សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​នឹងពង្រីក​ការ​ផ្តល់​អាហារ​ដល់​សិស្ស​​ឱ្យ​បានច្រើន​ជាងមុន ខណៈ​​បច្ចុប្បន្ន​សិស្សចំនួន​​៣០​ម៉ឺន​​នាក់បានទទួល

សិស្សានុសិស្សនៅសាលាបឋមសិក្សាស្មែតកំពុងទទួលទានអាហារពេលព្រឹកនៅសាលា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ (រូបភាព៖ សាលាបឋមសិក្សាស្មែត)
សិស្សានុសិស្សនៅសាលាបឋមសិក្សាស្មែតកំពុងទទួលទានអាហារពេលព្រឹកនៅសាលា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ (រូបភាព៖ សាលាបឋមសិក្សាស្មែត)

រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​ពង្រីក​ការ​ផ្តល់​អាហារ​ពេល​ព្រឹក ​ដល់​សិស្ស​ឱ្យ​បាន​កាន់​តែច្រើន​ថែម​ទៀតនៅ​តាម​សាលា​រៀន​គោល​ដៅ​ក្នុង​តំបន់​ក្រីក្រ​​ ខណៈ​បច្ចុប្បន្ន​មាន​សិស្សានុសិស្ស​​ ៣០​ម៉ឺន​នាក់​ នៅ​តាម​សាលា​ចំនួន ​១ ១១៤​ក្នុង​ខេត្ត​ចំនួន​១០ កំពុង​ទទួល​ផល​ពីគម្រោង​ដែល​មាន​ការ​សហការពីអង្គការ​ស្បៀង​អាហារពិភពលោក​មួយ​នេះ។

កម្ម​វិធី​ផ្តល់​អាហារ​ពេល​ព្រឹក​នៅ​តាម​សាលា​រៀន​ ​​ត្រូវ​បាន​ផ្តល់​តម្លៃថា មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មាន​សុខភាពល្អ សិស្ស​ចង់​ទៅសាលារៀន ​និង​ខិតខំ​រៀន​សូត្រ​ប៉ុណ្ណោះ​ទេ ​​ថែម​​ទាំង​ជួយ​សម្រាលបន្ទុកគ្រួសារ​របស់​សិស្សានុសិស្ស​ទាំងនោះ​ និង​ក៏​រួម​ចំណែក​​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​​របស់​កសិករនៅ​មូល​ដ្ឋាន​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ​ ខណៈ​អង្ករ បន្លែ ត្រីសាច់​ដែល​យក​ទៅធ្វើ​ម្ហូប​នៅតាម​សាលា ​គឺ​ទិញ​ពីកសិករ​ក្នុង​តំបន់​ទាំងនោះ​។

នៅក្នុង​ពិធី​ផ្តល់​ស្រូវ​ពូជ​ ដល់​កសិករនៅខេត្ត​បាត់ដំបង កាលពីថ្ងៃទី៣០ ខែ​តុលា លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​ថ្លែងថា ​រដ្ឋ​​មិន​ត្រឹម​តែ​មិន​​មាន​ផែន​ការ ​ដើម្បី​ដក​ចេញ​នូវ​កម្ម​វិធី​ផ្តល់​អាហារូបត្ថម្ភ​​តាម​សា​លា​រៀន ​ដល់​សិស្សានុសិស្ស​ចំនួន ​៣០​ម៉ឺន​នាក់​នោះ​​ទេ ​ថែមទាំង​គិតគូនៅក្នុង​ការ​ពង្រីក​​ជាជំហាន​ៗ​បន្ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​កម្ម​វិធីនេះគឺ​រដ្ឋ​សហការ​ជាមួយ​អង្គការស្បៀង​​អា​ហារពិភពលោក​(​World Food Programme)និង​ដៃគូ។

លោក​ថ្លែងថា៖ «ទូទាំង​ប្រទេស​មាន​​១០​ខេត្ត ​មាន ​១១១៤​សាលា​ហើយ ​ដែល​យើង​ជួយ​អា​ហា​រូបត្ថម្ភ​នេះ ​បាន​ន័យ​ថា ​ឱ្យ​អាហារ​ទៅ​ដល់​កូន​ចៅ​ប្រជាពល​រដ្ឋ​របស់យើង​។ ឥឡូវ​អ្នក​ដែល​បាន​ទទួល​ផល​នោះ ​៣០​ម៉ឺននាក់​ហើយ​កិច្ចការងារ​នេះ​យើង​ក៏​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ពង្រីក»។

នៅក្នុង​ឆ្នាំ២០២៦នេះ ក្នុង​​ចំណោម​សាលា​សរុបចំនួន ១ ១១៤​សាលាដែល​បាន​ទទួល​អាហារ​ពេល​ព្រឹក​​នេះ​គឺ​ World Food Programme ​ជួយ ​២៩៨​សាលា​ រដ្ឋ​​ចេញ​ ៨១៦​សាលា​ ហើយនឹង​​ឈាន​ទៅ​ដល់​ឆ្នាំ២០២៨ ​រដ្ឋ​​នឹង​​​ត្រូវ​ទទួល​ខុស​ត្រូវ​ចំនួន ​១ ១១៤​សាលា​ គឺ​​រដ្ឋ​​ចេញ​ថវិកា​ទាំង​អស់​​ ដើម្បី​ជួយ​ទៅ​ដល់​កុមារ ​នៅ​តាម​សាលាបឋម​សិក្សា​មួយ​ចំនួន​ជាពិសេស​​នៅ​តាម​ជន​បទ ​ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​អាហារូបត្ថម្ភ​​​បានគ្រប់​គ្រាន់។

លោក​ ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា៖ «ថវិការដ្ឋយកទៅ​ទិញ​កសិផល ​ទិញបន្លែផ្សេងៗ​នៅ​មូល​ដ្ឋាន​យក​មក​ដើម្បី​ធ្វើ​ម្ហូបអាហារ​ឱ្យកូន​ក្មេង​៣០​ម៉ឺន​នាក់​។ ឥឡូវហ្នឹង​កូនប្រជាពល​រដ្ឋ​ ៣០​ម៉ឺននាក់​នៅ​តាម​សាលា​បឋម​សិក្សា ​១ ១១៤​ គឺ​បាន​ទទួល​ផល​ពីកម្ម​វិធីអាហារូបត្ថម្ភ​ដែល​រដ្ឋ​យើង​ជួយ។ នេះហើយ​ជា​ការ​គិត​គូ​ររបស់​រដ្ឋាភិបាល​ចំពោះ​សុខភាពប្រជាពល​រដ្ឋ​គិត​តាំងពីក្មេង​ គិត​តាំង​ពី​ថ្នាំ​ គិត​តាំងពី​សុខភាព​ រួមទាំងអាហារូបត្ថម្ភ​»។

សូម​បញ្ជាក់ថា កម្មវិធីផ្តល់​អាហារ​ពេល​ព្រឹក​​តាម​សាលា​រៀន ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​តំបន់​ដែល​​មាន​អត្រានៃ​ភាពក្រីក្រ ​និង​អត្រា​សិស្សានុសិស្ស​បោះ​បង់​ការសិក្សា​មាន​កម្រិត​ខ្ពស់នៅ​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន ​១០ ចាប់តាំងពី​ឆ្នាំ​១៩៩៩មក ​ក្នុងនោះ​មាន​​សៀម​រាប កំពង់ធំ ព្រះ​វិហា​រ ឧត្តរមានជ័យ បាត់​ដំបង ស្ទឹងត្រែង​ បន្ទាយមាន​ជ័យ កំពង់​ចាម កំពង់​ឆ្នាំង​និង​ពោធិ៍សាត់​។ ក្នុង​នោះ​សាលា​ដែល​ផ្តល់​អាហារ​ពេល​ព្រឹក​ដល់​សិស្ស​ក្រោមការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មាន​ចំនួន ​៨១៦​សាលា​ ផ្តល់​អាហារ​ដល់​សិស្ស​ចំនួន​ ២៣១ ១៨៣​នាក់ ​​និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ចុងភៅ​ចំនួន ​២ ៥០០​នាក់ ​​ដោយ​បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ ៣៥ ១០៨ ០០០ពាន់​រៀល​សម្រាប់​ឆ្នាំ​២០២៦​នេះ​។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ យុវជន និងកីឡា​។

សាលាបឋមមសិក្សា​ស្មែត ស្ថិត​ក្នុង​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង គឺ​ជាសាលា​រៀន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​សាលា​រៀន​ចំនួន​១១១៤ ​បាន​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​ពេល​ព្រឹក​ក្នុង​សាលា​​ចាប់​តាំងពី​ឆ្នាំ២០១៥​ រហូត​មក​ដល់​បច្ចុប្បន្ន​ ក្នុង​គោល​បំណង​ដើម្បី​បំបាត់​ការស្រេកឃ្លាន លើក​​កម្ពស់ការមក​រៀន​ឱ្យ​បានទៀង​​ទាត់ ​និង​ថែម​ទាំង​​កាត់​បន្ថយ​ការបោះ​បង់ការ​សិក្សា​របស់​សិស្សា​នុសិស្ស​ថែម​ទៀត​ផង​។

សិស្សានុសិស្សនៅសាលា​បឋមសិក្សាស្មែត​​លាងសម្អាតដៃមុនពេលទៅ​​ទទួលទាន​អាហារពេល​ព្រឹក ​កាលពីថ្ងៃទី​២៥ ខែ​សីហា ​ឆ្នាំ​២០២៦។ (រូបភាព៖ សាលាបឋមសិក្សាស្មែត)

លោក​ស្រី យ៉ុន ស្រីមុំ​ នាយិកាសាលាបឋម​សិក្សា​ស្មែត​ក្នុង​ស្រុក​រលាប្អៀ​ បានថ្លែងថា ការផ្តល់​អាហារ​ពេល​ព្រឹក​ដល់​កុមារ នៅ​សាលារបស់​កម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក​ គឺ​ជាកម្លាំង​ចលករដ៏ធំ នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​សាលា ​ដែល​ជំរុញ​ឱ្យ​លោក​ស្រី​លោក​គ្រូអ្នក​គ្រូ​ និង​សិស្សានុសិស្ស ​រួមទាំងអាណាព្យាបាល​ ព្យា​យាម​ដើម្បី​សម្រេចក្តីស្រមៃ​​របស់​សិស្សានុសិស្ស​​នៅទីនេះ​។

ចំណែក​អ្នក​គ្រូ ខុន ស្រីម៉ុច​ បង្រៀន​នៅ​សាលា​ស្មែតនេះ​ បាន​ថ្លែងថា ចាប់​តាំងពីសាលា​ទទួល​​​បាន​កម្មវិធី​អាហារ​ពេល​ព្រឹក​របស់​សិស្ស​នេះមក​ អ្នកគ្រូសង្កេត​ឃើញថា កុមារ​​បាន​មក​រៀន​ទៀង​ទាត់​ពេល​វេលា ​ហើយ​ពួកគាត់​ចូល​ចិត្ត​រៀន​សូត្រ។ ការដែល​កុមារ​ទទួល​បាន​អា​ហារ​ពេល​ព្រឹកញ៉ាំ​ជាប្រចាំជារៀង​រាល់​ថ្ងៃនេះ​ ក៏​ធ្វើ​ឱ្យ​កុមារ​ផ្លាស់ប្តូរទម្លាប់​មួយ​ចំនួន​ផងដែរ ក្នុង​នោះ​មុន​នឹងទៅ​ញ៉ាំអាហារ​ពេល​ព្រឹក ​កុមារ​មាន​ទម្លាប់​ទៅ​លាងសម្អាតដៃ។

អ្នកគ្រូបញ្ជាក់​ថា៖ «ពេល​ញ៉ាំអាហារ​រួច​ហើយ ​កុមារ​បង្ហាញ​អារម្មរណ៍​សម្បាយ​រីក​រាយ​គាត់​មាន​​កម្លាំង​ក្នុងការ​រៀនសូត្រ​ បណ្តុះ​ឱ្យ​កុមារ​មាន​ប្រាជ្ញា​ស្មារតី​​រឹងមាំ ​មាន​សុខភាពល្អ​ក្នុងការ​រស់នៅ​ជាប្រចាំថ្ងៃ​របស់​ពួកគាត់។ ហើយនាងខ្ញុំ​សង្កេត​ឃើញថា អត្រានៃការ​ខិតខំ​រៀន​សូត្រ​របស់​ពួក​គាត់មានការកើនឡើង​»។

ជាមួយគ្នា​នេះ អ្នក​ស្រី ​ប៊ុត ចន្នា ជាម្តាយ​របស់​សិស្ស​នៅ​សាលា​បឋម​សិក្សា​ស្មែត​ បាន​ថ្លែងថា អ្នក​ស្រី​ពិតជាពេញ​ចិត្ត​ចំពោះ​ការ​ផ្តល់​អាហារ​ពេល​ព្រឹក​ដល់​កុមារនៅសាលា ​ពីព្រោះ​ការ​ផ្តល់​អាហារ​នៅ​សាលា​រៀន​បានជួយ​សម្រួល​ទៅដល់​បន្ទុកគ្រួសារ​របស់​អ្នក​ស្រី​។

ស្រ្តី​រូប​នេះ​បញ្ជាក់ថា៖ «​ធ្វើ​ឱ្យ​ខ្ញុំ​មិន​មានការនឿយ​ហត់​ច្រើនដោយ​មិន​ចំណាយ​ពេល​រៀបចំ​អាហារពេល​ព្រឹក​សម្រាប់​ឱ្យ​កូនទៅសាលា​ ហើយ​ក៏បាន​ជួយ​ផ្តល់​ជាអាហារូបត្ថម្ភ​ល្អៗ​ដល់​កូន​របស់​ខ្ញុំ​។ ហីខ្ញុំ​សង្កេត​ឃើញ​កូនមានការ​លូតលាស់​ច្រើន​ជាងមុន​ គាត់​ចេះគោរពចាស់ទុំ​ហី​ប្រាជ្ញា​របស់គាត់និងការ​សិក្សា​របស់គាត់​ក៏ល្អ​ប្រសើរ​ជាងមុន​»។

បើ​តាម​​អ្នក​ស្រី ​ចន្នា ជាមួយគ្នា​នេះ ​ឪពុកម្តាយ​និង​អាណាព្យាបាល​ ក៏​ចូល​រួម​បរិច្ចាគ​ប្រាក់​ក្នុង​១ខែ ​១៥០០​រៀល​ផងដែរ​ ដើម្បី​ជួយ​ទិញ​អុស​និង​គ្រឿងទេស​ដែល​ខ្វះ​ខាត​។

ចំណែក​អ្នក​ស្រី ឈិន​ គឹម​ចេង អាណាព្យាបាល​សិស្ស​បាន​ថ្លែងថា ការ​ផ្តល់​អាហារ​ពេល​ព្រឹក​ឱ្យ​​សិស្ស​បាន​ហូបឆ្អែត​ទៀង​ទាត់នៅ​សាលា ​ជួយ​​ធ្វើឱ្យ​សិស្ស​មាន​សុខភាពល្អ អត់សូវមាន​ជំងឺ​ឈឺថ្កាត់ ​ហើយ​ការៀន​សូត្រ​របស់ពួកគាត់​ប្រសើរ​ជាងមុន​។

អ្នក​ស្រី​និយាយ​ថា៖ «ដូចកាលពីមុន​អត់មាន​អាហារនៅ​សាលា​យើង​ផ្តល់​អាហារពីផ្ទះ​មិន​ទៀង​ទាត់​មិន​គ្រប់គ្រាន់ដូច្នេះការ​រៀន​សូត្រ​បស់គាត់ខ្សោយ។ ​​ដល់​គាត់​បាន​ញ៉ាំអាហារ​នៅ​សាលា​រៀន​ចាប់តាំងពីបង្កើតមក​ ​កូន​ខ្ញុំ​ផ្លាស់ប្តូរច្រើនណាស់ សុខភាពក៏ល្អ​រៀន​ក៏ឆ្លាតជាង​មុន​»។

ចំណែក​លោក​ យី ភួន​ មេឃុំក្រាំងដីមាស​ បាន​ថ្លែង​​ថា ចាប់​តាំងពី ​សាលា​បឋម​សិក្សា​ស្មែត​ក្នុង​ឃុំ​របស់​លោក​បាន​​ទទួល​​អាហារ​ពេល​ព្រឹក​នៅ​សាលាមក​ ​លោក​កត់សម្គាល់​ឃើញថា សុខភាព​របស់​សិស្សានុសិស្ស​ គឺ​រឹងមាំល្អ​ដោយ​មិន​សូវ​មាន​ជំងឺ​ផ្សេងៗនោះទេ។ កម្ម​វិធី​ផ្តល់​អាហារ​តាម​សាលា​នេះ ​ក៏​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់កសិករ ​មានភាពល្អប្រសើ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «​កសិករនៅតាម​សហគមន៍​បាន​ផលិតនូវ​បន្លែធម្មជាតិ​ដែល​មាន​គុណភាព​​សម្រាប់​ផ្តល់​មក​សាលា​។ ខ្ញុំ​ឃើញ​ថា​ បាន​កម្រៃ​ទៅ​ប្រជាសហគមន៍​ផង ​ហើយ​បាន​ផ្តល់ម្ហូប​អាហារ​ដែល​មាន​គុណភាព​មាន​សុវត្ថិភាព​ដល់​ក្មួយៗ​នៅក្នុង​សាលា​ផង​»។​ នេះ​បើ​យោង​តាម​នាយកដ្ឋាន​បឋម​សិក្សា ​(PED CAMBODIA)។

ជាមួយគ្នា​នេះ អ្នក​ស្រី​ជុំ ស្រីម៉ុច ជាកសិករដាំបន្លែនៅក្នុង​ឃុំក្រាំង​ដីមាស​ក៏ត្រូវ​បាន PED CAMBODIA ដក​ស្រង់​សម្តី​​ផងដែរ​ថា៖ «កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលា​ អាច​ជួយ​ឱ្យ​ប្រជា​កសិករ​ដាំដំណាំ​មាន​តម្លៃថេរ​ជាង​ខាងទៅ​ទីផ្សារ ​​អាច​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់គ្រួសារ​បាន​មាន​កម្រិត​ទៀង​ទាត់»​។

ចំណែក​លោក​ កា វ៉ាន់ណេត ​នាយកសាលា​បឋម​សិក្សា​ប្រាសាទ​ជាង​ទង​​ ស្ថិតនៅ​ភូមិ​ក្រាំង​ប្រស្វាយ ឃុំស្វាយ​ជ្រំ ស្រុករលាប្អៀរខេត្ត​កំពង់​ឆ្នាំង បាន​ថ្លែង​ថា កម្ម​វិធី​ផ្តល់​អាហារ​​តាម​សា​លា​រៀន​នេះ​​ បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើនទៅ​ដល់​សិស្សានុសិស្ស​។

លោក​បញ្ជាក់​ថា៖«ទី១ គឺសិស្ស​គោរព​ពេល​វេលា​បានល្អ​ពីព្រោះ​កាលណាមាន​អាហារ​ពេល​ព្រឹក ​គឺ​សិស្ស​អត់​ចំណាយ​ពេល​ទៅលើការញ៉ាំបាយ​ដែល​ឪពុកម្តាយ​គាត់​ធ្វើ​នៅផ្ទះទៀត​នោះ​​ទេ​។ ផល​ប្រយោជន៍ទី២ ​គឺ​ធ្វើ​ឱ្យ​គាត់មាន​សុខភាពល្អ​​។ ទី​៣ ​សិស្សានុសិស្សមាន​ការលូត​កម្ពស់​ ទម្ងន់​ទៅ​តាម​កម្រិត​អាយុ​របស់​គាត់​បានល្អផងដែរ»។ នេះ​បើ​យោងតាម AMS Education ។

សិស្សានុសិស្សនៅសាលា​បឋមសិក្សាស្មែត​​កំពុង​ទទួលទាន​អាហារពេល​ព្រឹក​នៅ​សាលា ​កាលពីថ្ងៃទី​២៥ ខែ​សីហា ​ឆ្នាំ​២០២៦។ (រូបភាព៖ សាលាបឋមសិក្សាស្មែត)

សារព័ត៌មាន​ខេម​បូចា​ មិន​អាច​ទាក់​ទង​លោក​ស្រី​ ឃួន វិច្ឆិកា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះបានទេ​​។ ប៉ុន្តែ​លោក​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​​អប់​រំ​បាន​ថ្លែង​នៅពេល​ចុះទៅ​​​ពិនិត្យវឌ្ឍនភាពកម្មវិធីផ្តល់អាហារតាមសាលារៀន នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាល​ពីពេល​ថ្មីៗ​នេះ​ថា ការផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ដែលជាអាហារប្រកបដោយជីវជាតិ និងអាហារូបត្ថម្ភ​គ្រប់គ្រាន់ គាំទ្រដល់ការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតី​របស់​កុមារ។

លោក​បញ្ជាក់​ថា៖ «ជួយឱ្យកុមារមានសុខភាពល្អ បង្កើនសមត្ថភាពនៃការចងចាំ និងផ្តោតអា​រម្មណ៍ក្នុងការរៀនសូត្រ ដែលបានរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សា ទាក់ទាញកុមារឱ្យមកជួបជុំរៀនសូត្របានទៀងទាត់ ជាពិសេសបានជួយសម្រួលដល់បន្ទុកគ្រួសារ»។

អាហារ​គឺលើសពីអ្វីដែលយើងបរិភោគ។ អាហារបានជួយតម្រង់ទិសនៃការសិក្សារបស់កុមារ ពង្រឹងការរកប្រាក់ចំណូលរបស់គ្រួសារ និងរបៀបកសាងសហគមន៍ឲ្យកាន់តែរីកចម្រើន និងកាន់តែរឹងមាំ។ នេះ​បើ​យោង​តាម​អង្គការស្បៀង​អាហារពិភពលោក។

បើ​តាមអង្គការនេះ នៅប្រទេសកម្ពុជា អាហារូបត្ថម្ភដែលបានផ្តល់តាមរយៈការផ្តល់អាហារតាមសាលារៀន បានជួយដល់ការសិក្សា និងការលូតលាស់របស់កុមារ។ ជាមួយប្រព័ន្ធស្បៀង​អាហារដ៏រឹងមាំ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករ សាលារៀន និងទីផ្សារ គឺ​បានបង្កើតឱកាសថ្មីៗសម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។

កញ្ញា ជាពេជ្រ ដាឡែន មន្ត្រីជំនួយ​ការ ​នៃកម្មវិធី​អង្គការ​ស្បៀង​អាហារពិភព​លោក​​បាន​ថ្លែង​ថា ការ​ងារ​ដែល​នាងធ្វើ​ហើយ​ដែល​នាង​ពេញ​ចិត្ត​បំផុត​នោះ​ គឺការ​ងារ​ចូល​រួម​ផ្សារ​ភ្ជាប់​កសិករ ​​ឬក៏​សហគមន៍កសិកម្ម​​ ជាអ្នក​ផ្គត់​ផ្គង់​ស្បៀង​ទៅកាន់​សាលា​រៀន​ដែល​មាន​ស្បៀង​ស្រស់​ បន្លែ ត្រី និង​សាច់​​ជាដើម។ កញ្ញាលើកឡើងថា៖ «ហើយ​កិច្ចការ​មួយ​ហ្នឹង​វាមិន​ត្រឹម​តែជួយ​ឱ្យ​កុមារ​​​ទទួល​បាន​អាហារ​ដែល​មាន​​គុណភាព​សុវត្ថិភាព​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏ជួយ​ឱ្យ​កសិករ​គាត់​​ទទួលបានប្រាក់​ចំណូល​បន្ថែម​ទៀត​ផងដែរ»។

បើ​តាម​រដ្ឋ​មន្ត្រី​អប់រំ ចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន ៨ម៉ឺននាក់ (សាលារដ្ឋ ២លាន ១ម៉ឺននាក់ និងសាលា​ឯកជន ៧ម៉ឺននាក់) នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ២លាន ២សែន ៥ម៉ឺននាក់ (សាលា​រដ្ឋ ២លាន ៦ម៉ឺននាក់ និងសាលា​ឯកជន ១សែន ៩ម៉ឺននាក់) នៅឆ្នាំសិក្សា២០២៥-២០២៦៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម