អំពើហិង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប មានការថយចុះជាងពេលមុន ដោយសារអាជ្ញាធរមានការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការបង្កើតឱ្យមានក្រុមការងារពហុវិស័យ ដើម្បីឆ្លើយតបទាន់ពេលលើករណីអំពើហិង្សាក្នុងគ្រួសារ។
ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកសូទ្រនិគមលោកស្រី អ៊ូ ច័ន្ទថាវី បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារនៅមូលដ្ឋានស្រុកសូទ្រនិគមមានការថយចុះច្រើនបើប្រៀបធៀបនឹងពេលមុន។ លោកស្រីបន្តថា ការថយចុះដោយសារអាជ្ញាធរមានការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងការបង្កើតឱ្យមានក្រុមការងារពហុវិស័យដើម្បីឆ្លើយតបទាន់ពេលលើករណីអំពើហិង្សាក្នុងគ្រួសារ។
លោកស្រី អ៊ូ ច័ន្ទថាវី ក៏បានបន្ថែមថា៖ «នៅពេលមានបញ្ហាអំពើហិង្សាក្នុងគ្រួសារកើតឡើង សូមរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធឱ្យបានទាន់ពេល ព្រោះអាជ្ញាធរមិនទុកឱ្យជនរងគ្រោះប្រឈមគ្រោះថ្នាក់ទេ»។
អ្នកស្រី ស៊ិន ហួ ជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគម បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារមិនសូវកើតមានប៉ុន្មានទេ ដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន។ អ្នកស្រីថា បញ្ហាអំពើហិង្សាក្នុងគ្រួសារកើតឡើង តាមរយៈការចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
អ្នកស្រីថ្លែងថា៖ «កន្លងទៅអាជ្ញាធរពាក់ព័ន្ធតែងតែចុះអប់រំផ្សព្វផ្សាយជាញឹកញាប់ បញ្ជ្រាបការយល់ដឹងពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីចូលរួមបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ»។
ជាមួយគ្នានេះ អ្នកស្រី ទីណា រស់នៅមូលដ្ឋានជាមួយគ្នាដែរនោះក៏បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារនៅកើតមានឡើងតិចតួច ទោះបីជាមានការប្រជុំផ្សព្វផ្សាយពីអាជ្ញាធរយ៉ាងណាក៏ដោយ។
អ្នកស្រីបន្ថែមថា៖ «នៅពេលមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ស្ត្រីត្រូវរាយការណ៍ករណីហិង្សាក្នុងគ្រួសារទៅកាន់អាជ្ញាធរ ដើម្បីឱ្យមានការជួយអន្តរាគមន៍ទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ»។
គួរបញ្ជាក់ផងដែរថា អំពើហិង្សាក្នុងគ្រួសារមានបួនប្រភេទគឺផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច។ ការមានទំនួលខុសត្រូវចំពោះអារម្មណ៍ ឬការចេះគ្រប់គ្រងអារម្មណ៍ និងសកម្មភាពរបស់ខ្លួនទាក់ទងនឹងអំពើហិង្សា ដឹងពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ ដើម្បីបញ្ចៀសការប្រើអំពើហិង្សានៅពេលមានកំហឹង អាចជ្រើសរើសបានដូចជា អានសៀវភៅ ស្តាប់ចម្រៀង លេងកីឡា ពុះអុស ងូតទឹកត្រជាក់ ស្រែកខ្លាំងនៅទីវាល។ល។
កន្លងទៅ ទាំងរាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋពីផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ និងឈានទៅលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់គ្រប់រូបភាព៕