កុមារកម្ពុជាជាង១,៧លាននាក់ ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងកែលម្អការអប់រំមូលដ្ឋានដែលទើបអនុម័តថ្មីរបស់ធនាគារពិភពលោក ដែលជាគំនិតផ្តួចផ្តើមក្នុងរង្វង់ទឹកប្រាក់ចំនួន ១០៥លានដុល្លារ ក្នុងគោលបំណងពង្រីកសេវាថែទាំកុមារ និងមត្តេយ្យសិក្សា ការកែលម្អគុណភាពបង្រៀន និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀនដើម្បីពង្រឹងការរៀនសូត្រជាមូលដ្ឋាននៅទូទាំងប្រទេស។
យោងតាមធនាគារពិភពលោក គម្រោងនេះនឹងអនុញ្ញាតឱ្យកុមារតូចៗមានលទ្ធភាពទទួលបានការថែទាំ និងការអប់រំ តាមរយៈការកសាងមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ថ្នាក់ ដែលអាចគាំទ្រកុមាររហូតដល់ ២២០០ នាក់ដែលមានអាយុចាប់ពី២ឆ្នាំឡើងទៅ និងកុមារ ៥០ ០០០នាក់ ដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ។
គ្រូបង្រៀនប្រមាណ ៣៧ ០០០ នាក់ នឹងត្រូវបានបណ្ដុះបណ្ដាល ក៏ដូចជាណែនាំពីគោលការណ៍មួយចំនួនសម្រាប់បំប៉នសិស្សខ្សោយ ដោយនឹងធ្វើការពង្រីកកម្មវិធីអាន និងគណិតវិទ្យាកម្រិតដំបូងទូទាំងប្រទេស។ ជាមួយគ្នា គម្រោងនេះធ្វើឡើងដើម្បី «បន្ធូរបន្ថយភាពចង្អៀតណែន» និងកែលម្អបរិក្ខារសាលា ដោយនឹងសាងសង់ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងផ្តល់បង្គន់អនាម័យ និងកន្លែងលាងដៃដាច់ដោយឡែកពីគ្នារវាងសិស្សស្រីប្រុស។
នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tania Meyer បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជាគឺអាស្រ័យលើភាពរឹងមាំនៃធនធានមនុស្សរបស់ខ្លួន។ អ្នកស្រីបញ្ជាក់ថាគម្រោងនេះនឹងជួយកុមារឱ្យទទួលបាន ជំនាញជាមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងសាលារៀន និងក្នុងអាជីពនាពេលអនាគតរបស់ពួកគេ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធអប់រំដែលរឹងមាំ និងធន់ជាងមុននឹងរៀបចំឱ្យមានឱកាសការងារសម្រាប់កុមារកម្ពុជានៅថ្ងៃស្អែក។
ទោះបីជាប្រទេសកម្ពុជាបានបោះជំហានទៅមុខក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក៏ដោយ ការវាយតម្លៃបង្ហាញថា កុមារជាច្រើនមិនទទួលបានចំណេះដឹងជាមូលដ្ឋាន និងជំនាញគិតលេខ ដែលត្រូវការសម្រាប់ការបន្តការសិក្សា ឬការងារដែលមានជំនាញខ្ពស់។ លោកស្រីបានបញ្ជាក់ថា៖ «គម្រោងកែលម្អការអប់រំជាមូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈសកម្មភាពផ្អែកលើភស្តុតាងដែលធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សា»។
ប្រទេសកម្ពុជាមានសាលារៀនសរុបចំនួន ១៩៥៩១ ក្នុងនោះរួមមាន សាលារដ្ឋចំនួន ១៣៩៤៨ សាលាឯកជនចំនួន ២ ២៩៥ និងសាលាសហគមន៍ និងមត្តេយ្យចំនួន ៣ ៣៤៨ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
លោក ឈឿន ថេប ជាគ្រូបង្រៀនសិស្សថ្នាក់ទី៣នៃសាលាបឋមសិក្សាដូនសុខ ខេត្តសៀមរាប បានប្រាប់សារព័ត៌មានខេមបូចា ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ លោកបានបង្រៀនសិស្សចំនួន ២៦នាក់ ក្នុងនោះស្រី ១៦ នាក់។ ទាក់ទងនឹងការខ្វះខាតក្នុងសាលា លោកបានចង្អុលបង្ហាញថា មានអគារសិក្សាមួយដែលកំពុងត្រូវបានសាងសង់ដោយមានតែដំបូល និងគ្មានជញ្ជាំង។ កង្វះខាតសំខាន់មួយទៀតគឺទឹកស្អាតសម្រាប់សិស្ស។
លោកបន្តថា គម្រោងរបស់ធនាគារពិភពលោកនឹងលើកកម្ពស់ការអប់រំនៅតំបន់ជនបទ ដូច្នេះប្រជាពលរដ្ឋឱ្យតម្លៃលើការអប់រំ ហើយនឹងនាំឱ្យអត្រាបោះបង់ការសិក្សា និងអវត្តមានតិចជាងមុន។
លោក ថេប បានមានប្រសាសន៍ថា៖ «ទាក់ទងនឹងការបង្រៀន យើងនៅតែមានបុគ្គលិកជាប់កិច្ចសន្យាដែលមិនទាន់បានទទួលការបណ្តុះបណ្តាល ហើយត្រូវការការបណ្តុះបណ្តាលបន្ថែមសម្រាប់ឆ្នាំសិក្សាថ្មី ដូច្នេះខ្ញុំសង្ឃឹមថាគម្រោងនេះនឹងជួយលើកកម្ពស់ការអប់រំ»។
លោក ស៊ិន សេត នាយកសាលាបឋមសិក្សាធ្លកត្រាំកង ស្ថិតនៅស្រុកស្រីស្នំ ខេត្តសៀមរាប មានប្រសាសន៍ថា សាលារបស់លោកមានសិស្សសរុបចំនួន ២៧៧ នាក់ ប៉ុន្តែនៅខ្វះបន្ទប់រៀនចំនួន ៩ និងទីធ្លាសម្រាប់រត់លេង។ លោកបន្តថា មានតែថ្នាក់រៀនចំនួនបួនប៉ុណ្ណោះដែលបំពេញតាមស្តង់ដារមូលដ្ឋាន ខណៈពេលដែលបន្ទប់ផ្សេងទៀតមិនទាន់ក្រាលឥដ្ឋ គ្រឿងសង្ហារឹមខូច ជញ្ជាំងនិងដំបូលមិនពេញលេញ។
លោកនិយាយថា៖ «ខ្ញុំចង់បានបន្ទប់រៀនសម្រាប់សិស្ស ព្រោះរាល់ថ្ងៃមានតែបួនបន្ទប់ទេដែលមានស្តង់ដារ។ បន្ទប់ផ្សេងទៀត អត់មានកម្រាលអីទេ ពួកគេត្រូវរៀនផ្ទាល់លើដី។ រីឯ តុ កៅអីខូច អត់មានជញ្ជាំង និងដំបូល។ ជញ្ជាំងក៏មិនមានការការពារសម្លេងដែរ ហេតុនេះហើយបានជាខ្ញុំចង់បានបន្ទប់រៀនត្រឹមត្រូវ»។
លោកបានព្រមានថា បើគ្មានការកែលម្អជាបន្ទាន់ លក្ខខណ្ឌសិក្សាខ្សោយអាចជំរុញឱ្យមានអត្រាបោះបង់ការសិក្សាក្នុងឆ្នាំ ២០២៥។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការដោយផ្តោតលើសិស្សថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា។ ក្រសួងរំពឹងថា លោកគ្រូ អ្នកគ្រូ នឹងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ លើមុខវិជ្ជាអំណាន និងគណិតវិទ្យា ដើម្បីឱ្យកុមារតូចៗ មានមូលដ្ឋានគ្រឹះរឹងមាំ មុនពេលពួកគេចូលរៀនថ្នាក់បន្ទាប់។ ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម ឬខេត្តដែលគម្រោងនឹងត្រូវអនុវត្តនោះទេ។
លោកស្រី វិច្ឆិកា បានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងគាំទ្រដល់កុមារនៅកម្រិតមត្តេយ្យសិក្សា ក្រៅពីផ្តល់ការគាំទ្រដល់ជំនាញទន់ និងរឹង ជាពិសេសការសាងសង់មណ្ឌលសុខភាពកុមារសាធារណៈ ការជួសជុល និងសាងសង់បន្ទប់រៀនមត្តេយ្យថ្មី»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ជឿជាក់ថា ធនាគារពិភពលោកបានចូលរួមចំណែកយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។ លោកស្រីបន្តថា ដូច្នេះដើម្បីលើកកម្ពស់គុណភាពសិស្សនៅតំបន់ដាច់ស្រយាល សាលារដ្ឋត្រូវពង្រឹងគុណភាព តម្លាភាព និងមានអគារសិក្សាត្រឹមត្រូវ និងគ្រូដែលសមត្ថភាពពេញលេញ ជៀសវាងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យា។
លោកស្រីបន្ថែមថា៖ «ចំណុចមួយ ខ្ញុំឃើញថា ការអប់រំនៅកម្ពុជាកំពុងដើរថយក្រោយ មិនទាន់បានល្អប្រសើរនៅឡើយទេ។ ដំណឹងល្អគឺថា ក្នុងយុគសម័យបច្ចេកវិទ្យាថ្មីនេះ សិស្សកំពុងសិក្សាតាមបច្ចេកវិទ្យា ប៉ុន្តែវាជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារក្រីក្រមួយចំនួន ដែលមិនមានលទ្ធភាពទិញទូរសព្ទសម្រាប់កូនៗ»។
ក្នុងឆ្នាំ ២០២១ អង្គការមិនរកប្រាក់ចំណេញអន្តរជាតិភាពជាដៃគូថវិកាអន្តរជាតិ បានចាត់ចំណាត់ថ្នាក់តម្លាភាពរបស់ប្រទេសកម្ពុជា ៣៣ ក្នុងចំណោម ១០០ នៅក្នុងការស្ទង់មតិថវិកាបើកចំហរបស់ពួកគេ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ មានប្រសាសន៍ថា ការទទួលបានជំនួយតាមរយៈគម្រោងនេះ គឺជាដំណឹងល្អសម្រាប់កម្ពុជា ហើយលោកសង្ឃឹមថា ក្រសួងនឹងប្រើប្រាស់ថវិកាបានត្រឹមត្រូវ មានន័យថា វានឹងទៅដល់សិស្សសាលាបឋមសិក្សានៅកម្ពុជាគ្រប់រូប។
លើសពីនេះ លោកថាការសាងសង់សាលារៀនបន្ថែមនឹងជួយកាត់បន្ថយការខ្វះខាតថ្នាក់រៀន ជាពិសេសនៅតាមតំបន់ជនបទ ដែលតែងតែមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។
លោក សុជាតិ បានមានប្រសាសន៍ថា៖ «ក្រសួងគួរតែលើកទឹកចិត្តគ្រូបង្រៀន និងលើកកម្ពស់គុណភាព ព្រោះមានតែគ្រូមានគុណភាពទេ ទើបអាចបង្កើតសិស្សប្រកបដោយគុណភាព ដែលអាចរៀនចប់វិទ្យាល័យបាន។ លើសពីនេះ ចាំបាច់ត្រូវរៀបចំប្រព័ន្ធធានាអនាម័យ និងសុវត្ថិភាពដល់កុមារផងដែរ»។
ផ្អែកលើបទពិសោធន៍ ការប្រើប្រាស់ជំនួយមិនមានតម្លាភាព។ លោក សុជាតិ រំពឹងថា ក្រសួងគួរកាត់បន្ថយចំណុចកណ្តាលដែលនាំឱ្យមានអំពើពុករលួយ និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
លោកក៏បានជំរុញឱ្យពួកគេធ្វើការស៊ើបអង្កេតឱ្យបានទៀងទាត់ ដើម្បីធានាបាននូវសុចរិតភាព តម្លាភាព និងការប្រើប្រាស់មូលនិធិសម្រាប់គោលបំណងដែលបានគ្រោងទុក ដោយមិនមានការបែងចែកណាមួយដែលនាំឱ្យបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ និងម្ចាស់ជំនួយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Okays $105M Project to Enhance Education, Build 900 New Classrooms to Ease Overcrowding in Cambodia










