យុវជនខ្មែរមួយចំនួនកំពុងប្តូរផ្នត់គំនិតរៀនជំនាញអគ្គិសនីគ្រឿងអេឡិកត្រូនិច និងមេកានិក ខណៈក្រសួងការងារថា មានយុវជនកំពុងសិក្សាជំនាញបច្ចេកទេសជាង៣ម៉ឺននាក់ក្នុងនោះស្រ្តីមានប្រមាណ៤០ភាគរយ។
របត់នៃការប្តូរផ្នត់គំនិតរបស់ស្រ្តី និងយុវជនជាសិស្សសាលាដែលភាគច្រើនក្រោយបញ្ចប់ថ្នាក់ទី១២[មធ្យមសិក្សាទុតិយភូមិ]បច្ចុប្បន្នកំពុងតម្រង់គោលដៅអាជីពរបស់ខ្លួនទៅតាមទីផ្សារការងារដែលផ្តោតលើជំនាញបច្ចេកទេសជាជាងរៀនមុខវិជ្ជាផ្សេង។
ស្ថិតក្នុងបន្ទប់តូចល្មមដែលនៅលើតុមានដាក់បរិក្ខារ និងឧបករណ៍អគ្គិសនី និងមានស្រ្តីម្នាក់ក្នុងសម្លៀកបំពាក់អាវពណ៌ត្រួយចេកលាយឆ្នូតពណ៌ខ្មៅ និងពាក់មួកឃ្លុបពណ៌ស ដៃស្តាំកំពុងកាន់ប្រដាប់មួលវិសភ្ជាប់ទៅនឹងជញ្ជាំងនិងដៃឆ្វេងកំពុងកាន់ទប់ប្រអប់កុងតាក់ភ្លើង។ នោះជាស្រ្តីឈ្មោះ លាន ចាន់ណាវី សិក្សាជំនាញបច្ចេកទេសផ្នែកតបណ្តាញអគ្គិសនី[ក្នុងអគារ]ក្នុងចំណោមស្រ្តីមួយចំនួនទៀតកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈព្រះកុសមៈនៅក្នុងរាជធានីភ្នំពេញ។
មកពីគ្រួសារដែលមានឪពុកម្តាយជាកសិករផងនោះស្រ្តី លាន ចាន់ណាវី មានបងប្អូនស្រី៣នាក់ ហើយនាងជាកូនច្បងបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិតាំងពីឆ្នាំ២០១៧មក តែនាងមិនមានជំនាញចំណេះអាជីពអ្វីមួយនៅក្នុងខ្លួនឡើយ។ ប៉ុន្តែ ចាន់ណាវី នៅតែស្វែង រកឱកាសដើម្បីរៀនជំនាញបច្ចេកទេសអគ្គិសនីយកជាអាជីពសម្រាប់ចិញ្ចឹមជីវីតទៅអនាគត ខណៈដែលខ្លួនក៏មានស្វាមីហើយដែរ។
ស្ថិតក្នុងវ័យ២៤ឆ្នាំមកពីភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងទឹកមុខញញឹមស្រស់ស្រាយ ចាន់ណាវី ហាក់បង្ហាញពីចំណូលចិត្តខ្លាំងជាមួយនឹងឧបករណ៍អគ្គិសនីដែលមាននៅក្បែរខ្លួន។ លាន ចាន់ណាវី បានប្រាប់ ខេមបូចា ថា មូលហេតុដែលនាងចាប់យកជំនាញបច្ចេកទេសតបណ្តាញអគ្គិសនីក្នុងអគារ ព្រោះនាងមើលឃើញទីផ្សារការងារបច្ចេកទេសមួយចំនួននៅកម្ពុជាមានដំណើរការល្អហើយឱកាសការងារក៏មានច្រើនដែរ។ ម៉្យាងវិញទៀតជំនាញបច្ចេកទេសអគ្គិសនីនេះក៏មិនចាំបាច់តែបុរសទេដែលមានសមត្ថភាពរៀនចេះនោះតែស្រ្តីក៏មានសិទ្ធិ និងមានសមត្ថភាពរៀនអាចធ្វើបានដូចបុរសដែរ។
