សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមយុវជន និងសិស្សសាលាមួយចំនួនបានបង្កសកម្មភាពអនាធិបតេយ្យ​​ដែលធ្វើឱ្យប៉ះពាល់សង្គម

សិស្សសាលាប្រមូលផ្តុំគ្នាជក់បារី នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សិស្សសាលាប្រមូលផ្តុំគ្នាជក់បារី នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ករណីក្រុមយុវជន និងសិស្សសាលាវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ និង​គេច​សាលា​មិន​ចូល​រៀន នាំគ្នាទៅសម្ងំតាមហាងកាហ្វេ និងកញ្ចុះលេងហ្គេមតាមទូរសព្ទ និងជក់បារី​ កំពុងក្លាយ​ជាក្តី​ព្រួយ​បារម្ភ​ ដែល​សង្គម​ស៊ីវិល និងអ្នកជំនាញថា គួរតែមានវិធានការដោះស្រាយជាបន្ទាន់។

ជាការកត់សម្គាល់ ការងើបឡើងនូវករណីក្មេងស្ទាវប្រើប្រាស់ហិង្សា និងយកកាំបិតដេញកាប់ចាក់គ្នាដែល​បង្ក​ជា​​អសន្តិសុខសង្គម ខណៈរដ្ឋាភិបាលថ្មីអាណត្តិទី៧កំពុងចូលកាន់តំណែង ចំពេលស្ថានភាព​សេដ្ឋកិច្ច​កំពុង​ជួប​​វិបត្តិ ស្របពេលមានក្រុមយុវជន និងសិស្សសាលាកាន់តែច្រើនបង្កសកម្មភាពអនាធិប្បាយក្នុង​សង្គម។

អំឡុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៣នេះ មានករណី និងរូបភាពជាច្រើនត្រូវបានចែកចាយ​នៅតាម​បណ្តាញ​សង្គម ដូចជាកូនសិស្សមិនចូលសាលា នាំ​គ្នា​ទៅ​សម្ងំ​តាម​កញ្ចុះ​ផឹកស៊ី។​ កូនសិស្សជាក្រុមៗ​អង្គុយ​តាមហាងកាហ្វេជក់បារី។ ករណីក្មេងទំនើងគប់កញ្ចក់រថយន្ត ​និងប្រើប្រាស់ហិង្សាដោយចេតនា។ ករណី​ក្មេងទំនើងបង្ហោះម៉ូតូ និងប្រើកាំបិត ដុំថ្ម កាប់ និងវាយគ្នានៅតាមផ្លូវសាធារណៈ យោងតាមបណ្តាញ​សង្គម​ផ្សេងៗបានផ្សព្វផ្សាយ។

ខណៈនៅថ្ងៃទី៨ ខែកញ្ញនេះនគរបាលរាជធានីភ្នំពេញ ចេញរបាយការណ៍ក្នុងមួយយប់ កម្លាំងនគរបង្រ្កាប​ករណី​ក្មេងទំនើងបានជិត២០ឬ៣០នាក់ នៅតាមខណ្ឌនានា។ ស្របពេលគ​រ​បាលខេត្តបាត់ដំបង បង្ក្រាប​បាន​យុវជនប្រុស ស្រីចំនួន៤៦នាក់ ម្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យ ពពាក់ពពូន​នៅក្នុង​ក្រុងបាត់ដំបង កាល​ពីថ្ងៃទី៩ ខែកញ្ញានេះ។

ករណីផ្សេងទៀត រួមមាន កាលពីថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២៣ ក្រុមក្មេងស្រីៗសិស្សសាលានៅស្រុកជុំគិរី បានបង្កការវ៉ៃតប់គ្នានៅទីសាធារណៈត្រូវបានហៅមកធ្វើការអប់រំ ចំពោះមុខឪពុកម្តាយ លោកនាយក​សាលា​​ក្នុងអធិការស្រុកជុំគីរី។ ដោយឡែក កាលពីថ្ងៃទី​៣១ ខែសីហាដដែល មានសិស្សវិទ្យាល័យមួយក្រុម ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ករណី​គេច​ពីសា​លាមិនព្រមចូលរៀន​ ត្រូវសមត្ថកិច្ចឱ្យធ្វើ​កិច្ចសន្យា និងហៅ​ឪពុក​ម្តាយមក​ធានា។

លើសពីនេះកាលថ្ងៃទី៥ ខែកញ្ញានេះ មានករណីសិស្សសាលាពីរក្រុម ដេញវាយគ្នានៅលើផ្លូវសាធារណៈ ដែល​បណ្តាលឱ្យយុវជនម្នាក់ធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗ ក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។​ ដែលនាំ​ឱ្យ​សិស្សម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតអាយុ១៦ឆ្នាំ ក្លាយជាឃាតក។

កាលពីថ្មីៗនេះ មានក្រុមក្មេងស្ទាវបានប្រើហិង្សា​(យកដបស្រាវាយក្បាល)​ លើយុវជនម្នាក់​បណ្ដាល​​ឲ្យរង របួសធ្ងន់ នៅមុខក្លឹបកម្សាន្ត​ នឹកEX នៃសង្កាត់ចតុមុខ ខណ្ឌដូនពេញ​។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចាប់ផ្តើមយុទ្ធនាការ​ប្រមូលសិស្សគេចមិនចូលសាលារៀន ដោយលោកបញ្ជាឱ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល​ទាំង១៣ក្រុង-ស្រុក ចាប់ផ្តើមចូលធ្វើវេទិកាផ្សព្វផ្សាយដល់ក្នុងសាលារៀន និងចាប់ប្រមូលក្មេងៗ​គេច​មិនចូលសាលារៀនមកធ្វើការអប់រំឡើងវិញ។

លោក ប៊ុនឆន អះអាងថា បើលោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល ឪពុកម្តាយ ប្រជាពលរដ្ឋ ឬនគរបាលមិន​ចូល​រួម​កែតម្រូវបញ្ហានេះទេ អនាគតក្មេងៗ​ទាំងនោះ​អាច​ក្លាយ​ទៅជាជំងឺសង្គម ដែលត្រូវតាមព្យាបាល​គ្មានដែន​កំណត់ ម្យ៉ាងការអភិវឌ្ឍ​​ប្រទេសជាតិក៏នឹង​ជួបការ​លំបាកដោយសារតែក្មេងៗសិស្សសាលា​ដែលយើង​មើល​ឃើញ​សព្វថ្ងៃអនាគតគឺជាអ្នកមានចំណែកចូលរួមសម្រេចជោគវាសនាជាតិផងដែរ ។

លោកបញ្ជាក់ថា៖ «បើនគរបាលមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការ​សិក្សាចោល​ដោយ​សារ​រៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្នគឺតឹងតែងខ្លាំងណាស់»។លោក​បន្ថែមថា៖ «ភាគច្រើនក្មេងៗដែលពពាក់ពពូនជុំៗគ្នាបែបនេះ មិនយូរទេនឹងបង្កើតជាក្រុមបងធំ​បងតូច​ប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម ការនេះហើយ​ចៀស​ពីនគរបាលចេញអន្តរាគមន៍មិនរួច»

លោកស្រី កញ្ញា ជាអាណាព្យាបាលម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ពិតជាព្រួយបារម្ភ​ណាស់​រាល់ថ្ងៃ បន្ទាប់ពីបានឃើញតាមសារព័ត៌មាន និងបណ្តាញសង្គមអំពីកូនសិស្សគេចសាលា និង​ក្មេង​ទំនើង​កើតឡើងកាន់តែច្រើន ហើយកន្លែងខ្លះបង្កជាអសន្តិសុខ វាយតប់ កាប់ចាក់គ្នាជាដើម។ ជាមួយគ្នានេះ អ្នកស្រីមើលឃើញថា មួយថ្ងៃៗ សមត្ថកិច្ចចាប់ក្មេងទំនើង និងកូនសិស្សគេចសាលារាប់សិបនាក់ ហើយ​ពេល​អ្នកស្រីជិះម៉ូតូតាមផ្លូវ ឃើញក្មេងៗមិនចូលរៀន ទៅអង្គុយជុំគ្នានៅតាមហាងកាហ្វេ និងលេងទូរសព្ទ​ជាច្រើន។

លោកស្រីបញ្ជាក់ថា៖ «សម្រាប់ខ្ញុំជាអាណាព្យាបាល និងម្តាយមួយរួប ខ្ញុំបារម្ភហើយ បារម្ភខ្លាំងមែនទែន សម្រាប់កូន​ដែល​គាត់ទៅសាលា ហើយបែរជាមិនចូលរៀន ទៅជាគេចសាលាវិញ យើងព្រួយបារម្ភរាល់​ថ្ងៃហ្នឹង»

តែយ៉ាងណា អ្នកស្រីក៏ជំរុញឱ្យអាណាព្យាបាលគ្រប់រួប ត្រូវតាមដានម៉ោងសិក្សារបស់កូន និងត្រូវមាន​ទំនាក់​ទំនង​ជាមួយសាលា ដើម្បីងាយស្រួលទទួលផ្តល់ព័ត៌មានផ្សេងៗអំពីកូនរបស់ខ្លួន។ ប៉ុន្តែបើអាណាព្យាបាល​មិនតាមដានកូនទេ អ្នកស្រីថា អាណាព្យាបាលអាចនឹងមានវិប្បដិសារីនៅពេលក្រោយមិនខាន។

លោកស្រីសំណូមពរថា៖ «សុំឱ្យរាជរដ្ឋាភិបាលយើង ឬក៏ខាងណាដែលគាត់អាចមានសិទ្ធិ​គ្រប់គ្រងលើ​(ក្មេង​ទំនើង ឬកូនសិស្ស)ហ្នឹងបាន ឱ្យគាត់ជួយសម្រួល និងណែនាំបន្ថែមពីលើឪពុកម្តាយ»

លោក លីវ សុភាព ប្រធានរដ្ឋបាលនៃមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានថ្លែងថា ផ្នែកអប់រំកំពុង​តែ​ផ្សព្វផ្សាយជារៀងរាល់ថ្ងៃ អំឡុងពេលគោរពទង់ជាតិ អំពីគុណវិបត្តិប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងផ្សេងៗ ទន្ទឹមនឹងនេះក៏បានហាមឃាត់សិស្សានុសិស្សកុំឱ្យគេចសាលា និង​ដើរលេង​ក្នុង​ម៉ោង​​រៀនជាដើម។ ប៉ុន្តែសិស្សានុសិស្សដែលបានគេចសាលា ទៅដើរលេង និងពពាក់ពពូនគ្នា​នៅកន្លែង​កម្សាន្ត​នានា វាហួសពីសមត្ថកិច្ចរបស់លោកគ្រូអ្នកគ្រូ និងផ្នែកអប់រំ ដែលនេះវាទាមទារឱ្យអាជ្ញាធរ និង​អាណាព្យាបាលជួយដោះស្រាយវិញ។

លោកបន្ថែមថា៖ «មន្ទីរអប់រំគ្មាន(សមត្ថកិច្ច)អីទេ មានតែលទ្ធភាពផ្សព្វផ្សាយ វាអត់មានដាវអាជ្ញាសឹកណា ដែលទៅបង្រ្កាប ឬឃាត់ទេ។ ឧទារហណ៍ ឃាត់វាបាន(សិស្សទំនើង) គ្រាន់តែបញ្ចូនទៅសមត្ថកិច្ច ដើម្បី​កិច្ចការ​អនុវត្តផ្លូវច្បាប់»

លោកជំរុញឱ្យសមត្ថកិច្ចចូលរួមជួយកៀរគរកូនសិស្សដែលគេចសាលា ឬផ្តុំគ្នានៅកន្លែងកម្សាន្តនានា មក​សួរ​នាំ ហើយបញ្ចូនទៅនាយកសាលា ឬអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា នោះកូនសិស្សនឹងភ្ញាក់រលឹក និងភ័យខ្លាចខ្លះ។ លោកឧទារហណ៍ប្រទេសជិតខាង ពេលលោកទៅទស្សនាប្រទេសគេ លោកមិនឃើញ​កូនសិស្សណា នៅក្រៅ​របង​សាលា ឬផ្តុំគ្នាដើរលេងទេក្នុងម៉ោងសិក្សា ព្រោះបើសមត្ថកិច្ចគេឃើញនឹងចាប់ ហើយសួរនាំ​កូនសិស្ស​នោះ។

លោកសំណូមពរថា៖ «សូមឱ្យសមត្ថកិច្ចហ្នឹងជួយ ជួយធ្វើយ៉ាងណា សិស្សដែលគេចសាលាហ្នឹង ណែនាំ និងប្រើវិធានការដោះស្រាយជាមួយពួកគាត់»

លោក ហង់ជួន ​ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មិនអាចសុំការធ្វើអត្ថាធិប្បាយ លើបញ្ហានេះបានទេ។

