កម្មករជិត១ពាន់នាក់មកពីវិស័យផ្សេងៗបានប្រមូលផ្តុំគ្នានៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំឡុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិការងារ សេរីភាពសហជីព និងការងារកាន់តែប្រសើរនៅកម្ពុជា» ដើម្បីទាមទារឱ្យដំឡើងប្រាក់ឈ្នួលជូនកម្មករកាត់ដេរ និងស្ដារសិទ្ធិសហជីពឡើងវិញ។
កម្មករដែលបានជួបជុំគ្នាតាំងពីព្រឹកព្រលឹមនោះ ក្រោយមកបានដើរក្បួនជុំវិញវត្តភ្នំ និងទៅរដ្ឋសភាជាតិ ដើម្បីដាក់ញត្តិទៅប្រធានរដ្ឋសភា និងរដ្ឋាភិបាល។ កម្មករទាំងចាស់ទាំងក្មេងដែលពាក់អាវយឺតស ស្រែកបន្ទរពាក្យស្លោកតាមឧឃោសនសព្ទ ដើម្បីសម្តែងកង្វល់របស់ពួកគេ និងជំរុញឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាកម្មករទាំងក្នុងនិងក្រៅប្រព័ន្ធ ដែលនៅតែបន្តរងការយាយីពីនិយោជក។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) មានប្រសាសន៍ថា គោលបំណងនៃការប្រារព្ធទិវាពលកម្មអន្តរជាតិនេះ គឺដើម្បីស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលកម្មករដល់ ២៥០ដុល្លារ និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យផ្សេងទៀត។ លោកយល់ឃើញថា ប្រាក់ឈ្នួលបច្ចុប្បន្នត្រូវបានសម្រេចដោយនិយោជក។
លោក អាត់ ធន់ ក៏បានលើកឡើងពីបញ្ហារបស់បេឡាជាតិរបបសន្តិសុខសង្គមដែលនៅមានចំណុចខ្វះខាតនៅឡើយ ដោយអះអាងថា ចាំបាច់ត្រូវពង្រីក និង [ពង្រឹង] បន្ថែម ព្រោះវាមានអត្ថប្រយោជន៍ចំពោះកម្មករ។ លោកមានប្រសាសន៍ថា ចៅកែក្រុមហ៊ុនភាគច្រើនបានគាបសង្កត់មកលើសេរីភាពសហជីពនៅតាមរោងចក្រ ដែលរួមមានសិទ្ធិឈរឈ្មោះបោះឆ្នោត សិទ្ធិធ្វើជាតំណាង និងសិទ្ធិធ្វើកូដកម្ម។
លោកមានប្រសាសន៍ថា៖ «យើងដឹងថា មានវិវាទរាប់រយករណីដែលនៅជាប់គាំង ដែលមិនអាចដោះស្រាយបាន ហើយក្នុងរយៈពេលពី៤ ទៅ៥ឆ្នាំកន្លងទៅនេះ គ្មានការតវ៉ានៅតាមរោងចក្រទេ ដោយសារសិទ្ធិសហជីពត្រូវបានដកហូត»។
មេដឹកនាំសហជីពបានទទូចឱ្យរដ្ឋាភិបាលលុបចោលបទប្បញ្ញត្តិដែលប៉ះពាល់ដល់កម្មករ ដូចជាទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកម្មករដែលត្រូវបានកាត់ទោស ដូចករណីរបស់បុគ្គលិកណាហ្គាវើលដ៍ជាដើម។ បញ្ហាសុវត្ថិភាពនៅកន្លែងធ្វើការក៏ជារឿងចាំបាច់ផងដែរ។
លោក អាត់ ធន់ បានស្នើរដ្ឋាភិបាលជំរុញឲ្យនិយោជកយកចិត្តទុកដាក់លើកម្មករគ្រប់វិស័យ ដូចជា កម្មករកាត់ដេរ កម្មករសំណង់ និងបុគ្គលិកផ្នែកផ្តល់សេវាផ្សេងទៀត។ លោកបានបន្តថា សិទ្ធិកម្មករ និងសិទ្ធិសហជីពមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «យើងព្រួយបារម្ភខ្លាំងណាស់ថា ប្រសិនបើមានការរឹតបន្តឹងបន្ថែមទៀត កម្មករនឹងបាត់បង់សិទ្ធិធ្វើជាតំណាងនៅពេលអនាគត ដូច្នេះអាចនឹងមានការកេងប្រវ័ញ្ច និងអយុត្តិធម៌ធ្ងន់ធ្ងរ»។
