សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ត្រីមានជំងឺមហារីកសុដន់ធ្លាក់ខ្លួនជំពាក់បំណុលដោយសារការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យផ្សេងៗ

លោកស្រី ជុំ សុខចាន់ កំពុងដេកសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះឈើតូចមួយដែលមានប្តី និងកូនប្រុសពីរនាក់កំពុងអង្គុយជិត ក្នុងខេត្តកំពង់ចាម ថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ម៉ិច ជូឡាយ)
លោកស្រី ជុំ សុខចាន់ កំពុងដេកសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះឈើតូចមួយដែលមានប្តី និងកូនប្រុសពីរនាក់កំពុងអង្គុយជិត ក្នុងខេត្តកំពង់ចាម ថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ម៉ិច ជូឡាយ)

សៀមរាប​​៖ ស្ត្រី​ម្នាក់​ដែល​មាន​មាឌ​តូច ស្គម​ស្ដើង និង​មាន​ដុំ​គីស​ធំ​មួយប៉ុន​ប៉េង​ប៉ោងនៅ​លើ​សុដន់​ខាង​ស្ដាំ​របស់​គាត់ ដែលមានខ្ទុះពណ៌សបែកហៀរចេញមកក្រៅលាយ​នឹង​សាច់​ពណ៌​ក្រហម​ ដោយ​ផ្នែក​ខ្លះ​នៃ​ខ្ទុះ​បាន​ប្រែ​ជា​ពណ៌​ខ្មៅ។​

លោក​ស្រី ជុំ សុខចាន់ ក្នុងវ័យ៣៦ឆ្នាំ កំពុង​ដេក​សម្រាក​នៅ​លើ​គ្រែ ក្នុង​ផ្ទះ​ឈើ​តូច​​ ដោយ​​ពិបាក​​ក្នុងការងើប​អង្គុយ​ និង​ឈរ​ អ្នកស្រីលើកឡើងថា អ្នកស្រីមានកូនប្រុស២នាក់​​ក្នុង​​បន្ទុក​​គ្រួសារ និង​រស់​​នៅ​ជា​មួយ​ម្ដាយ​ក្មេក ​នៅ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់​ ខេត្ត​សៀម​រាប​ ​ប៉ុន្តែ​ដោយ​សារ​តែ​អ្នកស្រី​មិន​អាច​ព្យាបាល​ជំងឺ​ជា​ ទើប​អ្នកស្រី​ធ្វើ​ដំណើរ​មក​ខេត្ត​កំពង់​ចាម​ ដែល​ជា​ស្រុក​កំណើត​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​សុដន់​ដោយ​ប្រើប្រាស់​ថ្នាំ​ខ្មែរ។

អ្នកស្រី សុខចាន់ ឱ្យ​ដឹង​ថា​ ដំបូង​ឡើយ លោក​ស្រី​ស្ទាប​ចំ​​ដុំ​សាច់​តូច ទំហំ​ប៉ុន​ក​ដៃ​កូន​ក្មេង​​ទើប​កើត​ បន្ទាប់​មក​លោក​ស្រី​ក៏​បាន​​ ​ទៅពេទ្យ​ឯកជន​ក្នុង​ខេត្ត​សៀមរាប​​ ដើម្បី​ឆ្លុះ​អេកូ ប៉ុន្តែ​​គ្រូ​ពេទ្យ​បាន​រក​ឃើញ​​​មាន​សត្វ​អី​តូចៗ​នៅ​ក្នុង​ដុំ​សាច់។ បន្ទាប់មក​គ្រូ​ពេទ្យ​​បាន​ឱ្យ​លោក​ស្រី​​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ឬ​ពេទ្យ​ណា​ដែល​មាន​ជំនាញ​ខាង​មហារីក។​

អ្នកស្រី សុខចាន់ ​បន្ត​ថា ​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​រក​ឃើញ​ដុំ​ពក​ដូច​គ្នា​ ហើយ​គ្រូពេទ្យ​បាន​តម្រូវ​ឱ្យ ​លោក​ស្រី​វះកាត់​​លើ​ដុំ​សាច់​នោះ​ដែល​ត្រូវចំណាយលុយ១៥០ដុល្លារ ខណៈ​​ដែល​អ្នក​ស្រី​ពុំ​មាន​បណ្ណ​ក្រីក្រ​ និង​ខ្វះ​​លទ្ធភាព​បង់​សេវា​ព្យាបាល​ ទើប​អ្នកស្រី​ត្រឡប់​​មក​សៀមរាប​វិញ។ ​

លោក​ស្រី​បាន​ថ្លែង​ថា៖ «គ្រាន់តែច្រឹបហ្នឹងអស់១៥០ដុល្លារ ខ្ញុំ​អត់​មាន​លទ្ធភាព​ហើយ​ខ្ញុំ​ក៏​មិន​មាន​បណ្ណ​ក្រីក្រ ខ្ញុំ​ក៏​ឈប់»

អ្នកស្រី សុខចាន់ បន្ថែម​ថា​ ពេល​ដែល​​អ្នកស្រី​ត្រលប់​មក​ខេត្ត​សៀមរាប​ មួយ​ឆ្នាំ​ក្រោយ​​​មក​ ​គឺក្នុង​ឆ្នាំ២០២២ សាច់ដុំ​នៅ​លើ​សុដន់​អ្នកស្រី​កាន់​​តែ​ធំ​ជាង​មុន​។

អ្នកស្រី​ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិត​ជា​មិន​នឹក​ស្មាន​ថា​នៅ​តូច​សុខៗ វា​ឡើង​ធំ​ដូច​ប៉េង​ប៉ោង​យើង​សប់​ អ៊ីចឹង​ដល់​ពេល​វា​ឡើង​ធំ វា​ឡើង​ធំ​អ៊ីចឹង​រហូត»

បន្ទាប់​មក​អ្នកស្រី សុខចាន់ ​បាន​ទៅ​​ពេទ្យ​ខេត្ត​សៀមរាប ​ដើម្បី​ព្យាបាល​ដែល​តម្រូវ​ឱ្យ​បង់​ប្រាក់​ប្រមាណ​​២លាន​រៀល​ ឬ​៥០០ដុល្លារ ប៉ុន្តែ​​នៅ​ម៉ោង​ដែល​ត្រូវ​វះកាត់​ គ្រូ​ពេទ្យ​​ប្រាប់​លោក​ស្រី​ឱ្យ​​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រុស្សី​នៅ​ក្រុង​ភ្នំពេញ​ទៅ​វិញ​។

អ្នកស្រីបញ្ជាក់​ថា៖ «ខ្ញុំ​បាន​ខ្ចី​លុយ​បង​ប្អូន​បាន​គ្រប់​ត្រៀម​នឹង​វះ​កាត់​ហើយ​ពេទ្យ​ក៏​ឆ្លុះ​អេកូ​មើល​​ម្តង​ទៀត និង​ដាក់​សេរ៉ូម និង​​បញ្ជូន​ទៅ​បន្ទប់​វះកាត់ ​តែ​ពេទ្យ​បាន​ឆ្លុះ​មើល​អេកូ​​ម្ដង​​ទៀត​ ហើយ​គ្រូ​ពេទ្យ​​បាន​ប្រាប់​ខ្ញុំ​ថា​​ គាត់​មិន​មាន​ឧបករណ៍​គ្រប់​គ្រាន់​ដើម្បី​វះ​កាត់​ទេ​ ប្អូន​ទៅពេទ្យ​រុស្ស៊ី​ចុះ​»

អ្នកស្រី សុខចាន់ ​ថា​អ្នកស្រី​មិន​មាន​លទ្ធភាព​ ដោយ​សារ​ត្រូវ​ចំណាយ​ថវិកា​លើ​ថ្លៃ​ឡាន អាហារ​ កន្លែង​ស្នាក់​នៅ ​​ប្រមាណ​១ពាន់​ដុល្លារ​ ទើប​អ្នកស្រី​សម្រេច​ចិត្ត​ព្យាបាល​តាម​ថ្នាំ​ខ្មែរ​។

ម្តាយ និងកូនៗរបស់អ្នកជំងឺ គឺអ្នកស្រី ជុំ សុខចាន់ កំពុងអង្គុយ និងឈរនៅក្បែរផ្ទះឈើតូចមួយ ដែលអ្នកស្រីកំពុងកំពុងសម្រាកព្យាបាល ស្ថិតនៅក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់​ ខេត្ត​សៀម​រាប។ រូបថតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

លោក​ស្រីលើកឡើងថា៖ «ប្រសិន​ជា​អាយុ​ជីវិតយើង​វែង​ក៏​វា​រស់ ថ្នាំ​យើង​ផឹក​ផ្សំ ព្រោះ​ពេល​យើង​ទៅ​ពេទ្យ​រុស្ស៊ី​​ ក៏​យើង​អត់​មាន​លទ្ធភាព​មើល ព្រោះអី​ពេទ្យ​ហ្នឹងវា​ថ្លៃ»

លោក​ស្រី​បន្ត​ថា​ ​​ចាប់​តាំង​ពី​ពេល​ដែល​អ្នកស្រី​ធ្លាក់​ខ្លួន​ឈឺ​មក​ អ្នកស្រី​មិន​អាច​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​ឱ្យ​គេ​ហើយ​ ខណៈ​ប្ដី​​មាន​មុខ​របរ​ជា​ទាហាន​ដែល​ទទួល​បាន​ប្រាក់​ខែ​ជាង​១លាន​រៀល​ប៉ុណ្ណោះ​ ហើយ​បច្ចុប្បន្ន​នេះ​គ្រួសារ​លោក​ស្រី​ជំពាក់​ធនាគារ១ម៉ឺន​ដុល្លារ​​ ហើយ​ការ​ប្រាក់​​បាន​កើន​ដល់​​​១៥០០០ដុល្លារ។

អ្នកស្រី សុខចាន់ ឱ្យដឹងបន្ត​ថា៖ «មាន​អារម្មណ៍​ពិបាក​ណាស់ តែ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ ពេល​ដែល​យើង​ជំពាក់​លុយ​ធនាគារ​ ហើយ​យើង​អត់​មាន​លុយ​បង់ ហើយ​ការ​ប្រាក់​ចេះ​តែ​កើន​ឡើង»

ក្រៅ​ពី​អ្នកស្រី សុខចាន់​​​ ដែល​កំពុង​ធ្លាក់​ខ្លួន​ក្នុងជំងឺ​មហារីក​សុដន់​ ទន្ទឹមហ្នឹងនេះក៏​មាន​ស្ត្រី​ខ្មែរ​ជាច្រើននាក់​កំពុង​កើត​ជំងឺ​នេះផងដែរ។

បើយោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) ចំនួនករណីថ្មីនៃអ្នក​កើត​​ជំងឺមហារីកនៅក្នុងឆ្នាំ២០២០ ស្រ្តីគ្រប់អាយុមានជំងឺមហារីកដោះចំនួន​ ១ ៨៧៧នាក់ស្មើ​នឹង១៨,៩ភាគរយ និងចំនួនស្រ្តីក្នុងប្រទេសកម្ពុជាដែល​បានស្លាប់ដោយជំងឺមហារីកសុដន់​មាន​ប្រមាណ៧៩៣នាក់ស្មើនឹង៦,៣ភាគរយ។

ហើយបើប្រៀបធៀបនៃការស្រាវជ្រាវ​​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៤ ស្ត្រី​កម្ពុជា ៥ ៥០០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​។ ក្នុងចំណោម​នោះ ស្ត្រី​ចំនួន​១០,៣​ ភាគរយ​ ឬ​ស្មើ​នឹង​ប្រមាណ​៥៦៦​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សុដន់​។​ ដូចនេះតាមទិន្នន័យបង្ហាញថា អ្នកជំងឺមហារីកសុដន់ និងអត្រាស្លាប់របស់អ្នកជំងឺ​មាន​ការកើនឡើង។ ខណៈនាយករដ្ឋមន្ត្រីថ្មី ក្នុងឆ្នាំ២០២៣ ផ្តល់អាទិភាពខ្ពស់ចំពោះវិស័យ​សុខាភិបាល ប៉ុន្តែបែរជាថវិកាជាតិសម្រាប់វិស័យសុខាភិបាលបានថយចុះទៅវិញ។

យោងតាមទិន្នន័យ អង្គការ​តម្លាភាព​កម្ពុជា (Transparency International Cambodia) បាន​បង្ហាញ​ថា​​ ថវិកាជាតិ​សម្រាប់​​ក្រសួង​សុខាភិបាល​ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន​ ២ ០៣៤ ៥៥២,៦​លាន​​រៀល​ ​ថយ​ចុះ​៥​ភាគរយធៀបនឹងឆ្នាំ២០២២ មានចំនួន​ថវិកា ២ ១៤២ ២៧១,៤លាន​រៀល។

យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក កម្ពុជាមាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង វិបុល​ភាព ចុះនៅថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០១៩ បាន​បង្ហាញ​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ មូលនិធិ​​សមធម៌​សុខភាព​​បាន​ផ្ដល់​សេវា​ឥត​គិត​ថ្លៃ​ក្នុង​ការ​ទទួល​ថែទាំ​សេវា​សុខភាព​ជូន​ប្រជាជន​ក្រីក្រ​ដោយ​ទទួល​បានការ​ព្យាបាល​នៅ​ក្រៅ​មន្ទីរពេទ្យ​ប្រមាណ​២,៦​លាន​នាក់​ និង​ការ​ព្យាបាល​ដោយ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ចំនួន​ ១៩០ ០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​។​

ក្នុង​ចំណោម​ប្រជាជន​ចំនួន​១៧​លាន​នាក់​ ៣០%​ប្រើប្រាស់​សេវា​សុខភាព​សាធារណៈ​ ខណៈ​ពេល​ដែល​នៅ​សេសសល់​ជ្រើសរើស​យក​សេវា​ឯកជន​។​ កត្តា​នេះ​នាំ​ឱ្យ​មានការ​ចំណាយ​ដោយ​​​ប្រើប្រាស់​លុយ​ក្នុង​ហោប៉ៅ​យ៉ាង​ច្រើន​សម្រាប់​សេវា​សុខភាព​ក្នុង​ឆ្នាំ​២០១៧​ ដែល​មាន​ប្រមាណ​៦០%​នៃ​ចំណាយ​សុខាភិបាល​សរុប​។ ខណៈ​ដែល​ការ​ចំណាយ​សុខាភិបាល​សរុប​គឺ​ ៥,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ ការ​ចំណាយ​សម្រាប់​មនុស្ស​ម្នាក់​គឺ​ប្រហែល​ ៨២​ដុល្លារ​លើ​វិស័យ​ខាងលើ​។

លោក ភឹត និត ប្តីរបស់អ្នកស្រី សុគណ កំពុងតែមើលថែប្រពន្ធដែលដេកឈឺនៅលើគ្រែ។ រូបថតនៅថ្ងៃទី៤ ខែ១០ ឆ្នាំ២០២៣។ (រូបថត៖ មេង គ្រុយពន្លក)
លោក ភឹត និត ប្តីរបស់អ្នកស្រី សុគណ កំពុងតែមើលថែប្រពន្ធដែលដេកឈឺនៅលើគ្រែ។ រូបថតនៅថ្ងៃទី៤ ខែ១០ ឆ្នាំ២០២៣។ (រូបថត៖ មេង គ្រុយពន្លក)

អ្នក​ជំងឺ​មហារីក​សុដន់​ម្នាក់​ទៀត​ដែល​កំពុង​តែ​សម្រាក​​ព្យាបាល​នៅ​លើគ្រែ​រនាប​ឫស្សីក្បែរ​មាត់​​បង្អួច​ក្នុង​ផ្ទះ​ឈើ​មួយ​ ​មាន​ស្បែកស្លេក​ស្លាំង​​ និង​មាន​ក្រមារុំ​ពី​លើ​ផង​។ អ្នកស្រីដង្ហើម​ដក​មួយៗ​ កែវ​ភ្នែក​រលីង​រលោង អម​ដោយ​​បំពង់​ទុយយោខ្យល់​អុក​ស៊ី​សែន​ដោត​ជាប់​នឹង​ច្រមុះ។

អ្នកស្រី សុគណ អាយុ​៣៩ឆ្នាំ​បាន​បញ្ចេញ​សំឡេង​ខ្សឹប​ៗ​សឹង​តែ​ស្ដាប់​មិន​ឮ​ អ្នក​ស្រី​កើត​ជំងឺ​មហារីក​សុដន់ ​អស់​រយៈពេល​ជាង​២ឆ្នាំមក​ហើយ​។ ​ជំងឺ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​ស្រី​ រង​ទុក្ខ​វេទនា​​ទេ​ ប៉ុន្តែ​ជំងឺ​​បាន​ធ្វើ​ឱ្យ​គ្រួសារ​ លោក​ស្រី​ធ្លាក់​ក្នុង​បំណុល​ ខណៈ​ដែល​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ថា​ មិន​មាន​លទ្ធភាព​ព្យាបាល​ឱ្យ​ជា។

លោក ​ភឹត និត ជាប្តីរបស់អ្នកស្រី សុគណ ដែល​អង្គុយ​ជាប់​ប្រពន្ធ បាន​ឱ្យ​ដឹង​ថា ​ប្រពន្ធ​របស់​លោក​បាន​ចាប់​ផ្ដើម​មាន​ជំងឺ​នេះ​នៅមុន​ឆ្នាំ២០២២​ ដោយ​ពេល​នោះ លោក​បាន​បញ្ជូន​ប្រពន្ធ​ទៅ​កាន់​មន្ទីរ​ពេទ្យ​រដ្ឋ​ ប៉ុន្តែ​មន្ទីរ​ពេទ្យ​រដ្ឋ​បាន​បដិសេធ​​ព្យាបាល​ដោយ​បារម្ភ​ឆ្លង​មេរោគ​កូវីដ-១៩​។

លោក ភឹត និត ​​​បានបន្តថា៖ «ខ្ញុំ​គិត​ថា​​ឱ្យ​តែ​ប្រពន្ធ​ខ្ញុំ​ជា​ ខ្ញុំ​នឹង​ពុះពារ​ ប៉ុន្តែ​មិន​ដឹង​ថា​អាច​ពុះពារ​ដល់​ពេល​ណា​ ព្រោះ​ឥឡូវ​ខ្ញុំ​កំពុងតែ​អស់​លទ្ធភាព​ហើយ ខ្សត់​​អស់​ពី​ខ្លួន​ហើយ​ សឹងតែ​ថា​បើ​គេ​ទិញ​ដី​ ខ្ញុំ​នឹង​លក់​ប្ដូរ​ទៀត​»

លោក ភឹត និត ដើម្បី​ជួយ​កាត់​បន្ថយ​ការ​​ចំណាយ​ព្យាបាល ​​លោក​ស្នើ​សុំ​បណ្ណ​ក្រីក្រ​​ ពី​អាជ្ញាធរ​ឃុំ​ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បដិសេធ​ បើ​ទោះបី​ជា​លោកបង្ហាញ​ថា​លោក​​មិន​​មាន​លទ្ធភាព​ព្យាបាល​ប្រពន្ធ​​របស់​លោក​បាន​ក៏ដោយ​។

លោក ភឹត និត បញ្ជាក់ថា៖​ «ស្នើ​សុំ​​​បណ្ណក្រីក្រ​ គេ​អត់​ឱ្យ ​​មិន​ដឹង​គេ​គិត​ថា​ម៉េច យើង​សុំបណ្ណ​ក្រី​ក្រ​ គេ​ថា​យើង​អត់​ទាន់​ដល់​លក្ខណៈ​ដុន​ដាប​ តែ​ខាង​គ្រូពេទ្យ​គេ​ថា​យើង​កំពុង​លំបាក​វេទនា»

លោក ភឹត និត បន្ត​ទៀត​ថា ​ក្នុង​ការ​ព្យាបាល​ជំងឺ​ ឱ្យ​ប្រពន្ធ​របស់​លោក​រហូត​មក​ដល់​ពេល​នេះ​ ​បាន​ចំណាយ​ថវិកា​សរុប​ជិត​៣ម៉ឺន​(២៨០០០ដុល្លារ​) ព្រោះថា​​ទាំង​មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯកជន​​​តម្រូវ​ឱ្យ​បង់​លុយពេល​ព្យាបាល​។

លោក​ ភឹត និត បាន​បន្ថែម​ថា ​​ទាំង​មណ្ឌល​សុខភាព​ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​ពេទ្យ​ឯក​ជន​ក្នុង​ខេត្ត​សៀម​រាប ​នៅ​​មិន​អាច​ព្យាបាល​ជំងឺ​ប្រពន្ធ​លោក​បាន​​។ លោក​បន្តថា ​ទោះ​ជា​លោក​​​បញ្ជូន​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯក​ជន​ក្ដី​​​នៅ​រាជ​ធានី​ ប៉ុន្តែជំងឺ​ប្រពន្ធ​របស់​លោក​​មិន​បាន​ជាសះ​ស្បើយ​ ទើប​លោក​នាំ​ប្រពន្ធ​មក​ព្យាបាល​នៅ​ផ្ទះ​ទាំង​គ្មាន​សង្ឃឹម​ថា​ជា​។

​ទោះ​ជា​យ៉ាង​ណា​ លោក ភឹត និត​ ​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​ចេញ​ថ្លៃ​ព្យា​បាល​ជំងឺ​ប្រពន្ធ​លោក​ ហើយ​​អាជ្ញាធរ ​ឃុំ​​ផ្ដល់​​បណ្ណ​ក្រីក្រ​​ដល់​​គ្រួសារ​​លោក​ ដើម្បី​ឱ្យ​​​មន្ទីរពេទ្យ​រដ្ឋ​​សង្គ្រោះ​ប្រពន្ធ​របស់​លោក​ដោយ​ឥតគិតថ្លៃ​។

លោកស្រី ពេទ ពៅ ទើបតែវះកាត់ដោះខាងស្តាំរបស់គាត់ ដោយសារតែ​ជំងឺមហារីក​។ រូបថតនៅថ្ងែទី០៥ ខែ១០ ឆ្នាំ២០២៣។ (រូបថត៖ ម៉ិច ជូឡាយ)
លោកស្រី ពេទ ពៅ ទើបតែវះកាត់ដោះខាងស្តាំរបស់គាត់ ដោយសារតែ​ជំងឺមហារីក​។ រូបថតនៅថ្ងែទី០៥ ខែ១០ ឆ្នាំ២០២៣។ (រូបថត៖ ម៉ិច ជូឡាយ)

ចំណែក​ស្ត្រី​មេម៉ាយ​រស់​នៅ​ឃុំ​ព្រះ​ដាក់​ អ្នកស្រី ពេទ ពៅ មានអាយុ៥៤ឆ្នាំ​ មាន​មុខ​របរធ្វើ​ស្រែ ​ប៉ុន្តែអ្នកស្រីបាន​បោះ​បង់​របរនេះ ​​ក្រោយ​មាន​ជំងឺ​​សុដន់​​ ក្នុងឆ្នាំ២០២២។ អ្នក​ស្រី​ ពៅ បន្តថា​អ្នកស្រី​ទៅ​​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ ដើម្បី​វះកាត់​ដុំ​គីស ប៉ុន្តែ​គ្រូ​ពេទ្យ​ខេត្ត​ប្រាប់​លោក​ស្រី​ឱ្យ​ទៅ​​​វះកាត់​នៅ​​ភ្នំពេញ​ដោយ​សារ​តែ​មន្ទីរ​ពេទ្យ​ខេត្ត​ពុំ​មាន​សម្ភារៈ​គ្រប់​គ្រាន់។

តែ​ទោះ​ជា​គ្រូពេទ្យ​បដិសេធ​បែប​នេះ​ក្ដី​ អ្នកស្រី ពៅ ​ឱ្យដឹងថា​ អ្នកស្រី​​ទទូច​ស្នើ​ឱ្យ​វះកាត់​នៅ​ខេត្ត​ ដោយ​សារ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​បាន​។ អ្នកស្រី​​ថា ​គ្រូពេទ្យ​បាន​ទទួល​យក​សំណើ​អ្នកស្រី​ នឹង​ធ្វើ​ការ​វះ​កាត់សុដន់ ផ្នែកខាងឆ្វេងចេញ ​កាលពីថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០២៣ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប​ អស់១លានរៀលស្មើនឹង២៥០ដុល្លារ។

អ្នកស្រី ពៅ បាន​លើក​ឡើង​ថា ​អ្នកស្រី​បាន​ខ្ចីលុយ​ធនាគារ​ប្រាសាក់​ដើម្បី​សាង​សង់​ផ្ទះ​ ២០០០​ដុល្លារ និង​ព្យាបាល​​ប្តី​ចំនួន​ ២ ៥០០ដុល្លារ កាល​ពី​​ឆ្នាំ២០១៨។ អ្នក​ស្រី​បន្ថែម​ថា​ក្រោយ​​ការ​​វះកាត់​ដុំ​គីស ​​​មិន​ទាន់​​​​សះស្បើយ​នៅ​ឡើយ ហើយ​ភ្នែក​ខាង​ស្ដាំ​​អ្នកស្រី​ ក៏ងងឹត​ទៀត​។

អ្នកស្រីបន្ថែម​ថា៖ «ខ្ញុំ​គ្មាន​គម្រោង​ខ្ចី​លុយ​ធនាគារ​ទេ ដែល​ខ្លួន​ឯង​ជរា​ដល់​ថ្នាក់​នេះ​ ភ្នែក​ក៏​ងងឹត​​……គ្មាន​គម្រោង​ខ្ចី​លុយ​​ធនាគារ​ទេ»

ប្រធាន​មន្ទីរពេទ្យ​ខេត្ត​សៀមរាប លោក​ ប៉ែន​ ផលគុណ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ មន្ទីរពេទ្យ​ខេត្ត​របស់​លោក​នៅ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ទេ​ ​ព្រោះ​តែ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មួយ​នេះ​នៅ​ខ្វះ​អគារ​ឯកទេស ធនធាន​គ្រូពេទ្យ និងឧបករណ៍ ជាដើម​។ លោក​​ ផលគុណ បន្តថា​ អ្នក​ជំងឺ​មួយ​ចំនួន​បាន​បញ្ជូន ​បន្ត​ទៅ​ព្យាបាល​បន្ត​នៅ​ភ្នំពេញ​​ ក្នុង​ករណី​ដែល​ក្រុម​គ្រូ​ពេទ្យ​យល់​ឃើញ​ថា​មិន​អាច​ព្យាបាល​អ្នក​ជំងឺ​បាន​។

លោក​​ ផលគុណ៖ «សម្រាប់​ជំងឺ​មហារីក​យើង​អត់​មាន​លទ្ធភាព​ព្យាបាល​ទេ​ យើង​បាន​តែ​ជួយ​ការ​វះកាត់​ទេ​ ការ​ព្យាបាល​ចាក់​គីមី​អី​ ទាល់​ទៅ​ភ្នំពេញ»

ខ្លោងទ្វារមន្ទីពេទ្យបង្អែកខេត្តសៀមរាប ដែលកំពុងតែសាងសង់ឡើងវិញ ស្ថិតក្នុងក្រុងសៀម ខេត្តសៀមរាប ថតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ មេង គ្រុយពន្លក)

មេ​ឃុំ​ព្រះ​ដាក់​​ លោក ភិន ថោង​ ឱ្យ​ដឹង​ថា ​សម្រាប់​ថវិកាឃុំ ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០២៣ នេះ​មាន​ចំនួន​៥០០​លាន​រៀល ​ឬជាង​១២​សែន​ដុល្លារ ​សម្រាប់​ផ្ដោត​លើ​វិស័យ​ធំ​ៗមួយចំនួន​រួម​មាន​សេវា​សង្គម ប្រាក់​បៀវត្ស​​ សម្រាប់​ឃុំ​ និង​ការ​អភិវឌ្ឍ​ឃុំ​។

ទោះ​ជា​យ៉ាង​ណា​លោក ភិន ថោង បានបន្តថា​ ​​ថវិកា​ឃុំ​ក៏​មិន​ទាន់​អាច​ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ជំងឺ​ផ្សេងៗ ឬ​ជំងឺ​​មហារីក​សុដន់​នោះ​ទេ​ ប៉ុន្តែ​ផ្នែក​ខ្លះ ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នេះ ​អាចគាំទ្រ​កម្មវិធី​​ចុះអប់រំ​ពី​បញ្ហា​សុខភាព​ដល់​ពលរដ្ឋ។

លោក ភិន​ ថោង បញ្ជាក់ថា សម្រាប់​​លោក​​ពុំបាន​​ដឹង​ថា ​​នៅឃុំ​របស់​លោក​​​មាន​គ្រួសារអ្នកជំងឺ​ និង​ធ្លាក់​ខ្លួន​ក្រីក្រនោះ​ទេ​។ ទោះ​ជា​យ៉ាង​ណា ​ឃុំ​មិន​មាន​កញ្ចប់​ជួយជនរងគ្រោះ​គ្រប់​គ្នា​ តែ​ឃុំ​មាន​កញ្ចប់​ថវិកាចំនួន​៣០ម៉ឺនរៀលសម្រាប់​គ្រួសារក្រីក្រ និង​អ្នកមាន​ជំងឺ។

លោក ភិន ថោង បន្ថែមថា៖ «ទាក់​ទងនឹង​សេវាសង្គម​ យើង​ទាក់​ទង​រួច​ហើយ​ និង​សេវាសង្គម​ដើម្បី​ជួយ​ជនក្រីក្រ ​ក្នុងថវិកាដែល​យើងមាន​ តាមលក្ខណៈ​អ្វី​ដែល​យើង​បានគ្រោង​៣លាន​រៀល​​ក្នុង​មួយ​​ត្រីមាស​​ ប៉ុន្តែ​មិន​អាច​យកទៅ​ជួយ​តែ​ម្នាក់​ទេ​ គឺ​ម្នាក់​បាន​តែ​៣០រៀល​ប៉ុណ្ណោះ​»

ជុំ​វិញ​រឿង​នេះ​ ប្រធាន​មន្ទីរ​ពិសោធន៍​វិភាគ​កោសិកា​មហារីក​នៅ​ទីក្រុង​សាន់ហ្រ្វាន់​ស៊ីស​ស្កូ​ (San Francisco) និង​មាន​បទពិសោធន៍​លើ​​ជំងឺ​មហារីក​រយៈ​ពេល​១១​ឆ្នាំ លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរ័ត្ន មានប្រសាសន៍​ថា ​​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​សុដន់​មិន​ថយ​ចុះ​ ដោយសារ​តែ​​ស្រ្តី​មិន​ទាន់​យល់​ច្បាស់ពី​​​វិធាន​ការ​បង្ការ​​ជំងឺ​មហារីក​សុដន់​។

លោកស្រី ហាវ មនីរ័ត្ន​ បន្ថែម​ថា​ វិធាន​ការ​បង្ការ​មហារីក​សុដន់ ដូច​ជា​​ទី​មួយ​ស្ត្រី​គួរ​ស្ទាប​បរិវេណ​​​សុដន់​ជារៀង​រាល់​ខែ​ដើម្បី​​ រក​ដុំ​ដែល​មិន​ប្រក្រតី និង​ទី​ពីរ​ស្រ្តី​គួរ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទៅ​ថត​សុដន់ ​ដោយ ម៉ាស៊ីន​ ម៉ាម៉ូហ្គ្រាម (Mammogram Machine) ជារៀងរាល់ឆ្នាំ​ចាប់​ពី​អាយុ​៤០ឆ្នាំឡើង ។

ខេមបូចា ​មិន​​អាច​សុំ​ការ​ឆ្លើយតប​ជុំ​វិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សុខាភិបាល​ លោក​ស្រី​​ ឱ វណ្ណឌីន​ និង​លោកស្រី យស់​ សម្បត្តិ​​ បាន​ទេ​​ នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​។ ​អ្នក​យកព័ត៌មាន​ខេមបូចា​​​​​បាន​ស្នើ​សុំ​​ការ​ឆ្លើយ​តប​ពី​ក្រសួង​សុខាភិបាល​ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ម្នាក់​​អះអាង​ថា ​គ្រប់​អ្នក​សារព័ត៌មាន​​​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​មុន​សិន​។ ​

កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ អ្នក​យកព័ត៌មាន​ខេមបូចាបាន​​​​ខលទៅសម្ភាសអ្នក​នាំ​ពាក្យ​សុខាភិបាល​ លោក​ស្រី​​ ឱ វណ្ណឌីន​ និង​ យស់​ សម្បត្តិ​​ ពីរ បី ដង ប៉ុន្តែ​ពួកគាត់មិនបាន​ឆ្លើយ​តប។ នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២៣  អ្នក​យកព័ត៌មាន​ខេមបូចាបាន​​​​ចុះទៅដល់​​ក្រសួងសុខាភិបាលផ្ទាល់​ដើម្បីចង់ដឹងអំពីទិន្នន័យស្រ្តីដែលមានជំងឺមហារីកសុដន់ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​​ម្នាក់បាន​​អះអាង​ថា ​គ្រប់​អ្នក​សារព័ត៌មាន​​​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​មុន​សិន​។ ​

អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណ: កញ្ញា នៅ លីហ៊ាង​ មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​ជំងឺ​ធ្ងន់ធ្ងរ គឺ​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ និង​សង្គម​ជាតិ​។ កញ្ញា លីហ៊ាង បន្តថា ​នៅ​ពេល​ដែល​សង្គម​មួយ​មាន​មនុស្ស​ឈឺ​កាន់​តែ​ច្រើន​ ​ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​​​នឹង​​ធ្លាក់​ចុះ​ ព្រោះ​សង្គម​ត្រូវ​ការ​ធន​ធាន​មនុស្ស​​មាន​សុខភាព​ល្អ។

ក្នុង​ចំណោម​គោល​នយោបាយ​ធំ​ៗ៦ចំណុចសម្រាប់អនុវត្តនៅក្នុងរយៈពេល​វែងរបស់​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីក្នុងឆ្នាំ២០២៣ ជា​ពិសេស ​គឺ​ចំណុច​ទី​មួយ​គឺ ការ​ពង្រីក​សេវា​​​​ថែ​ទាំ​សុខភាព​ឆ្ពោះ​ទៅ​រក​ការ​គ្រប់​ដណ្ដប់​សុខភាព​ជា​លក្ខណៈ​សកល គោល​នយោបាយ​​វិស័យ​សុខាភិបាល ប៉ុន្តែ​បែរ​ជា​ថវិកា​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​បាន​ថយ​ចុះ​ទៅ​វិញ​។ អំឡុង​ពេល​ដែល​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​មហារីក​សុដន់​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​ឡែក​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​​ បាន​​កត់សម្គាល់​ឃើញ​ថា វិស័យ​សុខាភិបាល​កម្ពុជា​នៅ​មាន​​កម្រិត​ ទើប​ពលរដ្ឋ​​មួយ​ចំនួន​សុខ​ចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​​ខ្លួន​ដើម្បី​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​។ លោក ប៉ិច ពិសី​ បន្ត​ថា ​​មុន​នឹង​ការ​បង្កើត​​កញ្ចប់​ថវិកា​​ទៅ​លើ​វិស័យ​នេះ ​រដ្ឋ​គួរ​ធ្វើ​ការងារ​អាទិភាព​សំខាន់ៗ​ដូច​ជា​​​ការ​ពង្រឹង​លើ​ក្រមសីលធម៌​ សេវាកម្ម​ និង​​ធ្វើ​ឱ្យ​មាន​សមាមាត្រ​​ចំនួន​គ្រូពេទ្យ ​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​។

លោក ប៉ិច ពិសី​ ថ្លែងថា៖ យើង​ត្រូវ​បញ្ជូន​​គ្រូពេទ្យ​ជំនាញ​ទៅ​កាន់​​ទីតាំង​ដែលពលរដ្ឋ​​ចាំបាច់​ ជាពិសេស​តំបន់​ដាច់​ស្រយាល​​ យើង​ឃើញ​ថា​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​គ្រូពេទ្យ​នៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីប្រជុំ​ជន​។

លោក ប៉ិច ពិសី បន្ថែម​ថា ​​ក្រសួង​​គួរ​ចាត់​វិធានការ​លើភាពមិនប្រក្រតីដែល​គ្រូពេទ្យ​យក​​ថវិកា​លើស​​កាល​កំណត់​ពី​អ្នក​ជំងឺ​ និង​​គ្រូ​ពេទ្យ​រដ្ឋ​​​ឆ្លៀត​បើក​​មន្ទីរពេទ្យ​ផ្ទាល់​ខ្លួន​​ដែល​នាំ​ឱ្យ​ធ្លាក់​​គុណភាព​​​ព្យាបាល​ជំងឺ​។

លោកស្រី សុខ ឡៅ ម្តាយក្មេកអ្នកជំងឺ គឺអ្នកស្រី ជុំ សុខចាន់ កំពុងតែអង្គុយលើកាំជណ្តើរមុខផ្ទះ នៅខេត្តសៀមរាប ថត នៅទី៤ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ មេង គ្រុយពន្លក)
លោកស្រី សុខ ឡៅ ម្តាយក្មេកអ្នកជំងឺ គឺអ្នកស្រី ជុំ សុខចាន់ កំពុងតែអង្គុយលើកាំជណ្តើរមុខផ្ទះ នៅខេត្តសៀមរាប ថត នៅទី៤ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ មេង គ្រុយពន្លក)

ចំណែក​​​​​អ្នកស្រី សុខ ឡៅ ​អាយុ៦០ឆ្នាំ ជាម្ដាយ​ក្មេក​របស់អ្នកជំងឺ គឺអ្នកស្រី សុខ​ចាន់​ លើក​ឡើង​​ទាំង​អួល​ដើម​ករថា​ អ្នកស្រី​បាន​ចេញមុខ​ធានា​ខ្ចី​លុយ​ធនាគារ​ឱ្យ​កូន​ប្រុស​​យក​លុយ​ទៅ​ព្យាបាល​ប្រពន្ធ​ ​ខណៈ​ដែល​ពេល​នេះ ​កូន​ប្រសា​ស្រី​កំពុង​តែ​មាន​ជំងឺ​​មហារីក​​ធ្ងន់ធ្ងរ​មិន​អាច​ទៅ​ធ្វើ​ការ​ខាង​ក្រៅ​បាន។ អ្នកស្រី​លើក​ឡើង​ថា កាល​ពី​កូន​ប្រសា​ស្រី​មិន​ទាន់​មាន​ជំងឺ​មហារីក វា​ធ្វើ​ការ​តាម​ផ្ទះ​ឱ្យ​គេនៅ​ភ្នំពេញ ដោយរកបាន១៥០ដុល្លារក្នុង​មួយ​ខែ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «កូន​ប្រុស​រវល់​តែ​មើល​ប្រពន្ធ​ ឱ្យ​តែ​បាន​ថ្លៃ​ភ្លាម​លក់​ដី​សង​ធនាគារ ប៉ុន្តែ​លក់​វាអត់​ចេញ អា​ដីដែល​កូន​ធ្វើទាហាននោះ។ ណា​កូន​ឈឺ ណា​លុយ ធនាគារ​ផង ​នៅ​ពេល​ជំពាក់​លុយធនាគារ ហើយ​គ្មាន​ប្រាក់​សម្រាប់​បង់ មាន​អារម្មណ៍​ភ័យ ដេក​អត់​ដែល​លក់»

10,776 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម