សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរក្រុងបាត់ដំបងស្នើក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមឲ្យទាន់ពេលវេលា

សំរាមត្រូវបានពលរដ្ឋយកមកដាក់រប៉ាត់រប៉ាយតាមដងផ្លូវនៅក្នុងក្រុងបាត់ដំបង។ បាន ធារ៉ា
សំរាមត្រូវបានពលរដ្ឋយកមកដាក់រប៉ាត់រប៉ាយតាមដងផ្លូវនៅក្នុងក្រុងបាត់ដំបង។ បាន ធារ៉ា

បាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង ប្រតិកម្មចំពោះក្រុមហ៊ុនស៊ីនទ្រី ទាក់ទងទៅនឹងបញ្ហាប្រមូលសំរាមមិនទាន់ពេលវេលា នៅក្នុងសង្កាត់ទាំង៦ ដែលធ្វើ​ឲ្យពលរដ្ឋមានការត្អូញត្អែរ។

អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានចេញលិខិតមួយច្បាប់ពាក់ព័ន្ធនឹងបញ្ហាសំរាមផ្ញើទៅកាន់ ប្រធានក្រុមហ៊ុនស៊ីទ្រី(កម្ពុជា) ចំកាត់ ដោយស្នើជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមនៅក្នុងសង្កាត់ទាំង៦ នៃក្រុងបាត់ដំបង ដែលក្រុមហ៊ុនកំពុងផ្ដល់សេវាសម្អាតប្រមូលដឹកជញ្ជូនសំរាមឱ្យបានទាន់ពេលវេលា។

យោងតាមលិខិតដដែលបានឱ្យដឹងបន្ថែមថា រដ្ឋបាលក្រុងបាត់ដំបងតែងតែត្រួតពិនិត្យការអនុវត្ដការងាររបស់ក្រុមហ៊ុនកន្លងមក គឺក្រុមហ៊ុនពុំមានមធ្យោបាយ សម្ភារ កម្មករ គ្រប់គ្រាន់ដែលបង្កឱ្យការប្រមូលសម្អាតសំរាម មិនទាន់ពេលវេលា និងមិនសមស្របតាមទំហំការងារនៅឡើយ។

លិខិតដដែលបានលើកឡើងថា ៖«ដូចនេះរដ្ឋបាលជំរុញឱ្យ លោកឧញ៉ាប្រធានក្រុមហ៊ុនផ្ដល់មធ្យោបាយ សម្ភារ កម្មករ និងជួយពង្រឹងប្រសិទ្ធិភាពរបស់សាខាក្រុមហ៊ុននៅក្នុងខេត្ដបាត់ដំបង ឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមរៀបចំការប្រឡងប្រណាំងទីក្រុងស្អាតកម្ពុជា ឆ្នាំ២០២២-២០២៣នាពេលខាងមុខនេះ»

បញ្ហាសំរាមនេះប្រជាពលរដ្ឋក្នុងខេត្ដបាត់ដំបងក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនពិតជាយឿតយ៉ាវ ដោយក្នុងរយៈពេល ២សប្ដាហ៍ទើបឡានមកប្រមូលសំរាមម្ដង ដែលបណ្ដាលឱ្យសំរាម​​កាកសំណល់ផ្ទះបាយមានក្លិនមិនល្អ ព្រមទាំងមានដង្កូវពេញធុងសំរាមទៀតផង ។

ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានស្នើទៅកាន់អាជ្ញាធរក្រុង មេត្តាមានវិធានការណាមួយចំពោះក្រុមហ៊ុនស៊ីនទ្រីផង ព្រោះប្រជាពលរដ្ឋច្រើនណាស់មានកង្វល់អំពីបញ្ហាសំរាមនេះ ។

ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះលោក សុខ លូ អភិបាលខេត្ដបាត់ដំបង តែងតែលើកឡើងជាប្រចាំក្នុងកម្មវិធីជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក នៃខេត្ដបាត់ដំបងដោយលោកអភិបាលខេត្ដតែងតែមានប្រសាសន៍ជំរុញឲ្យរកទីតាំងដីបន្ថែមទៀតសម្រាប់ រៀបចំទីលានចាក់សំរាម ដើម្បីទុកដាក់សំរាមឱ្យមានរបៀប កុំឱ្យមានក្លិនស្អុយ ឬមេរោគទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក ឬភ្ញៀវទេសចរដែលមកកម្សាន្ដក្នុងស្រុកផងដែរ។

គួរបញ្ជក់ថា ពលរដ្ឋនៅក្នុងខេត្ដបាត់ដំបងមានចំនួនប្រមាណ១លាន ២សែន នាក់ បរិមាណសំរាមក្នុងក្រុងបាត់ដំបងមានប្រមាណ ១០០ ទៅ១៤០តោនក្នុងមួយថ្ងៃ៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

258 views

ព័ត៌មានទាក់ទង