សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងកម្មករនៅរោងចក្រ សិន តៃ ដាក់ពាក្យបណ្តឹងទៅរដ្ឋមន្ត្រីក្រសួងការងារ ក្រោយសំណើទាំងអស់ត្រូវបានច្រានចោល

រោងចក្រ សិន តៃ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីងសំរាំង)
រោងចក្រ សិន តៃ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីងសំរាំង)

តំណាងកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ សិន តៃ ហ្គាមេន (ខេមបូឌា) បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បន្ទាប់ពីនាយកដ្ឋានវិវាទការងារបានច្រានចោលសំណើសុំដោះស្រាយបញ្ហារបស់ពួកគេនៅក្នុងរោងចក្រ។ ក្រសួង​បាន​អះអាង​ថា ​ពួកគេនឹង​រក​ដំណោះស្រាយ​ជូន​កម្មការនិយោជិតទាំងនោះ។

កាល​ពី​ដើម​ខែ​សីហា នាយកដ្ឋានវិវាទការងារបាន​ច្រាន​ចោល​សំណើ​ទាំង ១៣ ដែល​កម្មករនយោជិត​បាន​អះអាង​ថា អយុត្តិធម៌​សម្រាប់​ពួក​គេ។ ពួកគេ​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចេញ​មក​រក​ដំណោះស្រាយ​លម្អិត​ចំពោះ​បញ្ហាដែលបានកើតឡើង​របស់​ពួកគេ។

ខេមបូចា បានទទួលលិខិតមួយចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដែលបញ្ជាក់ថា តំណាងរបស់កម្មករនិយោជិត បានដាក់ពាក្យបណ្តឹងទៅក្រសួង ដោយជំរុញឱ្យរដ្ឋមន្ត្រី លោក ហេង សួរ ជួយអន្តរាគមដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៅក្នុងក្រុមហ៊ុន។

ពួកគេក៏បានជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សទាក់ទងនឹងការបង់ភាគទានតិចតួចដោយ រោងចក្រ សិន តៃ ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ពីឆ្នាំ ២០២១ ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពួកគេបានស្នើសុំនីតិវិធីដើម្បីដោះស្រាយវិវាទការងាររបស់ពួកគេជាសមូហភាព។

លើសពីនេះ កម្មករនយោជិតបានជំរុញឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងលើមេដឹកនាំសហជីព សកម្មជន និងសមាជិកនៃសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ និងធ្វើឱ្យក្រុមហ៊ុនក្លាយជាសហគ្រាសមួយ ដែលមានសហគមន៍ប្រកបដោយសុខសាន្តពេញលេញ។

អ្នកស្រី សេង សុភាព អាយុ ៤១ឆ្នាំ ដែលបានបម្រើការងារនៅរោងចក្រ សិន តៃ អស់រយៈពេល ១១ឆ្នាំមកហើយនោះ បានប្រាប់ ខេមបូចា ថា ពួកគេបានចេញមុខ ដាក់ពាក្យបណ្ដឹងទៅក្រសួង ដោយសារពួកគេចង់ឱ្យមានការអន្តរាគមន៍ដោះស្រាយសំណើទាំង ១៣ ចំណុចនេះឱ្យបានលឿន ជាពិសេសសំណើលើការទូទាត់ពេញលេញ នៃការរួមចំណែកបង់ភាគទានដល់បេឡាជាតិរបបសន្តិសុខសង្គម។

អ្នកស្រីនិយាយថា៖ «វា​ជារឿងអយុត្តិធម៌​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​តំណាង​កម្មករ ហើយ​យើង​ត្រូវ​បាន​គេ​រើសអើង។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋមន្ត្រី ហេង សួរ ជួយ​ពិចារណា​ថា​តើ​នេះ [ស្ថានភាព​ក្នុង​រោងចក្រ​] មាន​អ្វី​ខុស​ប្រក្រតី​ឬ​អត់ ហើយ​មើល​ថា​ តើ​វា​អយុត្តិធម៌​ណាស់​សម្រាប់​យើង​ឬ​អត់»

លោក កឹម សុផេន ប្រធានសហព័ន្ធសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ បានប្រាប់ ខេមបូចា ថា រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយសម្រាប់កម្មករនិយោជិតនោះទេ ជាពិសេសទាក់ទងនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។

លោក​អះអាងថា ប្រសិនបើ​ពាក្យ​ស្នើសុំ​ដាក់​ទៅ​ក្រសួង​តាម​នីតិវិធី​ច្បាប់​មិន​មាន​ដំណោះស្រាយ​សមស្រប​ទេ តំណាង​កម្មករនិយោជិត ​គ្រោង​នឹងលើក​យក​បញ្ហា​នេះ​ទៅកាន់​ភាគី​អ្នក​បញ្ជា​ទិញរបស់រោងចក្រវិញ។ ការបង្វែរបញ្ហានេះទៅកាន់អ្នកបញ្ជាទិញទំនិញពីរោងចក្រ គឺ​ជា​ជម្រើស​ចុង​ក្រោយមួយ​ដើម្បី​ឱ្យអ្នកបញ្ជា​ទិញជួយជំរុញ ក្នុងការរក​​ដំណោះស្រាយ​លើបញ្ហា​ដែលកើតឡើង​ជាមួយ​នឹង​ភាគីរោងចក្រ។

លោកសុផេនបន្តថា៖ «ខ្ញុំជឿថា ថ្នាក់ដឹកនាំក្រសួងនឹងមានដំណោះស្រាយសម្រាប់កម្មករ និងសហជីព ព្រោះនេះមិនមែនជាបញ្ហាធំទេ។ វាជាបញ្ហានិយាយអំពីអត្ថប្រយោជន៍របស់កម្មករ និងសិទ្ធិរបស់ពួកគេនៅកន្លែងធ្វើការ»។

ទន្ទឹមនេះ ប្រធានរដ្ឋបាលក្រុមហ៊ុន សិន តៃ លោក បូរ ប៊ុនលី បានប្រាប់ ខេមបូចា ថា លោកមិនទាន់បានទទួលដំណឹងថា កម្មករនិយោជិតបានដាក់ពាក្យប្តឹងទៅក្រសួងការងារនៅឡើយទេ។ លោក​បន្តទៀត​ថា ទោះ​យ៉ាង​ណា រោងចក្រ​បាន​ព្យាយាម​ដោះស្រាយ​រាល់​សំណើ​ដែល​កម្មករនិយោជិត​បាន​ដាក់​មក។

លោកនិយាយថា៖ «យើងក៏បានពិភាក្សារកដំណោះស្រាយជាមួយក្រសួងផងដែរ។ ថាតើការស៊ើបអង្កេតបន្តឬអត់ […] ព្រោះយើងជំទាស់នឹងសំណើរបស់កម្មករ ដោយសារមានការសង្ស័យ ដូច្នេះយើងទុកវាទៅលើក្រសួងដើម្បីសម្រេច និងដោះស្រាយតាមនីតិវិធីរបស់ពួកគេ»

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានប្រាប់ ខេមបូចា ថា ករណីក្រុមហ៊ុន សិន តៃ គឺមិនមែនជាបញ្ហារបស់កម្មករនិយោជិតទេ ប៉ុន្តែបញ្ហាគឺថា «សហជីពមិនអាចទទួលបានប្រាក់ខែរបស់ពួកគេ» ដូច្នេះពួកគេដាក់ «ពាក្យបណ្តឹង» ជាបន្តបន្ទាប់។

លោក​បាន​អះអាង​ថា ផ្អែក​លើ​ការ​ត្រួត​ពិនិត្យ​ដោយ​អធិការ​កិច្ចការងារ​លើ​រោងចក្រ គឺក្រុមហ៊ុន «មិន​បាន​បំពាន​លក្ខខណ្ឌ​ការងារ​ណា​មួយ​ឡើយ»។

លោកអ៊ន មិនបានឆ្លើយតបនឹងសំណួរថាតើក្រសួងនឹងដោះស្រាយដោយរបៀបណាចំពោះការរួមចំណែកបង់ភាគទានតិចតួចដល់បេឡាជាតិរបបសន្តិសុខសង្គមដោយក្រុមហ៊ុន សិន តៃ នោះទេ ប៉ុន្តែលោកបានឆ្លើយថា មានឧបទ្ទវហេតុស្រដៀងគ្នានៃការកាត់បន្ថយវិភាគទានសន្តិសុខសង្គមដោយក្រុមហ៊ុននាពេលកន្លងមក។

ក្រុមហ៊ុនត្រូវបានផាកពិន័យតាមច្បាប់ ហើយពួកគេក៏បាន និងកំពុងរួមចំណែកជាមួយ «ចំនួនត្រឹមត្រូវ» សម្រាប់កម្មករនិយោជិតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៤ មក។

លោកលើកឡើងថា៖ «ក្រសួងតែងតែរង់ចាំសម្របសម្រួល ដោះស្រាយជូនរាល់បញ្ហា ឬសំណូមពររបស់កម្មករជានិច្ចឲ្យតែចេញពីឆន្ទៈពិតប្រាកដ»។

លោកក៏បានរំឮកដល់សហជីពទាំងអស់ ត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនប្រកបដោយវិជ្ជាជីវៈ ដែលស្របតាមច្បាប់ការងារបានចែង៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Zhen Tai Workers’ Representatives File Complaint With Labor Minister After All Requests Were Rejected

153 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម