សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រុមយុវជន១០០រាត្រីទទូចឱ្យអាជ្ញាធររារាំងសកម្មភាពបក្សកម្លាំងជាតិ ចំពេលថ្នាក់ដឹកនាំបក្សកំពុងរងបណ្ដឹងតុលាការ 

ប្រធានគណបក្សកម្លាំងជាតិ(NPP) លោក ជា មុនី និងទីប្រឹក្សាជាន់ខ្ពស់ លោក រ៉ុង ឈុន បើកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
ប្រធានគណបក្សកម្លាំងជាតិ(NPP) លោក ជា មុនី និងទីប្រឹក្សាជាន់ខ្ពស់ លោក រ៉ុង ឈុន បើកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

សមាគមក្រុមការងារ១០០រាត្រី បានអំពាវនាវឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញនូវសកម្មភាពរបស់ប្រធានគណបក្សកម្លាំងជាតិ(NPP) លោក ជា មុនី និងទីប្រឹក្សាជាន់ខ្ពស់ លោក រ៉ុង ឈុន ដោយចោទពួកគេថាបានប្រព្រឹត្តសកម្មភាពស្ថិតក្រោមអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។ 

ក្រុមយុវជន​ដែល​ចូល​រួមជីវភាពនយោបាយ​ជាមួយ​រដ្ឋាភិបាលនេះ​បាន​បញ្ចេញ​វីដេអូ​ឃ្លីប​មួយ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​លោក រ៉ុង ឈុន។ លោក ឈុន កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ថ្មី ជុំវិញការរិះគន់របស់គាត់ចំពោះការបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលជាមួយ និងវៀតណាម និងឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតខុសច្បាប់នៅក្នុងប្រទេស។ តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ពាក់ព័ន្ធនឹងបទចោទប្រកាន់ថ្មីនេះ។ 

វីដេអូឃ្លីបរយៈពេលពីរនាទីបានបង្ហាញរូបភាពរបស់លោក ឈុន និងលោក មុនី រួមនិងសកម្មភាពដឹកនាំកាលពីអតីតកាលរបស់ពួកគេជាមួយគ្រូបង្រៀន និងសហជីព ក៏ដូចជាបាតុកម្មរបស់កម្មករកាត់ដេរ ដែលត្រូវបានរៀបចំឡើងដោយគណបក្សប្រឆាំងដែលត្រូវបានរំលាយគឺគណបក្សសង្គ្រោះជាតិ។ អ្នកធ្វើអត្ថាធិប្បាយក្នុងវីដេអូ ដែលជាសមាជិកនៃសមាគមក្រុមការងារ១០០រាត្រី បានចោទប្រកាន់ថា អ្នកទាំងពីរមានគោលបំណងធ្វើឱ្យសង្គមមានអស្ថិរភាព និងញុះញង់ឱ្យមានកំហឹងជាសាធារណៈប្រឆាំងនឹងរដ្ឋាភិបាល។ 

សមាជិក​រូប​នោះ​បាន​បន្ត​ថា៖ «ខ្ញុំ​សូម​អង្វរឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ពិនិត្យ​មើល​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំងជាតិ និង​បក្សពកដើម្បីដាក់ពួកគាត់ ​​មិន​ឱ្យ​ធ្វើសកម្មភាព​នយោបាយ​បាន»។ 

ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានចោទសួរពី «ឯករាជ្យភាព» នៃសមាគមនេះ ដោយបន្ថែមថាវា «មិនសំខាន់» ក្នុងការជឿលើការអះអាងរបស់ពួកគេនោះទេ។ លោក មុនី ​បញ្ជាក់​ថា គណបក្ស​នយោបាយ​របស់​លោក​កំពុង​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ស្រប​តាម​ច្បាប់​កម្ពុជា។

លោកបានចោទជាសំណួរថា៖ «ខ្ញុំចង់សួរថា តើអ្វីជាគោលជំហរនយោបាយរបស់ក្រុមការងារ១០០រាត្រី។ 

លោកមានប្រសាសន៍ថា៖ «វាមិនសំខាន់ទៅលើអង្គការសង្គមស៊ីវិល១០០រាត្រីហ្នឹងទេ ធ្វើតែកិច្ចការរបស់ខ្លួនទៅខ្ញុំគណបក្ស​នយោបាយ​ខ្ញុំធ្វើអ្វីដែលជាច្បាប់របស់ប្រទេសកម្ពុជាបានចែង ហើយអ្វីដែល​ពលរដ្ឋ​គាំទ្រ»។ 

លោក​បាន​បន្ថែម​ថា​៖ «​រឿងប្រវត្តិអីវា​ជា​យុទ្ធសាស្ត្ររបស់​ពួកគេ[ក្រុម​ការងារ១០០រាត្រី]  ឥឡូវ​ខ្ញុំ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ជា​ច្រើន​មិន​មាន​ប្រតិកម្ម? ខ្ញុំក៏​ធ្លាប់​ធ្វើ​ការ​ក្នុង​សហជីពដែរ»។ 

លោក មុនី បន្តថា៖ «វាមិនចាំបាច់គាត់ប្រតិកម្ម​[អំពី​យើង] ទេ។ បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុសក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការហើយ ព្រោះគេមានការឃ្លាំមើលជិតដិតចំពោះគណបក្សកម្លាំងជាតិដែលមានប្រជាប្រិយភាព»។ 

លោកបានចែករំលែកថា គណបក្សរបស់លោកកំពុងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ទោះបីជាមានបញ្ហា និងការធ្វើទុក្ខបុកម្នេញសមាជិក និងសកម្មជនគណបក្សរបស់ខ្លួនជាបន្តបន្ទាប់ក៏ដោយ។ 

ជាមួយគ្នានេះ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានសង្កត់ធ្ងន់ថា លោក រ៉ុង ឈុន និងលោក ជា មុនី កំពុងត្រាប់តាម «នយោបាយជ្រុលនិយម» របស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ក្នុងគោលបំណងបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយ។ 

លោក សូនី ធ្លាប់ជាសកម្មជនបរិស្ថានម្នាក់ដែលធ្វើការជាមួយអង្គការមាតាធម្មជាតិ ដោយបានចូលរួមជាមួយគណបក្សកាន់អំណាចនៅឆ្នាំ២០២៣។ លោក សូនី ក៏ធ្លាប់ជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ 

លោក សូនី បាននិយាយថា៖ «គណបក្សនេះជាកូនជឹងអ្នកដែលធ្វើឱ្យលោក សម រង្ស៉ី នៅក្រៅប្រទេស ចឹងការបន្តសាបព្រោះមនោគមវិទ្យានយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី គឺមានវត្តមាននៅក្នុងគណបក្សកម្លាំងជាតិ»។ 

លោក សូនី បានបន្តថា៖ «យើងសង្កេតឃើញថា អ្នកនយោបាយទាំងនេះកំពុងធ្វើតាមវិធីសាស្រ្តរបស់លោក សម រង្ស៊ី ពោលគឺប្រមូលផ្តុំបាតុកម្ម និងការចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋនិយាយបែបឱ្យមានលក្ខណតវ៉ាឬប្រឆាំងស្អប់ទៅលើរាជរដ្ឋាភិបាល»។ 

លោក​បាន​កត់​សម្គាល់​ថា អតីត​ប្រធាន​សហជីព លោក ជា មុនី បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​យ៉ាង«សកម្ម» និង​បាន​សហការ​ជាមួយ​លោក សម រង្ស៊ី ក្នុង​សកម្មភាព​ដែល​ធ្វើ​ឱ្យ«​សង្គម​មាន​អស្ថិរភាព និង​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង»។ 

តាមការឱ្យដឹងពីលោក ឈុន បាននិយាយថា លោកមិនបានយកចិត្តទុកដាក់ចំពោះការវាយប្រហារដោយ«ក្រុមមួយចំនួន»នេះទេ ដោយសង្កត់ធ្ងន់ថា គណបក្សកម្លាំងជាតិកំពុងអនុវត្តសកម្មភាពរបស់ខ្លួនស្របតាមច្បាប់។ 

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មើល​ឃើញ​ថារាល់​បញ្ហា​ទាំង​អស់​ដែល​លើក​ឡើង​ប្រឆាំងនឹង​ខ្ញុំ​គឺ​ជា​ហេតុផល​នយោបាយ»។ 

កាលពីថ្ងៃទី២២ ខែមេសា លោក យ៉ាង សុខឃាង អនុប្រធានគណ:កម្មាធិការប្រតិបត្តិ​បណ្តោះ​អាសន្ន​ប្រចាំខេត្តកំពង់ធំត្រូវបានចាប់ខ្លួន ដែលការចាប់ខ្លួននេះត្រូវបានគណបក្សចាត់ទុកថាជាហេតុផលនយោបាយ។ ទោះ​ជា​យ៉ាង​ណា នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​បាន​អះអាងថា លោក សុខឃាង គឺ​បាន​ញុះញង់​ឱ្យមានការ​រំខាន​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែនគរបាល​មិន​បាន​បញ្ជាក់​លម្អិត​ពី​បទ​ល្មើស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ឡើយ។ 

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានយល់ស្របចំពោះសេចក្តីថ្លែងការណ៍របស់នគរបាល ដោយលើកឡើងថា ការចាប់ខ្លួនសមាជិក និងសកម្មជននៃគណបក្សកម្លាំងជាតិ មិនពាក់ព័ន្ធនឹងហេតុផលនយោបាយទេ។ 

លោកបានមានប្រសាសន៍ថា៖ «កុំចេះតែចោទប្រកាន់សមត្ថកិច្ចថាធ្វើខុស។ សូមពិចារណាជាមុនសិនថាតើការបំពានណាមួយត្រូវបានប្រព្រឹត្តពិតប្រាកដ។​ ប្រសិន​បើ​អ្នក​​អនុវត្ត​បាន​ត្រឹម​ត្រូវ វា​មិន​គួរ​មាន​បញ្ហាអ្វី​នោះ​ទេ»។ 

លោក​បន្តថា គណបក្ស​នយោបាយ​ជាង​៤០​ទៀត​កំពុង​ដំណើរការ​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។ លោកបន្ថែមថា៖ «ខ្ញុំសូមជំរុញឱ្យគាត់មើលទ្បើងវិញ មើលខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ហើយប្រៀបធៀបទៅនឹងសកម្មភាពរបស់គាត់ ខ្លឹមសារថាតើធ្វើស្របតាមច្បាប់ឬអត់។ សូមកុំចោទសមត្ថកិច្ចថាគាបសង្កត់ យារយី សូមមើលខ្លួនគាត់សិន»។ 

កាលពីចុងសប្តាហ៍កន្លងទៅនេះ សមាជយុវជនគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យឡើងវិញនូវសមិទ្ធិផលរបស់គណបក្សក្នុងឆ្នាំ២០២៤ និងបានគូសបញ្ជាក់ពីគោលនយោបាយការពារអធិបតេយ្យភាពទឹកដី រក្សាសន្តិភាព លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលុបបំបាត់ក្រុមនយោបាយជ្រុលនិយម។ 

លោក ប៉ា ចាន់រឿន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បើកលំហនូវ​សិទ្ធិពលរដ្ឋ និង​នយោបាយ ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​គោរព​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​សង្គម និង​នយោបាយ។ 

លោកបានមានប្រសាសន៍ថា៖ «ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការដោយរលូន ចាំបាច់ត្រូវមានការចូលរួមពីគណបក្សប្រឆាំងដែលគួរឱ្យទុកចិត្ត ព្រោះវត្តមានរបស់គណបក្សប្រឆាំងរឹងមាំអាចធានាបាននូវតុល្យភាពអំណាច ក៏ដូចជាគណនេយ្យភាព»។ 

លោក ចាន់រឿន ជឿជាក់ថា ការចាប់ខ្លួនសមាជិក និងសកម្មជននៃគណបក្សកម្លាំងជាតិ គឺពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយពីអតីតកាលរបស់ពួកគេក្នុងនាមជាអ្នកប្រឆាំង ជាពិសេសបទពិសោធន៍របស់ពួកគេជាមួយគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយនៅពេលនោះ។ 

លោក​ក៏​បាន​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ពិនិត្យ​ឡើងវិញ​នូវ​សកម្មភាព​នយោបាយ​របស់​ខ្លួន ហើយ​ត្រូវ​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​អំពើ​ហិង្សា៕ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Youth Association Calls for the Barring of NPP​’s Activities Amid Court Against Senior Party Leaders 

227 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម