សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ធនាគារពិភពលោកផ្តល់ថវិកាបន្ថែមចំនួន៧៩,៥លានដុល្លារដើម្បីបង្កើនគុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា

សិស្សវិទ្យាល័យដើរចេញពីសាលាមួយនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ព្រីង សំរាំង)
សិស្សវិទ្យាល័យដើរចេញពីសាលាមួយនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ព្រីង សំរាំង)

ធនាគារពិភពលោក (World Bank) បានអនុម័តថវិកាបន្ថែមចំនួន ៧៩,៥ លានដុល្លារ ដើម្បីបង្កើនគុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា។ មូលនិធិនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់សាលារៀនជាង ១៥០០ នៅទូទាំងប្រទេស ដោយផ្តោតលើការផ្តល់លទ្ធភាពទទួលបានការអប់រំដល់កុមារដែលជួបការលំបាក គ្រួសារក្រីក្រ និងជនមានពិការភាព។

យោងតាមធនាគារពិភពលោកកាលពីថ្ងៃសុក្របានឲ្យដឹងថា ហិរញ្ញប្បទាននេះនឹងគ្របដណ្តប់លើសកម្មភាពនៅក្នុងកម្រិតសាលាមធ្យមសិក្សាចំនួន ៥០០ សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០ ។ សកម្មភាពទាំងនេះរួមមានការបណ្ដុះបណ្ដាល និងឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀន បច្ចេកវិទ្យាអប់រំសាកល្បង ការធ្វើទំនើបកម្មសៀវភៅសិក្សា រួមទាំងការសាងសង់ និងជួសជុលថ្នាក់រៀនបន្ថែមទៀត។

លោក ប៊ូ សារឿន មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា បានមានប្រសាសន៍ថា មូលនិធិនេះរួមមានឥណទានចំនួន ៦០ លានដុល្លារបានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ និងថវិកាចំនួន ១៩,៥ លានដុល្លារផ្សេងទៀត ទទួលបានពីភាពជាដៃគូសកលសម្រាប់ការអប់រំ។

កាលពីខែមករា ឆ្នាំ ២០២២ ធនាគារពិភពលោកបានផ្តល់ថវិកាចំនួន ៦៩,៣ លានដុល្លារ សម្រាប់គម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា។ ខណៈមូលនិធិបន្ថែមនឹងពង្រីកគម្រោងនេះឱ្យដំណើរការទៅមុខកាន់តែល្អប្រសើរ។

លោក សារឿន បានមានប្រសាសន៍ថា ដោយសារតម្រូវការខ្ពស់ក្នុងវិស័យអប់រំ ធនាគារពិភពលោក «បានបន្ថែមថវិកា […] ដើម្បីឲ្យរដ្ឋាភិបាលអាចពង្រីក [សកម្មភាព] ដល់សាលារៀនបានច្រើនជាងមុន»។

នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែលទ្ធផលទទួលបាននៅមានកម្រិតទាប និងលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅតែជាបញ្ហាប្រឈមដ៏សំខាន់។

លោកស្រី​និយាយ​បន្ថែម​ទៀត​ថា៖ «ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺ​ដើម្បី​ពង្រឹងថែម​ទៀត​នូវ​កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់​សម្រាប់ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។

លោក ប៉ា ចាន់រឿន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ​ ​បាន​លើក​ឡើង​ថា វិស័យ​អប់រំ​នៅ​កម្ពុជា​ត្រូវ​ការ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ដោយ​លើក​ឡើង​ពី​របាយការណ៍​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ​របស់​ធនាគារ​ពិភពលោក​នៅ​ដើម​ឆ្នាំ​នេះ។

លោក ចាន់រឿន បានប្រាប់ខេមបូចាថា៖«ដូច្នេះ កម្ចីនេះនឹងអាចចូលរួមចំណែកនៅក្នុងការពង្រឹងក៏ដូចជាអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងបានមួយកម្រិត ។ ប៉ុន្តែទោះជាយ៉ាងណា បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកហ្នឹងបញ្ជាក់ថា កម្ពុជាកន្លងមកចាយលើវិស័យអប់រំច្រើន ប៉ុន្តែទទួលបានលទ្ធផលតិច» ដោយ​លោក​បាន​​បន្ថែមថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ចំណាយប្រាក់កម្ចីនេះឱ្យបានត្រឹមត្រូវ។

ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោកស្រី អ៊ុក ឆាយាវី មានប្រសាសន៍ថា ប្រាក់កម្ចីរបស់ធនាគារពិភពលោក «មិនមានប្រសិទ្ធភាពខ្លាំងទេ» ព្រោះវា «មិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាក់ស្តែងនោះទេ ប៉ុន្តែលើអ្វីដែលមិនសូវសំខាន់»។

លោកស្រី​បាន​បន្ថែម​ថា​៖ «​ចង់​ឱ្យអាលុយកម្ចីប្រព័ន្ធអប់រំហ្នឹង​ធ្វើម៉េចឱ្យអ្នកដែលទទួល [​ផលប្រយោជន៍​] គឺសិក្សានុសិស្សពិតប្រាកដ»​។

លោក ស្មាន សំកុ នាយកសាលាបឋមសិក្សាគោកធ្លក ក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់ខេមបូចាថា ប្រាក់កម្ចីរបស់ធនាគារពិភពលោកគឺល្អ ដោយសារសាលារបស់លោកទទួលបានសម្ភារៈសិក្សា ដូចជាសៀវភៅ និងប៊ិចជាដើម។ ទន្ទឹមនឹងនោះ ក៏មានការលំបាកខ្លះៗផងដែរ ដោយសារថ្នាក់នីមួយៗមានសិស្សច្រើន ដែលធ្វើ​ឲ្យការយកចិត្ត​ទុកដាក់​របស់គ្រូបង្រៀនលើពួកគេ​មាន​កម្រិត។

លោក សំកុ ដែល​បង្រៀន​ថ្នាក់​ទី​៣ និង​ទី​៤ បាន​និយាយ​ថា​៖ «បាទព្រោះនែ​សិស្ស​ច្រើនទៅ គ្រូ​មិន​អាច​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ពេញលេញនោះទេ […] យកចិត្តទុកដាក់ដែរតែវាច្រើន បើយើងបង្រៀន [យឺតៗម្តងម្នាក់] មិនអាចចប់កម្មវិធីសិក្សា»។

លោកស្រី ឃួន វិច្ឆិកា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​អាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយបានទេ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Extends $79.5M to Improve Education Quality And Access in Cambodia

560 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម