សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកវិភាគ៖ ការគណនាផ្នែកនយោបាយ ជម្លោះដែលមិនទាន់ដោះស្រាយ បង្កឱ្យមានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ

រង្វង់មូល និងរូបសំណាកតាអ៊ុំ នៅតំបន់អានសេះ ត្រូវបានកម្ទេចដោយយោធាថៃកំឡុងពេលប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ចន្លោះថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា។ រូបថត​ថ្ងៃទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៥។ (ផ្តល់​ដោយ ស៊ុន ណារិន) 
រង្វង់មូល និងរូបសំណាកតាអ៊ុំ នៅតំបន់អានសេះ ត្រូវបានកម្ទេចដោយយោធាថៃកំឡុងពេលប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ចន្លោះថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា។ រូបថត​ថ្ងៃទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៥។ (ផ្តល់​ដោយ ស៊ុន ណារិន) 

ខណៈសំឡេងកាំភ្លើងធំបន្លឺឡើងពាសពេញព្រំដែនកម្ពុជា-ថៃក្នុងសប្ដាហ៍នេះ ដែលបានបង្ខំឱ្យពលរដ្ឋរាប់ពាន់គ្រួសារត្រូវភៀសខ្លួនហើយសាលារៀនរាប់សិបកន្លែងត្រូវបិទទ្វា ការប្រយុទ្ធគ្នាជាថ្មីនេះ ក៏ធ្វើឱ្យមានចោទសួរនូវសំណួរបន្ទាន់មួយចំនួនដួចជាថាតើអ្វីទៅដែលជំរុញឱ្យមានការកើតឡើងនៃជម្លោះនេះ ហើយអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។ ស្របពេលដែលមន្ត្រីទាំងសងខាងចេញសេចក្តីថ្លែងការណ៍ផ្ទុយគ្នា អ្នកវិភាគយល់ថា ការប្រយុទ្ធគ្នាដ៏ហិង្សានេះបានឆ្លុះបញ្ចាំងមិនត្រឹមតែការបែកបាក់នៃទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ហារចនាសម្ព័ន្ធនយោបាយដ៏ស៊ីជម្រៅជាច្រើនឆ្នាំ​មកហើយដែលមិនទាន់ដោះស្រាយ ហើយ​អំណាចពីខាងក្រៅក៏មិនអាចជួយដោះស្រាយឱ្យបានជោគជ័យប៉ុន្មានដែរ។

កម្ពុជា និងថៃបានឈានដល់បទឈប់បាញ់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា បន្ទាប់​ពីការប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃ ដោយក្រោយមកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន។ ប៉ុន្តែប៉ុន្មានខែក្រោយមក អរិភាពរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងម្តងទៀត ដោយលើកនេះមានសភាពខ្លាំងក្លាជាងការប៉ះទង្គិចគ្នាកាលពីខែកក្កដា។

នយោបាយក្នុងស្រុកនៅថៃត្រូវបានគេមើលឃើញថាជាកត្តាជំរុញដ៏ធំដែលបណ្តាលឱ្យមានជម្លោះ

លោក Supalak Ganjanakhundee ​អតីតការីនិពន្ធសារព័ត៌មាន និងជាអ្នកជំនាញខាងទំនាក់ទំនងថៃ-កម្ពុជាបាន​លើកឡើងថា ការប៉ះទង្គិចគ្នាជាថ្មីនេះ គឺមានឫសគល់ចម្បងចេញពីភាពចលាចលផ្នែកនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ជាជាងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយក្នុងតំបន់។

លោកបានបន្តថា ក្រុមយោធាដែលចូលចិត្តប្រើហិង្សា កំពុងកេងចំណេញពីឱកាសនេះ ខណៈពេលដែលមនោសញ្ចេតនាជាតិនិយមកំពុងត្រូវបានជំរុញនៅគ្រប់មជ្ឈដ្ឋាននយោបាយ។ នៅក្នុងបរិយាកាសបែបនេះ រដ្ឋបាលរបស់លោក អនុទីន  មើលឃើញថា ការបង្កើនជម្លោះ គឺជាជម្រើសដែលមានសុវត្ថិភាពផ្នែកនយោបាយ ជាងការសម្រុះសម្រួល។

លោក Supalak បានបន្ថែមទៀតថា៖ «ទន្ទឹមនឹងនេះ លោក អនុទីន ក៏ទទួលបានផលប្រយោជន៍ពីជម្លោះនេះ​ផងដែរ ដោយលោកប្រើប្រាស់វាដើម្បីបង្វែរការចាប់អារម្មណ៍ពីការបរាជ័យរបស់រដ្ឋាភិបាលរបស់គាត់ ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅ ហាត់យ៉ៃ និងការបង្ក្រាបបណ្តាញបោកប្រាស់តាមអនឡាញដែលខុសច្បាប់។ សង្គ្រាម ក្នុងន័យនេះ បានក្លាយជាខែលនយោបាយសម្រាប់គាត់»។

លោកបានបន្ថែមថា ទាំងអាស៊ាន ឬទីក្រុងវ៉ាស៊ីនតោន ក៏មិនអាចដោះស្រាយបញ្ហាប្រឈមនេះបានដែរ។ លោកបានបញ្ជាក់ថា៖ «ពួកគេមិនអាចធ្វើការសម្រេចចិត្តផ្នែកនយោបាយជំនួសទីក្រុងបាងកកបានទេដែលនៅតែបន្តពន្យារពេលក្នុងជម្រើសដ៏លំបាកដែលចាំបាច់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានេះ»។

លោក ដេត សុខឧត្តម សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បាននិយាយថា បានលើកឡើងថា ប្រទេសថៃកំពុងបង្ហាញថា ការប៉ះទង្គិចទាំងនេះ គឺជាការឆ្លើយតបចាំបាច់ចំពោះការឈ្លានពានរបស់កម្ពុជា ដែលលោកជឿជាក់ថា ជារឿងដែលត្រូវបានបង្កើតឡើងដើម្បីបង្វែរការចាប់អារម្មណ៍ពីអស្ថិរភាពផ្ទៃក្នុងរបស់ប្រទេសថៃ។

លោកបានលើកឡើងថា៖ «ទោះបីជាលោក អនុទីន មិនមានអំណាចគ្រប់គ្រងកងទ័ពទាំងស្រុងក៏ដោយ ផលប្រយោជន៍របស់ពួកគេស៊ីគ្នាក្នុងអំឡុងពេលដ៏សំខាន់នេះ។ ជម្លោះជាមួយកម្ពុជា ផ្តល់ផលប្រយោជន៍ទាំងកងទ័ព និងលោក អនុទីន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ជួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Anutin Charnvirakul ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ (ហ្វេសប៊ុករបស់ ហ៊ុន ម៉ាណែត)

បញ្ហាព្រំដែនដែលមិនទាន់ដោះស្រាយ នៅតែបន្តកើតមានឡើងវិញ

អ្នកវិភាគផ្សេងទៀតបានចង្អុលបង្ហាញពីបញ្ហាជាប្រព័ន្ធដែលកើតមានយូរមកហើយ ដែលកិច្ចព្រមព្រៀងសន្តិភាពខែតុលាមិនបានដោះស្រាយ។

លោក អ៊ា សុផល សាស្រ្តាចារ្យនៅសាកលវិទ្យាល័យArizona State  បានលើកឡើងថា ព្រំដែននៅតែ «មិនមានការកំណត់ច្បាស់លាស់ មានយោធាឈរជើងយ៉ាងក្រាស់ក្រែល និងមានមីនកប់ពាសពេញ» ដែលធ្វើឱ្យវាងាយរងគ្រោះដោយអំពើហិង្សាដោយចៃដន្យ ឬការឆ្លៀតឱកាសបង្កអំពើហិង្សា។

លោកបានពន្យល់ថា៖ «កិច្ចព្រមព្រៀងសន្តិភាពកាលពីដើមឆ្នាំនេះ គឺជានិមិត្តរូបច្រើនជាងខ្លឹមសារ»។ លោកបន្តថា៖ «វាបានបង្កើតចំណងជើងធំៗ ប៉ុន្តែមិនបានបង្កើតប្រព័ន្ធត្រួតពិនិត្យ ទំនាក់ទំនង ឬការដកកងទ័ពចេញទេ។ នៅពេលដែលមីនផ្ទុះ ឬគ្រាប់កាំភ្លើងត្រូវបានបាញ់ចេញ ទំនុកចិត្តដ៏ផុយស្រួយក៏រលាយបាត់ទៅតាមហ្នឹង»។

លោក សេង វ៉ាន់លី អ្នកជំនាញខាងភូមិសាស្ត្រនយោបាយកម្ពុជា បានយល់ស្របនឹងការលើកឡើងរបស់លោកសុផល ដោយចង្អុលបង្ហាញពីការបកស្រាយផែនទីខុសគ្នា បញ្ហាមីនដែលមិនទាន់ដោះស្រាយ និងការឡើងកម្តៅនៃនយោបាយជាតិនិយម។

លោកបានមានប្រសាសន៍ថា៖ «បញ្ហាទាំងនេះ កើតឡើងដោយសារឥរិយាបថយោធាដ៏ខ្លាំងក្លារបស់ភាគីថៃ ដែលធ្វើឱ្យការសម្រុះសម្រួលណាមួយ ត្រូវបានគេមើលឃើញថាជា «ភាពទន់ខ្សោយ» នៅខាងក្នុងស្រុកថៃ»

អ្នកភូមិនៅឧត្តរមានជ័យ ភៀសខ្លួនចេញពីលំនៅដ្ឋាន បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសដោយកងទ័ពថៃ ក្បែរព្រំដែន កាលពីព្រឹកថ្ងៃចន្ទ។ (រូបថត៖ ហ្វេសប៊ុកខេត្តឧត្តរមានជ័យ)

អំណាចពីខាងក្រៅឥទ្ធិពលនៅមានកម្រិត

អ្នកវិភាគយល់ស្របថាបទឈប់បាញ់ថ្មីណាមួយត្រូវតែរឹងមាំជាងសេចក្តីថ្លែងការណ៍សន្តិភាពនាថ្ងៃទី២៦ ខែតុលា ដែលខ្វះយន្តការអនុវត្តនីតិវិធីប្តឹងតវ៉ា ឬកាលវិភាគប្រតិបត្តិការ។

លោក សុផល បានលើកឡើងថា សហរដ្ឋអាមេរិកមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ចំណែកឯភាពជឿជាក់របស់ចិន ហាក់មិនសូវមានទម្ងន់លើប្រទេសទាំងពីរនោះទេ ហើយម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន អាចជំរុញឱ្យមានកិច្ចសន្ទនាបាន ប៉ុន្តែមិនអាចបង្ខំឱ្យមានដំណោះស្រាយណាមួយបានឡើយ។

លោក​បាន​និយាយ​ថា​៖ «​តួអង្គ​ខាង​ក្រៅ​អាច​ជួយ​បង្កើត​លំហ​ការទូត ប៉ុន្តែ​ពួកគេ​មិន​អាច​ផ្តល់​សន្តិភាព​យូរអង្វែង​បាន​ទេ​»។ បទឈប់បាញ់ប្រកបដោយនិរន្តរភាពណាមួយនឹងកើតចេញពីការរៀបចំដោយផ្ទាល់រវាងថៃ-កម្ពុជា»។

លោក Supalak បានកត់សម្គាល់ថា ការគំរាមកំហែងដាក់ពន្ធរប​ស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែផ្តល់ឥទ្ធិពលខ្លះ ប៉ុន្តែវាជាមធ្យោបាយដែលមិនមុតស្រួចហើយប្រថុយប្រថានដែលអាចធ្វើឱ្យមនោសញ្ចេតនាជាតិនិយមកាន់តែកើតមានថែមទៀត។ ឥទ្ធិពលរបស់អាស៊ានក៏កំពុងថយចុះផងដែរ ដោយសារអាណត្តិជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នឹងផុតកំណត់នៅចុងខែនេះ។

ទន្ទឹមនឹងនោះដែរ ចិនកំពុងស្វែងរកស្ថិរភាពក្នុងតំបន់ដែរ ប៉ុន្តែក៏នឹងមិនប្រថុយនឹងការបង្ហាញជំហរគាំទ្រភាគីណាមួយឡើយ ដោយសារតែទំនាក់ទំនងយោធា និងសេដ្ឋកិច្ចដ៏រឹងមាំជាមួយប្រទេសទាំងពីរ

លោក Supalak ​បាន​និយាយ​ថា​៖ «ប្រសិនបើរដ្ឋាភិបាលទាំងពីរយល់ថា ការបង្កើនភាពតានតឹងមានប្រយោជន៍ នោះអំណាចខាងក្រៅក៏មិនអាចបង្ខំឱ្យភាគីទាំងនោះទទួលយកសន្តិភាពបានដែរ ដរាបណាពួកគេនៅមិនទាន់ចង់បានសន្តិភាពនោះ»

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (ហ្វេសប៊ុករបស់ ហ៊ុន ម៉ាណែត)

ទោះយ៉ាងណាក៏ដោយ ទាំង​លោក វ៉ាន់លី និងលោក ឧត្តម ជឿជាក់ថា សម្ពាធដែលបានសម្របសម្រួលយ៉ាងល្អ ពីអាស៊ាន សហរដ្ឋអាមេរិក និងចិន អាចនឹងទប់ស្កាត់ជម្លោះនេះបាន ប្រសិនបើពួកគេធ្វើការជាមួយគ្នា ជាជាងប្រកួតប្រជែងគ្នា។ លោក ឧត្តម បានលើកឡើងថា ប្រសិនបើគ្មានការសម្របសម្រួលបែបនេះទេ ជម្លោះនេះអាចប្រឈមនឹងការវិវត្តទៅជាចំណុចកណ្ដាលនៃសង្គ្រាមប្រូកស៊ី (proxy war) នៅក្នុងបរិបទនៃការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។

លោក ឧត្តម បានមានប្រសាសន៍ថា សេចក្តីប្រកាសនៅថ្ងៃទី២៦ ខែតុលា ខ្វះសមកិច្ចក្នុងការអនុវត្ត។ លោកបន្តថា៖ «កិច្ចព្រមព្រៀងណាមួយនាពេលអនាគត ចាំបាច់ត្រូវតែមាន នីតិវិធីប្រតិបត្តិការដែលច្បាស់លាស់ ពេលវេលាកំណត់ យន្តការសម្រាប់ការប្តឹងតវ៉ា និងទណ្ឌកម្មដែលអាចទុកចិត្តបាន ចំពោះការបំពានណាមួយ»។

គ្មានភាគីណាមួយអាចឈ្នះបានទេ

ទោះបីជាមានការកើនឡើងនូវភាពខ្លាំងក្លានៃការប៉ះទង្គិចក៏ដោយ អ្នកវិភាគទាំងបួនដែលបានសម្ភាសន៍បាននិយាយថា ជ័យជម្នះដ៏ដាច់ខាតសម្រាប់ភាគីណាមួយគឺមិនអាចទៅរួចទេ។

លោក សុផល បាន​និយាយ​ថា កងទ័ព​ទាំង​ពីរ​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ចៀសវាង​ការ​ដួលរលំ ប៉ុន្តែ​មិន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ដោយ​គ្មាន​ការ​ចំណាយ​ដ៏​មហន្តរាយ​នោះ​ទេ។

លោកបានមានប្រសាសន៍ថា៖ «អ្វីដែលយើងកំពុងឃើញនេះ គឺជាទម្រង់នៃការប៉ះទង្គិចគ្នាខ្លាំងៗ ក្រោយមានភាពស្ងប់ស្ងាត់មួយរយៈ។ នេះមិនមែនជាសង្គ្រាមដែលអាចឈ្នះបាននៅលើសមរភូមិនោះទេ។ ដំណោះស្រាយតែមួយគត់ គឺការចរចា និងការសម្រុះសម្រួល»

លោក Supalak បានគាំទ្រការវាយតម្លៃនេះ ដោយថ្លែងថា៖ «កងទ័​ពទាំងសងខាងកំពុងជាប់គាំងក្នុងជម្លោះមួយ ដែលគ្មានភាគីណាមួយអាចទទួលបានជ័យជំនះទាំងស្រុងដោយមិនចាំបាច់ចំណាយតម្លៃដ៏ច្រើននោះទេ។ ការបាត់បង់ជីវិតជនស៊ីវិល កងទ័ព និងការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នឹងបង្ខំឱ្យមានការសម្រុះសម្រួលនៅទីបញ្ចប់»។

លោក ឧត្តម បាន​លើក​ឡើង​ថា ការ​ប៉ះទង្គិច​គ្នា​អាច​នឹង​បន្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត លើក​លែង​តែ​សម្ពាធ​ពី​ខាង​ក្រៅ​ខ្លាំង ជា​ពិសេស​ពី​សហរដ្ឋ​អាមេរិក បង្ខំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន។ លោក វ៉ាន់លី បាន​និយាយ​ថា ប្រទេស​ថៃ​អាច​នឹង​មាន​សមត្ថភាព​បង្ក​ការ​ខូច​ខាត​ផ្នែក​យោធា​កាន់​តែ​ខ្លាំង ប៉ុន្តែ​ការ​ប៉ុនប៉ង​ដណ្តើម​យក​ទឹក​ដី ឬ​ធ្វើ​ឱ្យ​កម្ពុជា​អាម៉ាស់​មុខ នឹង​បង្ក​ឱ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​យ៉ាង​ខ្លាំង។

លោក វ៉ាន់លី បាន​បន្ថែម​ថា​៖ «លទ្ធផលដែលទំនងជាងគេ គឺការជាប់គាំងដ៏លំបាកមួយ រួមជាមួយនឹងការចរចាដើម្បីស្វែងរកដំណោះស្រាយ»។

ទាហាន​កម្ពុជា​ដែល​រង​របួស​បាន​មក​ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​ថៃ។ រូបថតថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ Coby Hobbs)

សហគមន៍ព្រំដែនរងគ្រោះខ្លាំងជាងគេ

ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា ការ​ប៉ះទង្គិច​គ្នា​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​សែន​នាក់​ផ្លាស់​ទី​លំនៅ ដោយ​អ្នក​វិភាគ​ព្រមាន​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើងផងដែរ។

លោក សុផល បាន​និយាយ​ថា ខេត្ត​តាម​ព្រំដែន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពាណិជ្ជកម្ម ចលនា​ពលកម្ម និង​ទេសចរណ៍ ដែល​សុទ្ធ​តែ​ត្រូវ​បាន​រំខាន។

លោកបានបន្ថែមថា សម្រាប់កម្ពុជា ការចំណាយលើវិស័យយោធាបានបង្វែរធនធានពីវិស័យអាទិភាពសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ចំណែកឯប្រទេសថៃវិញ ការប្រយុទ្ធគ្នាដែលអូសបន្លាយ បានធ្វើឱ្យតំបន់ទាំងឡាយណា ដែលពឹងផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងដែន ជួបនឹងភាពមិនប្រាកដប្រជា និងអស្ថិរភាព។

លោក សុផល បាន​និយាយ​ថា​៖ «​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ សហគមន៍នៅ​ព្រំដែន​នឹង​រង​គ្រោះ​ខ្លាំង​បំផុត ដោយសារការត់ភៀសសឹក ការ​បាត់​បង់​ប្រាក់​ចំណូល និង​ការ​គំរាម​កំហែង​ជាហូរហែរ​នៃ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​»

រថយន្ត​ដឹក​ទំនិញ​កុងតឺន័រ​របស់​ថៃ​រង់ចាំ​នៅ​ច្រក​ត្រួត​ពិនិត្យ​ព្រំដែន​ស្ទឹង​បត់ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ ខេមបូចា/ ព្រីង សំរាង)

លោក Supalak បានដកស្រង់ការប៉ាន់ស្មានពីវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រ (ISP) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដោយបង្ហាញថា ប្រទេសថៃកំពុងខាតបង់ប្រាក់ចំនួន ២៣,៧ ពាន់លានបាត (ស្មើនឹង ៧២៩,១ លានដុល្លារអាមេរិក) ក្នុងមួយខែ។ លោកបានបន្ថែមថា ប្រសិនបើជម្លោះនេះនៅតែបន្ត ភាគីទាំងពីរនឹងត្រូវរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសហគមន៍ដែលរស់នៅតាមព្រំដែន នឹងរងគ្រោះមុនគេ និងខ្លាំងក្លាជាងគេ។

ទន្ទឹមនឹងនោះ លោកបានបន្ថែមថា ពាណិជ្ជកម្មទ្វេភាគី ដែលមានតម្លៃ ៤,២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសថៃបានបិទច្រកព្រំដែនទាំងអស់ កាលពីខែមិថុនា ឆ្នាំ២០២៥។ កាលពីមុន ការនាំចូលពីប្រទេសថៃ មានចំនួន ៤៥ភាគរយ នៃទំនិញចាំបាច់របស់កម្ពុជា និង២៧ភាគរយនៃការផ្គត់ផ្គង់ស្បៀងអាហារ ដែលបណ្ដាលឱ្យមានការខ្វះខាត និងអតិផរណា នៅតាមបណ្ដាខេត្តជាប់ព្រំដែន។

លើសពីនេះទៅទៀត ពលករខ្មែររាប់ម៉ឺននាក់បានវិលត្រឡប់មកប្រទេសកំណើតវិញ ក្នុងអំឡុងពេលមានភាពតានតឹងកើនឡើង ដែលជាហេតុធ្វើឱ្យប្រាក់ដែលពួកគេផ្ញើមកផ្ទះ ធ្លាក់ចុះពី ២,៨ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលធ្លាប់ជាចំណូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Political Calculations, Unresolved Disputes Fuel Thai–Cambodian Border Clashes – Analysts

ព័ត៌មានថ្មី

អត្ថបទពេញនិយម