ពលរដ្ឋពីសហគមន៍ជនជាតិដើមភាគតិច អ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋខ្មែរកម្ពុជា ក្រោមជាដើមបានលើកឡើងពីការលំបាករបស់ពួកគេក្នុងការអនុវត្តសិទ្ធិសេរីភាពពេញលេញ តាមច្បាប់កំណត់ រួមមាន បញ្ហាដីធ្លីនៅមិនទាន់ដោះស្រាយ ការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិបញ្ចេញមតិនៅមានកម្រិតជាដើម។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សានៅក្នុងវេទិកាប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល និងសមាគមន៍ជាង១០ស្ថាប័ន ក្រោមប្រធានបទ «សំឡេងរបស់យើង តំបន់របស់យើង» ការកសាងផ្លូវឆ្ពោះទៅកាន់អាស៊ានដែលយកប្រជាជនជាស្នូលប្រកបដោយយុត្តិធម៌ គណនេយ្យភាព បរិយាបន្ន និងអន្តរអត្តសញ្ញាណ» នៅរាជធានីភ្នំពេញ។
អង្គការសង្គមស៊ីវិល និងសមាគម ដែលរៀបចំវេទិកាប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០២៦ រួមមាន សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(ADHOC) អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(CMPO) សមាគមន៍ខ្មែរកម្ពុជាក្រោម និងអង្គការអាក់សិនអេត(ActionAid) ជាដើម។
លោកស្រី សេង រាសី នាយិកាប្រតិបត្តិនៃអង្គការសីលការ ប្រាប់ថា វេទិកាប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០២៦ ផ្ដល់ឱកាសឱ្យគ្រប់ភាគីជជែកពិភាក្សាគ្នាពីបញ្ហាដែលពួកគេកំពុងប្រឈម ហើយនៅឆ្នាំនេះបញ្ហាសំខាន់ៗ រួមមាន ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបញ្ញាសប្បនិម្មិត(AI) ការបម្រែបម្រួលអាកាសធាតុ របត់នៃការអភិវឌ្ឍក្នុងតំបន់ ដែលប៉ះពាល់សិទ្ធិមនុស្ស ការបៀតបៀនតាមប្រព័ន្ធអនឡាញ និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញជាដើម។
លោកស្រី សេង រាសី វេទិកាប្រជាពលរដ្ឋកម្ពុជានេះ ក៏នឹងប្រមូលធាតុចូលពីគ្រប់ភាគី និងផ្ដល់ជាអនុសាសន៍ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើង ព្រមទាំងពាំនាំទៅពិភាក្សាទៅវេទិកាប្រជាពលរដ្ឋអាស៊ាន នៅប្រទេសហ្វីលីពីន នាចុងខែតុលា ឆ្នាំ២០២៦នេះទៀតផង។
លោកស្រីមានប្រសាសន៍ថា៖ «ការលើកឡើងនៃបញ្ហានេះមិនមែនដើម្បីទៅប្រឈមមុខដាក់គ្នាទេ ដើម្បីធានាឱ្យបានថា នៅក្នុងដំណើរការនៃការធ្វើគោលនយោបាយ ការធ្វើយុទ្ធសាស្ត្រផ្សេងៗនោះគឺបានដាក់បញ្ចូលការលើកឡើង និងការបារម្ភរបស់ប្រជាពលរដ្ឋ ដើម្បីធានាបានថានៅពេលគោលនយោបាយ និងច្បាប់ផ្សេងៗចេញមកហ្នឹង គឺជាគោលនយោបាយដែលមានអត្ថន័យ គោលនយោបាយដែលមានភាពពេញលេញ»។
មូលបទធំៗ៤ ដែលលើកឡើងមកពិភាក្សាគ្នានៅក្នុងវេទិកាប្រជាពលរដ្ឋកម្ពុជានេះ រួមមាន មូលបទទី១ គឺ «ការងាររបស់យើង ជីវិតរបស់យើង សិទ្ធិរបស់យើង» ទី២ «សន្តិភាព សុវត្ថិភាព និងយុត្តិធមម៌សម្រាប់ទាំងអស់គ្នា» ទី៣ «ដីយើង បរិស្ថានយើង អនាគតយើង» និងមូលបទចុងក្រោយនិយាយពី «សិទ្ធិរបស់យើងនៅក្នុងពិភពឌីជីថល»។
មុននឹងចូលដល់ការពិភាក្សាលើមូលបទនីមួយៗនេះ នៅក្នុងវេទិកាប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០២៦ក៏មាន កិច្ចពិភាក្សាស្ដីពី ការផ្ដោតលើអន្តរអត្តសញ្ញាណ នៅក្នុងលំហពលរដ្ឋ សិទ្ធិមនុស្ស និងការចូលរួមតាមប្រជាធិបតេយ្យ។ តំណាងភាគីមកពីវិស័យ និងតំបន់ផ្សេងៗគ្នាបានលើកឡើងពីបញ្ហាដែលពួកគេកំពុងជួបប្រទះ។
អ្នកស្រី រ៉ុម ប៊ុនណា តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានលើកឡើងក្នុងកិច្ចពិភាក្សាថា ការចូលរួមរបស់យុវជនជនជាតិដើមភាគតិចក្នុងការងារសហគមន៍នៅក្នុងតំបន់អ្នកស្រីមានការថយចុះជាងមុន ដោយសារពួកគេត្រូវចំណាកស្រុករកចំណូលចិញ្ចឹមជីវិត ព្រោះតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក្ដី ប៊ុនណា ថា អ្នកស្រី និងប្រជាពលរដ្ឋនៅតែមានភាពសកម្មក្នុងការបន្តតវ៉ាទាមទារដំណោះស្រាយចំពោះបញ្ហាផ្សេងៗដែលកើតមាន រួមទាំងបញ្ហាដីធ្លីផង ដែលប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។
អ្នកស្រីលើកឡើងថា៖ «ជាក់ស្ដែងអត់ដឹងថាដោះស្រាយនៅក្នុងកម្រិតណា គឺនៅធ្វើ(តវ៉ាទាមទារដំណោះស្រាយ)ដដែលៗ ហើយបញ្ហាហ្នឹងក៏កើតមានរហូតដដែលៗដូចជាជាក់ស្ដែងរឿងដីធ្លីនៅព្រះវិហារ។ យើងបានស្រែក យើងបានដោះស្រាយ យើងបានចូលរួមទាំងយុវជន ទាំងចាស់ទុំ […]ប៉ុន្តែបញ្ហាទាំងអស់ហ្នឹងដូចជាមិនបានដោះស្រាយសម្រាប់សហគមន៍យើងខ្ញុំទេ»។
អ្នកស្រី ប៊ុនណា ស្នើសុំថា៖ «អីដែលយើងត្រូវការចាំបាច់ មានន័យថាបញ្ហាដែលកំពុងតែប្រទះដែលយើងចង់បានដំណោះស្រាយហ្នឹងគឺរឿងដីធ្លីហ្នឹង រឿងចុះបញ្ជីដីជាសមូហភាពដែលអូសបន្លាយតាំងពីឆ្នាំ២០១២ រហូតដល់២៦(ឆ្នាំ២០២៦)នេះ វាអត់បានជោគជ័យ»។

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) បានលើកឡើងថា អ្នកសារព័ត៌មាននៅតែប្រឈមនិងការរឹតត្បិតនៅពេលរាយការណ៍អំពីបញ្ហាសហគមន៍ ធនធានធម្មជាតិ និងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងក្រុមហ៊ុនឯកជន។
លោកមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានដែលយើងតែងតែបង្ហាញអំពីភាពអវិជ្ជមាន អំពីបញ្ហាសហគមន៍ អំពីរឿងធនធានធម្មជាតិ ដែលចាប់យករិបអូស ឬក៏ដីធ្លីជាមួយនឹងក្រុមហ៊ុនឯកជន។ ខ្ញុំជឿថាមានការរឹតត្បិតខ្លាំង»។
លោកបានជំរុញឱ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបន្តបង្ហាញបញ្ហាដែលកើតមានក្នុងសហគមន៍ ដើម្បីឱ្យសាធារណជន និងអ្នកដឹកនាំបានដឹង ព្រមទាំងការបង្ហាញអំពីសារសំខាន់នៃការផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើការពិត និងមានមូលដ្ឋានច្បាស់លាស់ ដើម្បីជៀសវាងការចោទប្រកាន់ដោយគ្មានភស្តុតាង។
រីឯលោក ថាច់ ចន្ទ្រា ប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ជាពិសេសករណីព្រះសង្ឃដែលលោកអះអាងថាកំពុងជាប់ឃុំ និងរងការរឹតត្បិតលើការបញ្ចេញមតិតាមបណ្ដាញសង្គម។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំយកជនរងគ្រោះទាំង១២អង្គដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាមដោះលែង ជាបន្ទាន់ ហើយសូមសហគមន៍អន្តរជាតិជួយអន្តរាគមន៍ ហើយមានអ្នករងគ្រោះផ្សេងៗទៀតទាក់ទងទៅនឹងសិទ្ធិសេរីភាពបញ្ចេញមតិស្អីៗ លើបណ្តាញសង្គមអីហ្នឹង ឥឡូវចាប់ផ្តើមតឹងតែង ចាប់ដាក់គុកមិនងាយទេ កាន់តែពិបាកតឹងតែងខ្លាំងទៅ»។
លោកក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងនៅកម្ពុជា និងកម្ពុជាក្រោម ដោយស្នើឱ្យមានការគាំទ្រដល់សិទ្ធិសេរីភាព និងការរស់នៅដោយសុខសាន្តរបស់ពួកគេ។
លោកលើកឡើងថា៖ «សូមឲ្យការយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនៅកម្ពុជា និងកម្ពុជាក្រោម ព្រោះមនុស្សដូចគ្នាចង់មានសុភមង្គលចង់មានសេចក្តីសុខ ប៉ុន្តែអត់ស្នើភាពគ្នា ដូច្នេះធ្វើយ៉ាងណាឲ្យសហគមន៍ទាំងអស់ចេះរស់នៅជាមួយគ្នាគឺវាប្រសើរ»។
លោក ភិន សាវៃ ប្រធានផ្នែកតស៊ូមតិ និងបណ្ដាញនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(ADHOC) បានលើកឡើងថា លំហសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជានៅមានកម្រិត ជាពិសេសសកម្មភាពជួបជុំ និងការបណ្ដុះបណ្ដាលក្នុងសហគមន៍។
លោកបានថ្លែងថា៖ «ការជួបជុំរបស់ពលរដ្ឋត្រូវបាន ឃ្លាំមើលទៅបានរំខានដល់អាជ្ញាធរមូលដ្ឋាន ខ្ញុំឧទាហរណ៍ សហគមន៍ចុះទៅរៀបចំអង្គប្រជុំ ឬក៏មានវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រក្នុងការពារព្រៃឈើ ក្នុងការពារសិទ្ធិមនុស្ស ស្រាប់តែមានអាជ្ញាធរមូលដ្ឋានសុំបញ្ជីវត្តមានទៅថតរូបធ្វើរបាយការណ៍។ សកម្មភាពទាំងអស់ហ្នឹងហើយវាជាការរឹតត្បិតសេរីភាព ការផ្តល់រំខានកាប្រមូលផ្តុំដោយសន្តិវិធី»។
លោកបានណែនាំឱ្យប្រជាពលរដ្ឋដែលប្រឈមនឹងការគំរាមកំហែង ឬការរឹតត្បិតសេរីភាពបញ្ចេញមតិ ទាក់ទងទៅអង្គការសិទ្ធិមនុស្សដែលនៅជិតខ្លួន ដើម្បីស្វែងរកការគាំទ្រ និងជំនួយសមស្រប។
ជុំវិញរឿងនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា នៅកម្ពុជាមានសេរីភាពបញ្ចេញមតិពេញលេញ ស្របតាមច្បាប់កំណត់។
លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «សេរីភាពបញ្ចេញមតិនៅកម្ពុជាមានយ៉ាងពេញលេញ ស្របតាមមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញា។ អ្វីដែលសំខាន់គឺ សូមឱ្យអង្គការសង្គមស៊ីវិល សកម្មជននយោបាយ ឬសង្គម និងគ្រប់គ្នា គោរពច្បាប់កំពូលដែលបានចែង។ ក្នុងពិភពលោកនេះ ប្រទេសណាក៏មានច្បាប់កំណត់ពីសេរីភាពដែរ»។
របាយការណ៍អង្គការ Freedom House ស្ដីពីសេរីភាពនៅលើពិភពលោកឆ្នាំ២០២៦ (Freedom in the World 2026) កម្ពុជាទទួលបាន ២២ពិន្ទុ លើពិន្ទុសរុប ១០០ពិន្ទុ ថយចុះចំនួន ១ពិន្ទុ ខណៈឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុសរុប ១០០ពិន្ទុ ដែលពិន្ទុនេះវាយតម្លៃថាកម្ពុជាជាប្រទេសដែលមិនសេរី(Not free)៕







