ថ្ងៃចន្ទ គឺជាខួបមួយឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចព្រមព្រៀងនេះ ដោយលោកបានចាត់ទុកថា ជាសមិទ្ធផលការទូតដ៏សំខាន់មួយ។
ទោះបីជាបទឈប់បាញ់កាលពីខែធ្នូ ភាគច្រើនត្រូវបានគោរពក៏ដោយ ក៏ភាពតានតឹងនៅតែបន្តកើតមាន ដោយកម្ពុជាបានចោទប្រកាន់ថា កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីរបស់ខ្លួនដោយខុសច្បាប់ ខណៈភាគីថៃបានបដិសេធ ដែលធ្វើឱ្យបញ្ហាព្រំដែននៅតែមិនទាន់ត្រូវបានដោះស្រាយ។
លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងថា កាលពីមួយឆ្នាំមុន នៅថ្ងៃនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននាំប្រទេសទាំងពីរមកជួបជុំគ្នា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ខណៈសហរដ្ឋអាមេរិកធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោក រូប៊ីអូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កិច្ចព្រមព្រៀងទាំងនេះបានបង្ហាញឱ្យឃើញពីឥទ្ធិពល នៃការទូតអាមេរិក ក្នុងការដោះស្រាយជម្លោះ និងបានកសាងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ»។
លោកបានបន្ថែមថា លោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់នៅចុងខែកក្កដា បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរយៈពេល ៥ថ្ងៃ ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងប្រជាពលរដ្ឋរាប់សែននាក់ទៀតត្រូវភៀសខ្លួនចេញពីលំនៅឋាន។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំមុន សេចក្តីថ្លែងការណ៍រួមនោះបានតម្រូវឱ្យរដ្ឋាភិបាលទាំងពីរអនុវត្តវិធានការមួយចំនួន រួមមាន៖ ការកាត់បន្ថយភាពតានតឹងផ្នែកយោធា ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ការកសាងទំនុកចិត្ត ការដោះមីនមនុស្សធម៌ និងការអនុញ្ញាតឱ្យមានការសង្កេតការណ៍ពីសំណាក់អាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ ក្នុងឱកាសខួបលើកទី១ នៃកិច្ចព្រមព្រៀងសន្តិភាពនេះថា៖ «យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ» ។
លោកបានថ្លែងអំណរគុណចំពោះលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះតួនាទី និងការគាំទ្ររបស់លោកទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែន។
ប៉ុន្តែភាពតានតឹងនៅតាមព្រំដែននៅតែបន្តកើតមាន ដោយកម្ពុជាបានធ្វើការតវ៉ា និងចេញកំណត់ទូតចំនួន៦០លើក ចាប់តាំងពីមានការវាយប្រហារដោយយោធាថៃកាលពីខែកក្កដា ឆ្នាំ២០២៥ ប្រឆាំងនឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ភាគីថៃ។
នៅក្នុងហេតុការណ៍ថ្មីៗនេះ ភាគីថៃត្រូវបានចោទប្រកាន់ថា បានរំលោភលើអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ ៩ ១០ និង១១ ដោយបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីឈូសឆាយសាងសង់ផ្លូវនៅតំបន់ «តាទុំ» ព្រមទាំងបានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ ដើម្បីកំណត់ទីតាំងសម្រាប់សាងសង់ផ្លូវបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកាលពីថ្ងៃទី២៤ ខែតុលា។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា ប្រទេសថៃនៅតែបន្តរំលោភលើកិច្ចព្រមព្រៀង តាមរយៈសកម្មភាពនានានៅក្នុងតំបន់តាមបណ្តោយព្រំដែន ដែលកម្ពុជាចាត់ទុកថា ជាទឹកដីអធិបតេយ្យរបស់ខ្លួន។
កម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការជាច្រើនលើក ដើម្បីបង្ហាញពីការជំទាស់របស់ខ្លួន និងដើម្បីរក្សាជំហរផ្លូវច្បាប់របស់ខ្លួនសម្រាប់ការចរចាអំពីព្រំដែននៅពេលអនាគត។
លោកបានមានប្រសាសន៍ថា៖ «ការតវ៉ានេះ ឆ្លុះបញ្ចាំងពីជំហររបស់កម្ពុជា ដែលមិនយល់ព្រមចំពោះសកម្មភាពនានា ដែលកម្ពុជាចាត់ទុកថា ជាការរំលោភលើអធិបតេយ្យរបស់ខ្លួន»។
លោក ប៉ែន បូណា បានបន្ថែមថា៖ «លិខិតតវ៉ានេះមានសារៈសំខាន់ណាស់។ វាជាឯកសារដែលមិនអាចខ្វះបានសម្រាប់ការដោះស្រាយបញ្ហាព្រំដែននាពេលអនាគត ស្របតាមច្បាប់អន្តរជាតិ ព្រោះប្រសិនបើយើងមិនធ្វើការតវ៉ាទេនោះ វាមានន័យថា យើងយល់ព្រមចំពោះសកម្មភាពរបស់ពួកគេ»។
លោកបានមានប្រសាសន៍ថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូត និងលើឆាកអន្តរជាតិ ដើម្បីដោះស្រាយជម្លោះនេះ ដោយយុត្តិធម៌ ដោយផ្អែកលើផែនទី ដែលត្រូវបានទទួលស្គាល់ ភស្តុតាងបច្ចេកទេស កិច្ចព្រមព្រៀងនានា និងច្បាប់អន្តរជាតិ។
អ្នកស្រី ញ៉ែម វ៉ាន់នី ជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ បាននិយាយថា អ្នកស្រីនៅតែរង់ចាំឱកាស ដើម្បីវិលត្រឡប់ទៅផ្ទះរបស់អ្នកស្រីវិញ បន្ទាប់ពីមានបទឈប់បាញ់កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់អំពីសន្តិភាពយូរអង្វែង និងកង្វះឱកាសការងារ នៅតែបន្តជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនទាន់បានត្រឡប់ទៅផ្ទះវិញទេ» ដោយបន្ថែមថា គ្រួសាររបស់អ្នកស្រីជួបការលំបាក ដោយសារគ្មានការងារធ្វើ។
អ្នកស្រីបានបន្ថែមថា៖ «យើងនៅមិនទាន់សម្រេចបានសន្តិភាពពេញលេញនៅឡើយទេ។ ទោះជាយ៉ាងណា ខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកសន្តិភាពនៅប្រទេសម៉ាឡេស៊ី»។

លោក សេង វណ្ណលី អ្នកវិភាគភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ បានកាត់បន្ថយការប៉ះទង្គិចគ្នាផ្នែកយោធាទ្រង់ទ្រាយធំ និងស្តារទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងថៃក៏ដោយ ប៉ុន្តែការមិនទុកចិត្តគ្នាទៅវិញទៅមក និងការចោទប្រកាន់ជាញឹកញាប់អំពីការរំលោភលើបទឈប់បាញ់ នៅតែបន្តគំរាមកំហែងដល់សន្តិភាពដ៏ផុយស្រួយនេះ។
លោកមានប្រសាសន៍ថា៖ «ការមិនទុកចិត្តគ្នា ដែលចាក់ឫសជ្រៅ និងការចោទប្រកាន់ជាញឹកញាប់អំពីការរំលោភបំពានតិចតួចលើបទឈប់បាញ់ នៅតែបន្តបង្កឱ្យមានភាពតានតឹង ដែលនេះបង្ហាញឱ្យឃើញថា សន្តិភាពនៅតែមានភាពផុយស្រួយ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឱ្យកាន់តែស៊ីជម្រៅជាងនេះទេនោះ»។
លោកបានលើកឡើងថា ដើម្បីដោះស្រាយកុំឱ្យស្ថានការណ៍កាន់តែតានតឹងឡើង ប្រទេសទាំងពីរគួរបង្កើតយន្តការត្រួតពិនិត្យប្រកបដោយភាពមិនលំអៀង ដោយរៀបចំក្រុមត្រួតពិនិត្យឯករាជ្យភាគីទីបី ប្រើប្រាស់រូបភាពពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ហេតុការណ៍នានានៅតាមព្រំដែន និងពង្រឹងការទំនាក់ទំនងផ្ទាល់រវាងយោធានៃប្រទេសទាំងពីរ។
លោក វណ្ណលី បានបន្ថែមថា៖ «ការធ្វើបែបនេះជួយទប់ស្កាត់ការយល់ច្រឡំបន្តិចបន្តូច ឬការប្រឈមមុខដាក់គ្នាដាច់ដោយឡែក មិនឱ្យរាលដាលទៅជាជម្លោះធំជាងនេះ»។
លោក ស៊ូរ៉ាសាន កុងស៊ីរី អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានថ្លែងថា មានហេតុការណ៍មួយចំនួនបានកើតឡើងចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមក ជាពិសេសគឺការប្រឈមមុខដាក់គ្នានៅជុំទីពីរក្នុងខែធ្នូ ដែលបាននាំឱ្យមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោក ស៊ូរ៉ាសាន កុងស៊ីរី បានប្រាប់សារព័ត៌មានខេមបូចាថា៖ «យើងបានដើរហួសពីកិច្ចព្រមព្រៀងសន្តិភាពនោះឆ្ងាយណាស់ហើយ។ សកម្មភាព ដែលភាគីទាំងពីរត្រូវអនុវត្តនៅពេលនេះ គួរតែជាអ្វី ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម ព្រោះវា គឺជាឯកសារថ្មីបំផុត ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា»។
លោកបានលើកឡើងថា គេគួរពិចារណាថ្លឹងថ្លែងមើលថា តើមានសកម្មភាពកម្រិតណាខ្លះត្រូវបានអនុវត្តលើបញ្ហានានា ដែលមានចែងក្នុងឯកសារថ្មីបំផុតនេះ ដូចជាការបោសសម្អាតមីនមនុស្សធម៌ និងការទប់ស្កាត់ក្រុមឆបោកអនឡាញជាដើម។
លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ៕










