ខណៈដែលឆ្នាំ២០២៤ចាប់ផ្ដើម ប្រទេសកម្ពុជាប្រឈមមុខនឹងដំណើរយឺតយ៉ាវផ្នែកសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់គោលដៅរបស់ប្រទេសដើម្បីក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ការរីកចម្រើននៅក្នុងវិស័យបរិយាកាសអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា គឺត្រូវការជាចាំបាច់ដើម្បីប្រទេសនេះឈានទៅដល់ការសម្រេចគោលដៅខាងលើនេះបាន។ នេះបើយោងតាមការវិភាគសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (World Bank)។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីទិសដៅរបស់ប្រទេសក្នុងការក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដោយផ្អែកលើចំណាត់ថ្នាក់របស់ធនាគារពិភពលោក ចាប់តាំងពីលោកចូលកាន់តំណែងភ្លាមៗមកម្ល៉េះ ។ លោកបានអះអាងថា រដ្ឋាភិបាល«ប្រកាន់ខ្ជាប់ឥតងាករេនូវការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីសម្រេចបំណងប្រាថ្នាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០» នៅពេលលោកថ្លែងទៅកាន់សន្និសីទមួយកាលពីខែវិច្ឆិកា ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា (CDRI) ។
ប៉ុន្តែ ធនាគារពិភពលោកបានព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៣ នៅអត្រាកំណើន ៥,៤% ដែលទាបជាងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧,២% ដែលប្រទេសនេះសម្រេចបានក្នុងអំឡុងពេល១០ឆ្នាំនៅមុនការផ្ទុះជំងឺឆ្លងកូវីដ១៩ ។ ខណៈដែលកម្ពុជាបានកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ខ្លួន ប្រជាជនពាក់កណ្ដាលប្រទេសនៅតែរស់នៅដោយពឹងផ្អែកលើចំណូលប្រចាំថ្ងៃ ៤,១៥ដុល្លារ ឬតិចជាងនេះនៅឡើយ ។ សេដ្ឋវិទូរបស់ធនាគារពិភពលោក Faya Hayati និង Sebastian Eckardt បានបញ្ជាក់នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីខែធ្នូរបស់ពួកគេថា កំណើនខ្ពស់ជាងនេះអាចនឹងសម្រេចបាន ប្រសិនបើប្រទេសកម្ពុជាផ្ដល់អាទិភាពទៅលើការកែទម្រង់នៅក្នុងវិស័យសំខាន់ៗ ។
កែលម្អបរិយាកាសអាជីវកម្ម
ក្រុមហ៊ុនអាជីវកម្មប្រឈមនឹងបញ្ហាចំណាយថ្លៃដើមខ្ពស់នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងលក្ខខណ្ឌតម្រូវស្មុគស្មាញបែបការិយាធិបតេយ្យពាក់ព័ន្ធនឹងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសនេះ ក្នុងនោះរាប់បញ្ចូលទាំងបញ្ហាអាជ្ញាប័ណ្ណនិងលិខិតអនុញ្ញាតនានា ផងដែរ ។ សហគ្រាសធុនតូចនិងមធ្យម (SMEs) ជួបការលំបាកនៅក្នុងការទទួលបានមូលនិធិដើម្បីជំរុញកំណើនរបស់អាជីវកម្មខ្លួន ហើយគេត្រូវការចាំបាច់នូវការប្រកួតប្រជែងបន្ថែមទៀតដើម្បីកែលម្អិបរិយាកាសអាជីវកម្ម ។ នេះបើតាមអ្វីដែលសេដ្ឋវិទូធនាគារពិភពលោកបានសរសេរនៅក្នុងការចុះផ្សាយរបស់ខ្លួន ។
លោកស្រី លឹម វិរិយ៉ា សហស្ថាបនិកនៃក្រុមហ៊ុនផលិតចំណីអាហារ ឈ្មោះ LM. LIMA Angkor Food បាននិយាយថា បញ្ហាសម្រាប់ម្ចាស់អាជីវកម្មនៅកម្ពុជាបានកើតមានឡើងតាំងពីមុនការផ្ទុះជំងឺរាតត្បាតមកម្ល៉េះ ពោលគឺបញ្ហាអំពើពុករលួយ ។
លោកស្រីនិយាយយ៉ាងដូច្នេះថា៖ «អំពើពុករលួយនៅក្នុងប្រព័ន្ធគឺពិបាកដោះស្រាយ ដែលធ្វើឱ្យប្រជាជនខ្លាចរអាក្នុងការធ្វើអាជីវកម្ម ដោយសារតែ[ពួកគេមើលឃើញ]ម្ចាស់អាជីវកម្មផ្សេងទៀតបិទអាជីវកម្មរបស់ខ្លួន និងខាតបង់ប្រាក់ដោយសារតែភាពអយុត្តិធម៌នៅក្នុងវិស័យអាជីវកម្ម» ។
ក្រៅពីអំពើពុករលួយដែលលោកស្រីបានមើលឃើញអាជីវកម្មជាច្រើនបានប្រព្រឹត្តឡើងទៅដោយធ្វើយ៉ាងណាដើម្បីឱ្យដំណើរទៅមុខ ដោយលោកស្រីបាននិយាយថា ពួកគេត្រូវការបង់ពន្ធចាំបាច់គ្រប់បែបយ៉ាង និងការធ្វើតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋាភិបាលដែលជាការលំបាកចំពោះម្ចាស់អាជីវកម្មតូចៗ ។
លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បាននិយាយថា ក្រសួងបានធ្វើការងារដើម្បីជំរុញគោលនយោបាយដែលជួយដល់ SMEs ឱ្យកាន់តែមានភាពប្រកួតប្រជែងដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ។
លោកនិយាយថា៖ «SMEs ទាំងអស់សុទ្ធតែមានភាពប្រឈមធំៗទាក់ទិនទៅនឹងការចូលទៅដល់ទីផ្សារ លទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងព័ត៌មាន ។ ប៉ុន្តែ រដ្ឋាភិបាលបានដឹងរួចហើយពីបញ្ហាទាំងអស់នេះ និងបានយកចិត្តទុកដាក់ក្នុងការធ្វើកែសម្រួលជាបន្តបន្ទាប់» ។
លោកបានលើកឡើងអំពីការរៀបចំបង្កើតគេហទំព័រ KhmerSME កាលពីឆ្នាំ២០២១ ជាវិធានការមួយដែលផ្ដល់ផលប្រយោជន៍ដល់អាជីវកម្មធុនតូច ដោយលោកបន្ថែមថា រដ្ឋាភិបាលជួយភ្ជាប់ទំនាក់ទំនងពីអាជីវកម្មធុនតូចទៅកាន់ធនាគារ ដែលអាចផ្ដល់កម្ចីដើម្បីបង្កើនហិរញ្ញប្បទាន ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានសហគ្រាសផលិតធុនតូចនិងមធ្យមចំនួន ៤៤.៦២៨សហគ្រាស ដែលបានចុះបញ្ជីជាមួយ MISTI ដែលចំនួននេះកើនឡើងតែ ១,៥% ប៉ុណ្ណោះបើធៀបនឹងតួលេខឆ្នាំ២០២២ ដែលចុះផ្សាយកាលពីខែមីនាកន្លងទៅ ។
បច្ចុប្បន្នភាពទៅលើហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទិក (Logistics)
ហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទិកប្រសើរជាងមុន គឺសំខាន់ណាស់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដូចដែលត្រូវបានគូសបញ្ជាក់នៅក្នុងការចុះផ្សាយរបស់ធនាគារពិភពលោក ។ ហិរញ្ញប្បទានច្រើនថែមទៀតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគឺជាការចាំបាច់ដើម្បីកែលម្អការតភ្ជាប់តាមផ្លូវដែក ផ្លូវគោក និងផ្លូវទឹក ដែលតភ្ជាប់គ្នារវាងប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បាននិយាយថា វិស័យដឹកជញ្ជូនសំខាន់ចាំបាច់ចំពោះការនាំចេញនិងការនាំចូលនៅក្នុងប្រទេស ហើយលោកសង្ឃឹមថា ផែនការមេវិស័យភ័ស្ដុភារកម្មរបស់រដ្ឋាភិបាលនឹងធ្វើឱ្យប្រសើរឡើងនូវកំពង់ផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះ និងផ្លូវជាតិ ។
លោកនិយាយថា៖ «នៅកម្ពុជា យើងនៅតែត្រូវការចាំបាច់[នូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ]នានា ដើម្បីតភ្ជាប់តំបន់សក្ដានុពលទាំងឡាយទៅកាន់កំពង់ផែ ព្រលានយន្តហោះ និងមជ្ឈមណ្ឌល
ភ័ស្ដុភារ »។ លោកបានបន្ថែមថា៖ «រដ្ឋាភិបាលបានរៀបចំរួចរាល់ហើយនូវផែនការមេវិស័យភ័ស្តុភារកម្ម ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេនៅពេលនេះ ហើយកង្វះហេដ្ឋារចនាសម្ព័ន្ធបណ្ដាលឱ្យថ្លៃដើមឡើងខ្ពស់ បើធៀបនឹងប្រទេសជិតខាង» ។
សេដ្ឋវិទូរបស់ធនាគារពិភពលោក បានសង្កត់ធ្ងន់ថា ការរៀបចំក្រុងត្រូវតែពង្រឹងនៅក្នុងប្រទេស ក្នុងនោះរាប់បញ្ចូលទាំងការកែលម្អសេវាជាមូលដ្ឋាន ដូចជា ទឹក អនាម័យ ការគ្រប់គ្រងសំណល់ ភ្លើង និងទូរគមនាគមន៍។
លោក សែស អរុណសក្ដា ដែលជាអ្នកស្រាវជ្រាវមួយរូបនៅឯស្ថាប័នស្រាវជ្រាវមួយ ឈ្មោះ វេទិកាអនាគត បាននិយាយថា ការអភិវឌ្ឍក្រុងដែលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នឹងទាក់ទាញកំណើនសេដ្ឋកិច្ច ។
លោកនិយាយយ៉ាងដូច្នេះថា៖ «ជាជាងចាំគិតនៅពេលក្រោយ ទីក្រុងមួយដែលសាងសង់បានល្អគួរតែត្រូវបានគេចាត់ទុកថាជាបុរេលក្ខខណ្ឌ ឬជាផ្លូវមួយដើម្បីទាក់ទាញប្រជាជន ធនធានមនុស្សដែលមានទេពកោសល្យ និងកំណើនសេដ្ឋកិច្ច ។ ការអភិវឌ្ឍឆាប់រហ័សក៏ត្រូវតែអមទៅដោយការបង្កើនកម្រិតនៃភាពងាយស្រួលរស់នៅ ផងដែរ» ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ ។
កម្លាំងពលកម្មនិងការអភិវឌ្ឍជំនាញ
សេដ្ឋវិទូបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវតែដោះស្រាយបញ្ហាកង្វះជំនាញនៅក្នុងកម្លាំងពលកម្មរបស់ខ្លួន ដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវកំណើនផលិតភាពការងារក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។ កុមារដែលកើតនៅពេលបច្ចុប្បន្ន នឹងទំនងជាសម្រេចបានតែពាក់កណ្ដាលប៉ុណ្ណោះនៃ
ផលិតភាពការងារសក្ដានុពលពេញមួយជីវិត ទោះបីពួកគេមានការអប់រំនិងការថែទាំសុខភាពគ្រប់គ្រាន់ក្ដី ។
កុមារកម្ពុជាតិចតួចកំពុងចូលរួមនៅក្នុងកម្មវិធីអប់រំកុមារតូច ដែលនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ពួកគេ និងកាត់បន្ថយលទ្ធភាពរបស់ឪពុកម្ដាយក្នុងការវិលត្រឡប់ទៅធ្វើការងារវិញ ។ សាលារៀននានាកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះនូវលទ្ធផលសិក្សារបស់សិស្ស និងអត្រាបោះបង់ការសិក្សាខ្ពស់ ក្នុងនោះកុមារដែលរស់នៅក្នុងភាពក្រីក្រទទួលរងផលប៉ះពាល់ខ្លាំងបំផុត ។ ការផ្ដល់រង្វាន់លើកទឹកចិត្ត ដូចជា ការឧបត្ថម្ភសាច់ប្រាក់អាចនឹងចាំបាច់ដើម្បីជួយដល់កុមារមកពីគ្រួសារក្រីក្រឱ្យទៅរៀននិងកុំឱ្យបោះបង់ការសិក្សា ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បាននិយាយថា រដ្ឋាភិបាលបានចាប់ផ្ដើមចាត់វិធានការដើម្បីដោះស្រាយបញ្ហាកង្វះជំនាញ ដោយមានផែនការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាជនវ័យក្មេង ១,៥លាននាក់ ។
លោកនិយាយយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីធានាថា
កម្ពុជាក្លាយជាប្រទេសឧស្សាហកម្មកម្រិតមធ្យមនិងកម្រិតខ្ពស់ ដែលទាមទារនូវកម្មករដែលមានជំនាញ ។ យើងកំពុងខិតខំបណ្ដុះបណ្ដាលកម្មករដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ» ។
សេដ្ឋវិទូធនាគារពិភពលោកអះអាងថា ប្រសិនបើកម្ពុជាអនុវត្ត«គោលនយោបាយផលិតភាពខ្ពស់ កំណែទម្រង់រចនាសម្ព័ន្ធដ៏ក្លាហាន ការវិនិយោគប្រកបដោយគុណភាពទៅលើហេដ្ឋារចនាសម្ព័ន្ធ និងមូលធនមនុស្ស ព្រមទាំងគោលនយោបាយអភិវឌ្ឍទីក្រុងឆ្លាតវៃទៅតាមស្ថានភាពអាកាសធាតុ» ប្រទេសនេះអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ខណៈដែលខ្លួនធ្វើការឆ្ពោះទៅរកការសម្រេចគោលដៅឆ្នាំ២០៣០របស់ខ្លួន ។
ឆ្លើយតបចំពោះការវិភាគនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ ខេមបូចា ព័ត៌មាន ថា រដ្ឋាភិបាលបានអនុវត្តរួចមកហើយនូវអាទិភាពសំខាន់ៗទាំងនេះ ដោយគាំទ្រច្បាប់ដើម្បីកែលម្អ
វិនិយោគទុន ភ័ស្ដុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ។
លោកបាននិយាយថា «ទោះបី[របាយការណ៍ធនាគារពិភពលោក]មិនបង្ហាញការអនុវត្តសំខាន់ៗទាំងនេះក៏ដោយ ក៏រដ្ឋាភិបាលបាននឹងកំពុងអនុវត្តអាទិភាពទាំងនេះរួចស្រេចទៅហើយ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank: Key Reforms Needed for Cambodia to Become Upper-Middle Income Country