ទាក់ទងនឹងសកម្មភាពទាំងអស់នេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បាន​ថ្លែង​​ថា វិបត្តិសង្គមផ្សេងៗ អំពើហិង្សា ក្មេងទំនើង ការប្រើពាក្យពេចន៍មិនសមរម្យជាដើមនោះ កើត​ឡើង​ដោយ​​សារ​ការអប់រំផ្នែកសីលធម៌សង្គមធ្លាក់ចុះ។ ការបង្កើតវប្បធម៌ផ្តល់តម្លៃទៅឱ្យអ្នកវាយតប់ជំនួសវិញ ហើយ​អ្នកប្រើប្រាស់អំពើហិង្សាខ្លះ បានឡើងតួនាទី ឬតំណែងនៅក្នុងសង្គមផង។ អ្នកស្រី ឆាយ៉ាវី បន្តថា​ នេះជា​សញ្ញា ឬគំរូមិនល្អ ទាមទារឱ្យរាជរដ្ឋាភិបាលមានការផ្លាស់ប្តូរចំពោះការតែងតាំងនោះ ដោយប្តូរមក​ដោះស្រាយបែបវិជ្ជមានឡើងវិញ។

លោកស្រី ឆាយ៉ាវី បញ្ជាក់ថា៖ «ខ្ញុំមើលឃើញថាការអប់រំ ក៏ដូចជាសីលធម៌បានធ្លាក់ចុះយ៉ាងគំហុកក្នុង​បច្ចុប្បន្ន​នេះ»

ស្របពេលនេះ បើក្រសួងអប់រំយុវជន និងកីឡានៅតែមិនយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ទេ លោកស្រី ឆាយ៉ាវី បន្ថែមថា វាអាចបង្កជាអសន្តិសុខ និងសញ្ញាបែកបាក់សាមគ្គីគ្នាក្នុងចំណោមយុវជន ប្រជាពលរដ្ឋ និងអ្នកធ្វើការក្នុងស្ថាប័នរដ្ឋ កាន់តែធ្ងន់ធ្ងរ។

ព្រះតេជគុណ ហាក់ សៀងហៃ ប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា មាន​ថេរ​ដីកា​ថា បញ្ហា​សិស្ស​សាលាការបង្កហិង្សា វាយកាប់ចាក់គ្នា និងខ្លះទៀតគេចសាលា វាអាចមានកត្តាពីរយ៉ាង។ កត្តាទី១ គ្រួសារខ្វះការតាមដាន និងយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូន ហើយម្យ៉ាងឪពុកម្តាយខ្លះ​មិនបាន​សិក្សារៀនសូត្រ ជាហេតុមិនដឹងទូន្មាន ឬអប់រំកូនរបស់ខ្លួនយ៉ាងណា ខណៈគ្រួសារខ្លះទៀត ប្រឹងប្រែង​បំពេញ​តែ​មុខរបររកស៊ី ដោយមិនខ្វល់ការសិក្សារបស់កូន។ កត្តាទី២ សង្គម ដែលផ្តោតលើការ​សេពគប់​របស់សិស្ស ដែលពួកគេចូលចិត្តធ្វើតាមគ្នា ចូលចិត្តឡួយឆាយ ចូលចិត្តបងតូចបងធំ តាមសង្គមភ្លើតភ្លើន ឬសង្គមសម្ភារៈនិយមជាដើម។

​ព្រះអង្គ​បញ្ជាក់ថា៖ «ជារឿងដែលយើងត្រូវគិតគូរទាំងអស់គ្នា សម្រាប់អនាគតកូនចៅរបស់យើង អនាគត​ទំពាំងរបស់យើង បើយើងបណ្តែបណ្តោយទៀតកាន់តែធ្ងន់ធ្ងរទៅ។ ហើយទាក់ទងទៅដល់សន្តិសុខ សណ្តាប់​ធ្នាប់សង្គមផងដែរ។ ទាក់ទងនឹងអនាគតប្រទេសជាតិរបស់យើងដែរ  បាត់បង់ធនធាន ហើយផល​ប៉ះពាល់ដល់ការអភិវឌ្ឍគ្រប់វិស័យ»

ជុំវិញបញ្ហានេះ តេជគុណមាន​ថេរ​ដីកាបន្តថា មេរៀនព្រះពុទ្ធសាសនាមានសារៈសំខាន់ គឺសីល៥ ដែលអាច​បណ្តុះស្មារតីឱ្យសិស្សសាលា យុវជន​ មកស្រឡាញ់គុណធម៌ ស្រឡាញ់ការសិក្សាវិញ។ គឺត្រូវបង្រៀន​ឱ្យ​សិស្ស​សាលា យុវជន យល់ដឹង​អំពីសីល៖ ទី១ សំដៅ​អប់រំ​បណ្ដុះ​គំនិត​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​ធម៌​មេត្តា មិន​បៀត​​បៀន​ដល់​គ្នា​នឹង​គ្នា ឬ​មិន​ផ្ដាច់ផ្ដិល​អាយុ​ជីវិត​ផង​គ្នា​ ដែល​សូម្បី​តែ​សត្វ​តូច​តាច​ក៏​មិន​បៀតបៀន​ឲ្យ​បាត់​បង់​ជីវិត​ដែរ។ ​សីល​ទី​២ ​អប់រំ​​មិន​ឲ្យ​បៀតបៀន លួច ឆក់ ​ប្លន់​ទ្រព្យ​សម្បត្តិ​គ្នា​ បើ​ទោះ​បី​ជា​ទ្រព្យ​សម្បត្តិ​នោះ​មាន​តិច ឬ​ច្រើន​ក្តី​ក៏ដោយ។

ដោយឡែកសីល​ទី​៣​​ អប់រំ​អំពី​គុណធម៌​របស់​មនុស្ស​ម្នាក់ៗ ដែល​មាន​ធម្ម​សញ្ញា​ខ្ពង់ខ្ពស់​ប្រសើរ​ជាង​សត្វ ឬ​មាន​ការ​យល់​ដឹង​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ថា​អ្វី​ខុសអ្វី​ត្រូវជាដើម​។ រី​ឯ​សីល​ទី​៤ ​អប់រំ​​ឲ្យចេះ​រក្សា​សំដី​ត្រូវ ឬ​វាចា​ត្រូវ ដោយ​មិន​ពោល​ពាក្យ​កុហក ញុះញង់ ចាក់​ដោត ទ្រគោះបោះបោក​ដាក់​អ្នក​ដទៃ ឬ​មិន​ពោល​ពាក្យ​រាយមាយ ឡេះឡោះ​ឥត​ប្រយោជន៍​ជាដើម។ ចំពោះ​សីល​ទី​៥វិញ ​អប់រំអំពី​ទុក្ខទោស​នៃ​ការ​ប្រព្រឹត្ត​គ្រឿង​ស្រវឹង គ្រឿង​ញៀន​ផង​ទាំង​ឡាយ។ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​ឃើញ​មាន​បញ្ហា​គ្រោះថ្នាក់​ជា​ច្រើន​ដល់​អាយុ​ជីវិត និង​សុខភាព​មនុស្ស ដែល​បណ្ដាល​មក​ការ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន​។

ព្រះអង្គ សៀងហៃ បន្ថែមថា៖ «ក្មេងឥឡូវវាខ្វះគុណធម៌ហ្នឹង ខ្វះការកាន់សីល បដិបត្តិតាមសីលហ្នឹង អញ្ចឹងយើងត្រូវបញ្ជ្រាបមេរៀនសីលទាំង៥នេះ»

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ​យល់ឃើញថា ឬសគល់នៃបញ្ហាទាំងអស់នេះ បណ្តាលពីប្រព័ន្ធអប់រំ បង្រៀនរបៀបរស់នៅដោយសន្តិភាព ឬការបណ្តុះឥរិយាបថបែបសន្តិភាពនិយម នៅដុនដាមនៅឡើយ ដែលផ្ទុយពីពាក្យថា «អរគុណសន្តិភាព» តែសន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ឬក្មេង​កំពុង​ក្តៅគគុក។ លើសពីនេះ វាបណ្តាលពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលកំពុង​យាយី​សង្គមខ្មែរយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នា ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ ដែលបង្ហាញការជេរ​ប្រមាថគ្នា ការ​ប្រើប្រាស់ពាក្យអសុរោះ ការកាប់សម្លាប់គ្នា ឬដេញវាយ កាប់ចាក់គ្នា ដោយភាគច្រើនជាក្រុមយុវជន ក៏ជា​ក្តី​បារម្ភផងដែរ។

លោកស្នើថា៖ «ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធគួរតែមានការសិក្សាស្រាវជ្រាវ ជួបពិភាក្សាគ្នាជាមួយភាគី​ពាក់ព័ន្ធដើម្បីពិនិត្យមើល អំពីដើមចមដែលបណ្តាលឱ្យការងើបឡើងវិញនូវអំពើហិង្សា ការវាយតប់គ្នា​រវាង​យុវជនខ្មែរក្នុងសង្គមយើង នាពេលបច្ចុប្បន្ននេះឡើងវិញ»

លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយលើករណីទាំងនេះបានទេ៕

158 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម