។ យើងចង់យកតែអ្នកធ្លាប់ប្រើអំពើហិង្សាវាយកូនវាយប្រពន្ធអីយើងប្រមូលតែអ្នកហ្នឹងជុំគ្នាយើងផ្ដោតមុខសញ្ញាហ្នឹងតែម្ដង»។
មិនខុសពីអ្នកស្រី សារីតា គឺអ្នកស្រី យីវ សារុន អាយុ២៩ឆ្នាំ ដែលរងអំពើហិង្សាក្នុងគ្រួសារមួយរូបផងដែរ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និយាយថា ក្រោយរៀបការជាង១០ឆ្នាំ គឺក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គ្រាដែលស្វាមីអាចរកប្រាក់ចូលក្នុងគ្រួសារ គឺប្ដីនាងចាប់ផ្ដើមផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ព្រមទាំងប្រើអំពើហិង្សា។
កាលពីចុងខែតុលា ឆ្នាំ២០២២ នារីរងគ្រោះរូបនេះ ត្រូវបានប្ដីវាយដោយដងពូថៅលើក្បាលនិងខ្លួនប្រាណ បន្ទាប់ពីនាងបានបដិសេធប្ដីសុំរួមភេទ។អីលូវនេះ ប្ដីរបស់នាងត្រូវបានអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
អ្នកស្រី សារុន ឱ្យដឹងថា៖ «ចាប់ផ្ដើមប្រើអំពើហិង្សាពេលគាត់រកលុយបាន…ដល់ពេលរកលុយបានមានបនភឿនចេះផឹកស៊ី រករឿងខ្ញុំរហូត លក់[សាច់ជ្រូក]អស់ៗ គាត់បានលុយមកឱ្យអស់ៗដែរ គ្រាន់ថាគាត់មកដល់គឺមានបញ្ហា គាត់ផឹកឡើងជោគជាំហើយរករឿង ចោទថាមានប្រុសមានឈ្មោលចឹងទៅ»។
អង្គការសង្គមស៊ីវិល យល់ឃើញថា អំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារជនបង្កចាត់ទុកខ្លួនឯងមានសិទ្ធិលើជនរងគ្រោះ និងខ្វះការយោគយល់អាធ្យាស្រ័យគ្នា ហើយអំពើហិង្សាទាំងនោះមានទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសេដ្ឋកិច្ច និងផ្លូវភេទផងដែរ។ ដោយឡែក ផ្នត់គំនិតសង្គមក៏បានរុញច្រានឱ្យស្រ្តីស៊ូទ្រាំរស់នៅជាមួយអំពើហិង្សារាប់ឆ្នាំ។
អ្នកស្រី ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយេនឌ័រនិងអភិវឌ្ឍដើម្បីកម្ពុជា (GADC) មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានមួយចំនួនបានយល់ខុសថា អំពើហិង្សាក្នុងគ្រួសារនេះគ្រាន់តែជារឿងធម្មតា ហើយមានអាជ្ញាធរខ្លះបាននិយាយចំអកទៅកាន់ស្រ្តីរងគ្រោះនៅពេលពួកគេស្វែងរកការអន្តរាគមន៍ទៀតផង។
អ្នកស្រី ស៊ីណា បញ្ជាក់ថា «ពេលណាដែលគាត់មិនព្រម[រួមភេទ]ត្រូវបានប្ដី និងសង្គមបោះពាក្យសម្ដីមក គាត់(ប្រពន្ធ)មានប្រុសផ្សេងឬមានសាហាយ»។…ដោយសារតែការអនុវត្តនូវផ្នត់គំនិតចាក់ស្រេះ គាត់គិតថាគាត់ជាប្ដីមានអំណាចលើសលប់ មានអភ័យឯកសិទ្ធិ ឬមានភាពល្អប្រសើរជាងស្រ្តី ចឹងនៅពេលដែរស្រ្តីពុំបានបំពេញនៅតួនាទីណាមួយ គឺបុរសចាប់ផ្ដើមប្រើអំណាចជាបុរសទៅប្រើហិង្សាលើស្រ្តី»។
