កម្មករកាត់ដេររងផលប៉ះពាល់ដោយសារការបិទរោងចក្រកំពុងបន្តទាមទារប្រាក់សំណង ខណៈរបាយការណ៍របស់មជ្ឈមណ្ឌលធនធានអាជីវកម្ម និងសិទ្ធិមនុស្ស( Business and Human Rights Resource Center) បង្ហាញថាកម្មករកម្ពុជារាប់ពាន់នាក់ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនយីហោធំៗលំដាប់ពិភពលោក មិនទាន់បានទទួលប្រាក់ឈ្នួល ចាប់តាំងពីរោងចក្របិទកាលពីឆ្នាំមុន។
របាយការណ៍មានចំណងជើងថា «ចោរលួចប្រាក់ឈ្នួល និងប្រាក់ចំណេញក្នុងពេលរោគរាតត្បាត» បានសិក្សាលើប្រទេសកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន បង់ក្លាដេស និងអេត្យូពី ទាក់ទងលើការចោទប្រកាន់ថាមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករជាង៩ ៨០០នាក់នៅក្នុងបរិបទកូវីដ១៩ កំពុងរាតត្បាត។ របាយការណ៍ផ្ដោតតែទៅលើកម្មករផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនយីហោល្បីៗលំដាប់អន្តរជាតិចំនួន១៦ រួមមាន Carter’s Inc., Hanesbrands, H&M, Levi Strauss & Co., LIDL, L Brands, Matalan, Mark’s Work Wearhouse, Next, New Look, Nike, PVH, River Island, Sainsbury’s, s.Oliver and The Children’s Place ។
របាយការណ៍កត់សម្គាល់ថា៖ «រួមបញ្ចូលគ្នាទាំងអស់ ក្រុមហ៊ុនយីហោល្បីៗទាំង១៦ បានចំណេញប្រាក់ជាង១០ពាន់លានដុល្លារគិតតែក្នុងឆមាសទី២ ឆ្នាំ២០២០»។
លោក លុន សុផល អតីកកម្មករនៅរោងចក្រកាត់ដេរ Violet Apparel ដែលបានបដិសេធទទួលសំណងមិនពេញលេញដែលរោងចក្រផ្ដល់ឲ្យ បានឲ្យដឹងថា លោក និងកម្មករផ្សេងទៀតអំពាវនាវឲ្យក្រុមហ៊ុនធ្វើទៅតាមច្បាប់ស្ដីពីការងារ ដែលបានចែងពីទឹកប្រាក់ដែលក្រុមហ៊ុនត្រូវផ្ដល់ឲ្យកម្មករពេលក្រុមហ៊ុនបិទដំណើរការ។
លោកបន្ថែមថា៖ «ខ្ញុំនៅតែបន្តទាមទារសំណងដោយផ្អែកទៅតាមច្បាប់។ ខ្ញុំមិនទទួលសំណងដែលមានទឹកប្រាក់ប្រហែល១០០០ដុល្លារទេ បើធ្វើតាមច្បាប់ ខ្ញុំអាចនឹងទទួលបានរហូតដល់២ ០០០ដុល្លារ ព្រោះខ្ញុំបានធ្វើការឲ្យក្រុមហ៊ុនជាង១០ឆ្នាំ មកហើយ»។
លោកបានលើកឡើងថា៖ «ខ្ញុំពិតជាមិនយល់ទេ ហេតុអ្វីបានជារោងចក្រប្រកាសបិទទ្វារដោយសារកូវីដ១៩ បើសាខារបស់ក្រុមហ៊ុនបីផ្សេងទៀតនៅជាយក្រុងនៅបន្តដំណើរការនៅឡើយ»។ «ពួកគេប្រហែលជាយកពេលនេះ ដើម្បីផ្លាស់រោងចក្រចេញពីក្នុងក្រុងទៅក្រៅក្រុង ដោយមិនផ្ដល់សំណង»។
ដោយមិនអាចរកការងារនៅរោងចក្រផ្សេងបាន លោក បានធ្វើជាអ្នកបើកបរកង់បីវិញ។
លោកបន្ថែមថា៖ «ខ្ញុំកាន់តែចាស់ ហើយខ្ញុំមិនអាចរកការងារនៅរោងចក្របានទៀតទេ ដូចនេះខ្ញុំសម្រេចចិត្តខ្ចីលុយពីធនាគារទិញតុកតុក ព្រោះតែកូវីដ១៩ ខ្ញុំមិនមានអ្នកជិះច្រើនទេ វាស្ងាត់ណាស់។ ខ្ញុំត្រូវបង់ធនាគារ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែ ដោយសារតែកូវីដ១៩ ខ្ញុំអាចបង់ទៅធនាគារបានតែ១០០ដុល្លារក្នុងមួយខែ»។
របាយការណ៍បានបង្ហាញករណីសិក្សាចំនួនបួនក្នុងប្រទេសកម្ពុជា ដែលមានផលប៉ះពាល់លើកម្មករជាង៤ ០០០នាក់នៅរោងចក្រ Violet Apparel, Hong Sen Textile, Sepia Garment និង Hung Wah ដែលរោងចក្រទាំងនេះបានបិទក្នុងអំឡុងកូវីដ១៩ រាតត្បាត ហើយបានដោះ ស្រាយសំណងមិនពេញលេញដល់កម្មករ។
លោកស្រី យ៉ាង សោភណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) មានប្រសាសន៍ថាខាងសហជីពកំពុងធ្វើការជាមួយអង្គការអន្តរជាតិខាងការងារ ដោយស្នើដល់អ្នកប្រើប្រាស់ដាក់សម្ពាធលើក្រុមហ៊ុនយីហោធំៗទាំងនោះឲ្យជួយដល់រឿងនេះ ។
លោកស្រី យ៉ាង សោភណ្ឌ ឲ្យដឹងថាក្រុមហ៊ុនការដេរ Violet Apparel បានផ្ដល់សំណងដែលកម្មករមិនអាចទទួលយកបាន គឺតិចជាងអ្វីដែលកម្មករត្រូវទទួលបានតាមច្បាប់ស្ដីពីការងារ។
លោកស្រីបន្ថែមថា៖ «តាំងពីក្រុមហ៊ុនបិទមក កម្មករភាគច្រើនមិនទាន់បានទទួលសំណងទេ ព្រោះយើងមិនព្រមទទួលចំនួនដែលក្រុមហ៊ុនផ្ដល់ឲ្យ»។ «យើងទាមទារឲ្យក្រុមហ៊ុនផ្ដល់សំណងទៅតាមច្បាប់ស្ដីពីការងារ»។
បើតាម លោកស្រី សោភណ្ឌ ពេលនេះក្រុមហ៊ុនកំពុងតែព្យាយាមបញ្ចុះបញ្ចូលកម្មករឲ្យព្រមទទួលសំណង។
លោកស្រីបញ្ជាក់ថា៖ «កម្មករខ្លះបានយល់ព្រមទទួលសំណង ប៉ុន្តែកម្មករភាគច្រើន ដែលធ្វើការច្រើនឆ្នាំបានបដិសេធ»។ លោកស្រីថា៖ «ឧទាហរណ៍ កម្មករខ្លះអាចទទួលបាន២ ០០០ដុល្លារ តែធាតុពិតក្រុមហ៊ុនឲ្យតិចជាងនេះ [តិចជាងពាក់កណ្ដាល] ដែលខុសគ្នាឆ្ងាយពេក ហើយកម្មករមិនព្រមទទួល»។
លោកស្រី អ៊ុង ចាន់ធឿន អតីតតំណាងកម្មករនៅរោងចក្រ Violet Apparel ជាម្នាក់ក្នុងចំណោមកម្មករផ្សេងទៀតដែលយល់ព្រមទទួលប្រាក់សំណង។
លោកស្រី បញ្ជាក់ថា៖ «ខ្ញុំសម្រេចចិត្តទទួលសំណង ១ ០០០ដុល្លារ ព្រោះខ្ញុំមិនជឿថាក្រុមហ៊ុននឹងផ្ដល់សំណងពេញទេ ព្រោះក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានច្រានចោលសំណុំរឿងនេះហើយ ដូចនេះខ្ញុំសម្រេចមិនបន្តទាមទារទៀតទេ»។
ពេលនេះ លោកស្រី បានត្រឡប់ទៅធ្វើស្រែ នៅស្រុកកំណើតក្នុងខេត្តស្វាយរៀងវិញ។
បើតាមរបាយការណ៍ កម្មករនៅរោងចក្រទាំងបួនខាងលើបានចូលរួមតវ៉ាលើករណីមិនទទួលបានប្រាក់ឈ្នួលបន្ទាប់ពីរោងចក្របានបិទប្រតិបត្តិការអំឡុងវិបត្តិកូវីដ១៩។
កម្មករបានទាមទារសំណងលើប្រាក់ជួនដំណឹងជាមុន ប្រាក់អតីតភាពការងារ ប្រាក់លើថ្ងៃឈប់សម្រាកប្រចាំឆ្នាំមិនបានប្រើ និងប្រាក់ឈ្នួលដែលមិនបានផ្ដល់ប្រាំថ្ងៃ អំឡុងថ្ងៃត្រូវឈប់សម្រាកចូលឆ្នាំខ្មែរកាលពីខែមេសា ឆ្នាំមុន។
រោងចក្រ Violet Apparel ត្រូវបានរាយការណ៍ថាផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន Nike និង Carter’s Inc ។ ក្នុងរបាយការណ៍និយាយថាក្រុមហ៊ុន Nike បានអះអាងថាខ្លួនឈប់មានទំនាក់ទំនងនឹងរោងចក្រនេះតាំងពី១៥ឆ្នាំមុនម្លេះ ប៉ុន្តែ «រូបថតដែលកម្មករថតបាននៅក្នុងរោងចក្រ Violet Apparel និងបានផ្ដល់ទៅកាន់អង្គការសិទ្ធិការងារបង្ហាញពីបែបបទបញ្ជាទិញ និងបញ្ជីពាក់ព័ន្ធនឹងផលិតផល Nike។
របាយការណ៍របស់ក្រសួងការងារបានបង្ហាញនៅក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរជាង១៧០ បានបិទ ឬផ្អាកដំណើរការជាបណ្ដោះអាសន្ន និងបានប៉ះពាល់ដល់កម្មករច្រើនម៉ឺននាក់នៅទូទាំងប្រទេស។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Workers from factories closed by COVID-19 demand full compensation