ប្រជាពលរដ្ឋប្រមាណ៤០នាក់តំណាង១៦៨គ្រួសារនៅសហគមន៍កោះមាស បានទៅដាក់ញត្តិសុំអន្តរាគមន៍នៅរដ្ឋសភា ដើម្បីឱ្យជួយដោះស្រាយបញ្ហាដីធ្លី បន្ទាប់ពីដីដែលពួកគេកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩ ត្រូវបានរដ្ឋធ្វើអនុប្រយោគជួលឱ្យក្រុមហ៊ុនឯកជនរយៈពេល៥០ឆ្នាំ ដោយពុំមានការជូនដំណឹង និងធ្វើការសិក្សាផលប៉ះពាល់ ព្រមទាំងផ្ដល់សំណងមិនសមរម្យ ដូច្នេះបណ្ដាលពលរដ្ឋបន្តទាមទារសិទ្ធិកាន់កាប់ និងដំណោះស្រាយតាមតម្លៃទីផ្សារ។
បើតាមញត្តិដែលពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋសភា បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ ទីស្ដីការគណៈរដ្ឋមន្រ្តីបានចេញសំណើទិញផ្ដាច់ទីតាំងកោះមាស ទំហំជិត៣៥០ហិកតា ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្ថិតក្នុងទីតាំងមួយផ្សេងទៀតគឺ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដោយឡែក អនុក្រឹតមួយផ្សេងទៀតកាលពីឆ្នាំ២០២០ បានធ្វើអនុប្រយោគដីទាំងនោះមកជាដីឯកជនរបស់រដ្ឋទំហំ ៣៤០ហិកតា និង៦១អា ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្ដាល យកទៅជួលរយៈពេល៥០ឆ្នាំ ឱ្យក្រុមហ៊ុនឧកញ៉ា ឃុន សៀ សម្រាប់វិនិយោគនៅលើកោះមាសនេះ។
លោក ឈឹម រី អាយុ៧៧ឆ្នាំ ជាពលរដ្ឋរងគ្រោះម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀត ថ្លែងប្រាប់ថា មន្រ្តីនៅរដ្ឋសភា បានទទួលយកញត្តិសុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋទាំង១៦៨គ្រួសារ គាត់បានប្រាប់ថា គាត់នឹងបញ្ជូនកង្វល់របស់ពលរដ្ឋនៅប្រធានរដ្ឋសភា តែពុំបានបញ្ជាក់ថានឹងទទួលបានលទ្ធផល ឬការឆ្លើយនៅពេលជាក់លាក់ណាមួយនោះទេ។
លោក រី បន្តទៀតថា អ្វីដែលពលរដ្ឋចង់បាននៅពេលនេះ គឺការចេញប្លង់កម្មសិទ្ធិទទួលស្គាល់ការកាន់កាប់ដីធ្លី ដែលពលរដ្ឋបានអាស្រ័យផល និងកាន់កាប់តាំងពីឆ្នាំ១៩៧៩មក ត្បិតដីចម្ការទាំងនេះប្រៀបបាននឹងអាយុជីវិត និងជាឆ្នាំងបាយរបស់ពលរដ្ឋ។ លោកបន្តទៀតថា ការដោះស្រាយសំណងដែលកំណត់តម្លៃដីត្រឹមមួយម៉ែត្រការ៉េ ៨ដុល្លារ ពលរដ្ឋពុំអាចទទួលយកបាននោះទេ។
លោក រី មានប្រសាសន៍ថា៖ «បើដោះស្រាយទៅតាមតម្លៃទីផ្សារសមរម្យ ខ្ញុំនឹងទទួលយក។ ខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍទេ ពួកខ្ញុំមិនមែនរស់នៅអាណាធិបតេយ្យ និងរំលោភយកដីរបស់អ្នកណាទេ គឺខ្ញុំរស់នៅតាំងពីឆ្នាំ១៩៧៩ ដល់តែមកសម័យនេះគេប្រមូលយកទៅវិញ គឺទៅលក់ឱ្យក្រុមហ៊ុន»។
យ៉ាងណាមិញ លោក រី ទទូច និងរំពឹងថា ប្រធានរដ្ឋសភា ក៏ដូចជាតំណាងរាស្រ្តនឹងដោះស្រាយបញ្ហារបស់សហគមន៍កោះមាសប្រកបដោយតម្លាភាព និងត្រឹមត្រូវ ត្បិតពលរដ្ឋនៅលើកោះនេះ ត្រូវការដីចិញ្ចឹមគ្រួសារបង្កបង្កើនផលដោយសន្តិភាព។
លោក រី ថ្លែងបន្តទៀតថា៖ «អាជ្ញាធរក្រោយធ្វើបាបពលរដ្ឋ យកដីខ្ញុំទៅឱ្យក្រុមហ៊ុន អត់បម្រើរាស្រ្តទេ គឺបម្រើបុគ្គល ដោយគ្មានការសួរនាំអ្វីទេ»។
នេះមិនមែនជាលើកទីមួយទេ ដែលសហគមន៍កោះមាស បានដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នកំពូលៗរបស់រដ្ឋាភិបាល រាប់ចាប់តាំងពី ថ្នាក់ខេត្ត ថ្នាក់ក្រុង ក្រសួងមហាផ្ទៃ ក្រសួងដែនដី និងស្ថាប័នព្រឹទ្ធសភាពជាដើម។ ប៉ុន្តែ ពលរដ្ឋពុំទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ ដូច្នេះទើបប្រជាសហគមន៍បន្តដាក់ញត្តិមករដ្ឋសភា និងព្រះបរមរាជវាំង ប៉ុន្តែស្ថាប័នព្រះបរមរាជវាំងពុំទទួលញត្តិក្រោមហេតុផល ព្រះមហាក្សត្រ យាងទៅក្រៅប្រទេស។
ចំណែក អ្នកស្រី វែន គន អាយុ៧៣ឆ្នាំ ជាពលរដ្ឋនៅសហគមន៍កោះមាស បានថ្លែងប្រាប់ សារព័ត៌មានខេមបូចា យ៉ាងដូច្នេះថា នេះមិនមែន ជាលើកទីមួយឡើយ ដែលប្រជាសហគមន៍ បន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នកំពូលៗរបស់រដ្ឋាភិបាល ត្បិតពុំទាន់មានដំណោះស្រាយណាអាចទទួលយកបានឡើយ ខណៈពួកគាត់ជាពលរដ្ឋពុំមានអ្វីទីពឹងឡើយក្រៅតែពីដីចម្ការទាំងនោះដើម្បីចិញ្ចឹមជីវិតសម្រាប់កូនចៅទៅថ្ងៃខាងមុខ។
អ្នកស្រី គន បន្តទៀតថា អ្នកស្រីរស់រានធំដឹងក្ដី ចិញ្ចឹមកូនចៅប្រុសស្រីរហូតមកទល់ពេលនេះ គឺដោយសារតែដីចម្ការទាំងនេះ ដូច្នេះការសម្រេចយកដីពលរដ្ឋកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩ ជួលទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ា វាជារឿងដែលមិនត្រឹមត្រូវ និងធ្វើឱ្យពលរដ្ឋរងទុក្ខវេទនា។
អ្នកស្រី គន បាននិយាយថា៖ «កូនចៅបានរៀនសូត្រ រស់រានមានជីវិត គឺដោយសារតែដីចម្ការនៅកោះមាសនេះ ហើយបើដកហូតឆ្នាំបាយនេះចេញ គឺយើងពិបាកទទួលយកណាស់។ តម្លៃ៨ដុល្លារ មិនអាចទទួលយកបានទេ យើងមិនជំទាស់ការអភិវឌ្ឍទេ សុំត្រឹមតែដោះស្រាយទៅតាមតម្លៃទីផ្សារ»។
ពលរដ្ឋមួយរូបទៀត គឺលោក សុខ ដុង អាយុ៤៥ឆ្នាំ ប្រាប់ឱ្យដឹងថា ដីចម្ការរបស់លោកមានក្បាលដីប្រវែង១០ម៉ែត្រ និងបណ្ដោយជិត១០០០ម៉ែត្រ កាន់កាប់តាំងពីឆ្នាំ២០១៤ ដាំដុះដំណាំច្រើនមុខ ដែលវាបានក្លាយជាប្រភពចំណូលសម្រាប់ចិញ្ចឹមគ្រួសារ និងផ្ដត់ផ្គង់បន្លែធម្មជាតិទៅកាន់ទីផ្សារក្នុងស្រុក។
លោកបានបន្តថា ការសម្រេចកាត់ដីរបស់ពលរដ្ឋជួលទៅឱ្យឧកញ៉ា ជារឿងមួយពុំអាចទទួលយកបាន ដោយគ្មានការពិគ្រោះយោបល់ គ្មានការជូនដំណឹងជាមុន ហើយកាន់តែមិនសមរម្យទៅទៀតនោះ គឺក្រុមហ៊ុនផ្ដល់សំណងក្នុងតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយពលរដ្ឋម្ចាស់ដីពុំទទួលបានប្លង់កម្មសិទ្ធិ ប៉ុន្តែបែរជាក្រុមហ៊ុនមានប្លង់កាន់កាប់ដីទាំងនោះទៅវិញ។
លោកលើកឡើងថា ពលរដ្ឋបានធ្វើចម្ការចិញ្ចឹមជីវិត និងផ្សាភ្ជាប់ជីវិតជាមួយដីចម្ការទាំងនេះស្ទើរពាក់កណ្ដាលជីវិតទៅហើយ ដូច្នេះលោករំពឹងថា តំណាងរាស្រ្ត និងប្រធានរដ្ឋសភា អាចលើកយកទុក្ខលំបាករបស់ពលរដ្ឋមកជជែករកដំណោះស្រាយ ជាជាងការបណ្ដោយឱ្យពលរដ្ឋបន្តរងគ្រោះ និងធ្លាក់ក្នុងស្ថានភាពក្រីក្រ។
លោក ដុង បានបន្ថែមថា៖ «ខ្ញុំគិតថាតំណាងរាស្រ្ត និងរដ្ឋសភា អាចដោះស្រាយបញ្ហានេះឱ្យយើងបាន ព្រោះយើងទៅស្ថាប័នច្រើនហើយ។ ខ្ញុំទុកដីនេះជាទីអំណោយផលមួយសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត គ្មានដីណាល្អជាងទីនេះឡើយ យើងរស់នៅ និងអាស្រ័យផលបានដោយស្រួល»។

លោក ឃុន ទី កូនប្រុសអ្នកឧកញ៉ា ឃុន សៀ មានតួនាទីជានាយកប្រតិបត្តិទី៣ នៅក្រុមហ៊ុន KHUN SEA IMPORT EXPORT CO.,LTD. បានអះអាងថា ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិអភិវឌ្ឍដោយស្របច្បាប់ ហើយដីដែលយកមកវិនិយោគ ពុំមែនបានមកដោយការប្លន់ពីប្រជាពលរដ្ឋនោះទេ។
ដោយឡែកលោកអះអាងថា មានពលរដ្ឋលើសពី៥០ភាគរយហើយដែលបានទទួលយកសំណង ពោលគឺនៅសល់តែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះមិនទាន់មកទទួលយកការដោះស្រាយពីក្រុមហ៊ុន។
នៅពេលដែល អ្នកសារព័ត៌មានខេមបូចា ព្យាយាមសាកសួរលម្អិតអំពីគម្រោង និងសំណងជូនពលរដ្ឋ លោក ឃុន ទី ស្នើឱ្យ អ្នកសារព័ត៌មានខេមបូចា ទៅជួបផ្ទាល់នៅក្រុមហ៊ុន ហើយថ្លែងថា លោកមិនចង់និយាយតាមទូរសព្ទជាមួយស្ថាប័នដែលពុំដឹងប្រភពច្បាស់លាស់។
លោក ឃុន ទី និយាយថា៖ «បើចង់ដឹងច្បាស់សូមមកការិយាល័យយើង ខ្ញុំសូមមិននិយាយអ្វីតាមទូរសព្ទទេ ព្រោះពុំដឹងថាបងមកពីខាងណាច្បាស់លាស់។ ខ្ញុំទាន់កិច្ចការនេះ រដ្ឋភិបាលក៏បានយល់ដែរ។ មិនមែនខ្ញុំទៅឆក់ប្លន់ដីរបស់ពលរដ្ឋនោះទេ សូមកុំមានការយល់ច្រឡំកន្លែងហ្នឹង»។
អ្នកឧកញ៉ាឃុន សៀ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ នៅដើមឆ្នាំ២០២៦។ គួរជម្រាបជូនថា ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export Co., Ltd) ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង ៧០ហិកតា ក្នុងរយៈពេល ៥០ឆ្នាំ តាមរយៈ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ២០១៩ ហើយត្រូវបានរាយការណ៍ថាបានចាក់បំពេញផ្នែកមួយនៃទន្លេមេគង្គផងដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយអ្នកឧកញ៉ា ឃុន សៀ គឺក្រុមហ៊ុន TP Moral Group បានទទួលដីឆ្នេរសមុទ្រទំហំ ១ ២៤៧ ហិកតានៅក្នុងខេត្តកែប ដើម្បីអភិវឌ្ឍទីក្រុងរណបថ្មីមួយ និង «តំបន់ទេសចរណ៍ពិសេស» នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៦ ខែមីនា ដែលចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០២៣។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីការដូ លោក អំ សំអាត បានសង្កេតឃើញថា បញ្ហានេះជារឿងកើតមានឡើងដដែលៗ ដែលដីសារធារណៈរបស់រដ្ឋមួយចំនួនមានពលរដ្ឋកាន់កាប់អាស្រ័យផលយូរឆ្នាំមកហើយនោះ ត្រូវបានបម្លែងទៅជាដីឯកជនរបស់រដ្ឋហើយធ្វើអនុប្រយោគទៅឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ទៅវិញ។ ការណ៍នេះ សំអាតយល់ឃើញថា ផលជះនៃការសម្រេចនេះធ្វើឲ្យពលរដ្ឋក្លាយជាជនរងគ្រោះ រងផលប៉ះពាល់ដោយសារតែការធ្វើអនុប្រយោគ ខណៈដំណោះស្រាយពុំមានភាពយុត្តិធម៌ និងសមស្របសម្រាប់ពលរដ្ឋ។
លោក សំអាត មានប្រសាសន៍ថា៖ «តាមគោលការណ៍ ដីកម្មកសិទ្ធិរបស់រដ្ឋពុំអាចយកជាកម្មសិទ្ធិបាន ប៉ុន្តែនៅពេលរដ្ឋបម្លែងទៅជាដីឯកជនរបស់រដ្ឋ ដូច្នេះរដ្ឋត្រូវគិតដល់ផលប្រយោជន៍របស់ពលរដ្ឋជាមុន ដោយសារតែពួកគេបានកាន់កាប់ និងអាស្រ័យផលលើដីនោះ។ ដូច្នេះបើរដ្ឋផ្ដល់កម្មសិទ្ធិឱ្យឯកជនបាន គួរតែគិតគូរទៅលើកម្មសិទ្ធិរបស់ពលរដ្ឋដែរ»។
លោក សំអាត បន្តទៀតថា ការជួលទៅឲ្យក្រុមហ៊ុនឯកជនរយៈពេលវែង អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយសម្រាប់ពលរដ្ឋដោយតម្លាភាព និងយុត្តិធម៌ផងដែរ ដើម្បីបញ្ចៀសនូវបាតុភាពនៃផលប៉ះពាល់ ការតវ៉ារបស់ពលរដ្ឋ ព្រោះថាបើការដោះស្រាយនោះមានតម្លាភាព និងយុត្តិធម៌ពិតប្រាកដមែន វាមិនមានទេរូបភាពនៃការតវ៉ា។
ដោយឡែក លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ប្រាប់ឱ្យដឹងថា បញ្ហាដីធ្លីនៅកម្ពុជាមានកើតមានបញ្ហាជាហូរហែរមកហើយ។ ប៉ុន្តែអ្វីដែលលោកសង្កេតឃើញ គឺការដោះស្រាយពុំទាន់ពេញលេញគ្រប់ករណីនោះទេ ករណីខ្លះអាជ្ញាធរពាក់ព័ន្ធដោះស្រាយបាន និងខ្លះទៀតពុំទាន់ដោះស្រាយបាន ដែលត្រូវប្រើពេលវេលាយូរ និងធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលា។
លោកបុញ្ញឫទ្ធិ មានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាអតីតតំណាងរាស្រ្តមួយរូប យើងយល់ពីបញ្ហានេះ ជាពិសេសបញ្ហារបស់ពលរដ្ឋ។ ដូច្នេះគួរតែជម្រុញ ពន្លឿនរកដំណោះស្រាយដោយសន្តិវិធីឲ្យពលរដ្ឋមានឱកាសប្រកបរបរចិញ្ចឹមជីវិត»។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ពុំអាចទាក់ទងបានទេ ដោយទូរសព្ទជាច្រើនដង ប៉ន្តែលោកពុំទទួល។
អ្នកស្រី គន រំពឹងថា ប្រធានរដ្ឋសភា និងតំណាងរាស្រ្តនឹងជួយដោះស្រាយបញ្ហារបស់ពលរដ្ឋនៅសហគមន៍កោះមាសឲ្យឆាប់ ដើម្បីសម្រាលទុក្ខលំបាករបស់រាស្រ្ត ត្បិតអ្នកស្រីអះអាងថា បើគ្មានដីចំការនេះទេ ពលរដ្ឋនឹងបាត់បង់ឆ្នាំងបាយចិញ្ចឹមជីវិត ព្រោះរាល់ឆ្នាំពលរដ្ឋដាំបន្លែរកប្រាក់ចំណេញចិញ្ចឹមគ្រួសារបានដោយស្រួលដោយសារតែដីទាំងនោះ។
អ្នកស្រីបន្តទៀតថា៖ «ពលរដ្ឋនៅកោះមាសនេះសង្ឃឹមរស់ដោយសារតែដីទាំងនេះ បើគ្មានដីចម្ការនេះពួកយើងមិនដឹងរំពឹងអ្វីទេ។ តម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ យកទៅទិញដីថ្មីពុំបានទេ។ រាល់ថ្ងៃនេះយើងដេកភ័យមិនដឹងគេដោះស្រាយឲ្យយ៉ាងម៉េច បើដោះស្រាយឱ្យល្អពួកយើងឈប់ឡើងមកដាក់ញត្តិទៀតហើយ»៕







