ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅខណ្ឌដង្កោ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះបន្ទាប់ពីទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្ពស់។ អាជ្ញាធរក៏បានឲ្យដឹងដែរថាទំនប់៧មករា នៅភាគខាងត្បូងរាជធានីភ្នំពេញ ក៏មានលេចធ្លាយបន្ទាប់ពីរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង។
បើតាមសេចក្ដីជូនដំណឹងពីស្ថានភាពអាសន្នលើបញ្ហាទឹកជំនន់របស់មន្ទីរសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៧ ខែតុលា បានឲ្យដឹងថាប្រជាពលរដ្ឋនៅសង្កាត់គង់នយ ទៀន ស្ពានថ្ម ព្រែកកំពឹស និងរលួស ក្នុងខណ្ឌដង្កោ ត្រូវអាជ្ញាធរស្នើឲ្យជម្លៀសចេញពីលំនៅដ្ឋាន និងស្វែងរកកន្លែងសុវត្ថិភាពបន្ទាន់។
លោក វី ជីម វ័យ ៦៦ឆ្នាំ រស់នៅភូមិសេរីសម្បត្តិ ក្នុងសង្កាត់គង់នយ បានចាកចេញពីផ្ទះបន្ទាប់ពីទឹកជំនន់មកដល់។ លោក ជីម ឲ្យដឹងថាទឹកចាប់ផ្ដើមឡើងអំឡុងថ្ងៃទី២០ ខែតុលា បង្ខំឲ្យលោកត្រូវស្វែងរកកន្លែងស្នាក់នៅផ្សេង បន្ទាប់ពីទឹកបានជន់លិចផ្ទះលោកជាងបួនម៉ែត្រ។
លោកបន្ថែមថា៖ «ឆ្នាំនេះទឹកឡើងលឿន ធ្វើឲ្យយើងពិបាកយកអីវ៉ាន់ចេញបានទាន់ពេល…សម្លៀកបំពាក់ គ្រែ សាឡុង ក៏ដូចជាសត្វចិញ្ចឹមត្រូវទុកចោល យើងគ្រាន់តែអាចយករួចខ្លួនពេលទឹកកំពុងឡើង»។
វាជារឿងពិបាកមួយដែលលោកត្រូវមករស់នៅលើទីតាំងបណ្ដោះអាសន្នមួយ គ្មានទាំងទឹកស្អាត ឬបង្គន់អនាម័យ តែលោកថាគ្មានជម្រើសផ្សេងទេ ខណៈទឹកកំពុងតែបន្តឡើង។
អ្នកស្រី គុណ សោភា វ័យ ៣០ឆ្នាំ រស់នៅតាមបណ្ដោយស្ទឹងព្រែកជ្រៃ ក្នុងខណ្ឌដង្កោ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកស្រីថា ទឹកបានលិចជុំវិញផ្ទះអស់ហើយ។
អ្នកស្រីលើកឡើងថា៖ «វាជាការលំបាកមួយសម្រាប់យើងក្នុងការរស់នៅ ខណៈទឹកនៅតែបន្តឡើង» ដោយបន្ថែមថា៖ «ផ្ទះរបស់ខ្ញុំឥឡូវនេះទឹកព័ន្ធជុំវិញអស់ហើយ។ វាពិបាក គ្មានបង្គន់ប្រើប្រាស់ ព្រោះទឹកលិចអស់ហើយ។ អ្វីដែលសំខាន់ជាងនេះ ខ្ញុំបារម្ភសត្វមានពិស និងសុវត្ថិភាពកូនៗទាំងពីររបស់ខ្ញុំ ពួកគេអាយុមិនទាន់បានប្រាំឆ្នាំផង»។
អ្នកស្រីបន្តថា៖ «ខ្ញុំកំពុងរស់នៅដោយពិបាកចិត្ត ហើយខ្ញុំចង់ផ្លាស់ទៅរស់នៅកន្លែងផ្សេងមួយរយៈទម្រាំអ្វីៗវិលមករកសភាពដើមវិញ…ប៉ុន្តែដោយសារតែមិនមានប្រាក់ ខ្ញុំមិនអាចទៅណាបាន ខ្ញុំត្រូវរស់នៅទីនេះបន្តទៀត»។

អ្នកស្រី ភូម អឿន វ័យ ៥៩ឆ្នាំ រស់នៅជិតស្ពានព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ឲ្យដឹងដែរថា អ្នកស្រីបារម្ភថាផ្ទះនឹងអាចដួលរលំ បើសិនជាទឹកនៅតែបន្តឡើងថែមទៀត។
អ្នកស្រីបន្ថែមថា៖ «វាជាកង្វល់ធំបំផុតសម្រាប់ខ្ញុំបើទឹកនៅតែបន្តឡើង…ខ្ញុំបារម្ភថាវាអាចធ្វើឲ្យរលំផ្ទះខ្ញុំ ព្រោះវានៅជិតស្ទឹង»។
ចៅសង្កាត់គង់នយ លោក អ៊ុន សុខរុំ ប្រាប់ខេមបូចា ថាប្រជាពលរដ្ឋសរុប ៤៧៣គ្រួសារ ឬស្មើនឹងមនុស្ស ២ ១៦២នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ គិតត្រឹមថ្ងៃទី២៦ ខែតុលា។
លោកឲ្យដឹងទៀតថា ភូមិធំៗចំនួនបួនក្នុងសង្កាត់នេះបានរងការជន់លិចដោយសារទឹកជំនន់ ក្នុងនោះប្រជាពលរដ្ឋចំនួន ១១គ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋទាំងនេះតែងតែរងគ្រោះដោយសារទឹកជំនន់ ព្រោះទីតាំងនៅជិតស្ទឹងព្រែកត្នោត…ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងរងផលប៉ះពាល់ខ្លាំង ហើយឆ្នាំនេះទឹកហាក់ដូចជាហក់ឡើងខ្លាំងជាងរាល់ដង និងអាចបង្កការលំបាកច្រើនដល់ប្រជាពលរដ្ឋរស់នៅទីនេះ»។
លោកសុខរុំ ឲ្យដឹងទៀតថា ក្នុងចំណោមប្រជាពលរដ្ឋ ៤៧៣គ្រួសារដែលរងផលប៉ះពាល់ មានប្រហែល ២០០គ្រួសារទំនងជារងការប៉ះពាល់ខ្លាំងជាងគេដោយសារទឹកជំនន់ និងមានដីស្រែ៩៧០ហិកតាត្រូវជន់លិច។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់ខេមបូចា ថាដោយសារតែមានលេចធ្លាយនៅទំនប់៧មករា បានធ្វើឲ្យសង្កាត់ទៀន និងស្ពានថ្ម រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់។
លោកបន្ថែមថា៖ «ដោយសារតែមានការលេចធ្លាយទំនប់៧មករា កាលពីយប់មិញ [ថ្ងៃពុធ] ទឹកបានហូរធ្លាក់ទៅយ៉ាងខ្លាំង និងបានជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយមាត់ស្ទឹង ជាពិសេសនៅសង្កាត់ស្ពានថ្ម និងសង្កាត់ទៀន»។
ចាប់ពីថ្ងៃទី២៥ ខែតុលា មក អាជ្ញាធរបានសម្រេចចិត្តបិទចរាចរណ៍រថយន្តធន់ធំជាបណ្ដោះអាសន្នលើផ្លូវលេខ២០អា និងលេខ១០៤ ពីរង្វង់មូលកួរស្រូវ ទៅដល់ផ្សារកន្ទួត ដោយសារតែកម្រិតទឹកឡើងខ្ពស់។
លោក មាសភក្ដី ឲ្យដឹងទៀតថា៖ «វាពិតជាគួរឲ្យបារម្ភ ពីព្រោះវាជាគ្រោះធម្មជាតិ យើងមិនអាចវាយតម្លៃផលប៉ះពាល់បាន១០០ភាគទេ…យើងបានព្យាយាមទប់ស្កាត់ និងដោះស្រាយដោយបេះដូងសម្រាប់ប្រជាពលរដ្ឋ។ យើងនៅបន្តតាមដាន ពីការលេចធ្លាយទំបន់នេះដែរ»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ដោយសារគ្មានភ្លៀងធ្លាក់ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ២សង់ទីម៉ែត្រ ធៀបទៅនឹងម្សិលមិញ។ បើសិនជាគ្មានព្យុះទៀតទេ លោកថា ស្ថានភាពនឹងវិលទៅរកភាពប្រក្រតីឆាប់ៗវិញ។
លោកមានប្រសាសន៍ថា៖ «ទឹកជំនន់បានបំផ្លាញស្រូវអស់៤៥ហិកតា ផ្លូវ ១៤ខ្សែរងកាតខូចខាតដោយកន្លែង និងប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង ជាពិសេសមនុស្សចាស់ និងកូនក្មេង[រងផលប៉ះពាល់]»។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានប្រាប់ខេមបូចា ថាទឹកជំនន់អាចបង្កការខូចខាតរយៈពេលវែង និងខ្លី។ លោកបន្ថែមថា បើសិនជាមិនមានដំណោះស្រាយឲ្យមានប្រសិទ្ធភាពលើបញ្ហាទឹកជំនន់ទេ សុវត្ថិភាពប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនឹងរងហានិភ័យខ្ពស់។
លោកមានប្រសាសន៍ថា៖ «តាមគំនិតផ្ទាល់ខ្លួនខ្ញុំ ភាគីផ្សេងៗរួមទាំងរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល គួរតែរួមគ្នាផ្ដល់ជំនួយបន្ទាន់សម្រាប់អ្នកដែលរងផលប៉ះពាល់ក្នុងគ្រោះទឹកជំនន់នេះ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Worsening floods drive Dangkor residents from their homes