អ្នកស្រី ស៊ីណា បន្ថែមថា៖ «អាជ្ញាធអាចមិនដោះស្រាយឱ្យគាត់គិតថាជារឿងតិចតួច ធម្មតា រហូតដល់អាជ្ញាធរខ្លះបោះសម្ដីថា ចាំបែកក្បាលហូរឈាមចាំរកឱ្យជួយចឹងល្មមៗគេអត់ទៅ។…អាជ្ញាធរខ្លះគាត់ដាក់បន្ទុកលើស្រ្តីហ្មង គាត់ថាអើមកពីមិនព្រមឱ្យប្ដីដេកជាមួយ មិនព្រមដាំបាយមើលថែកូន បានប្ដីវាយសមមុខហើយ»។
មន្រ្តីសង្គមស៊ីវិលរូបនេះ បន្តថា ស្រ្តីរងគ្រោះមួយចំនួនលែងស៊ូទ្រាំជាមួយអំពើហិង្សាដោយសារតែមានការយល់ដឹងពីសិទ្ធិរបស់ខ្លួន។ ដោយឡែកនារីមួយចំនួនទៀតនៅស៊ូទ្រាំរស់នៅជាមួយប្ដីដែលប្រើអំពើហិង្សាដោយសារតែពុំសូវយល់ដឹងពីសិទ្ធិ និងជីវភាពត្រូវពឹងផ្អែកលើប្ដីទាំងស្រុង បូករួមទាំងកត្តាគំនាបសង្គមផ្សេងៗ ខណៈបុរសដែលចូលចិត្តប្រើអំពើហិង្សាខ្លះក៏មិនចង់លែងលះផងដែរ។
អ្នកស្រី ស៊ីណា ថ្លែងថា៖ «សង្គមបង្រៀនគាត់ថាធ្វើជាស្រ្តីមេម៉ាយអត់ល្អ ចឹងទោះលំបាកយ៉ាងម៉េចក៏គាត់ត្រូវស៊ូទ្រាំរស់នៅជាមួយប្ដី»។
អ្នកស្រី ស៊ីណា អះអាងថា អំពើហិង្សាក្នុងគ្រួសារបណ្ដាលឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារដោយពួកគេបានដក់ជាប់នូវភាពហ្មងសៅក្នុងចិត្ត រួមទាំងការឈឺចាប់ក្នុងរាងកាយ ដោយសារតែឃើញរូបភាពនៃការវាយដំជារៀងរាល់ថ្ងៃដែលមិនអាច ផ្ដោតអារម្មណ៍លើការរៀនសូត្របាន។ លើសពីនេះវាបណ្ដាលឱ្យកុមាររងគ្រោះក៏ពុំសូវមានទំនាក់ទំនងជាមួយកុមារដទៃទៀត ហើយពួកគេទំនងក្លាយជាអ្នកប្រើអំពើហិង្សាក្នុងគ្រួសារបន្តផងដែរ។
មន្រ្តីសង្គមស៊ីវិលរូបនេះ លើកឡើងថា ដើម្បីចៀសវាងកើតមានអំពើហិង្សាក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ព្រមទាំងចែករំលែកកិច្ចការងារផ្ទះ និងបង្កើនភាពរីករាយជាមួយគ្នាអំឡុងពេលពួកគេមានពេលវេលាទំនេរ។ ចំណែកអាជ្ញាធរមូលដ្ឋានត្រូវចាត់វិធានការច្បាប់ឱ្យតឹងរឹងចំពោះជនណាដែល ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារទោះស្ថិតក្នុងកម្រិតណាក៏ដោយ ដើម្បីកុំឱ្យជនបង្កប្រើហិង្សាក្នុងគ្រួសារបន្តទៀត។
អ្នកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ មានប្រសាសន៍ថា ដើម្បីលុបបំបាត់និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ គប្បីត្រូវបង្កើនសម្ថភាពឱ្យស្រ្តីមានការយល់ដឹងពីសិទ្ធិខ្លួន និងការមានមុខរបរមួយដែលអាចរកប្រាក់ចូលគ្រួសារ។
អ្នកស្រី បញ្ញាវិចិត្រ ថ្លែងថា៖ «បើស្រ្តីតាមជនបទគាត់ឧស្សាហ៍ឆាប់ឈប់រៀនណាស់ ដល់ចឹងចំណេះដឹងទាបដំណោះស្រាយសម្រាប់ជីវិតគាត់គឺនៅមានកម្រិត»។
អ្នកស្រី បន្តថា៖ «យុទ្ធសាស្រ្តរបស់យើងក្រៅពីពង្រឹងសិទ្ធិរបស់គាត់ សិទ្ធិស្រ្តី សិទ្ធិស្មើគ្នារវាងបុរសនិងស្រ្តី។…យើងក៏មានយុទ្ធសាស្រ្តពង្រឹងសេដ្ឋកិច្ចឱ្យស្រ្តីមានភាពឯករាជ្យផ្នែកសេដ្ឋកិច្ចដើម្បីឱ្យគាត់មានអំណាច អាចឱ្យគាត់មានសេចក្ដីក្លាហានជជែកតវ៉ាជាមួយប្ដីគាត់។ ប្ដីគាត់ក៏មានភាពគោរពគាត់ដោយសារគាត់ក៏ជាអ្នករកលុយផងដែរ»។
មន្រ្តីនៃក្រសួងកិច្ចការនារី ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផល៥ឆ្នាំនៃក្រសួងកិច្ចការនារីថា ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារមានចំនួន ២ ៥៦៣ករណី មករកសេវាដោយផ្ទាល់ជាមួយក្រសួងកិច្ចការនារី។ ក្នុងនោះមានដូចជា ការផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្ត ផ្នែកច្បាប់ ការសម្របសម្រួលរកមេធាវី ការជួយរៀបចំពាក្យបណ្ដឹង និងកិច្ចអន្តរាគមន៍ក្នុងការបញ្ជូនជនរងគ្រោះទៅរកសេវាតាមតម្រូវការជាក់ស្ដែងដែលពួកគេចង់បាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ លោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្រ្តីរងអំពើហិង្សាក្នុងគ្រួសារអាចរកដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន ឬការបង្ហោះលើបណ្ដាញសង្គមដើម្បីឱ្យមានការអន្តរាគមន៍ផងដែរ។
លោកស្រីបន្តថា សព្វថ្ងៃនេះក្រសួងកំពុងបង្កើតអេប (App) កម្មវិធីទូរសព្ទដៃមួយដើម្បីឱ្យជនរងគ្រោះទាក់ទងទាន់ពេលវេលា ព្រមទាំងបង្វឹកបុគ្គលិកពីរបៀបនៃការឆ្លើយតបទៅកាន់ជនរងគ្រោះពីចម្ងាយទៀតផង។
លោកស្រី ស៊ីណែត បានគូសបញ្ជាក់ថា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ ទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល ស្ថាប័នរដ្ឋ ក្នុងការបង្កើតឱ្យមានយន្តការ និងការផ្ដល់សេវាចម្រុះ ព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្សចំពោះការផ្ដល់សេវា។
អ្នកស្រី ស៊ីណែត បន្ថែមថា៖ «យើងឃើញថាករណីអំពើហិង្សាក្នុងគ្រួសារមិនកើនឡើង ឬមិនថយចុះ ប៉ុន្តែបើតាមពួកខ្ញុំចុះតាមសហគមន៍គឺអំពើហិង្សាមានការថយចុះវិញ»។
លោកស្រី ម៉ាន ចិន្តា អ្នកនាំពាក្យក្រសួងកិច្ចការនារី ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានខេមបូចា ថា អំពើហិង្សាដែលជនរងគ្រោះស្នើសុំអន្តរាគមន៍ពីក្រសួងកិច្ចការនារីជាង២ពាន់ករណីនោះ កើតឡើងក្នុងរយៈពេល៥ឆ្នាំ។ ក្នុងនោះមានអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើស្រ្តី ការរំលោភបំពានផ្នែករាងកាយឬពាក្យសម្ដី និងការរើសអើងផ្សេងៗ។ ក្នុងនោះ អំពើហិង្សាក្នុងគ្រួសារជាស្រ្តីដែលបានរៀបការរួច ដោយមានអាយុចាប់ពី១៨ឆ្នាំឡើង ខណៈការរំលោភបំពានផ្លូវភេទ មានស្រ្តី ឬក្មេងស្រីវ័យក្មេង៕