សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋតំណាងឱ្យ​៨៥០គ្រួសារ​នៅខេត្តកោះកុង ដាក់ញត្តិស្នើឱ្យតំណាងរាស្រ្តប្រចាំខេត្តជួយពន្លឿនផ្ដល់ដី​សង្គម​កិច្ច

ប្រជាសហគមន៍ជាង៨០នាក់ មកពីស្រុកស្រែអំបិល និងស្រុកបូទុមសារគរ ឡើងទៅដាក់​ញត្តិនៅទីស្នាក់ការរដ្ឋសភាខេត្តកោះកុង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូបភាពផុសក្នុងទំព័រហ្វេសប៊ុករបស់សហគមន៍ តានីជីខលើ ១៩៧ ខេត្តកោះកុង។
ប្រជាសហគមន៍ជាង៨០នាក់ មកពីស្រុកស្រែអំបិល និងស្រុកបូទុមសារគរ ឡើងទៅដាក់​ញត្តិនៅទីស្នាក់ការរដ្ឋសភាខេត្តកោះកុង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូបភាពផុសក្នុងទំព័រហ្វេសប៊ុករបស់សហគមន៍ តានីជីខលើ ១៩៧ ខេត្តកោះកុង។

ប្រជាពលរដ្ឋជាង៨០នាក់ តំណាងឱ្យប្រមាណ៨៥០គ្រួសាររស់នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា បាននាំគ្នាឡើងទៅដាក់ញត្តិនៅទីស្នាក់ការរដ្ឋសភាខេត្តស្នើកិច្ចអន្តរាគមន៍ទៅកាន់ក្រសួងរៀបចំដែនដី​ និងអាជ្ញាធរខេត្តដើម្បី​ពន្លឿនក្នុងការផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ។  

បើតាមខ្លឹមសារនៃញត្តិរបស់ប្រជាសហគមន៍ ការស្វែងរកដំណោះស្រាយពីតំណាងរាស្រ្ត បន្ទាប់ពីពួកគេបានដាក់លិខិតស្នើសុំដីសម្បទានសង្គមកិច្ចជាច្រើនលើកមកហើយ នៅរដ្ឋបាល​ខេត្ត ថែមទាំងបានដាក់ញត្តិឱ្យក្រសួងដែនដីជួយពន្លឿននីតិវិធីនេះផងដែរ កាលពីខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែនៅតែគ្មានលទ្ធផល។

ក្នុងញត្តិនិយាយថា៖ «ស្នើសុំ ឯកឧត្តម ជួយពន្លឿន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលាខេត្តកោះកុង និងសាលាស្រុកស្រែអំបិល ដោះស្រាយគោលនយោបាយដីសម្បទានសង្គមកិច្ច ចែកជូនពួកយើងខ្ញុំដែលជាប្រជាពលរដ្ឋក្រីក្រ (នៅក្នុងខេត្តកោះកុង)»។

ប្រជាសហគមន៍មួយរូបដែលឡើងមកដាក់ញត្តិ អ្នកស្រី គង់ ដានី មកពីសហគមន៍ ៩៥៥គ្រួសារ និងជាសហគមន៍ក្រីក្រមួយនៅស្រុកស្រែអំបិល និយាយថា ការចង់បានដីសម្បទាន ពីព្រោះគ្រួសាររបស់អ្នកស្រីមានជីវភាពលំបាក ដោយសារគ្មានផ្ទះសម្បែង និងដីសម្រាប់ដាំដំណាំចិញ្ចឹមជីវិតឡើយ ខណៈសព្វថ្ងៃគ្រួសារអ្នកស្រីត្រូវជួលផ្ទះរបស់គេសម្រាប់ស្នាក់នៅ។

អ្នកស្រី គង់ ដានី វ័យ៤០ឆ្នាំ បានលើកឡើងថា៖ «យើងរកមួយថ្ងៃស៊ីមួយថ្ងៃមិនគ្រប់ផងហ្នឹង មានលទ្ធភាពឯណាទៅខ្ចី(លុយ)គេៗម៉េចឱ្យយើង គេមិនឱ្យយើងទេ»។

អ្នកស្រី ដានី បន្តថា សព្វថ្ងៃអ្នកស្រីកំពុងមានជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី៣ និងមានកូនចំនួន៣នាក់ក្នុងបន្ទុក និងប្ដីជាកម្មករសំណង់។

អ្នកស្រី គង់ ដានី ស្នើសុំអាជ្ញាធរពាក់ព័ន្ធថា៖ «ជួយពន្លឿនរឿងដីធ្លីហ្នឹងឱ្យប្រជាពលរដ្ឋដែលអត់ៗឱ្យរាងលឿនបន្តិច ព្រោះអីប្រជាជនត្រូវការដីដើម្បីធ្វើលំនៅឋាន ដើម្បីដាំដុះ អាជីវកម្ម ឬចិញ្ចឹមមាន់ចិញ្ចឹមអី ហើយដាំដុះអីគ្រាន់បានហូបចុកគ្រប់គ្រាន់»។

ប្រជាសហគមន៍ដាក់ញត្តិសុំអន្តរាគមន៍ផ្ដល់ដីសម្បទានសង្គមកិច្ចទាំងនោះ មួយចំនួនក៏មានវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន​ និងបុគ្គលមានអំណាចផងដែរ។ 

កាលពីដើមខែកញ្ញា ប្រជាសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីនៅខេត្តកោះកុង ប្រមាណ៧០នាក់ បានឡើងមកតាមដានសវនាការសមាជិក​​ខ្លួន​នៅ​តុលាការកំពូល និងសួរនាំញត្តិដែលបានដាក់នៅក្រសួងរៀបចំដែនដី ដែលក្រោយមក ​តុលាការ​កំពូល​ ​សម្រេច​តម្កល់​ការ​​ផ្តន្ទា​ទោស​លើ​អ្នកស្រី​ អឹ​ប​ ​តឹង​ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​និង​ពិន័យ​ជា​ប្រាក់​១​០​ម៉ឺន​រៀល​ ​តាម​បណ្តឹង​របស់​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ជាមួយ​សហគមន៍​របស់​អ្នកស្រី​ ១៩៧ នៅស្រុកស្រែអំបិល។

ពលរដ្ឋមកពីសហគមន៍១៦គ្រួសារ និងសហគមន៍១៩៧គ្រួសារលោក ឆាន់ ឈឿន និយាយថា លោក និងប្រជាសហគមន៍ផ្សេងទៀតបានទៅដាក់ញត្តិនៅមណ្ឌលតំណាងរាស្ត្រ ស្នើសុំពន្លឿនដំណោះស្រាយវិវាទដីធ្លីជូនសហគមន៍របស់លោក និងផ្ដល់ដីសម្បទានដល់សហគមន៍ក្រីក្រ។ 

លោកបានឱ្យដឹងទៀតថា នៅពេលរសៀល ក្រុមពលរដ្ឋក៏បានទៅតាមដានញត្តិរបស់ពួកគេដែលបានដាក់នៅរដ្ឋបាលខេត្តកោះកុងផងដែរ។

លោក ឆាន់ ឈឿន វ័យ ៤៥ឆ្នាំ បានបន្តថា៖ «គាត់សន្យាថាបើសិនជាគាត់អត់មានព័ត៌មាន ឬក៏អត់មានការហៅបងប្អូនអ៊ីចឹងទេ សូមឱ្យបងប្អូនឡើង​មក​ជួបម្ដងទៀត។ ដល់ពេលមកដល់ពេលនេះហើយអត់មាន។ អ៊ីចឹងពួកខ្ញុំឡើងមកសួរគាត់ថា គាត់បានសន្យាពីថ្ងៃទី៣១(ខែកក្កដា) ហ្នឹងយ៉ាងម៉េចហើយ»។

លោក ឈឿន អះអាងថា បន្ទាប់ពីបានបាត់បង់ដីប្រមាណជាង ៧ហិកតា កាលពីឆ្នាំ២០០៧ មក គ្រួសារគាត់មានជីវភាពលំបាក ហើយត្រូវរស់នៅបែកជាមួយភរិយា ដែលនាងបានចំណាកស្រុកទៅធ្វើការនៅរោងចក្រមួយនៅខេត្តព្រះសីហនុដើម្បីចិញ្ចឹមគ្រួសារ ដែលមានកូននៅរៀនក្នុងបន្ទុកពីរនាក់។

លោក ឈឿន ស្នើសុំថា៖ «ខ្ញុំចង់បានដំណោះស្រាយឱ្យគាត់សងដីមកវិញ ហើយនិងប្រាក់សំណងដោយសមរម្យ ព្រោះអីខ្ញុំអាក់ខានក្នុងការអាស្រ័យ​ផល ហើយនិងចង់បានឱ្យគាត់ធ្វើបណ្ណកម្មសិទ្ធិជូនសហគមន៍១៩៧គ្រប់ៗគ្នា»។

ប្រជាសហគមន៍ជាង៨០នាក់ មកពីស្រុកស្រែអំបិល និងស្រុកបូទុមសារគរ សម្រាកហូបបាយ ខណៈពេឡពួគគេឡើងទៅដាក់ញត្តិនៅទីស្នាក់ការរដ្ឋសភាខេត្តកោះកុង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូបភាពផុសក្នុងទំព័រហ្វេសប៊ុករបស់សហគមន៍ តានីជីខលើ ១៩៧ ខេត្តកោះកុង។

ក្រៅពីការដាក់ញត្តិនៅមណ្ឌលតំណាងរាស្រ្តខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ប្រជាសហគមន៍បាននាំគ្នាធ្វើដំណើរទៅកាន់សាលាខេត្តកោះកុង ដោយរង់ចាំជួបអភិបាលខេត្តកោះកុង គឺ លោកស្រី ឈី វ៉ា ដើម្បីសួរនាំអំពីការសន្យាដែលក្នុងញត្តិរបស់ពួកគេ និយាយថា «ខេត្តនឹងពិនិត្យទិន្នន័យច្បាស់លាស់ទើបរកដីរដ្ឋដើម្បីផ្ដល់ឱ្យ នឹងសើរើយកប្រមូលឯកសារមកពិនិត្យ​ឡើងវិញដើម្បីយកភស្តុតាងជាក់ស្ដែងដើម្បីរកយុត្តិធម៌ជូនបងប្អូន ត្រូវសហការគ្នា គោរពច្បាប់ទាំងអស់គ្នា»។

បើតាមសំណេរនៃបដាមួយក្នុងចំណោមបដាជាច្រើនដែលពលរដ្ឋឈរកាន់នៅមុខសាលាខេត្តទាំងមេឃកំពុងភ្លៀង សរសេរថា៖ «យើងខ្ញុំត្រូវការដីធ្វើកសិកម្ម និងសង់លំនៅឋាន។ មានដីទើបមានជីវិត កសិករត្រូវការដី»។

អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក ឈិត រតនៈ ទូរសព្ទចូលតែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមប្រព័ន្ធតេឡេក្រាមមិនទាន់មានការឆ្លើយតប។

រីឯអ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត ទូរសព្ទមិនអាចទំនាក់ទំនងបាន ខណៈផ្ញើសំណួរតាមប្រព័ន្ធតេឡេក្រាមមិនទាន់មានការឆ្លើយតបគិតត្រឹមម៉ោងផ្សាយ។

តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកោះកុងលោក ដុំ យុហៀន មានប្រសាសន៍ថា លោកមិនទាន់បានពិនិត្យមើលញត្តិសុំអន្តរាគមន៍របស់ប្រជាសហគមន៍នៅឡើយទេ ប៉ុន្តែលោកនឹងសួរនាំករណីនេះទៅកាន់ភាគីពាក់ព័ន្ធ។

លោកថ្លែងថា៖ «យើងនឹងសាកសួរទៅកាន់ (អាជ្ញាធរពាក់ព័ន្ធ)ដោយផ្ទាល់»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា កន្លងមក នៅពេលដែលប្រជាសហគមន៍ទាំងនោះ ឡើងមកសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដី ត្រូវបានរុញឱ្យទៅសួរនាំពីរដ្ឋបាលខេត្តវិញ ដែលធ្វើឱ្យពួកគេឡើងចុះទាំងគ្មានដំណោះស្រាយ​។

លោកយល់ថា ពលរដ្ឋទាំងនោះពិតជាត្រូវការដីសម្បទានសង្គមកិច្ចដើម្បីរស់នៅ និងបង្កបង្កើនផលទ្រទ្រង់ជីវភាគ្រួសារ ដោយសារពួកគេសុទ្ធតែមានជីវភាពលំបាក។ 

លោកថ្លែងថា៖ «ដូច្នេះទាំងរដ្ឋបាលខេត្តកោះកុង និងក្រសួងរួមទាំងស្ថាប័នពាក់ព័ន្ធគួរ​ពន្លឿន​​នីតិវិធីក្នុងការដោះស្រាយជូនពួកគាត់ឱ្យបានឆាប់ និងមិនគួរឱ្យពួកគាត់បន្តឡើងចុះៗ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ពេលវេលា ថវិកា និងជីវភាព របស់ពួកគាត់បន្តទៀតទេ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម