ការដណ្តើមបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង បានក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ប៉ុន្តែផ្ទុយទៅវិញ ក្រុមបាល់ទាត់ជម្រើសជាតិបុរសបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ត្រឹមវគ្គជម្រុះតាមពូល។
យ៉ាងណាក៏ដោយ ចំពោះស្ថានភាពអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា នាពេលបច្ចុប្បន្ន គឺមានការផ្តោតខ្លាំងតែទៅលើបាល់ទាត់បុរស ដោយមានរៀបចំការប្រកួតតាំងពីកម្រិតថ្នាល រហូតដល់លីគកំពូលកម្ពុជា (Cambodia Premier League) ហើយក្រុមបាល់ទាត់ជម្រើសជាតិបុរសទាំងកម្រិតយុវជន និងក្រុមធំ តែងតែមានសកម្មភាពប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ បើទោះបីជាទទួលបានលទ្ធផលមិនសូវគប់ប្រសើរ និងរងការរិះគន់មិនឈប់ឈរពីអ្នកគាំទ្រ។
ផ្ទុយពីនេះ សកម្មភាពប្រកួតប្រជែងរបស់ក្រុមបាល់ទាត់នារីនៅកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងជាប់គាំង ឬដើរថយក្រោយ ព្រោះចាប់តាំងពីការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ (Sea Games 2023) កាលពីខែឧសភា មកដល់ពេលនេះ ក្រុមជម្រើសជាតិនារីកម្ពុជា មិនធ្លាប់ទទួលបានឱកាសប្រកួតជាលក្ខណៈអន្តរជាតិនោះទេ ហើយសូម្បីតែការប្រកួតជម្រើសជើងឯកបាល់ទាត់នារី (លីគនារី) ដែលតែងតែមានការរៀបចំជារៀងរាល់ឆ្នាំ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ ក៏ត្រូវបានផ្អាកផងដែរ។
ជាមួយភាពអសកម្មលើការរៀបចំឱ្យមានការប្រកួតនេះ វាបាននឹងកំពុងក្លាយជារនាំងបាំងខ្ទប់ទៅដល់ឆន្ទៈ និងការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ក្រុមបាល់ទាត់នារីនៅកម្ពុជា ដែលត្រូវបានគេមើលឃើញថា មានចំនួនកើនឡើង ព្រោះស្ទើរគ្រប់ក្លិបទាំងអស់ សុទ្ធតែបានបង្កើតឱ្យមានក្រុមនារី ហើយនៅតាមខេត្ត-រាជធានី ក៏មានក្រុមបាល់ទាត់នារី សម្រាប់លេងតំណាង ចំណែកសកម្មភាពលេងបាល់ទាត់នារីបែបកម្សាន្ត នៅតាមសាលារៀន និងតាមខេត្តមួយចំនួនក៏មានភាពផុសផុលជាងមុន។
ជាស្រ្តីម្នាក់ ដែលធ្លាប់បានប្រលោកក្នុងវិស័យបាល់ទាត់តាំងពីនៅជាកីឡាការិនី រហូតបានអភិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹកបាល់ទាត់នារីនៅក្លិបភ្នំពេញក្រោន និងជាគ្រូជំនួយក្រុមជម្រើសជាតិនារីផងនោះ កញ្ញា ម៉ៅ សាវិន បានទទួលស្គាល់ថា វិស័យបាល់ទាត់នារី នាពេលនេះ មានការខុសប្លែកពីមុន ព្រោះនៅតាមខេត្តជាច្រើន ជាពិសេសនៅក្លិបនីមួយៗសុទ្ធតែមានក្រុមបាល់ទាត់នារី ហេតុនេះ៤ទៅ៥ឆ្នាំខាងមុខទៀត បាល់ទាត់កម្ពុជា នឹងសម្បូរធនធានកីឡាការិនី សម្រាប់លេងតំណាងឱ្យជាតិ ប៉ុន្តែក៏ត្រូវមានការជំរុញ និងលើកទឹកចិត្តបន្ថែមដល់ក្រុមនារីផងដែរ។
គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ក្រុមបាល់ទាត់នារីរបស់យើង មានការកើនច្រើន ហេតុនេះបើសិនជាយើងមានការប្រកួតលីគ ឬក៏ប្រកួតពានរង្វាន់ជាយុវនារីថ្នាល ខ្ញុំជឿថា កីឡាការិនីរបស់យើង នឹងមានកាន់តែច្រើន ព្រោះទាំងអស់គ្នាត្រៀមសម្រាប់ការប្រកួត គ្រាន់តែថាយើងអត់ទាន់មានការប្រកួត»។
ម៉ៅ សាវិន បានបន្ថែមថា៖ «មិនថាបាល់ទាត់បុរស ឬនារីទេ កាលណាយើងអត់មានការប្រកួត គឺអត្តពលិករបស់យើងអត់មានការរីកចម្រើន និងអត់មានបទពិសោធន៍ ហើយបើនៅតែអត់មានការប្រកួតយូរទៀត កីឡាការិនីរបស់យើងអាចនឹងឈប់ ដើម្បីងាកទៅធ្វើជំនាញផ្សេងវិញ ដែលធ្វើឱ្យយើងបាត់ធនធាន។ សួរថា ពួកគាត់ចង់លេងបាល់ទេ គឺចង់ណាស់ ប៉ុន្តែអត់មានជម្រើស»។
ចំណែកកីឡាការិនី ឈិត សាភឿន របស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលបានជាប់ជម្រើសជាតិ តាំងពីអាយុ១៨ឆ្នាំ ហើយបានលេងទាំងក្រុមU19 និងក្រុមជម្រើសជាតិនារីកម្ពុជានោះ បានបញ្ចេញអារម្មណ៍ពិតថា រូបនាងផ្ទាល់ ក៏ដូចជាមិត្តរួមក្រុមផ្សេងទៀត ពិតជាមានការពិបាកក្នុងការទទួលយក នៅពេលអត់មានការប្រកួតបែបនេះ ព្រោះវាបានធ្វើឱ្យកីឡាការិនីរបស់យើងម្នាក់ៗ មានការប៉ះពាល់ដល់ការពង្រឹងសមត្ថភាព។
ខ្សែបម្រើ សាភឿន បាននិយាយថា៖ «យើងមានការពិបាកនឹងទទួលយកដែរ នៅពេលអត់មានការប្រកួតបែបនេះ ប៉ុន្តែខ្ញុំ និងសមាជិកនៅក្នុងក្រុមទាំងអស់ នៅតែបន្តការហ្វឹកហាត់ជាប្រចាំ ដើម្បីទន្ទឹងរង់ចាំឱ្យមានការប្រកួតលីគនារីឡើងវិញ។ ខ្ញុំមិនបាក់ទឹកចិត្ត ឬមានចិត្តចង់ឈប់ពីអាជីពនេះទេ គឺមានតែខំប្រឹងថែមទៀត ព្រោះខ្ញុំនៅតែមានបំណងលេងឱ្យក្រុមជម្រើសជាតិ»។
ជាមួយគ្នានេះអតីតកីឡាការិនីរបស់ក្លិបភ្នំពេញក្រោន ម៉េងជា មួយលៀង ដែលធ្លាប់ជាប់នៅក្នុងបញ្ជីឈ្មោះបឋមរបស់ក្រុមជម្រើសជាតិនារីកម្ពុជានោះ បានទទួលស្គាល់ថា វិស័យបាល់ទាត់នារីនៅកម្ពុជា ពិតជាមិនសូវមានអ្នកឱ្យតម្លៃ ប៉ុន្តែបញ្ហានេះ ក៏ធ្វើឱ្យនាងមានចិត្តចូលរួមក្នុងវិស័យនេះនៅឆ្នាំ២០១៦ មុនពេលឈប់វិញនៅឆ្នាំ២០២២ ដោយសារពេលនោះ មួយលៀង មានការមមាញឹកក្នុងការរៀនសូត្រផង ហើយក៏បានបើកកន្លែងលក់កាហ្វេនៅផ្ទះ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារផងដែរ។
