អង្គការសង្គមស៊ីវិល និងតំណាងក្រុមជនងាយរងគ្រោះ រួមមានជនមានពិការភាព និងជនជាតិដើមភាគតិច បានអំពាវនាវឱ្យមេដឹកនាំពិភពលោក ផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយសមធម៌ ជំរុញការប្រើប្រាស់ថាមពលស្អាត និងធានាឱ្យសហគមន៍ដែលរងផលប៉ះពាល់អាចចូលរួមក្នុងការរៀបចំគោលនយោបាយ និងការសម្រេចចិត្តពាក់ព័ន្ធនឹងអាកាសធាតុ។
ការអំពាវនាវនេះស្របពេលដែលរដ្ឋាភិបាលកម្ពុជា នឹងលើកយកការជំរុញសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងអាកាសធាតុទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP31 ខណៈកម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ ៣២,២ពាន់លានដុល្លារ សម្រាប់អនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុចាប់តាំងពីពេលនេះរហូតដល់១០ឆ្នាំខាងមុខ។
ការអំពាវនាវរបស់អង្គការសង្គមស៊ីវិល និងតំណាងក្រុមជនងាយរងគ្រោះនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ការពង្រីកសំឡេងសង្គមស៊ីវិល និងសហគមន៍កម្ពុជាដើម្បីយុត្តិធម៌អាកាសធាតុ» កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ។ ការអំពាវនាវដែលរៀបចំឡើងដោយអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការសង្គមស៊ីវិលនានានេះ គឺធ្វើឡើងនៅមុនកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុ COP31 ដែលនឹងធ្វើឡើងនៅប្រទេសតួកគីចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៦។
យោងតាមឯកសារគោលគំនិតនៃកម្មវិធី កម្ពុជាកំពុងប្រឈមនឹងបញ្ហាអាកាសធាតុជាច្រើន ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងនៃសីតុណ្ហភាព និងការបាត់បង់ជីវៈចម្រុះ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពប្រជាពលរដ្ឋ ជាពិសេសសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច ស្ត្រី យុវជន កសិករខ្នាតតូច និងជនមានពិការភាព។
ឯកសារដដែលបញ្ជាក់ថា គោលជំហររបស់សង្គមស៊ីវិលត្រូវបានប្រមូលតាមរយៈការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋានជាង ៣០០ ព្រមទាំងប្រជាពលរដ្ឋប្រមាណ ២ ៥០០នាក់ ដើម្បីប្រមូលបញ្ហា បទពិសោធន៍ និងអនុសាសន៍សម្រាប់ដាក់ជូនកិច្ចប្រជុំ COP31។
លោក សឿង សារឿន នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា សង្គមស៊ីវិលមានអាទិភាពចំនួន ៦ ដែលចង់ជំរុញនៅក្នុងកិច្ចប្រជុំ COP31 រួមមាន ការបង្កើនហិរញ្ញប្បទានអាកាសធាតុដោយសមធម៌ ការពង្រឹងសមត្ថភាពសម្របខ្លួនរបស់សហគមន៍ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការការពារព្រៃឈើនិងជីវចម្រុះ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការធានាការចូលរួមដោយបរិយាបន្ន ព្រមទាំងការគោរពសិទ្ធិមនុស្ស។
លោកបានជំរុញឱ្យប្រទេសអភិវឌ្ឍន៍បង្កើនការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈជំនួយឥតសំណង ឬប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីឱ្យប្រទេសដែលរងផលប៉ះពាល់អាចពង្រឹងសមត្ថភាពសម្របខ្លួន និងការពារសហគមន៍របស់ខ្លួន។
លោក ក៏បានលើកឡើងពីឧទាហរណ៍ជាក់ស្តែងដែលប្រទេសកម្ពុជាបានរងហានិភ័យនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលលោកថាអាចប៉ះពាល់ដល់ផលិតភាពកសិកម្ម និងធនធានទឹករបស់កម្ពុជា។
លោកលើកឡើងថា៖ «ជាទូទៅកម្ពុជាពឹងផ្នែកលើការវិនិយោគលើផ្នែកកសិកម្មទឹកនិងខ្យល់ហ្នឹងឯង ប្រសិនជា El Niño នឹងមក វាអាចប៉ះពាល់លើផលិតភាពជាមូលដ្ឋាន»។
លោកបន្ថែមថា ដោយសារកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ ការគាំទ្រពីអន្តរជាតិគួរតែផ្តល់ជាជំនួយឥតសំណង ឬកម្ចីដែលមានការប្រាក់ទាបបំផុត ។

ចំណែក លោក វណ្ណ អូដាយ មន្ត្រីស្វែងរកមតិគាំទ្រផ្នែកឌីជីថល (DYNO)បានលើកឡើងថា ជនមានពិការភាពនៅប្រទេសកម្ពុជា នៅតែប្រឈមនឹងហានិភ័យខ្ពស់នៅពេលមានគ្រោះមហន្តរាយ ដោយសារប្រព័ន្ធជូនដំណឹងជាមុន ផ្លូវជម្លៀសខ្លួន និងទីជម្រកមួយចំនួនមិនទាន់អាចប្រើប្រាស់បានងាយស្រួលសម្រាប់ពួកគេ។
លោកបានទាមទារឱ្យបញ្ចូលបញ្ហាពិការភាពទៅក្នុងគោលនយោបាយ និងផែនការសកម្មភាពអាកាសធាតុ ព្រមទាំងផ្តល់ថវិកាសម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងបច្ចេកវិទ្យា ជំនួយដែលសមស្របនឹងតម្រូវការរបស់ជនមានពិការភាព។
លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន ដើម្បីទទួលបានបច្ចេកវិទ្យាព្រមានគ្រោះមហន្តរាយ និងជួយឱ្យជនមានពិការភាពអាចជម្លៀសខ្លួនបានទាន់ពេលវេលា។
លោកមានប្រសាសន៍ថា៖«១០ឆ្នាំទៅមុខធានាយ៉ាងណាឲ្យសេវាសាធារណៈ ទាំងមន្ទីរពេទ្យ ទាំងឡានក្រុង ទាំងឧបករណ៍ជំនួយផ្សេងៗ ទាំងបច្ចេកវិទ្យាជំនួយពាក់ព័ន្ធការប្រែប្រួលអាកាសធាតុជួយជនមានពិការភាពនិងជនងាយរងគ្រោះផ្សេងទៀតឱ្យអាចជម្លៀសខ្លួនទាន់ពេលវេលាបាន»។
លោក វណ្ណ អូដាយ ក៏ចង់ឱ្យមូលនិធិអាកាសធាតុមានលក្ខខណ្ឌងាយស្រួលដល់អង្គការដែលធ្វើការលើជនមានពិការភាព ដើម្បីឱ្យក្រុមងាយរងគ្រោះនេះអាចទទួលបានជំនួយដោយផ្ទាល់ផងដែរ។
ដោយឡែក លោក ប្លែម រ៉ូម៉ាម នាយកប្រតិបត្តិអង្គការ CIYA បានលើកឡើងថា ជនជាតិដើមភាគតិចមានចំណេះដឹងប្រពៃណី និងបទពិសោធន៍ក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដូច្នេះចំណេះដឹងទាំងនេះ គួរត្រូវបានទទួលស្គាល់ និងបញ្ចូលក្នុងការរៀបចំគោលនយោបាយអាកាសធាតុ។
លោកក៏បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ភូមិបាល កង្វះទិន្នន័យ និងការទទួលបានមូលនិធិ ដោយស្នើឱ្យមានការពិគ្រោះយោបល់ជាមួយជនជាតិដើមភាគតិចនៅពេលរៀបចំ ឬអនុវត្តច្បាប់ និងគោលនយោបាយដែលពាក់ព័ន្ធនឹងសិទ្ធិដីធ្លីរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា៖ «ជំរុញឱ្យគោរពទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់ ជាពិសេសច្បាប់ភូមិបាលឆ្នាំ២០០១ ហើយធ្វើយ៉ាងណាឱ្យការអនុវត្តច្បាប់ ឬការតាក់តែងច្បាប់មានការពិគ្រោះយោបល់ជាមួយជនជាតិដើមភាគតិច»។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា កម្ពុជានឹងលើកយកការជំរុញសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងអាកាសធាតុនេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំ COP31។
លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៥៥% ត្រឹមឆ្នាំ២០៣៥ តាមរយៈផែនការ NDC 3.0 រីឯចំពោះការគាំទ្រសហគមន៍ លោកបានលើកឡើងពីវិធានការដែលផ្តោតលើការល្បាតការពារព្រៃឈើ ការពង្រឹងសិទ្ធិដីធ្លីសមូហភាព និងការបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព ដោយមានការចូលរួមពីស្ត្រី និងយុវជន។
លោកលើកឡើងថា៖ «នៅក្នុងដំណើរការកសាងផែនការ ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ បានបើកឱកាសឱ្យតំណាងក្រុមជនជាតិដើមភាគតិច សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបញ្ចូលចំណេះដឹងប្រពៃណីនិងការព្រួយបារម្ភរបស់ពួកគាត់ត្រូវបានស្តាប់ និងកត់ត្រា ដើម្បីរៀបចំជាវិធានការគាំទ្រ ដែលស្របទៅនឹងវប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅផ្សារភ្ជាប់នឹងធម្មជាតិរបស់ពួកគាត់»។
យោងតាមផែនការរួមចំណែកជាតិលើកទី៣ (NDC 3.0) របស់កម្ពុជា ដែលដាក់ជូនអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ ៣២,២ពាន់លានដុល្លារ សម្រាប់អនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥។ ក្នុងនោះ ប្រមាណ២២,៥ពាន់លានដុល្លារត្រូវការការគាំទ្របន្ថែមពីអន្តរជាតិ។
ចំណែក អង្គការយូនីសេហ្វ (UNICEF) បានឱ្យដឹងថា កុមារកម្ពុជាប្រមាណ ១,៣ លាននាក់អាចប្រឈមនឹងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូក្នុងឆ្នាំ២០២៦-២០២៧ ដែលអាចបង្កឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ ចំណែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កុមារជាង ១៩០ លាននាក់ ត្រូវបានព្យាករណ៍ថា នឹងប្រឈមនឹងស្ថានភាពអាកាសធាតុសើម ឬរាំងស្ងួតខុសប្រក្រតីនៅចុងឆ្នាំ២០២៦នេះ៕








