សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កសិករខ្នាតតូចប្រឈមនឹងវិបត្តិចម្រុះ ដែលបង្កឡើងដោយបាតុភូត​អែលនីញ៉ូ​ ប្រព័ន្ធធារាសាស្ត្រមិនអាចផ្គត់ផ្គង់ទឹកបានទៀងទាត់ និងការកើនឡើងនៃថ្លៃដើមផលិតកម្ម

អ្នកស្រី សិ​ត សៀវ អះអាង​ថា ការកើនឡើងថ្លៃដើម​ និងប្រេងឥន្ធនៈ បានធ្វើឱ្យអ្នកស្រីកាន់តែធ្លាក់ចូលក្នុងបំណុលវ័ណ្ឌក។ អ្នក​ស្រី​ដើរទៅកាន់ស្រែរបស់គាត់​នៅក្នុងភូមិបាម ស្រុកគីរីវង់ ខេត្តតាកែវ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី ថានី)
អ្នកស្រី សិ​ត សៀវ អះអាង​ថា ការកើនឡើងថ្លៃដើម​ និងប្រេងឥន្ធនៈ បានធ្វើឱ្យអ្នកស្រីកាន់តែធ្លាក់ចូលក្នុងបំណុលវ័ណ្ឌក។ អ្នក​ស្រី​ដើរទៅកាន់ស្រែរបស់គាត់​នៅក្នុងភូមិបាម ស្រុកគីរីវង់ ខេត្តតាកែវ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី ថានី)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

កសិករកម្ពុជា ដែលបានខាត​បង់ផល​​ដំណាំដោយសារគ្រោះរាំងស្ងួតនៅរដូវក្តៅនេះ ហើយបន្ទាប់មករង​ការខូច​ខាត​ដោយសារ​គ្រោះទឹកជំនន់ ដែលបានបំផ្លាញស្រូវវស្សាប្រហែល៥% នៃផ្ទៃដី​ដាំដុះ​​ស្រូវវស្សា​​សរុប​ទូទាំង​ប្រ​ទេសនោះ ឥឡូវ​នេះកំពុងប្រឈមនឹងបាតុភូត «អែលនីញ៉ូ» ដែល​អូសបន្លាយយូរ​ ដែលគេរំពឹងថា នឹងធ្វើឱ្យរដូវប្រាំងបន្ត​រហូតដល់ឆ្នាំក្រោយ។

ប៉ុន្តែកសិករខ្នាតតូចអះអាង​ថា អាកាសធាតុគ្រាន់តែជាផ្នែកមួយនៃបញ្ហាប៉ុណ្ណោះ។ ប្រព័ន្ធធារាសាស្ត្រ ដែលមិនអាចផ្គត់ផ្គង់​បាន​ទៀងទាត់​ ការកើនឡើងនៃថ្លៃដើមផលិតកម្ម តម្លៃស្រូវ​ទាប និងបំ​ណុល ដែលកាន់តែកើន​ឡើង ធ្វើឱ្យពួកគាត់​មាន​ជម្រើស​កាន់តែ​តិច​ក្នុងការទប់​ទល់នឹងផលប៉ះ​ពាល់ដោយសារ​អាកាសធាតុ ដែលអាចនឹងកើតឡើងម្តង​ទៀត។ ការ​រួមបញ្ចូ​លគ្នា​នៃបញ្ហា​ទាំង​នេះ ត្រូវបានលោក ហ្សង់ គ្រីស្តូហ្វ​ ឌីប៉ា (Jean-Christophe Diepart) អ្នកស្រាវជ្រាវផ្នែកកសិកម្ម និងជាស្ថាបនិកនៃក្រុមស្រាវជ្រាវ «កសិករ និងដែនដី» ហៅថា ជា «វិបត្តិ​ចម្រុះ​»។

អ្នកស្រី គល់ រ៉េន ជាកសិករម្នាក់រស់នៅភូមិអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយថា នៅ​ឆ្នាំនេះ អ្នកស្រីបានព្រោះ​ស្រូវឡើងវិញរហូតដល់ទៅ៣ដង ដោយសារតែគ្រោះរាំងស្ងួតអូស​បន្លាយពេលយូរ ដែលធ្វើឱ្យអ្នកស្រីចំណាយប្រាក់អស់ជាង៧៥០ដុល្លារ។

អ្នក​ស្រីនិយាយថា៖ «ខ្ញុំបានព្រោះ​ស្រូវចំនួនបីដង ប៉ុន្តែនៅតែមិនទទួលបានទិន្នផលល្អដដែល ដោយសារគ្រោះរាំងស្ងួតអូសបន្លាយពេលយូរពេក។ ភ្លៀងបានធ្លាក់តែនៅ​ក្នុងខែតុលាប៉ុណ្ណោះ ដែលវាហួសពេលទៅហើយ»។

រដូវវស្សានៅកម្ពុជាជាធម្មតាចាប់ផ្តើមពីខែឧសភាដល់ខែតុលា ជាពេលដែលកសិករភាគច្រើនដាំដុះដំណាំ​ស្រូវសំខាន់ៗរបស់ពួកគេ ដោយពឹងផ្អែកលើទឹកភ្លៀង បន្ទាប់មក គឺរដូវប្រាំងដែលអូស​បន្លាយរហូតដល់ខែមេសា។ បាតុភូតអែលនីញ៉ូ ដែលជាការឡើងកម្ដៅ នៃផ្ទៃទឹកមហាសមុទ្រប៉ាស៊ីហ្វិក កើតឡើងជាប្រចាំរៀងរាល់២ ទៅ៧ឆ្នាំម្ដងនោះ និង​តែងតែធ្វើឱ្យរបបទឹក​​ភ្លៀងទាំងនេះ​មកយឺតជាងធម្មតា និងមានកម្រិតខ្សោយជាងមុន។

លោក ចាន់ យុត្ថា​ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកាលពីខែកក្កដាថា ប្រទេសកម្ពុជាបានរងឥទ្ធិពលបាតុភូត អែលនីញ៉ូ ចាប់តាំងពីខែមករាមក ដោយបរិមាណទឹកភ្លៀងបានថយចុះប្រហែល៥០% បើធៀបនឹងឆ្នាំ២០២៥។ យោងតាមអង្គការឧតុនិយមពិភពលោកបាន​ឱ្យ​ដឹងថា​ ទោះបីជាបាតុភូត អែលនីញ៉ូ ជា​បាតុភូតធម្មជាតិក៏ដោយ ក៏​វាបាន​រួមចំ​ណែកធ្វើឱ្យសីតុណ្ហភាពកាន់តែកើន​ឡើង​​ថែមទៀត​ លើសពី​កម្ដៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុស្រាប់ទៅហើយ​។ ទឹកភ្លៀងដែលបានធ្លាក់មកនោះ គឺមិនស្មើគ្នាទេ ដោយធ្វើឱ្យ​តំបន់ខ្លះជួបប្រទះភាពរាំងស្ងួតអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈតំបន់ផ្សេងទៀតបែរជាជួបប្រទះការជន់លិចទៅវិញ។

ស្ថានភាពបែបនេះបាន​ធ្វើ​ឱ្យ​កសិករ​រង​​ផលប៉ះពាល់​ពីរលើកក្នុងរដូវដាំដុះតែមួយ។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន​ឱ្យ​ដឹង​ថា​ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា គ្រោះ​រាំ​ងស្ងួតបានប៉ះពាល់ដល់ដំណាំ​ស្រូវជិត ២៩០ ០០០ហិកតា នៅក្នុងខេត្តចំនួនប្រាំបី។ ពីរខែក្រោយមក ភ្លៀង​ធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅក្នុងខេត្តចំនួន១០ ដែលប៉ះពាល់ដល់ពលរដ្ឋ​ជិត ៦០ ០០០គ្រួសារ និងបង្ខំ​ឱ្យប្រជាពលរដ្ឋ​ប្រមាណ ៥០០០គ្រួសារ​ ជម្លៀសចេញពីលំនៅឋាន។ គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ដំណាំ​ស្រូវ​ប្រ​មាណ ១៥៦ ០០០ហិកតា ដែលស្មើនឹងប្រហែល៥% នៃផ្ទៃដីដាំដុះសរុបចំនួន ៣លានហិកតាទូទាំង​ប្រទេសសម្រាប់ស្រូវវស្សា បានរងការខូចខាត។

នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៩ ខែតុលា ក្រសួងធនធានទឹក និងឧតុនិយម បាន​​ឱ្យដឹងថា រដូវវស្សានឹងបញ្ចប់មុនកាលកំណត់ ហើយបាតុភូត អែលនីញ៉ូ នឹងបន្តកើតមានរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងបានអំពាវនាវដល់អាជ្ញាធរ និងសាធារណជន ឱ្យចេះសន្សំ​សំចៃទឹក ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងនានា ដែលទទួលបន្ទុកលើវិស័យ​​ទឹក និងកសិកម្ម ឱ្យពង្រឹងការគ្រប់គ្រងទឹក និងត្រៀមលក្ខណៈសម្រាប់ករណីខ្វះខាតទឹកផង​ដែរ។

លោកស្រី គល់ រ៉េន​ ដែលព្រោះស្រូវឡើងវិញរហូតដល់បីដងនៅឆ្នាំនេះ ដោយសារគ្រោះរាំងស្ងួត​អូសបន្លាយ បានឈរនៅក្នុងស្រែរបស់សាច់ញាតិម្នាក់ ស្ថិតក្នុងភូមិអមលាំ​ង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ ទ្រី ថានី)

នៅពេលអស់ទឹក​

កសិករអះអាង​ថា មាន​ការ​ស្នើឱ្យពួកគាត់​សន្សំទឹកទុក​ ដែលតាមពិតទៅពួកគេមិនមានទឹកនោះ​ទេ​​។

អ្នក​ស្រី គល់ រ៉េន បាននិយាយថា៖ «ប្រសិនបើយើ​ង​បណ្តោយ​តាម​ដំណើរ នោះនៅពេលដែលទឹក​អស់ គឺវានឹងអស់តែម្តង​ ហើយយើងនឹងមិនអាចសង្គ្រោះអ្វីបានឡើយ»។ ជា​មួយគ្នានេះដែរ​ អ្នកស្រី​បានអំពាវនាវដល់អាជ្ញាធរឱ្យពង្រីកប្រឡាយទឹក និងអាងស្តុកទឹកសម្រាប់ប្រើប្រាស់​ក្នុងរដូវប្រាំង។

អ្នកស្រី វង្ស​ សុគង់ ជាកសិករម្នាក់មកពីភូមិជាមួយគ្នា បាននិយាយថា គ្រោះរាំងស្ងួតនៅឆ្នាំនេះ គឺធ្ងន់ធ្ងរជាងឆ្នាំមុនៗ។ អ្នកស្រីបានបញ្ជាក់ថា៖ «ស្រូវស្ទើរតែងាប់ទៅហើយ មុនពេលទឹក​ភ្លៀងមកដល់»។

លោកស្រី សុគង់​ បានឱ្យដឹងថា កន្លងមក អ្នកភូមិបានស្នើសុំឱ្យអាជ្ញាធរសាងសង់ប្រឡាយទឹក​ថ្មីមួយ ដោយសារប្រព័ន្ធដែលមានស្រាប់មិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់​ដល់គ្រួសារពលរដ្ឋ​។ អ្នកស្រី​បានជំរុញឱ្យអាជ្ញាធរចាត់វិធានការឆ្លើយតបឱ្យបានឆាប់រហ័សចំពោះបាតុភូត អែលនីញ៉ូ ជាជាងគ្រាន់តែអំពាវនាវឱ្យប្រជាពលរដ្ឋសន្សំសំចៃទឹកប៉ុណ្ណោះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៥ ​​ប្រហែល៥៤% នៃគ្រួសារ​ពលរដ្ឋកម្ពុជា​ប្រ​ក​បរបរកសិ​កម្ម ដោយក្នុងចំណោម​គ្រួសារ​ទាំង​នោះ ប្រហែលពីរភាគបី​ធ្វើ​ស្រែ​។ ចំណែក​ផ្ទៃដីកាន់កាប់​សម្រាប់​ធ្វើកសិកម្ម​ជិត៤៤% មានទំហំតិចជាង១ហិកតា។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យ​ដឹង​ថា​ កម្ពុជាមានអាងស្តុកទឹកចំនួន១៦​៥​៩ នៅទូទាំងប្រទេស។ លោក ឌីប៉ា​ បានអះអាង​ថា ការផ្គត់ផ្គង់ទឹកមិនទៀងទាត់ពីប្រ​ព័ន្ធ​ធារាសាស្ត្រ គឺជាកង្វល់ទូទាំងប្រទេស ដោយមិនមែនមានតែនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជា​ខេត្ត​រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅឆ្នាំនេះប៉ុណ្ណោះទេ​។

លោក ឌីប៉ា​ បាននិយាយ​ថា កសិករតែងតែវិនិយោគលើគ្រឿងចក្រ និងធាតុចូលនៃវិស័យ​កសិ​កម្ម បន្ទាប់ពី​មានការប្រកាសអំពីគម្រោងធារាសាស្ត្រថ្មីៗ ប៉ុន្តែពួកគេបែរជាខាតបង់ប្រាក់ទៅ​វិញ នៅពេលទឹក​​មិនបានទៅ​​ដល់។ លោកបានបន្ថែមថា សេវាផ្សព្វផ្សាយកសិកម្មគួរតែណែនាំឱ្យកសិកររង់ចាំរហូតដល់​មាន​ការ​បញ្ជាក់​ច្បាស់ថា នឹងមានទឹកប្រើប្រាស់ពិតប្រាកដ ហើយថា គម្រោងទាំងនោះចាំបាច់ត្រូវមានស្ថាប័នទទួលខុសត្រូវ ដើម្បីធានាការបែងចែកទឹកដោយយុត្តិធម៌ និង​ជួយ​ឱ្យ​កសិករមាន​លទ្ធភាព​ទិញម៉ាស៊ីនបូមទឹកដែលមានតម្លៃថ្លៃ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសា​សន៍​​ថា ក្រសួងបានត្រៀមពូជស្រូវរួចរាល់ ដើម្បីជួយដល់កសិករក្នុងការស្តារផលិតកម្មឡើងវិញ ក្នុងករណីគ្រោះរាំងស្ងួតបង្កឱ្យមានការខូចខាតដំណាំក្នុងទ្រង់ទ្រាយធំ។

លោកស្រី វង្ស​ សុគង់ ដែលអះអាង​ថា គ្រោះរាំងស្ងួតនៅឆ្នាំនេះ គឺធ្ងន់ធ្ងរបំ​ផុត​មិនធ្លាប់​ជួប​ កំពុងផ្តល់ចំណីដល់សត្វកណ្តូប នៅភូមិអមលាំ​ង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ ទ្រី ថានី)

ចំណាយកាន់តែច្រើន ចំណូលបានកាន់តែតិច

អ្នកស្រី​ ស៊ិ​ត សៀវ ជាកសិករម្នាក់រស់នៅភូមិបាម ស្រុកគីរីវង់ ខេត្តតាកែវ បាននិយាយថា ការឡើងថ្លៃជី និងប្រេងឥន្ធនៈ បានធ្វើឱ្យកសិករខ្នាតតូចធ្លាក់ចូលក្នុងវិបត្តិ​បំណុលកាន់តែជ្រៅ។

អ្នកស្រី​និយាយថា៖ «នៅពេលយើងទិញថ្នាំកសិកម្ម និងជី អ្នកលក់ជាអ្នកកំណត់តម្លៃ ហើយយើងមិនអាចតថ្លៃឱ្យចុះទាបជាងនេះបានទេ។ ប៉ុន្តែនៅពេលយើងលក់ស្រូវវិញ ពួកយើងជាកសិករមិនអាចទាមទារតម្លៃឱ្យខ្ពស់ជាងនេះបានទេ»។

អ្នកស្រី​ សៀវ បាននិយាយថា ជីមានតម្លៃយ៉ាងហោចណាស់៤០ដុល្លារក្នុងមួយបាវ ហើយក្នុងមួយ​​ហិកតាត្រូវការជីយ៉ាងហោចណាស់៥បាវ។

អ្នកស្រីបាន​និយាយថា៖ «កាលណា​ខ្ញុំធ្វើ​ស្រែ​កាន់តែយូរ ខ្ញុំកាន់តែជំពាក់បំណុលគេកាន់​តែ​ច្រើន»។ អ្នក​ស្រី​បាន​និយាយ​ថា កាលពីឆ្នាំមុន អ្នក​ស្រី​ជំពាក់បំណុលគេជាង១លានរៀល (ប្រហែល ២៥០ដុល្លារ) ហើយនៅឆ្នាំនេះ អ្នកស្រី​ជំពាក់ជាង២លានរៀល (ប្រហែល៤៩០ ដុល្លារ)។

ការ​ចំណាយទាំងនោះបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ បានបង្កឱ្យមានសង្គ្រាម ដែលរំខានដល់​ការ​ដឹកជញ្ជូនប្រេងឥន្ធនៈ និង​ជីកសិកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នៅឆ្នាំនេះ តម្លៃជីគីមី​បានកើនឡើងពី២៥% ទៅ៣០% ខណៈកសិករមួយចំនួនបានរាយការណ៍ថា ពួកគេត្រូវចំ​ណាយប្រាក់ជិតទ្វេដង បើធៀបនឹងអ្វី ដែលពួកគេបានចំណាយកាលពីមួយឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ កសិករបានលើកឡើងថា តម្លៃស្រូវនៅតែមានកម្រិតទាប។ យោងតាមក្រ​សួងកសិកម្មបាន​ឱ្យ​ដឹង​ថា​ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ពូជស្រូវ​ផ្ការំដួលសើមលក់ក្នុងតម្លៃ ១ ០៥០​រៀល ក្នុងមួយគីឡូក្រាម ចំណែក​ពូជស្រូវ​ OM វិញ លក់ក្នុងតម្លៃ៩០០រៀលក្នុងមួយគីឡូក្រាម។

លោក កយ ខ្លឹង ជាកសិករម្នាក់ទៀតនៅភូមិបាម បាននិយាយថា៖ «នៅពេលខ្វះទឹក ទិន្នផលស្រូវរបស់យើងមានកម្រិតទាប ហើយយើងអាចនឹងមិនរួច​ថ្លៃ​ដើម»។

លោក ឌីប៉ា​ បានអះអាង​ថា សម្ពាធទាំងនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា ការធ្វើ​កសិកម្ម ដែលផ្តោតលើការនាំចេញ បានធ្វើឱ្យកសិករខ្នាតតូចប្រឈមនឹងតម្លៃប្រែប្រួល​ និងកាន់តែពឹងផ្អែក​លើការខ្ចីប្រាក់​។

លោកបានបន្ថែមថា៖ «ការទទួលបានដីធ្លីក៏កាន់តែមានការលំបាក ដែលជំរុញឱ្យមានការប្រ​កួតប្រជែង និងការប្រមូលផ្តុំដីធ្លីនៅក្នុងចំណោមកសិ​ករ ដែលមានធនធានធូរធា​ ខណៈដីធ្លីនៅតែជាទ្រព្យសកម្មសំខាន់សម្រាប់ជីវភាព និងជាសំណាញ់សុវត្ថិភាព អំឡុងពេលមានវិបត្តិ»។

កសិកម្ម​អេកូឡូស៊ីផ្តល់ដំណោះស្រាយ​ ប៉ុន្តែការគាំទ្រនៅមានកម្រិត

អង្គការយូនីសេហ្វ (UNICEF) បានអះអាង​កាលពីខែតុលាថា ក្រៅពីផលប៉ះពាល់លើវិស័យ​កសិកម្ម បាតុភូត​អែលនីញ៉ូនៅ​ឆ្នាំនេះ ដែលអង្គការឧតុនិយមពិភពលោក រំពឹង​ថា នឹង​មាន​កម្រិតខ្លាំងបំផុតមិនធ្លាប់មាន អាចធ្វើឱ្យកុមារកម្ពុជាជាង១,៣លាននាក់ ប្រឈមនឹងហានិភ័យ​ ដែលបង្កឡើងដោយអាកាសធាតុ ដោយគ្រោះរាំងស្ងួតអាចគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹក ស្បៀងអាហារ សេវាថែទាំសុខភាព និងការសិក្សារបស់កុមារ។

ផែនការសកម្មភាពជាតិស្តីពីការគ្រប់គ្រងគ្រោះរាំងស្ងួត និងការសម្របខ្លួន ឆ្នាំ២០២៥-២០​៣០ របស់រដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងធនធានទឹក និងឧតុនិយម កាលពីខែមិថុនា ឆ្នាំ២០២៥ ផ្តោតសំខាន់លើប្រព័ន្ធព្រមានទុកជាមុន ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងបម្រែបម្រួល​អាកាសធាតុ ការអភិរក្សទឹក និងការសម្របខ្លួនដោយផ្អែកលើសហគមន៍​។

អង្គការ​មួយចំនួនក៏បានលើកឡើងអំពីកសិកម្មអេកូឡូស៊ីផងដែរ ដែលជាការធ្វើកសិកម្មពឹងផ្អែកលើភាពចម្រុះនៃដំណាំ និងដំណើរការ​វិលត្រឡ​ប់​មកវិ​ញនៃ​សារធាតុចិញ្ចឹមតាមបែបធម្មជាតិ ជាជាងការប្រើប្រាស់ថ្នាំ​គីមី។ វិធីសាស្ត្រនេះជួយកសិករ​ទប់​ទល់​នឹង​​គ្រោះរាំងស្ងួត និងការកើនឡើងនៃថ្លៃជីកសិកម្ម​។

ដំណាំស្រូវ​នៅភូមិអមលាំង បន្ទាប់ពីកសិករបានព្រោះស្រូវ​ឡើងវិញចំនួនពីរដង អំឡុងពេលមាន​គ្រោះរាំងស្ងួតអូសបន្លាយ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ (​ខេមបូចា/ ទ្រី ថានី)

លោកស្រី ចាន់ សុភ័ណ ប្រធានផ្នែកកម្មវិធី និងការអភិវឌ្ឍអាជីវកម្មនៃអង្គការ ActionAid Cambodia បានឱ្យដឹងថា អង្គការនេះធ្វើការជាមួយកសិករនៅខេត្តចំនួន៥ តាមរយៈអង្គការ​ដៃគូចំនួន១៣ ដើម្បីលើកកម្ពស់ការអនុវត្តកសិកម្មអេកូឡូស៊ី ដូចជាការជ្រើសរើសដំណាំ និង​ការធ្វើជីកំប៉ុស។

អង្គនេះ​ក៏ធ្វើការជាមួយក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ថវិកា​គាំ​ទ្រ​ដល់ការធ្វើកសិកម្មតាមបែបអេកូឡូស៊ី តាមរយៈថវិកា​មូលដ្ឋាន ហើយចាប់តាំងពីឆ្នាំ២០១៨ មក អង្គការ​នេះ​បានប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដែលដំឡើង​នៅក្រោមដី ដើម្បីតាមដានកម្រិតទឹកក្រោមដី និង​ប្រើ​ប្រាស់​ជាប្រព័ន្ធព្រមានជាមុន។

លោកស្រី សុភ័ណ មាន​ប្រសាសន៍ថា៖ «បាតុភូតនេះមិនអាចបញ្ចប់ភ្លាមៗបានទេ។ វានឹងបន្តកើតមានទៅមុខទៀត ដូច្នេះយើងនឹងបន្តលើកកម្ពស់ការយល់ដឹងនៅតាម​ខេត្តជា​គោលដៅ»។

លោក ឌីប៉ា បានអះអាង​ថា កសិកម្ម​អេកូឡូស៊ី​ អាចជួយស្តារគុណភា​ពដី ជួយឱ្យដីរក្សា​ទឹកបាន​​យូរ​ និងកាត់បន្ថយការពឹងផ្អែករបស់កសិករលើជី​គីមី។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្ត​កសិកម្ម​បែប​នេះ «នៅមានកម្រិត» ហើយ «ត្រូវការការប្តេជ្ញាចិត្តផ្នែកនយោបាយកាន់តែខ្លាំង និង​ការគាំទ្រពីស្ថាប័ន» រួមទាំងការគាំទ្រពី​សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្ម​និរន្តរភាព​​កម្ពុជា ដែលស្ថិតនៅក្រោមក្រសួងកសិកម្ម។

លោកក៏បានជំរុញឱ្យ​គ្រឹះស្ថាន​ឥណទានចាត់វិធានការ​ដោះស្រាយបញ្ហាបំណុលមីក្រូហិរញ្ញវត្ថុ ដែលធ្វើ​ឱ្យ​កសិករ​ត្រូវ​បង្ខំចិត្ត​លក់ដី និងឧបករណ៍កសិកម្មក្នុងស្ថាន​ភាពខ្វះខាតនិង​បន្ទាន់។

នៅក្នុងភូមិបាម ដែល​មាន​គ្រួសារប្រកប​របរ​កសិកម្ម​ជាង៣០០គ្រួសារ លោកមេភូមិ ម៉ី​ សារូ បាន​ឱ្យដឹងថា អាជ្ញាធរកំពុង​ស្តុកទឹក និងជីកអណ្តូង ដើម្បីផ្គត់​ផ្គង់​ទឹក​សម្រាប់សត្វចិញ្ចឹម និង​សម្រា​ប់​ការស្រោចស្រពដំណាំ។

លោកបានមានប្រសាសន៍ថា៖ «ដោយសារបាតុភូតអែលនីញ៉ូនេះ នៅពេលយើងប្រមូលផលស្រូវ​រួចរាល់ យើងចាំបាច់ត្រូវរក្សាទឹកទុក ដោយមិនត្រូវបណ្តោយ​ឱ្យទឹ​កហូរចោល​ទេ​ ព្រោះថាទឹក​ភ្លៀងនឹងឈប់ធ្លាក់»។

លោក សារូ បាននិយាយថា កសិករមានការស្ទាក់ស្ទើរក្នុងការធ្វើ​ស្រូវ​ប្រាំង ដោយសារមានទឹក​តិចតួចពេក។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងរក្សាតម្លៃស្រូវឱ្យស្ថិតក្នុងកម្រិតសមរម្យ ដើម្បីកុំឱ្យកសិករធ្លាក់ចូលក្នុងបំណុល៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Smallholder Farmers Face ‘Polycrisis’ from El Niño, Unreliable Irrigation and Rising Costs

ព័ត៌មានថ្មី

អត្ថបទពេញនិយម