លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ប្រទេសថៃនៅថ្ងៃពុធកំពុងពន្យារពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ តាមព្រំដែន និងរំលោភបំពានចូលទឹកដីកម្ពុជា ខណៈលោក ហ៊ុន សែន បានចាត់ទុកសកម្មភាពទាំងនេះថាជាទម្រង់មួយនៃ «សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ» នាសម័យទំនើប។
មេដឹកនាំកម្ពុជាដែលជាឪពុកកូនទាំងពីរបានថ្លែងបែបនេះនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីប្រធានសភា និងតំណាងមកពីបណ្តាប្រទេសជាច្រើន ព្រមទាំងអង្គការអន្តរជាតិ ដើម្បីពិភាក្សាអំពីច្បាប់អន្តរជាតិ ការទូត និងការដោះស្រាយជម្លោះ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្ថានភាពនៅតាមព្រំដែនជាមួយប្រទេសថៃនៅតែ «ផុយស្រួយ» ហើយថា «វិធានការបន្ថយភាពតានតឹងមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ» បន្ទាប់ពីប្រទេសជិតខាងទាំងពីរបានប៉ះទង្គិចគ្នានៅតាមព្រំដែនកាលពីឆ្នាំមុន មុននឹងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សកម្មភាពរបស់យោធាថៃដែលព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង(fait accompli) ក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជាការរាយលួសបន្លា ការដាក់ទូកុងតឺន័រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលកិច្ចការខណ្ឌសីមា និងការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែង»។
លោកបានបន្ថែមថា៖ «ទោះបីជាប្រឈមនឹងបញ្ហាទាំងនេះក្តី កម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនូវដំណោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់»។
ការប៉ះទង្គិចនៅតាមព្រំដែនកាលពីឆ្នាំមុន បានបណ្តាលឱ្យមនុស្សទាំងសងខាងជាង១០០នាក់ បានបាត់បង់ជីវិតនិងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០ នាក់ ត្រូវផ្លាស់ទីលំនៅចេញពីភូមិនៅតាមតំបន់ព្រំដែន ដែលរដ្ឋាភិបាលកម្ពុជាអះអាងថា នៅតែស្ថិតក្រោមការកាន់កាប់របស់កងកម្លាំងថៃនៅឡើយ។
លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ទីក្រុងបាងកកតែងតែរក្សាជំហរថា តំបន់ព្រំដែនដែលខ្លួនកាន់កាប់ ស្ថិតនៅក្នុងទឹកដីរបស់ថៃ ឬ ឬជាតំបន់ដែលភាគីនីមួយៗបានឈរជើងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់លោក ហ៊ុន សែន បានឱ្យដឹងថា ប្រទេសថៃត្រូវបានអញ្ជើញឱ្យចូលរួមសន្និសីទរយៈពេលបីថ្ងៃនេះដែរ ប៉ុន្តែបានបដិសេធមិនចូលរួម។
លោក ហ៊ុន ម៉ាណែត ក៏បានអះអាងថា ជម្លោះនេះ «មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ» ប៉ុន្តែជាបញ្ហាអន្តរជាតិមួយ ដែលពាក់ព័ន្ធនឹងការគោរពច្បាប់អន្តរជាតិ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលបានផ្ទេរអំណាចនាយករដ្ឋមន្ត្រីទៅកាន់កូនប្រុសរបស់លោកនៅឆ្នាំ២០២៣ បានមានប្រសាសន៍ថា ពិភពលោកកំពុងឈានចូលទៅក្នុងសម័យកាលដ៏គ្រោះថ្នាក់ថ្មីមួយនៃ «ភាពច្របូកច្របល់ភូមិសាស្ត្រនយោបាយ»។ លោកបានអះអាងថា ជម្លោះកម្ពុជា-ថៃ ស្ថិតក្នុងបរិបទនៃអ្វីដែលលោកហៅថា «សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ» ដែលជាការប្រើប្រាស់ ឬកេងចំណេញពីចំណុចខ្សោយផ្ទៃក្នុងរបស់ប្រទេសមួយ ដូចជាបណ្តាញឆបោកអនឡាញ និងការរិះគន់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល វាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសនោះរងការខូចខាតនៅលើឆាកអន្តរជាតិ។
លោកបានថ្លែងថា៖ «សង្រ្គាមព្រំដែនកម្ពុជាថៃគឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំ ដោយផ្អែកថាទឹកដីយើងខ្ញុំខ្លះគឺជាផ្នែកនៃល្បែងឆបោក»។

លោក ហ៊ុន សែន ទំនងជាសំដៅទៅលើវត្តមានរបស់កងកម្លាំងថៃនៅតំបន់ព្រំដែនដូចជា អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវបានរាយការណ៍ថា ជាទីតាំងនៃប្រតិបត្តិការឆបោកតាមអនឡាញ ដែលពាក់ព័ន្ធនឹងពលកម្មដែលបានមកពីការជួញដូរ ហើយក៏មានទំនាក់ទំនងជាមួយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោកបានអំពាវនាវឱ្យអង្គសន្និសីទឆ្លៀតយកឱកាសនេះ ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងការរួមរស់ដោយសន្តិភាព ព្រមទាំងពង្រឹងការទូតសភា ជាឧបករណ៍សម្រាប់កសាងកិច្ចសន្ទនា និងទំនុកចិត្តទៅវិញទៅមក។
ការជួបជុំអន្តរជាតិនេះ ធ្វើឡើងស្របពេលដែលកម្ពុជាជារឿយៗត្រូវបានភាគីថៃចោទប្រកាន់ថា កំពុង«ធ្វើអន្តរភាវូបនីយកម្ម» នៃបញ្ហាជម្លោះព្រំដែន ដែលជាប្រវត្តិសាស្រ្តទីក្រុងបាងកកតែងជៀសវាងមិនប្រើប្រាស់វិធីសាស្រ្តនេះឡើយ។
ករណីចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីប្រទេសថៃបានដកខ្លួនជាឯកតោភាគីកាលពីដើមឆ្នាំនេះ ចេញពីកិច្ចព្រមព្រៀងមួយដែលមានអាយុកាលមួយទសវត្សរ៍ ដែលធ្លាប់ផ្តល់ក្របខណ្ឌសម្រាប់ការចរចាលើការអះអាងសិទ្ធិត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ។ បន្ទាប់មក កម្ពុជាបានផ្តួចផ្តើម យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ប៉ុន្តែនីតិវិធីនេះបានជួបប្រទះការពន្យារពេលជាបន្តបន្ទាប់។
លោក សេង វណ្ណលី អ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នេះអាចជា វេទិកាដ៏សំខាន់មួយសម្រាប់កម្ពុជា ចំពេលមានភាពតានតឹងនៅតាមព្រំដែន ប៉ុន្តែវាក៏មានដែនកំណត់របស់វាផងដែរ។
លោកបានថ្លែងថា៖ «ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សកលនេះ ជួយពង្រឹងជំហរការទូតរបស់កម្ពុជា និងបង្កើតបរិយាកាសនយោបាយអន្តរជាតិ ដែលគាំទ្រដល់ការដោះស្រាយដោយផ្អែកលើច្បាប់ ជាជាងការប្រើប្រាស់កម្លាំង»។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ISC-2 មិនមែនជាស្ថាប័នតុលាការដែលមានអំណាចបង្ខំឱ្យភាគីនានាអនុវត្តតាមច្បាប់នោះឡើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Brands Thai Border Actions ‘Discredit Warfare’ at Parliamentary Conference