ចាន់ណាវី ពោលថា៖ «ដំបូងខ្ញុំគិតថា ការងារនេះវាជាការងារបុរសទេ តែដល់ខ្ញុំគិតៗទៅ គឺបុរសនិងស្រ្តីមានសិទ្ធិនិងសមត្ថភាពស្មើគ្នាអ៊ីចឹងយើងអាចរៀនបានដូចគ្នា។ មួយវិញទៀត ខ្ញុំគិតថាឱកាសទីផ្សារការងារសម្រាប់ស្រ្តីមានច្រើនជាងមុនហើយទីផ្សារការងារបច្ចេកទេសទូលំទូលាយនិងឱកាសនៃប្រាក់ចំណូលក៏បានខ្ពស់ជាងមុនដែរ»។
ចាន់ណាវី ត្រូវសិក្សាជំនាញតបណ្តាញអគ្គិសនី១០ខែ និងទើបរៀនបាន៥ខែក្តីតែសម្រាប់នាងដែលកំពុងសិក្សាលើជំនាញនេះវាមិនពិបាកហើយក៏មិនងាយស្រួលដែរតែនាងអាចសម្របខ្លួនបាន។ ប៉ុន្តែយ៉ាងណាក្តី ណាវី ត្រូវខិតខំសិក្សាបន្ថែមទៀតដើម្បីវិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរជាងនេះព្រោះជំនាញអគ្គិសនីជាបំណងនិងជាចំណូលចិត្តរបស់នាងស្រាប់ផង។ ក្រោយពេលរៀនចប់នាពេលខាងមុខ នាងប្រាថ្នាបើកហាងលក់គ្រឿងបរិក្ខារអគ្គិសនីនិងចង់ធ្វើការដូចស្វាមីរបស់នាងជាជាងម៉ៅការតបណ្តាញអគ្គិសនីដែរ។
ចាន់ណាវី បន្ថែមថា៖ «រឿងរៀនជំនាញបច្ចេកទេសនេះកុំឱ្យស្រ្តីមួយចំនួនគិតថាខ្លួនឯងទន់ខ្សោយ។ ព្រោះពីមុនស្រ្តីខ្លួនឯងតែងគិតថាវិលជើងក្រានមិនជុំ។ អ៊ីចឹងកុំឱ្យស្រ្តីមានទស្សនៈបែបហ្នឹងទៀត ហើយស្រ្តីនិងយុវជនគ្រប់រូបខំរៀនឱ្យមានចំណេះជំនាញផ្ទាល់ខ្លួន ដើម្បីងាយស្រួលរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ»។
បច្ចុប្បន្នការសិក្សាជំនាញវិជ្ជាជីវៈបច្ចេកទេសមួយចំនួនកំពុងត្រូវបានចាប់អារម្មណ៍ពីយុវជនជាសិស្ស ឬស្រ្តីកាន់តែទូលំទូលាយរហូតមានទាំងនិស្សិតទៅសិក្សានៅបរទេសទៀងផង។ ដូចជាយុវតី ផុន សុផាត់សា ដែលមានវ័យ២០ឆ្នាំជានិស្សិតអាហារូបករណ៍ម្នាក់ដែលបានទៅសិក្សានៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ជំនាញ[វិស្វកម្មអគ្គិសនី]បានប្រាប់តាមសារអេឡិចត្រូនិកថាកញ្ញាបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៣។ បន្ទាប់ពីកញ្ញាប្រឡងជាប់ហើយក៏ស្រាវជ្រាវតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ឃើញព័ត៌មានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សាជំនាញអគ្គិសនី ផ្នែក[វិស្វកម្មអគ្គិសនី]។