មួយលៀង បាននិយាយថា៖ «ពេលចូលលេងបាល់ទាត់ដំបូង ខ្ញុំលេងគ្រាន់តែជាការកម្សាន្ត គ្មានបំណងចង់ចាប់ជាអាជីពអ្វីទេ ប៉ុន្តែក្រោយមកដោយសារឃើញថា បាល់ទាត់នារីនៅស្រុកខ្មែរ អត់សូវមានអ្នកចូលរួម និងផ្តល់តម្លៃ ហើយចាស់ៗក៏មិនសូវយល់ពីការចូលរួមរបស់ស្រីៗ ទើបខ្ញុំបានសម្រេចចិត្តចូលរួមជាមួយបាល់ទាត់ពេញលេញ នៅឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយកីឡានេះតាមដែលខ្លួនឯងធ្វើទៅបាន»។
បើទោះបីជា មួយលៀង បានបង្ខំចិត្តបោះបង់ចោលអាជីពលេងបាល់ទាត់ទាំងសោកស្តាយ ប៉ុន្តែនាងនៅតែមើលឃើញច្បាស់ពីការខិតខំហ្វឹកហាត់របស់មិត្តរួមក្រុមក៏ដូចជាកីឡាការិនីនៅតាមក្លិបផ្សេងៗ ព្រោះពួកគេសុទ្ធតែចង់ចាប់យកជំនាញនេះ ដើម្បីបង្ហាញពីសមត្ថភាពលេងបាល់ទាត់របស់ស្រ្តីឱ្យមហាជនទាំងនៅក្នុងស្រុក និងក្រៅស្រុកបានឃើញ និងឱ្យតម្លៃពីការខិតខំរបស់កីឡាការិនីកម្ពុជា។

យ៉ាងណាក៏ដោយ មួយលៀង បានបង្ហាញការសោកស្តាយខ្លាំង នៅពេលឃើញកម្រិតលេងបាល់ទាត់នារីបានជាប់គាំង ដោយសារគ្មានការប្រកួត។ មួយលៀង បន្តថា៖ «ខ្ញុំមានការសោកស្តាយពីទេពកោសល្យរបស់កីឡាការិនីយើង ព្រោះពួកគាត់បានខិតខំហ្វឹកហាត់រាល់ថ្ងៃ តែអត់មានការប្រកួតប្រជែងដូចក្រុមបាល់ទាត់បុរស»។
កីឡាការិនីវ័យ២៥ឆ្នាំ មួយលៀង បានបន្ថែមថា៖ «យើងខំប្រឹងហាត់ ព្រោះយើងចង់លេង ដើម្បីបង្ហាញពីបច្ចេកទេស និងទេពកោសល្យរបស់យើង ប៉ុន្តែបើអត់មានការប្រកួតបែបនេះ តើយើងអាចអភិវឌ្ឍខ្លួនបានល្អយ៉ាងម៉េចកើត? យើងចង់បង្ហាញទៅដល់ប្រទេសផ្សេងៗថា នៅស្រុកខ្មែរ ក៏មានក្រុមបាល់ទាត់នារី ដែលមានសមត្ថភាពល្អ និងខ្លាំងដូចស្រុកគេដែរ តែយើងអត់មានឱកាសសោះ»។
ជាមួយការប្រឡូកក្នុងវិស័យបាល់ទាត់អស់រយៈពេល៦ឆ្នាំមកនេះ មួយលៀង បានអះអាងថា ការអភិវឌ្ឍបាល់ទាត់នារីនៅកម្ពុជា មិនអាចរីកចម្រើន និងដើរទាន់ក្រុមបាល់ទាត់នារីរបស់ប្រទេសនៅក្នុងតំបន់បាននោះទេ បើសិនជាគ្មានការប្រកួតច្រើនទេនោះ ជាពិសេសការបង្កើតឱ្យមានការប្រកួតកម្រិតថ្នាលសម្រាប់នារីវ័យក្មេង ដើម្បីឱ្យក្លិបនីមួយៗកាន់តែមានទឹកចិត្តក្នុងការបណ្តុះបណ្តាលបាល់ទាត់នារី ក៏ដូចជាឈានទៅដល់ការផ្តល់ប្រាក់តម្លៃខ្លួនបានសមរម្យ ដូចក្រុមបាល់ទាត់បុរស នាពេលបច្ចុប្បន្នដែរ។
មួយលៀង បានបញ្ជាក់ថា៖ «ក្រុមកីឡាការិនីបាល់ទាត់របស់ប្រទេសជិតខាងយើង សុទ្ធតែមានសមត្ថភាពខ្លាំង និងអាចបានឡើងទៅលេងដល់ World Cup ទៅហើយ ចំណែកយើងទើបជោគជ័យបានមួយជំហាន នៅក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែក្រោយមកស្រាប់តែអត់មានការប្រកួតលីគអ្វីទាំងអស់ គឺកីឡាការិនីគ្រប់ក្លិបបានត្រឹមហ្វឹកហាត់ តែអត់មានការប្រកួត»។
ជាមួយគ្នានេះ ឈិត សាភឿន ក៏បានទទួលស្គាល់ដែរថា ក្រុមជម្រើសជាតិនារីកម្ពុជា ពិតជានៅមានកម្រិតទាបជាងប្រទេសមួយចំនួន ជាពិសេសក្រុមជម្រើសជាតិនារីវៀតណាម និងថៃ ប៉ុន្តែ សាភឿន បានអះអាងថា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាមានឆន្ទៈ និងភាពមោះមុតចេញពីបេះដូងពិតប្រាកដ ហេតុនេះទើបក្រុមនារីកម្ពុជា អាចដណ្តើមបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង។
កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «យើងទាំងអស់គ្នា បានព្យាយាមខ្លាំងណាស់ ដើម្បីបង្កើតបាននូវស្នាដៃល្អ សម្រាប់ការប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយខ្ញុំចង់ឃើញបាល់ទាត់នារីរបស់យើង មានការរីកចម្រើនទៅមុខទៀត គឺមិនចង់មានភាពអសកម្ម ឬស្ថិតនៅទ្រឹងដូចពេលនេះទេ ហើយក្នុងនាមខ្ញុំធ្លាប់ជាកីឡាការិនីជម្រើសជាតិម្នាក់ ខ្ញុំនៅតែជឿថា ក្រុមនារីរបស់យើង នឹងត្រៀមបានល្អ បើសិនជាពួកយើង ទទួលបានឱកាសឱ្យការប្រមូលផ្តុំជាថ្មី សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃនោះ»។
យ៉ាងណាក៏ដោយ ចំពោះអ្នកគ្រូ ម៉ៅ សាវិន នៅតែមើលឃើញថា ក្រុមបាល់ទាត់នារីកម្ពុជា មានសមត្ថភាពរីកចម្រើន គឺបើទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា មានការប្រមូលផ្តុំ និងប្រកួតមិនបានជាប់លាប់ ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែក្រុមនេះ នៅតែអាចមានលទ្ធភាពឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយបានចំណាត់ថ្នាក់លេខ២ ក្នុងពូលB តែពួកគេបានចាញ់ក្រុមនារីវៀតណាម ៤-០ និងបន្តចាញ់ក្រុមនារីថៃ ៦-០ ក្នុងការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ។
អ្នកគ្រូបានបញ្ជាក់ថា៖ «បន្ទាប់ពីបានហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេស សម្រាប់ការចេញទៅហ្វឹកហាត់នៅប្រទេសចិនប្រមាណ៧ខែ ខ្ញុំមើលឃើញថា ក្រុមនារីយើងកើនសមត្ថភាព រហូតបានឡើងទៅដល់វគ្គ៤ក្រុមចុងក្រោយ ក្នុងស៊ីហ្គេមជាលើកដំបូង។ នេះជាលទ្ធផលជាក់ស្តែង គឺឱ្យតែយើងមានការប្រកួតប្រជែងច្រើន ធនធានកីឡាការិនីរបស់យើងកាន់តែប្រសើរ»។
គ្រូបង្វឹកវ័យ៣០ឆ្នាំ ម៉ៅ សាវិន បានសង្កត់ធ្ងន់ថា៖ «នារីរបស់យើង អត់ខ្សោយទេ ព្រោះតាមបទពិសោធន៍ផ្ទាល់ខ្លួន ដោយខ្ញុំលេងខ្លួនឯងផង បង្ហាត់ផង ហើយក៏ធ្លាប់បានលេងនៅខេត្តទៀតនោះ គឺក្រុមនារីមានឆន្ទៈខ្ពស់ក្នុងការលេងបាល់ទាត់ អ៊ីចឹងបើសិនជាយើងមានការប្រកួតលីគនារី និងប្រកួតពានយុវនារីថ្នាល ហើយនឹងធ្វើបានល្អ»។
ចំណែកលោក ចាន់ ពេញ គ្រូបង្គោលផ្នែកនារីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថា សកម្មភាពលេងបាល់ទាត់ផ្នែកនារី នៅខេត្តស្វាយរៀង មានការផុសផុលខ្លាំង ដោយគ្រប់ស្រុក-ក្រុង សុទ្ធតែមានក្រុមបាល់ទាត់នារី សម្រាប់ចូលរួមការប្រកួតផ្សេងៗ ហើយនៅតាមសាលារៀន តាមភូមិ និងតាមឃុំ ក៏មានការបង្កើតជាក្រុមបាល់ទាត់នារីខ្នាតតូចៗ សម្រាប់ការប្រកួតបែបកម្សាន្ត ដើម្បីសុខភាពផងដែរ។
ជាមួយស្ថានភាពនេះ លោក ចាន់ ពេញ បានជំរុញឱ្យមានកម្មវិធីប្រកួតតាមខេត្តឱ្យបានច្រើនដើម្បីផ្តល់ឱកាសឱ្យក្រុមនារី បានប្រកួតប្រជែងកាន់តែច្រើន។ លោកបញ្ជាក់ថា៖ «បើសិនមានរៀបចំកម្មវិធីប្រកួតនៅតាមខេត្ត និងតាមស្រុកឱ្យបានច្រើន ហើយបើកទូលាយឱ្យគ្រប់ក្រុមបានចូលរួមដោយសេរី គឺវិស័យបាល់ទាត់នារីរបស់យើង នឹងកាន់តែរីកចម្រើនជាងនេះ»។
ប៉ុន្តែលោក ចាន់ ពេញ នៅតែបង្ហាញក្តីកង្វល់ទៅលើការពង្រឹងគុណភាពកីឡាការិនីកម្រិតជាតិ នៅពេលដែលមិនមានការប្រកួតលីគនារីកម្ពុជា (Cambodia Women’s League) ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីសម្លឹងមើលពីបច្ចេកទេសលេងរបស់កីឡាការិនីមកពីគ្រប់ក្លិប ក្នុងការសម្រិតសម្រាំងយកអ្នកមានសមត្ថភាព សម្រាប់លេងឱ្យក្រុមជម្រើសជាតិ ហើយការផ្អាកការប្រកួតលីគនារីនេះ ក៏បានធ្វើឱ្យការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីនៅតាមក្លិបនីមួយៗ ហាក់លែងសូវមានសម្ទុះទៅមុខដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ថា ក្លិបនីមួយៗ ដែលបានចុះកុងត្រាចិញ្ចឹមកីឡាករ កីឡាការិនី គឺដើម្បីតែការប្រកួត ប៉ុន្តែដោយសារតែមិនមានការប្រកួត ធ្វើឱ្យក្លិបមួយចំនួនចង់រំសាយក្រុមនារីវិញ ព្រោះគេមិនចង់បន្តការចំណាយដោយគ្មានការប្រកួតបែបនេះ ហើយបើសិនជាមិនមានការប្រកួតប្រជែងផ្លូវការដូច្នេះ គឺកម្រិតលេងរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក៏ធ្លាក់ចុះទៅតាមហ្នឹងដូចគ្នា សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេម»។

យ៉ាងណាក៏ដោយ ចំពោះភាពអសកម្មលើការរៀបចំឱ្យមានការប្រកួតលីគនារីនេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា វាពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាចំណាយ ព្រោះថវិកាទទួលបានពី FIFA ក៏មានចំនួនតិច មិនអាចរៀបចំលីគនារីបានដែលទាមទារឱ្យមានការពន្យារពេលការប្រកួត ដើម្បីស្វែងរកការឧបត្ថម្ភបន្ថែមពីវិស័យឯកជន។
លោកបានបញ្ជាក់ថា៖ «ការស្វែងរកស្ពនស័រសម្រាប់បាល់ទាត់នារីនេះ នៅតែមិនទាន់មាន ព្រោះគ្រាន់តែការប្រកួតបាល់ទាត់បុរសឈុតធំរបស់យើង (លីគកំពូលកម្ពុជា) ក៏ពិបាករកស្ពនស័រដែរហើយ ចុះទម្រាំតែបាល់ទាត់នារី វាកាន់តែពិបាកមែនទែន»។
តែទោះបីជាយ៉ាងណា មន្រ្តីជំនាញរូបនេះ បានអះអាងថា បច្ចុប្បន្ននេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងភាគីពាក់ព័ន្ធមួយចំនួនទៀត បាននឹងកំពុងខ្នះខ្នែងរៀបចំធ្វើយ៉ាងណាឱ្យមានការប្រកួតលីគនារីវិញ គឺអាចនឹងចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ព្រោះពេលនេះគណៈកម្មការបច្ចេកទេស បាននិងកំពុងពិនិត្យថា តើត្រូវរៀបចំលក្ខខណ្ឌ និងរូបមន្តប្រកួតបែបណា?។
ជាមួយគ្នានេះ ក្រុមមន្ត្រីបច្ចេកទេសរបស់ FFC ក៏កំពុងតែពិចារណារៀបចំឱ្យមានការប្រកួតអន្តរជាតិសម្រាប់ក្រុមនារីផងដែរ តែវាជាជំហានបន្ទាប់។ លោក កែវ សារ៉េត បានបង្ហើបថា៖ «នៅក្នុងទិសដៅរបស់យើង ក៏មានការប្រកួតក្នុងកម្រិតអាស៊ានដែរ ដោយយើងកំពុងតែពិនិត្យមើល ប៉ុន្តែបើសិនជាយើងអត់ទាន់មានសកម្មភាពប្រកួតក្នុងស្រុក ក៏យើងមានការពិបាក ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាមួយក្រុមគេដែរ»។
ទន្ទឹមនឹងនេះ លោក កែវ សារ៉េត បានទទួលស្គាល់ថា ការមិនសូវមានការប្រកួត ពិតជាបានប៉ះពាល់ដល់ការអភិវឌ្ឍបាល់ទាត់នារីនៅកម្ពុជា ប៉ុន្តែបញ្ហាសំខាន់គឺកញ្ចប់ថវិកាចំណាយ។ យ៉ាងណាមិញ សម្រាប់ការដណ្តើមបានកៅអីឡើងទៅដល់វគ្គពាក់កណ្តាលព្រ័ត្រ ជាលើកដំបូងរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានលោក សារ៉េត ទម្លាយថា ដោយសារមានការជួយជ្រោមជ្រែងពីប្រទេសចិន។
លោកសង្កត់ធ្ងន់ថា៖ «កាលស៊ីហ្គេម ក្រុមនារីរបស់យើង ពិតជាធ្វើបានលទ្ធផលល្អ ដោយសារមានការជួយពីភាគីចិន សម្រាប់ការហ្វឹកហាត់នៅទីនោះ តែបើសង្ឃឹមលើខ្លួនយើង ដើម្បីរៀបចំឱ្យមានការហ្វឹកហាត់នោះ គឺប្រឈមបញ្ហាច្រើនណាស់ ព្រោះយើងត្រូវស្វែងរកថវិកាមករៀបចំ អ៊ីចឹងហើយបានជាបាល់ទាត់នារីយើងបានតែមួយប្រាវ រួចក៏មានភាពអសកម្មមកវិញ ហើយហេតុផលចម្បងគឺកញ្ចប់ថវិកាចំណាយនេះឯង»។
តែទោះយ៉ាងណា លោក កែវ សារ៉េត បន្ថែមថា៖ «នៅក្នុងយុទ្ធអភិវឌ្ឍបាល់ទាត់ទាំង១១ចំណុចរបស់សហព័ន្ធ ក៏យើងបានរាប់បញ្ចូលផ្នែកបាល់ទាត់នារីទៅក្នុងនោះដែរ ហើយយើងនៅតែខ្នះខ្នែង ព្រោះបើយើងមិនរៀបចំធ្វើទេ យើងមានការខាតច្រើន គឺក្មេងហាត់ចោលៗអត់បានលេង ធ្វើឱ្យកម្រិតបច្ចេកទេសរបស់ពួកគេមិនរីកចម្រើនដូចគ្នា ហេតុនេះទើបយើងប្រឹងប្រែងធ្វើម៉េចរៀបចំឱ្យមានការប្រកួតលីគនារីវិញ»។
