សកម្មជនយុវជនចំនួន៤នាក់ជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុននិងត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំសហជីពបានអះអាងថា ខ្លួន គ្មានកំហុស អំឡុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃសំណុំរឿងដែលធ្វើឲ្យសកម្មជនសិទ្ធិមនុស្សចាត់ទុកថា ជារឿងនយោបាយ។
កាលពីខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពត្រូវបានចាប់ខ្លួនបន្ទាប់ពីបាននិយាយថា ប្រទេសកម្ពុជាបានធ្វើឲ្យបាត់បង់ដីតាមព្រំដែនទៅប្រទេសវៀតណាម។ ក្រោយមកទៀត មនុស្ស១៥នាក់ដែលមានសកម្មជន អតីតសមាជិក សភាគណបក្សសង្គ្រោះជាតិ និងអ្នកផ្សេងទៀតត្រូវបានចោទប្រកាន់ ខណៈពេលអំ ពាវនាវឱ្យមានការដោះលែងលោក រ៉ុង ឈុន។
អតីតសកម្មជនគណបក្សសង្រ្គោះជាតិ៣រូបគឺលោក ឈួ ផេង លោក ជុំ ពុទ្ធី និងលោក គង់ សំអាន ក៏ត្រូវបានជាប់ពន្ធនាគារក្រោមការចោទប្រកាន់ដូចគ្នានេះដែរ ខណៈបុគ្គល៥រូបផ្សេងទៀត ដែលកំពុង «គេចខ្លួន» ត្រូវបានចោទប្រកាន់ពីបទញុះញង់ដែលរួមមានលោក ហូ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ លោក គង់ សុភា លោក សេង ប៊ុនរ៉ុង និងលោក ហុង លីម អតីតសមាជិកសភានៅរដ្ឋVictoria ប្រទេសអូស្ត្រាលី។
ជនជាប់ចោទ លោកហ៊ុន វណ្ណៈ កញ្ញាឈឿន ដារ៉ាវី កញ្ញាអេង ម៉ាឡៃ លោកកើត សារ៉ាយ និង លោកថា ឡាវី គឺជាសកម្មជននៃក្រុមខ្មែរថាវរៈចំណែក លោកមាន ព្រហ្មមុន្នី និង លោកមួង សុភ័ក្ត្រ គឺជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ។ ក្រុមនេះត្រូវបានចាប់ខ្លួនកាលពីខែសីហានិងខែកញ្ញាឆ្នាំ២០២០។
នៅក្នុងបន្ទប់សវនាការកាលពីព្រឹកថ្ងៃអង្គារនេះ លោកថា ឡាវី អាយុ២៥ឆ្នាំបាននិយាយថា គាត់គឺជានិស្សិតសាកលវិទ្យាល័យដែលចូលចិត្តឃ្លាំមើលបញ្ហាសង្គម។ ថ្ងៃដែលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ថា ឡាវី បាននិយាយថា លោកចាត់ទុកការចាប់ខ្លួន នេះ គឺជាអំពើអយុត្តិធម៌ហើយលោកបានជិះកង់ពីបន្ទប់ជួលរបស់លោកនៅខណ្ឌ ទួលគោកទៅស្នងការរាជធានីភ្នំពេញ បន្ទាប់មកបន្តទៅដល់សាលាដំបូងរាជធានីភ្នំពេញជាទីដែលលោក រ៉ុង ឈុន ត្រូវបានសាកសួរ។ ក្រោយមក លោកបានចូលរួមការតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
លោក ថា ឡាវី បាននិយាយថា៖ «ខ្ញុំបានចូលរួមការតវ៉ា ដើម្បីអំពាវនាវឲ្យ [ដោះលែងលោក រ៉ុង ឈុន] ។ វាចេញពីចិត្តរបស់ខ្ញុំដែលស្រឡាញ់និងគោរពលោកគ្រូ រ៉ុង ឈុន។ អ្វីដែលខ្ញុំបានធ្វើ វាគ្រាន់តែជាការសម្តែងមតិស្របទៅតាមច្បាប់តែប៉ុណ្ណោះ»។
លោកបាននិយាយថា លោកនិងសកម្មជនយុវជនដទៃទៀតបានស្នើសុំការអនុញ្ញាតធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យ ប៉ុន្តែសំណើរបស់ពួកគេត្រូវបានច្រានចោលដោយសាលារាជធានីភ្នំពេញបានលើកឡើងថា ក្រុមយុវជនមិនអាចគ្រប់គ្រងអ្នកចូលរួមបានទេ។
លោកបាននិយាយថា៖ «មិនថា សាលារាជធានីភ្នំពេញអនុញ្ញាតយើងឬអត់ទេ ខ្ញុំនៅតែចង់ធ្វើវា ពីព្រោះខ្ញុំគិតថា អ្នកចូលរួមនឹងមិនលើស២០នាក់ទេ»។
លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានសួរថា តើលោកយល់ឃើញថា វាជាកំហុសដែរទេ ដែលមិនអើពើនឹងសេចក្តីសម្រេចរបស់សាលាក្រុង។
ថា ឡាវី បានឆ្លើយតបថា៖ «ផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិ ខ្ញុំគិតថា វាគ្រាន់តែជាការតវ៉ាគឺមិនខុសទេ» ។
អេង ម៉ាឡៃ អាយុ៣៤ឆ្នាំក៏បានអះអាងពីភាពគ្មានទោសរបស់ខ្លួនផងដែរដោយពន្យល់ថា៖ «ជាទូទៅ នៅពេលមានជម្លោះដីធ្លីដែលរំលោភដោយអ្នកមានឬអ្នកមានអំណាចដោយអយុត្តិធម៌ឬបញ្ហាណាមួយដែលពាក់ព័ន្ធនឹងភាពអយុត្តិធម៌ យើងតែងតែចូលរួមឃ្លាំមើល»។
កញ្ញាបន្តថា ខ្មែរថាវរៈគឺជាក្រុមអ្នកស្ម័គ្រចិត្តដោយគ្មានមេដឹកនាំនិងគ្មានប្រាក់ខែ ហើយនាងបានពន្យល់ពីមូលហេតុដែលសកម្មជនយុវជនជាច្រើនបានចាត់ទុកលោកគ្រូ រ៉ុង ឈុន ជាវីរៈបុរសដោយសារការខិតខំប្រឹងប្រែងរបស់លោក ដើម្បីគាំទ្រសិទ្ធិកម្មករនិងជួយប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗ។
កញ្ញា ម៉ាឡៃ និយាយថា៖ «ខ្ញុំនៅតែគិតថា សកម្មភាពរបស់ខ្ញុំមានភាពសុចរិត»។
លោក កើត សារ៉ាយ អាយុ៤០ឆ្នាំជាអតីតព្រះសង្ឃ ដែលសិក្សាផ្នែកច្បាប់បាននិយាយថា លោកបាននិយាយឡាយតាមហ្វេសប៊ុករបស់លោកអំពីភាពអយុត្តិធម៌នៃករណីចាប់ខ្លួន លោក រ៉ុង ឈុន។
លោកមកទីក្រុងភ្នំពេញ ដើម្បីចូលរួមតវ៉ាទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ហើយត្រូវបានអាជ្ញាធរសង្ឃនិងក្រុមប៉ូលីសនាំខ្លួនទៅវត្តបុទុមក្នុងខែកញ្ញាឆ្នាំ២០២០និងត្រូវបានផ្សឹក បន្ទាប់មកលោកត្រូវបានគេបញ្ជូនទៅពន្ធនាគារ។
លោក សារ៉ាយ បាននិយាយថា៖ «ដំបូង ខ្ញុំមិនដឹងថា ហេតុអ្វីបានជាពួកគេចាប់ផ្សឹកខ្ញុំឬថា ខ្ញុំបានធ្វើអ្វីខុសនោះទេ ប៉ុន្តែបន្ទាប់ពីនោះ ពួកគេបានដាក់ខ្នោះខ្ញុំ។ បន្ទាប់ពីខ្ញុំត្រូវបានគេផ្សឹងរួច ពួកគេបានប្រាប់ខ្ញុំពីបទចោទ»។
លោក សារ៉ាយ បានបន្ថែមថា៖ «ខ្ញុំគិតថា សកម្មភាពរបស់ខ្ញុំមិនខុសច្បាប់ទេ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវបំផ្លាញប្រទេសជាតិនោះទេ ពីព្រោះសូម្បីតែជីវិតសត្វមួយ ក៏ខ្ញុំមិនហ៊ានសម្លាប់ផង» ។
លោក មួង សុភ័ក្រ បាននិយាយថា លោកមិនបានចូលរួមការតវ៉ាទាល់តែសោះ។
លោក សុភ័ក្រ បាននិយាយថា៖ «ខ្ញុំមកមុខសាលាដំបូងរាជធានីភ្នំពេញម្តង ប៉ុន្តែខ្ញុំបានអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅមុខតុលាការហើយខ្ញុំមិនបានចូលរួមការតវ៉ានោះទេ។ ខ្ញុំគិតថា វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំគ្រាន់តែឈរមើលការតវ៉ាហើយបន្ទាប់មក ខ្ញុំត្រូវបានចាប់ខ្លួន»។
មេធាវីការពារក្តី៤រូបរួមមានលោក សំ សុគង់ លោក សំ ចំរើន និងលោក សំ ទិត្យសីហា បានចូលរួមការពារកូនក្តីរបស់លោកនៅក្នុងបន្ទប់សវនាការ។
លោក សាន ម៉ាឡា មន្រ្តីតស៊ូមតិជាន់ខ្ពស់នៃបណ្តាញយុវជនកម្ពុជាបានមានប្រសា សន៍ថា អជ្ញាធរនិងតុលាការកំពុងតែគៀបសង្កត់និងចោទប្រកាន់លើក្រុមអ្នកតវ៉ាពាក់ព័ន្ធនឹងរឿងនយោបាយនិងបរិស្ថានកាន់តែច្រើនឡើងៗ ដោយចោទប្រកាន់ពីបទញុះញង់ដែលជាមធ្យោបាយមួយដើម្បីរារាំងពួកគេមិនឲ្យរិះគន់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលពួកគេបានធ្វើគឺចូលរួមឲ្យមានយុត្តិធម៌សង្គមហើយមិនមានសកម្មភាពណាមួយដែលបង្កភាពវឹកវរឬចលាចលដល់សង្គមឬបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ ខណៈពេលក្រុមយុវជនសម្តែងមតិរបស់ពួកគេ»។
លោក ម៉ាឡា បានបន្ថែមថា៖ «យុវជនគឺជាក្រុមមនុស្សដែលមានភាពក្លាហានហើយពួកគេនៅតែបន្តយកចិត្តទុកដាក់ក្នុងការតស៊ូមតិនិងផ្តល់បទសម្ភាសជាមួយបណ្តាញព័ត៌មាន ដូច្នេះពួកគេ [អាជ្ញាធរ] ចង់បំបិទសំឡេងរបស់ពួកគេ»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ការដែលសកម្មជនស្ថិតនៅក្នុងការជំនុំជម្រះនេះ ត្រូវបានចាប់ខ្លួន ខណៈពួកគេអនុវត្តសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ គឺជារូបភាពអាក្រក់មួយទៀតនៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា៖ «និន្នាការរបស់រដ្ឋាភិបាលក្នុងការផ្តោតលើបុគ្គលដែលបានរិះគន់ពីបរាជ័យឬកំហុសរបស់អាជ្ញាធរបង្ហាញច្បាស់នូវទំនោររបស់រដ្ឋាភិបាល ដើម្បីបំបិទសំឡេងណាមួយនិងការរិះគន់ទាំងអស់ជាជាងដោះស្រាយកង្វល់របស់ពលរដ្ឋរបស់ខ្លួនឲ្យបានសមស្រប»។
លោកស្រី សុភាព បានថ្លែងថា៖ «គួរឱ្យស្តាយ ក្តីសង្ឃឹមក្នុងការធ្វើឲ្យស្ថានភាពប្រសើរឡើងសម្រាប់ជនជាប់ចោទគឺមានតិចតួចណាស់ ដោយសារតុលាការនៅកម្ពុជាបានបង្ហាញទំនោររបស់ខ្លួន ដោយចាំតែប្រថាប់ត្រាបំពេញតាមការចង់បានរបស់អាជ្ញាធរនិងដើម្បីធ្វើឱ្យការបង្ក្រាបរបស់រដ្ឋាភិបាលលើសេរីភាពមូលដ្ឋានទៅជាស្របច្បាប់។ ទោះបីជាយ៉ាងណា យើងបង្ហាញពីបំណងរបស់យើងចង់ឃើញសកម្មជនទាំងនេះត្រូវបានដោះលែងជាបន្ទាន់ ហើយការចោទប្រកាន់លើពួកគេត្រូវបានទម្លាក់ចោលដោយគ្មានលក្ខខណ្ឌ»។
ការជំនុំជម្រះត្រូវបានពន្យារពេលរាប់ខែដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩។ ដោយសារមានពេលវេលាសម្រាប់ជនជាប់ចោទតែបួននាក់ប៉ុណ្ណោះ ដើម្បីនិយាយចៅក្រមបានកំណត់ថ្ងៃជំនុំជម្រះបន្ទាប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Youth activists deny incitement charge after protesting unionist’s arrest