ស្របពេលជាមួយគ្នានេះដែរ តំណាងរដ្ឋសភា និងរដ្ឋាភិបាល បានចេញមកទទួលញត្តិ ហើយបានបញ្ជាក់ថា ញត្តិដែលមាន១៨ចំណុចនេះ រួមមានបញ្ហាប្រាក់ឈ្នួល បេឡាជាតិរបបសន្តិសុខសង្គម និងបញ្ហាការងារផ្សេងៗទៀតដែលរដ្ឋាភិបាលដោះស្រាយរួចហើយ។
តំណាងម្នាក់របស់រដ្ឋសភាបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលថ្មីមិនព្រងើយកន្តើយទេ រដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំនឹងបញ្ជូនញត្តិនេះដូចដែលខ្ញុំតែងតែធ្វើ»។
សឿន សុខលាភ អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរមកពីខេត្តកំពង់ឆ្នាំង បាននិយាយថា ការប្រារព្ធទិវាពលកម្មអន្តរជាតិនេះ មានអត្ថន័យច្រើនសម្រាប់អ្នកស្រី និងកម្មករផ្សេងទៀត ព្រោះថា ពួកគេអាចសម្តែងកង្វល់របស់ខ្លួន ហើយសង្ឃឹមថា បញ្ហាទាំងនោះនឹងត្រូវបានរដ្ឋាភិបាលស្តាប់។
អ្នកស្រីបន្ថែមថា ក្រុមហ៊ុនមួយចំនួនមិនគោរពច្បាប់ការងារ បើទោះជាច្បាប់ល្អក៏ដោយ ព្រោះការអនុវត្តនៅមិនទាន់មានប្រសិទ្ធភាព។ អ្នកស្រីយល់ឃើញថា កម្មករនៅតែជួបប្រទះការផ្តល់កិច្ចសន្យារយៈពេលខ្លី ដែលធ្វើឲ្យពួកគេពិបាកក្នុងការអនុវត្តសិទ្ធិ។
អ្នកស្រី សុខលាភ បាននិយាយថា៖ «នោះហើយជាមូលហេតុដែលខ្ញុំចូលរួមទិវាពលកម្មអន្តរជាតិ។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលពិនិត្យមើលបញ្ហារបស់យើង ព្រោះយើងកំពុងជួបការលំបាក»។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរត្រូវបានដំឡើងចំនួន ៤ដុល្លារ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាសរុបកើនដល់ ២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៤។
អ្នកស្រី សុខលាភ បាននិយាយថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរគឺ «មិនច្រើនទេ» ដោយសារពួកគាត់ត្រូវការចំណាយលើជីវភាពរស់នៅដែលកើនឡើង ក៏ដូចជាការចំណាយលើថ្លៃថ្នាំពេទ្យ បើទោះបីជាពួកគាត់អាចប្រើបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក៏ដោយ។ អ្នកស្រីថាមន្ទីរពេទ្យមួយចំនួនមិនយកចិត្តទុកដាក់ពិនិត្យកម្មករដែលប្រើបណ្ណប.ស.ស.។
អ្នកស្រីបាននិយាយថា៖ «ប្រាក់ខែរបស់យើងមិនច្រើនទេ ហើយអ្វីៗគឺសុទ្ធតែថ្លៃ។ ពេលខ្លះខ្ញុំចងការលុយគេ ដើម្បីបំពេញតម្រូវការរបស់យើង ខណៈមន្ទីរពេទ្យមួយចំនួនរើសអើងកម្មករដែលប្រើបណ្ណ ប.ស.ស»។
អ្នកស្រី សុខលាភ និយាយថា៖ «គ្រូពេទ្យមិនសូវយកចិត្តទុកដាក់ចំពោះពួកគាត់ទេ ដូច្នេះកម្មករត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីព្យាបាលនៅគ្លីនិកឯកជន។ ដូច្នេះ យើងទទូចឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែរបស់យើង និងដោះស្រាយបញ្ហាទាំងនេះសម្រាប់យើង»។
ង៉ែត សែ អាយុ ៣៣ឆ្នាំ ជាកម្មការិនីម្នាក់ទៀតមកពីខេត្តកណ្តាល បាននិយាយថា អ្នកស្រីបានឃើញការកែលម្អលក្ខខណ្ឌនៃបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់កម្មករ ដើម្បីកាត់បន្ថយការចំណាយ។ ប៉ុន្តែនៅមានការរឹតត្បិតសិទ្ធិ និងការកេងប្រវ័ញ្ចកម្មករជាញឹកញាប់ដោយថៅកែរោងចក្រ។
អ្នកស្រី ង៉ែត សែ និយាយថា៖ «ខ្ញុំមើលឃើញថា វត្តមានរបស់សហជីពបានជួយកម្មករជាច្រើន [ពីការរំលោភបំពាន] ហើយសម្រាប់ខ្ញុំ ទិវាពលកម្មអន្តរជាតិអនុញ្ញាតឱ្យខ្ញុំសម្តែងការព្រួយបារម្ភរបស់ខ្ញុំ និងស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករដល់ ២៥០ដុល្លារ ដើម្បីឆ្លើយតបនឹងថ្លៃចំណាយសម្រាប់ការរស់នៅ» ។
ទន្ទឹមនឹងនោះដែរ អង្គការសង្គមស៊ីវិលចំនួន១៩ និងកម្មករប្រមាណ២០០នាក់ ក៏បានដាក់ញត្តិទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ផងដែរ។ ពួកគេបានអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញនូវច្បាប់ដ៏តឹងរ៉ឹងទាក់ទងនឹងសហជីព ការរើសអើង និងការរំលោភសិទ្ធិសហជីព។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មានប្រសាសន៍ថា ញត្តិនេះក៏ទទូចឱ្យក្រសួងដោះស្រាយបញ្ហាបច្ចុប្បន្ន ពីព្រោះការដោះស្រាយកន្លងមកហាក់ដូចជាមិនមានប្រសិទ្ធភាព ហើយជម្លោះជាច្រើននៅតែមិនទាន់បានដោះស្រាយ។
លោកស្រីមានប្រសាសន៍ថា៖ «ទោះបីមានវិវាទកន្លងមកក៏ដោយ ក៏ហាក់ដូចជាគ្មានដំណោះស្រាយចំពោះបញ្ហានោះដែរ ដូចជាមេដឹកនាំសហជីពត្រូវបានកាត់ទោសឬដាក់ពន្ធនាគារចំពោះសកម្មភាពរបស់ពួកគេក្នុងនាមជាមេដឹកនាំសហជីព»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ក្រសួងបានទទួលយកញត្តិនេះ ដោយប្រាប់ក្រុមកម្មករថា «ការលំបាករបស់កម្មករក៏ជាការលំបាករបស់រដ្ឋាភិបាលដែរ»។ លោកស្រីសង្ឃឹមថា អ្វីដែលក្រសួងបាននិយាយ គឺជាការពិត ហើយថា គាត់នឹងស្វែងរកដំណោះស្រាយជូនកម្មករ។
លោកស្រីមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយទេ ដែលយើងបានដាក់ញត្តិនេះ។ យើងបានដាក់ញត្តិច្រើនដងហើយ ប៉ុន្តែយើងមិនបានទទួលការឆ្លើយតបជាវិជ្ជមាន ឬស្នើឲ្យភាគីពាក់ព័ន្ធរបស់យើងបានចូលរួមក្នុងការស្វែងរកដំណោះស្រាយណាមួយនៅក្រសួងនោះទេ» ដោយលោកស្រីបន្ថែមថា កម្មករនឹងមិនបញ្ឈប់ទេ រហូតទាល់តែពួកគាត់ទទួលបានដំណោះស្រាយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា កម្មករ និងសហជីពជាច្រើននៅតែប្រឈមនឹងបញ្ហារហូតមកដល់សព្វថ្ងៃនេះ ទាក់ទងនឹងការចុះឈ្មោះសហជីព ទីដែលមានការត្អូញត្អែរអំពីការរើសអើងនៅតែបន្តកើតមាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖ «បញ្ហាទាំងអស់នេះមិនគួរកើតឡើងទេ» ដោយទទូចឱ្យក្រសួងពិនិត្យ និងដោះស្រាយបញ្ហាទាំងនោះ។ លោក សំអាត បន្ថែមថា៖ «យើងឃើញសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស តែងតែលើកឡើងពីបញ្ហាសេរីភាពជាមូលដ្ឋាន» ដោយលោកបញ្ជាក់ថា សេរីភាពជាមូលដ្ឋានមានភាពតឹងរ៉ឹងខ្លាំងណាស់ចំពោះកម្មករ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន។ លោកមានប្រសាសន៍ថា ការធ្វើបែបនេះ គឺផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លោកបានទទួលញត្តិពីអង្គការសង្គមស៊ីវិល ហើយនឹងពិនិត្យមើលការទាមទារនេះ។ លោកមានប្រសាសន៍ថា មិនដូចអ្វីដែលសហជីព និងអង្គការសង្គមស៊ីវិលបានអះអាងនោះទេ ការប្រមូលផ្តុំ និងដាក់ញត្តិនេះបង្ហាញថា មានលំហសម្រាប់សេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
លោក កត្តា អ៊ន មានប្រសាសន៍ថា៖ «ការដោះស្រាយវិវាទការងារសម្រេចបានចំនួន ៩១.៨០% គឺកើនចំនួន ៨០.៩៥% ធៀបនឹងឆ្នាំ២០២៣។ យោងតាមនីតិវិធី ក្រសួងត្រូវបញ្ជូនករណីដែលគ្មានដំណោះស្រាយទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល»។ ក្រសួងបានលើកទឹកចិត្តកម្មករ និងសហជីពឲ្យបន្តដាក់ពាក្យបណ្តឹងទៅក្រសួង ប្រសិនបើពួកគាត់ជួបប្រទះការរើសអើង។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា សិទ្ធិការងារនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយអង្គការដៃគូ និងកម្មករក្នុងស្រុក។ លោកបន្ថែមថា សិទ្ធិការងារនៅកម្ពុជាមានភាពប្រសើរគួរឲ្យកត់សម្គាល់ ដោយជម្លោះការងារបានថយចុះ។ បច្ចុប្បន្ននេះ មាន «វិវាទតិចតួច» ប៉ុណ្ណោះ ព្រោះ «កម្មករយល់ពីសិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួនបានច្បាស់ ហើយអនុវត្តបានល្អ»។
លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ប្រសិនបើគាត់ចង់តតាំងតាមផ្លូវច្បាប់ សុំឱ្យគាត់រកមេធាវី ជួលមេធាវីល្អមកការពារ» ដោយលោកបន្ថែមថា ចំណាត់ការផ្លូវច្បាប់ចំពោះជនណាដែលបំពានច្បាប់ គឺត្រូវទទួលទោសនៅតុលាការ ហើយ គ្មានបុគ្គល ឬស្ថាប័នណាមួយអាចបញ្ជាឱ្យតុលាការធ្វើការសម្រេចចិត្តបានឡើយ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Workers Submit Petition To Government on International Labor Day