ធនាគារពិភពលោក (World Bank) បានអនុម័តឥណទាន៤០លានដុល្លារសម្រាប់កម្ពុជា ដែលនឹងប្រើប្រាស់លើគម្រោងបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៣៣ ០០០នាក់ ក្នុងន័យពង្រឹងជំនាញពួកគេ និងបង្កើនឱកាសក្នុងទីផ្សារការងារ។ ឥណទានបានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់អនាគារពិភពលោក ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពការងារទាក់ទងនឹងជំនាញនៅក្នុងចំណោមកម្លាំងពលកម្មក្នុងប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃសុក្រ។
ខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានសរសេរទៀតថាស្ថានភាពសេដ្ឋកិច្ច និងការងារនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះនាំចូលទីផ្សារលោកខាងលិច ដែលបានជួយឲ្យកម្ពុជាអាចទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ។
យ៉ាងណា ធនាគារពិភពលោកថា គុណភាពការងារនៅមានកម្រិតទាប ដោយថា៨៩ភាគរយនៃការងារក្នុងប្រទេសជាប្រភេទការងារមានជំនាញទាប និងមួយភាគធំស្ថិតនៅក្រៅប្រព័ន្ធផ្លូវការ។
គម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» មានរយៈពេលប្រាំឆ្នាំ និងអនុវត្តដោយក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។ គម្រោងនេះរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនក្នុងវិស័យនានា ដែលទាមទារជំនាញកម្រិតមធ្យមថែមទៀត។
លោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះនឹងជួយដល់ពលរដ្ឋខ្មែរជាង៣៣ ០០០នាក់ ដែលនឹងបានទទួលជំនាញសមរម្យទៅតាមការចង់បានរបស់និយោជក រួមទាំងជួយបង្កើនចំណូលដល់ពួកគេ។
លោកមានប្រសាសន៍ថា៖ «ឥណទាននេះនឹង [ជួយ]ដល់ការអនុវត្តកម្មវិធីពង្រឹងការបណ្ដុះបណ្ដាល ដើម្បីបង្កើនជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ និងបានប្រាក់ខែខ្ពស់។ បើសិនជាយើងធ្វើការដោយមិនមានជំនាញ ប្រាក់ខែយើងក៏បានទាប»។
លោកបន្តថា៖ «ពេលយើងមានជំនាញខ្ពស់ ផលិតភាពយើងនឹងកើនឡើង ហើយ[យើង]នឹងទទួលបានប្រាក់ខែច្រើន»។ លោកប្រាប់ខេមបូចាទៀតថា គម្រោងនេះក៏នឹងបង្កើនការលើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារផងដែរ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថាបើសិនក្រសួងប្រើប្រាស់ឥណទាននេះប្រកបដោយប្រសិទ្ធភាព វានឹងមានប្រយោជន៍ច្រើនដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយអ្នកទាំងនោះ «ជំនាញរបស់ពួកគាត់នៅមានកម្រិត»។
លោកបន្តថា៖ «ខ្ញុំគិតថាវាជារឿងល្អ ពេលពួកគាត់មានជំនាញគ្រប់គ្រាន់ ពួកគាត់អាចពង្រីក អាជីវកម្ម និងរកចំណូលបានច្រើន និងកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង»។
អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរតូចតាចមិនទទួលបានឱកាសក្នុងការពង្រឹងជំនាញនោះទេ អ្នកទាំងនោះមានអ្នកលក់ម្ហូបអាហារ និងអ្នកលក់ដូរតាមផ្លូវជាដើម។
ហេតុនេះ លោកបានជំរុញឲ្យក្រសួងការងារ ផ្ដល់វគ្គបណ្ដុះបណ្ដាលលើជំនាញគ្រប់គ្រងអាជីវកម្ម និងផ្តល់កម្ចីមានការប្រាក់ទាប សម្រាប់អ្នកដែលចង់ពង្រីកអាជីវកម្ម។
ជាងបច្ចេកទេសមួយរូប គឺលោក ប៊ុន ពៅវិចិត្រ វ័យ៣១ឆ្នាំ បានរំពឹងថាឥណទានរបស់ធនាគារពិភពលោកនឹងជួយបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈដល់កម្មករកម្ពុជា។
លោកបន្តថា៖ «ជំនាញវិជ្ជាជីវៈបានជួយយើងច្រើន [បង្កើន]ជីវភាព ឬអាចរកចំណូលបានច្រើន។ ដូចយើងបានដឹង កម្ពុជាកំពុងខ្វះអ្នកជំនាញបច្ចេកទេស»។
ចំណែកលោក ពៅ វិចិត្រ វិញលើកឡើងថា៖ «ការងារ [ជាអ្នកបច្ចេកទេស] វាហាក់ហត់នឿយបន្តិច តែវាជួយបង្កើនចំណូលសម្រាប់គ្រួសារ បើយើងមានជំនាញពិតប្រាកដ…ខ្ញុំចង់ពង្រឹងជំនាញរបស់ខ្ញុំបន្ថែមលើការជួសជុលបន្ទះសៀគ្វីម៉ាស៊ីនត្រជាក់»។
លោក ពៅ វិចិត្រ ជាអ្នកមានជំនាញខាងជួសជុលម៉ាស៊ីនត្រជាក់ ប៉ុន្តែលោកសង្ឃឹមថាលោកអាចនឹងបង្កើនចំណេះដឹងបន្ថែមទៀត អំពីការជួសជុលបន្ទះសៀគ្វីម៉ាស៊ីនត្រជាក់នៅសាលាអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
លោកក៏កំពុងមានអាជីវកម្មផ្ទាល់ខ្លួនដែលលោកផ្ដល់សេវាដំឡើង និងជួសជុលម៉ាស៊ីនត្រជាក់ និងជាជាងអគ្គិសនីផងដែរ។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់ខេមបូចាថា ធនាគារពិភពលោកជាអ្នកជួយលើវិស័យបណ្ដុះបណ្ដាលជំនាញក្នុងប្រទេសកម្ពុជា និងវិស័យផ្សេងៗទៀតទាក់ទងនឹងការងារ។ លោកថាគម្រោងនេះនឹងជួយកសាងសមត្ថភាពធនធានមនុស្សប្រកបដោយជំនាញខ្ពស់ក្នុងវិស័យការងារ។
លោកបន្តថា៖ «គម្រោងនេះជាផ្នែកមួយជួយលើការបណ្តុះបណ្តាលជំនាញចំនួន ៤៥ ដូចជាឧស្សាហកម្ម សេវាកម្ម កសិកម្ម កសិឧស្សាហកម្ម និងការកែឆ្នៃផលិតផល »។ លោកបន្ថែមថា គម្រោងនេះនឹងដាក់ឲ្យអនុវត្តនៅតាមវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៣៧នៅទូទាំងប្រទេស។
លោកមានប្រសាសន៍ទៀតថា ក្នុងមួយឆ្នាំក្រសួងបានបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋកម្ពុជាបាន៥០ ០០០នាក់។ លោកថា៖ «កម្មវិធីបណ្តុះបណ្តាលជំនាញ១,៥ លាននាក់កំពុងដំណើរការ និងមានសិស្សចុះឈ្មោះជិត ៤០ ០០០ នាក់ និងកំពុងរៀន ជិត ២០ ០០០ នាក់ ហើយបាន និងកំពុងធ្វើតេស្តបញ្ជាក់សមត្ថភាពជិត ៤ ០០០ នាក់»។
គ្រប់គ្នាអាចទទួលបានឱកាសចូលសិក្សាក្នុងកម្មវិធីនេះដោយមិនគិតពីស្ថានភាពគ្រួសារ។ មិនថាអ្នកទាំងនោះក្មេង ឬមកពីគ្រួសារក្រីក្រ ឬងាយរងគ្រោះ ពួកកាត់អាចមានលក្ខណៈសម្បត្តិចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលដោយមិនមានការបង់ប្រាក់។ សម្រាប់យុវជនមកពីគ្រួសារក្រីក្រអាចទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០រៀលផងដែរ។
លោក ឃុន ថារ៉ូ ប្រធានកម្មវិធីរបស់អង្គការសង់ត្រាល់ មានប្រសាសន៍ថា ការវិនិយោគលើជំនាញវិជ្ជាជីវៈដើម្បីលើកកម្ពស់កម្មករជំនាន់ថ្មីគឺជារឿងល្អ។
លោកបន្ថែមថាការវិវនិយោគលើជំនាញវិជ្ជាជីវៈគឺល្អ ប៉ុន្តែកត្តាដែលសំខាន់គឹថាការធានាមជ្ឈដ្ឋានការងារល្អ ដែលមាន «សេដ្ឋកិច្ច ទីផ្សារការងារ និងលក្ខខណ្ឌការងារសមរម្យ»។
លោក ថារ៉ូ លើកឡើងថា៖ «យើងបាត់បង់ឱកាសនៅកម្លាំងពលកម្មច្រើនណាស់នៅក្នុងការទទួលបាននូវជំនាញវិជ្ជាជីវៈ ព្រោះយុវជនភាគច្រើនជាពលករចំណាកស្រុកទៅក្រៅ ដោយសារកត្តាប្រាក់ឈ្នួលទាប លក្ខខណ្ឌការងារមិនសូវប្រសើរ និងប្រព័ន្ធកិច្ចគាំពារសង្គមទៀតសោតក៏មិនទាន់មាំ»។
លោកបន្ថែមថា យ៉ាងណា ការវិនិយោគតែលើជំនាញវិជ្ជាជីវៈតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ លោកថាវាគ្រាន់តែជាមូលដ្ឋានកសាងកម្លាំងពលកម្មជាមួយនឹងសក្តានុពលក្នុងការធ្វើសមាហរណកម្មទៅក្នុងទីផ្សារការងារ។ លោកថា៖ «រឿងដែលសំខាន់គឺការទាក់ទាញនូវវិនិយោគទុនដើម្បីជំរុញឱ្យមានការកំណើននៃការនាំចេញផលិតផលក្នុងស្រុក »៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Approves $40m Credit for Skills Training Project To Raise Cambodians’ Skills Level, Job Prospects