កញ្ញាបន្តថា ក្រោយមកកញ្ញាក៏បានធ្វើដំណើរមកពីខេត្តស្វាយរៀងដើម្បីមកប្រឡងនៅរាជធានីភ្នំពេញ។ ចំពោះវិញ្ញាសាប្រឡងនៅពេលនោះ គឺគណិតវិទ្យា និងវប្បធម៌ទូទៅហើយកញ្ញាបានប្រឡងជាប់ជាស្ថាពរ។ ពេលនេះនាងកំពុងសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ [Hanoi University of science and technology]។បើទោះខ្លួនជាស្រ្តីក្តីក៏ សុផាត់សា មានមោទនភាពជាខ្លាំងព្រោះនាងមានសមត្ថភាពរៀនបានដូចបុរសដែរ។
កញ្ញាលើកឡើងថា ជំនាញបច្ចេកទេស គឺជាមុខជំនាញមួយដែលស្មុគស្មាញហើយមនុស្សភាគច្រើនតែងគិតថា មានតែបុរសទេទើបអាចធ្វើបាន។ បច្ចុប្បន្នកញ្ញាដឹងថាទីផ្សារការងារផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យានៅកម្ពុជាក៏មានមនុស្សស្រីដែលកំពុងតែធ្វើការ និងសិក្សារៀនសូត្រពីជំនាញបច្ចេកទេសមិនចាញ់មនុស្សប្រុសឡើយទាំងនៅក្នុងនិងក្រៅប្រទេស។
កញ្ញាសុផាត់សាពោលថា៖ «ក្នុងនាមខ្ញុំជានិសិ្សតស្រីម្នាក់កំពុងសិក្សាជំនាញ [វិស្វកម្មអគ្គីសនី]នៅក្រៅប្រទេសមិនថាជំនាញនេះលំបាកមានឧបសគ្គយ៉ាងណាក៏ដោយទេក៏ខ្ញុំមិនចុះចាញ់ជាដាច់ខាត។ មនុស្សប្រុសអាចធ្វើបានយើងជាមនុស្សស្រីក៏អាចធ្វើបានដូចគ្នាគ្មានការងារណាជំនាញណាដែលមនុស្សស្រីធ្វើមិនបាននោះទេ»។
សង្គមកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ គឺពុំសូវឱ្យតម្លៃការងារទៅលើមនុស្សស្រីទេដោយគិតថាស្ត្រីជាភេទទន់ខ្សោយមិនមានកម្លាំងប្រាជ្ញារឹងមាំដូចមនុស្សប្រុសឡើយ។ ទើបធ្វើឱ្យស្រ្តីនៅតែក្នុងផ្ទះ មិនបានសិក្សារៀនសូត្រ ពុំសូវមានការយល់ដឹងពីសង្គមខាងក្រៅដូចមនុស្សប្រុស រហូតមានសុភាសិតមួយលើកឡើងថា(មនុស្សស្រីបង្វិលជើងក្រានមិនជុំ)។ ដោយសារសង្គមពីមុនយល់ឃើញបែបនេះហើយទើបធ្វើឱ្យសង្គមកម្ពុជាមិនសូវរីកចម្រើន។ នេះជាការលើកឡើងរបស់កញ្ញា ផុន សុផាត់សា។
យុវតីដែលមានដើមកំណើតនៅភូមិពពែត ក្រុង-ខេត្តស្វាយរៀង បន្ថែមថា៖ «បើក្រឡេកមើលសង្គមកម្ពុជាបច្ចុប្បន្នវិញ ខ្ញុំសង្កេតឃើញថា សុភាសិតដែលបានលើកឡើងពីមុនតែពេលនេះ វាស្ទើរលែងមានហើយ។ ដោយសារសព្វថ្ងៃប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើន និងបញ្ជូនកូនប្រុសស្រីរបស់ពួកគាត់ទៅសិក្សារៀនសូត្រឱ្យមានចំណេះវិជ្ជា ដើម្បីអភិវឌ្ឍគ្រួសារ និងប្រទេសជាតិ»។ កញ្ញាបន្តថា៖ «សង្គមយើងសព្វថ្ងៃបានលើកកម្ពស់ដល់ស្ត្រីឱ្យមានសិទ្ធស្មើនិងបុរសដែរ ដោយអនុញ្ញាតឱ្យស្ត្រីចូលបម្រើការងារគ្រប់វិស័យដូចបុរសដែរ»។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ មិនបានឆ្លើយនឹងសំណួរថាតើនិស្សិតអាហារូបករណ៍ រឺនិស្សិតជាស្ត្រីរៀនបង់លុយខាងជំនាញបច្ចេកទេសផ្សេងក្នុងប្រទេសកម្ពុជាមានប៉ុន្មាននាក់ រឺប៉ុន្មានភាគរយនៅទូទាំងប្រទេស?។ ប៉ុន្តែលោកស្រី វិច្ឆិកា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយបណ្តាប្រទេសផ្តល់អាហារូបករណ៍ ដូចជា រដ្ឋាភិបាលចិន វិស័យឯកជនជប៉ុន(Teacher Training) ប្រទេសហុងគ្រី សាធារណរដ្ឋគុយបា ក្រសួងអប់រំរបស់ប្រទេសជប៉ុន ខេត្តក្វាងស៊ីប្រទេសចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាកលវិទ្យាល័យចិន(Dali University) ប្រទេសឡាវ និងប្រទេសថៃ។ សម្រាប់និស្សិតអាហារូបករណ៍ប្រុសស្រីដើម្បីទៅសិក្សាជំនាញផ្សេងៗ។
លោកស្រីបន្តថា ដោយគិតពីខែមករា ដល់ខែមីនា និងគិតពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ២០២៤ មានអាហារូបករណ៍ចំនួន៣០២ស្មើ៣០២នាក់។ មុខជំនាញក្នុងការជ្រើសនេះមានចម្រុះរាប់តាំងពីទាក់ទងទៅនឹងមុខវិជ្ជាមនុស្សសាស្រ្ត និងមុខជំនាញផ្សេងៗទៀត។
លោកស្រីថ្លែងថា៖ «នេះគ្រាន់តែជាចំនួនតួលេខដែលក្រសួងអប់រំរៀបចំនីតិវិធីក្នុងការប្រឡងទេ។ ដោយឡែកយើងនៅមានអាហារូបករណ៍ជាច្រើនទៀតដែលរដ្ឋាភិបាលប្រទេសនីមួយៗរៀបចំក៏ដូចជាមូលនិធិផ្សេងៗទៀតដែលគាត់ផ្តល់ឱ្យយើង»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដែលរួមមាន៣៨ជំនាញស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែដំណើរការបណ្តុៈបណ្តាលចំនួន៣៧វិទ្យាស្ថាននៅទូទាំងប្រទេស។
លោក កត្តា អ៊ន បានបន្តថា ជាគោលដៅរបស់ក្រសួងការងារ គឺចង់ឱ្យយុវជនបានចូលរៀនជំនាញបណ្តុះបណ្តាលបច្ចេកទេសឱ្យបានកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឱ្យបាន១លាន៥សែននាក់ត្រូវចេះជំនាញបច្ចេកទេសក្នុងបំណងជួយដល់ជនក្រីក្រ។ ពីព្រោះថាការរៀនជំនាញបច្ចេកទេស គឺវាឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្នដែលនៅតាមរោងចក្រសហគ្រាសបច្ចុប្បន្នកំពុងត្រូវការអ្នកជំនាញ។ រោងចក្រសហគ្រាសកម្រិតមធ្យម និងកម្រិតខ្ពស់នៅកម្ពុជានឹងត្រូវការកម្លាំងជំនាញអ្នកបច្ចេកទេសរាប់សិបនាក់ទៀត។
បើតាមលោក កត្តា អ៊ន តាមការសង្កេតរបស់លោកឃើញថាសិស្សនារីដែលកំពុងសិក្សាជំនាញបច្ចេកទេសមានគ្រប់ផ្នែកដូចជាផ្នែកមេកានិក ផ្នែកបច្ចេកទេសសំណង់ក៏មានសិស្សស្រ្តីរៀនដែរ។ ចំពោះការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសបច្ចុប្បន្នសរុបមានជាង ៣ ៧០០០នាក់ដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈខ្លី និងមធ្យមឱ្យបាន[១លាន៥សែននាក់ដោយរៀនមិនបង់ថ្លៃ] ហើយក្នុងចំណោមអ្នកដែលបានចុះឈ្មោះមានជាង ៣៧ ០០០នាក់នេះ ក្នុងនោះមានស្រ្តីប្រមាណ៤០ភាគរយ។ ក្នុងនោះដែរអ្នកមកពីគ្រួសារក្រីក្រមានជិត ១៧ ០០០នាក់ទាំងបុរសទាំងស្រ្តី និងត្រូវសិក្សារយៈពេល៤ខែដែលបច្ចុប្បន្នត្រូវបានប្រឡងបញ្ចប់ហើយដែលមានយុវជនប្រឡងប្រហែល៤ពាន់នាក់ក្នុងចំណោម ១៧ ០០០នាក់លើជំនាញបច្ចេកទេស[កម្រិតសញ្ញាប័ត្រc1]។
លោកឱ្យដឹងទៀតថា បើតាមលោកសង្កេតឃើញថាការចូលរៀនជំនាញបច្ចេកទេសខ្លះសិស្សប្រុសមានចំនួនច្រើនជាងសិស្សស្រីហើយជំនាញខ្លះសិស្សស្រី និងសិស្សប្រុសមានចំនួនប្រហាក់ប្រហែលគ្នានឹងសិស្សស្រីដែរ។
លោកបញ្ជាក់ថា ហេតុដូច្នេះហើយការងារដែលបុរសធ្វើបានស្រ្តីក៏អាចធ្វើបានដូចគ្នាដែរ។ រីឯនៅតាមរោងចក្រសហគ្រាសក៏កំពុងត្រូវការអ្នកជំនាញបច្ចេកទេសមិនថាបុរស ឬស្រ្តីទេ គឺអាចធ្វើការបានដូចគ្នា។ អ៊ីចឹងហើយលោកមើលឃើញថាយុវជនបច្ចុប្បន្នកំពុងតែចាប់អារម្មណ៍លើជំនាញបច្ចេកទេសនេះខ្លាំងណាស់ដែលអាចរកចំណូលបានក្នុងរង្វង់ពី៣០០ដល់ប្រហែល៧០០ដុល្លារឯណោះក្នុង១ខែ។
លោកថ្លែងថា៖ «ដូច្នេះការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនឱ្យបានចំនួនច្រើន គឺដើម្បីចូលធ្វើការងារនៅតាមបណ្តារោងចក្រសហគ្រាស។ រោងចក្រសហគ្រាសបច្ចុប្បន្នកំពុងតែមានចំនួនកើនឡើងហើយត្រូវការអ្នកជំនាញចូលធ្វើការក៏ច្រើនដែរ»។
ទាក់ទងបរិបទនៅក្នុងប្រទេសកម្ពុជាឃើញថានាពេលបច្ចុប្បន្ននេះគឺស្រ្តីនិងយុវជនតែងតែមានការប្រែប្រួលទៅតាមសម័យកាល។ ក្នុងបរិបទសង្គមថ្មីៗនេះដែលតាមរយៈការសិក្សាស្រាវអំពីការផ្លាស់ប្តូរគំនិតរបស់យុវជនក្រោយពីបញ្ចប់ចំណេះដឹងទូទៅថ្នាក់ទី១២ដោយពួកគេមួយចំនួនប្តូរទៅចាប់យកជំនាញបច្ចេកទេសវិញ គឺជារឿងមួយល្អព្រោះវាស្របទៅនឹងបរិបទនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ នេះបើតាមលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ។
លោកបន្តថា ការងារជាច្រើននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្នគឺត្រូវការឱ្យមានស្រ្តីចូលរួម ជាពិសេសពាក់ព័ន្ធនឹងផ្នែកបច្ចេកទេសជំនាញមិនថាមេកានិច មិនថាជំនាញបច្ចេកទេសអគ្គិសនីហើយក៏មិនថាគ្រឿងម៉ាស៊ីនឬក៏បច្ចេកវិទ្យាអីទេ។ លោកចង់ឃើញស្រ្តីមានវត្តមាននៅគ្រប់ទីកន្លែងដើម្បីបង្កឬបង្កើតឱ្យមានសមភាពយានឌ័រនៅតាមកន្លែងធ្វើការគ្រប់ផ្នែកទាំងអស់ដើម្បីធានាឱ្យបាននូវភាពស្មើគ្នារវាងបុរសនិងស្រ្តី។
បើតាមលោក សុជាតិ ស្រ្តីក៏បានដើរតួយ៉ាងសំខាន់ដែរក្នុងការរក្សាឱ្យមានតុល្យភាព និងសុវត្ថិភាពការងារជាចេរភាពបន្តទៅថ្ងៃអនាគត។ គ្រប់គ្នាមើលឃើញហើយថាការរៀនជំនាញខាងបច្ចេកទេសនេះវាបានបង្ហាញតាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាធ្វើឱ្យពិភពលោកមានការទទួលស្គាល់នូវភាពចាំបាច់របស់វា ជាពិសេសការងារបច្ចេកទេសបច្ចេកវិទ្យាហ្នឹងតែម្តង។ ស្រ្តីគឺមិនត្រូវបានប្រើប្រាស់កម្លាំងច្រើនទេតែប្រើប្រាស់បញ្ញាច្រើនជាង។
លោកថ្លែងថា៖ «ការផ្លាស់ប្តូរផ្នត់គំនិតរបស់ស្រ្តីចាប់យកជំនាញបច្ចេកទេសនេះក៏វាជាវិជ្ជាជីវៈអាជីពមួយដែរដែលស្រ្តីមានសក្តានុពលខ្ពស់សម្រាប់កម្ពុជាបច្ចុប្បន្ន និងទៅអនាគត។ ចំពោះការយល់ឃើញរបស់ខ្ញុំគិតថាការលើកកម្ពស់ផ្តល់តម្លៃឱ្យស្រ្តីក្នុងការប្រើប្រាស់ចំណេះដឹងផ្នែកជំនាញបច្ចេកទេសជាមួយបុរសគឺជារឿងល្អ។ នេះក៏វាបង្ហាញពីការវិវឌ្ឍមួយចំនួននៅក្នុងវិស័យអប់រំនៅកម្ពុជាដែរ»។
លោក សុជាតិ បន្ថែមថា នៅតាមសាលារៀន ឬនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗទៀតក៏អាចរៀបចំជាកម្មវិធីដើម្បីបណ្តុះបណ្តាល និងជំរុញលើកកម្ពស់វិជ្ជាជីវៈរបស់ស្រ្តីក៏ដូចជាយុវជនឱ្យមានប្រសិទ្ធភាពខ្ពស់ និងគុណភាពដែរ។ ដូច្នេះរាល់ការសិក្សាដែលមិនត្រឹមត្រូវដែលធ្វើឱ្យស្រ្តីមិនអាចឆ្លងកាត់ការងារធំៗបានផ្នែកបច្ចេកទេសហ្នឹងវាជាឧបសគ្គមួយដែរ។ បើសិនជាស្រ្តីមិនមានចំណេះដឹង និងវិជ្ជាជីវៈច្បាស់លាស់ និងមិនអាចប្រើប្រាស់សមត្ថភាពខ្លួនឯងបានពេញលេញទេក៏វាអាចបង្កើតឱ្យមានភាពមិនស្មើគ្នារវាងបុរសនិងស្រ្តីដែរ៕