ជាមួយការទន្ទឹមរង់ចាំការវិលត្រឡប់មកវិញនៃការប្រកួតលីគនារីនេះ គឺក្រុមបាល់ទាត់នារីចំនួន១៣ក្រុម ក្នុងនោះក៏មានក្រុមភ្នំពេញក្រោនផងដែរ បានទទួលឱកាសប្រកួតប្រជែងគ្នាជាថ្មី ក្នុងព្រឹត្តិការណ៍ Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលចាប់ផ្តើមប្រកួតជម្រុះតាមពូលកាលពីថ្ងៃទី១០ ខែមិថុនា ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយចុងក្រោយ គឺវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
តែទោះបីជាយ៉ាងណា ក្រុមបាល់ទាត់នារីនៅតាមក្លិបនីមួយៗ មានការផ្តោតខ្លាំងទៅលើការប្រកួតលីគនារី ហេតុនេះគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការបើកឱ្យមានការប្រកួតលីគនារីវិញ បន្ទាប់ពីបានផ្អាក កាលពីឆ្នាំ២០២២ ដោយសារ FFC មិនមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការរៀបចំ ហើយក៏គាប់ជួនមានការប្រមូលផ្តុំក្រុមនារី សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។ ចំណែកការប្រកួតលើកចុងក្រោយ កាលពីឆ្នាំពី២០២១ ក្រុមនារីភ្នំពេញក្រោន ក្រោមការដឹកនាំរបស់អ្នកគ្រូ ម៉ៅ សាវិន បានក្លាយជាម្ចាស់ជើងឯក រីឯក្រុមជើងឯករងបានទៅលើក្រុមណាហ្គាវើលដ៍កំពង់ស្ពឺ និងក្រុមសៀមរាប បានលេខ៣។
គ្រូបង្វឹកល្អជាងគេប្រចាំលីគនារី ឆ្នាំ២០២១ ម៉ៅ សាវិន បាននិយាយថា៖ «ពួកយើងកំពុងទន្ទឹងរង់ចាំឱ្យមានការប្រកួតលីគនារី និងពានរង្វាន់ធំៗផ្សេងទៀត ព្រោះពួកយើងមានការស្រេកឃ្លានក្នុងការប្រកួត។ យើងខិតខំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួត ព្រោះក្រុមបាល់ទាត់នារីរបស់យើង ពិតជាចង់បង្ហាញសមត្ថភាព ហើយខ្ញុំជឿថា ពួកគាត់នឹងប្រឹងប្រែងប្រកួតគ្នាយ៉ាងស្វិតស្វាញ មិនចាញ់ការប្រកួតរបស់ក្រុមបុរសឡើយ»។
ទន្ទឹមនឹងនេះគ្រូជំនួយ ម៉ៅ សាវិន បានបង្ហាញសុទិដ្ឋិនិយម ចំពោះក្រុមបាល់ទាត់នារីកម្ពុជាថា នឹងអាចមានលទ្ធភាពយកឈ្នះក្រុមបាល់ទាត់នារី នៅក្នុងតំបន់ បើសិនជាក្លិបនីមួយៗអាចផ្តល់ប្រាក់ចំណូលបានសមរម្យដល់ពួកគាត់ ដើម្បីអាចផ្តោតអារម្មណ៍ទៅលើការហ្វឹកហាត់បានគ្រប់គ្រាន់ដូចនៅបរទេស។
ម៉ៅ សាវិន បានបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា ក្រុមនារីរបស់យើង នឹងអាចមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់បាន ហើយក៏អាចនឹងបានឡើងទៅលេងពាន AFC ផងដែរ។ ជាក់ស្តែងយើងទៅហ្វឹកហាត់នៅចិនបានប្រមាណ៧ខែ តែពេលវិលត្រឡប់មកវិញ ក្រុមជម្រើសជាតិនារីរបស់យើង ទទួលបានលទ្ធផលដ៏ល្អនៅស៊ីហ្គេម គឺបញ្ជាក់ថា ពួកគាត់មានឆន្ទៈខ្ពស់ណាស់»៕