អាជ្ញាធរខេត្តសៀមរាបបានដាក់ពង្រាយនគរបាលយាមល្បាតប្រចាំការនៅតាមគោលដៅ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរក្សានូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងភ្ញៀវទេសចរដែលមកទស្សនានៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ ធម្មជាតិ។
ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តសៀមរាបថា ខេត្តសៀមរាប មាន១២ក្រុង ស្រុក និងប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍សរុបចំនួន ១១៥ ៧៧៨២នាក់ ដោយកំលាំងនគរបាលមានជាង២ពាន់នាក់ ដែលកំពុងបំរើភារកិច្ច និងទ្រទ្រង់សភាពការជារួម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកថា៖ «មន្រ្តីសមត្ថកិច្ចបានអនុវត្តនូវតួនាទី ដោយយកចិត្តទុកដាក់ប្រឹងប្រែងមិនក្លាចនឿយហត់ និងបន្តពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឲ្យខេត្តយើងមានសន្តិសុខ និងសុវត្ថិភាពល្អ»។
ប្រភពដដែលបន្ថែមថា បច្ចុប្បន្ននេះការងារសន្តិសុខ អាជ្ញាធរពាក់ព័ន្ធទាំងអស់បាននិងកំពុងធ្វើការរឹតបន្តឹងបន្ថែមទៀត ដោយធ្វើការយាមល្បាតទាំងយប់ទាំងថ្ងៃ គឺ២៤ម៉ោងលើ២៤ម៉ោង ជាពិសេសនៅតំបន់ដែលមានភាពស្មុកស្មាញក្នុងក្រុង ដើម្បីទប់ស្កាត់ឲ្យបានល្អប្រសើរនូវរាល់បទល្មើសផ្សេងៗ។
ពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបលោក សាង បានលើកឡើងថា ចំពោះសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសៀមរាប គឺមានភាពល្អប្រសើរ ដោយសារតែអាជ្ញាធរពាក់ព័ន្ធទាំងអស់តែងតែធ្វើការពង្រឹងការយាមល្បាតជាប្រចាំមិនថាយប់ឬថ្ងៃឡើយ ក្នុងគោលបំណងរក្សានូវសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរផងដែរ។
លោក សាង បន្ថែមថា៖ «នៅក្នុងខេត្តមិនសូវមានភាពអសន្តិសុខកើតឡើងនោះទេ ដោយសារសមត្ថកិច្ចយាមល្បាត ជាប្រចាំមិនថាយប់ ឬថ្ងៃ ដើម្បីរក្សានូវសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។
មិនខុសពីការលើកឡើងខាងលើ លោក សុភាក់ រស់នៅក្នុងក្រុងសៀមរាបដែរនោះ ថា លោកតែងតែឃើញមាន សមត្ថកិច្ចនៅប្រចាំការ និងយាមល្បាតនៅកន្លែងទីប្រជុំជន និងកន្លែងផ្សេងៗនៅតាមគោលដៅទេសចរណ៍ ដើម្បីផ្តល់នូវសុខសុវត្ថិភាព និងភាពកក់ក្តៅដល់ពលរដ្ឋព្រមទាំងភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ។
លោក សុភាក់ បញ្ជាក់ថា៖ «តែងឃើញមានសមត្ថកិច្ចនៅប្រចាំការ និងយាមល្បាតនៅកន្លែងទីប្រជុំជន និង កន្លែងផ្សេងៗនៅតាមគោលដៅទេសចរណ៍ ដើម្បីផ្តល់នូវសុខសុវត្ថិភាពនិងភាពកក់ក្តៅដល់ពលរដ្ឋព្រមទាំងភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំបន្ថែមដល់អាជ្ញាធរខេត្តសៀមរាប ត្រូវខិតខំក្នុងការការពារសន្តិសុខ សណ្ឋាប់ធ្នាប់ នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្នុងខេត្តសៀមរាបទាំងមូល ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្ត ខណៈបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំចរចាជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមមកកាន់អាកាសយានដ្ឋានអន្តរជាតិថ្មី៕
