សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

យន្តការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​ទទួល​បានការគាំទ្រ ខណៈ​វិវាទ​ជាង២ពាន់ករណីត្រូវ​បាន​ដោះស្រាយ

មន្ត្រីដោះស្រាយវិវាទ អ.ដ.ក. និងគូភាគីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅស្រុកស្អាងខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ អ.ដ.ក.)
មន្ត្រីដោះស្រាយវិវាទ អ.ដ.ក. និងគូភាគីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅស្រុកស្អាងខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖ អ.ដ.ក.)

ប្រជាពល​រដ្ឋ​មួយ​ចំនួន​បាន​សម្តែងការពេញ​ចិត្ត ​ចំពោះ​យន្តការ​ដោះ​ស្រាយ​វិវាទ​របស់​អាជ្ញា​ធរ​​​ជាតិ​​​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​(អ.ដ.ក.) ​បើគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០​២៦​ អាជ្ញាធរ​​ជាតិ​​​ដោះ​ស្រាយ​វិវាទ​បានចំនួន ២ ៥៩៤ករណីក្នុងចំណោម​ពាក្យបណ្ដឹង​សរុបចំនួន៦ ៣៥៩ករណី តាំងពីចុងឆ្នាំ២០២៣។

ក្រសួង​យុត្តិធម៌ បាន​ចាត់​ទុក​ការបង្កើត អ.ដ.ក. ថា ​ជាសសរស្ដម្ភមួយនៃការកែទម្រង់ប្រព័ន្ធយុត្ដិធម៌ ខណៈ​អង្គការសង្គម​ស៊ីវិល​បាន​គាំទ្រ​យន្តការ​នេះ និង​ជំរុញ​ឱ្យ​ពង្រីក​វិសាល​ភាព​ក្រុម​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ឱ្យ​​មាន​នៅ​​គ្រប់​ឃុំ ​សង្កាត់​ទូទាំង​ប្រទេស​។ បច្ចុប្បន្នអ.ដ.ក. មានការិយាល័យទទួលពាក្យបណ្តឹងនៅ​អគ្គលេខាធិការដ្ឋានរបស់ អ.ដ.ក.ក្នុង​រាជ​ធានី​ភ្នំពេញ​​ និង​មាន​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​​នៅ​តាមបណ្តា​​ខេត្ត​ចំនួន៥ផ្សេង​ទៀត។

លោក​ ឯម ច័ន្ទមករា ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជាសមាជិក​ អ.ដ.ក. បាន​ប្រាប់​សារ​ព័ត៌​មាន​ខេម​បូចា នៅ​ថ្ងៃទី​១៩ ខែតុលា​ថា បច្ចុប្បន្នអ.ដ.ក. មានការិយាល័យតំណាង​ទទួលពាក្យបណ្តឹងចំនួន៥ ប្រចាំនៅ​តាម​បណ្តាខេត្ត ក្នុងនោះ​មាន​ខេត្ដក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​​ការិយាល័យតំណាងប្រចាំខេត្ដព្រះវិហារ។

លោក​ ច័ន្ទ​មករា ​​ថ្លែង​ថា៖ «ប្រសិនបើប្រជាពលរដ្ឋគាត់ចង់ពឹងពាក់ អ.ដ.ក. ដើម្បីឱ្យជួយដោះស្រាយវិវាទរបស់ពួកគាត់ ពួកគាត់គប្បីចាប់ផ្តើមរៀបចំដាក់ពាក្យបណ្ដឹង (មិនកំណត់ទម្រង់) ដាក់ទៅអគ្គលេខាធិការដ្ឋានរបស់ អ.ដ.ក. ដោយផ្ទាល់ ឬតាមមធ្យោបាយផ្សេងៗទៀត ដែលមាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ រង់ចាំទទួលការដាក់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋគ្រប់រូប»។

ក្នុងករណីប្រជាពលរដ្ឋដែលមានលំនៅឋានស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ ក៏អាចរៀបចំដាក់ពាក្យបណ្ដឹងរបស់ខ្លួន ទៅកាន់ការិយាល័យតំណាងនៃ អ.ដ.ក. ក្នុង​ខេត្ត​ទាំង៥ បាន​ផង​ដែរ​។ បន្ថែម​ពីនេះ​ ប្រជាពលរដ្ឋអាចអញ្ជើញទៅទទួលសេវារបស់ អ.ដ.ក. នៅ​​ទីស្នាក់ការកណ្ដាល ៖ មហាវិថីឈ្នះ-ឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។ លេខទូរស័ព្ទទំនាក់ទំនង ៖ ០៩៣ ៩៨៣ ៣៥៨ / ០៩៩ ៩៨៣ ៣៥៨។

បើ​តាម​លោក ​ឯម ច័ន្ទ​មករា ចាប់តាំងពីចាប់ផ្ដើមដំណើរការមក អ.ដ.ក. បានដោះស្រាយលើវិវាទដូចជា វិវាទដីធ្លី, វិវាទអចលនទ្រព្យ, វិវាទកិច្ចសន្យាផ្សេងៗ, វិវាទកិច្ចសន្យាខ្ចីប្រាក់, វិវាទគ្រួសារ, វិវាទមត៌ក, វិវាទពាណិជ្ជកម្ម,​ វិវាទការងារ, វិវាទសំណងរដ្ឋប្បវេណី និងវិវាទផ្សេងៗ។

លោក​បញ្ជាក់​ថា៖ «គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, អ.ដ.ក. បានចាត់ការសំណុំរឿងបានចំនួន ២ ៥៩៤ករណី ក្នុងចំណោម​ពាក្យបណ្ដឹងសរុបចំនួន ៦ ៣៥៩ករណី ដោយក្នុងនោះសំណុំរឿងចំនួន ១ ៤២៦ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ និងឈានដល់ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ»។

ក្នុង​ចំណោម​នោះ​ សំណុំរឿងចំនួន២៨៩ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្តឹង, សំណុំរឿងចំនួន៨៧៩​ករណី ត្រូវបានបិទបញ្ចប់ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល និងសំណុំរឿងចំនួន៣ ៧៦៥ករណី កំពុងស្ថិតក្នុងចំណាត់ការ​របស់​ អ.ដ.ក.។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា៖ «អ.ដ.ក. គឺជាយន្ដការថ្មី របស់រាជរដ្ឋាភិបាលក្នុងអាណត្ដិទី៧ ក្រោមការដឹកនាំរបស់សម្ដេច មហាបរវរធិបតី ហ៊ុន ម៉ាណែត។ ការបង្កើត អ.ដ.ក. គឺត្រូវបានចាត់ទុកជាសសរស្ដម្ភមួយនៃការកែទម្រង់ប្រព័ន្ធយុត្ដិធម៌ ដែលម្ខាងគឺជាការកែទម្រង់ប្រព័ន្ធតុលាការ សំដៅធ្វើឱ្យការដោះស្រាយសំណុំរឿងនៅតាមសាលាជម្រះក្ដីកាន់តែទទួលបានប្រសិទ្ធភាព»។

បន្ថែម​ពីនេះ ម្ខាងទៀតគឺការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលយន្ដការនេះ រួមចំណែកការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ គឺអាចចូលរួមចំណែកដល់ការបញ្ចប់វិវាទនៅមូលដ្ឋាន និងធានាបាននូវ​ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

លោក​បន្ថែម​ថា៖ «កាលណាដែលវិវាទត្រូវបានបញ្ចប់តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ​នេះនៅមូលដ្ឋានផ្ទាល់ នោះវិវាទនេះមិនអាចត្រូវបាននាំបន្ដទៅសាលាជម្រះក្ដីដោយ ផ្អែកតាមបទប្បញ្ញត្តិរបស់ យន្ដការ អ.ដ.ក. គឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់ អ.ដ.ក. មានអនុភាពស្មើនឹងសាលក្រមស្ថាពររបស់តុលាការ ដែលបានបញ្ចប់វិវាទនេះជាស្ថាពរ ដោយមិននាំឱ្យមានដំណើររឿងក្ដីនៅសាលាជម្រះក្ដីទៀតឡើយ»។

លោក សន សុវណ្ណា​ គឺជាភាគីដាក់ពាក្យស្នើសុំក្នុងសំណុំរឿងវិវាទគ្រួសារ​ ដែលពាក់ព័ន្ធនឹងការបែងចែកទ្រព្យជាមួយ និងអតីតភរិយា បន្ទាប់ពីវិវាទ​បាន​អូសបន្លាយពេលជិត១០ឆ្នាំ ហើយ​ទើប​តែ​ត្រូវបានដោះស្រាយបញ្ចប់នៅ អ.ដ.ក. កាលពីថ្ងៃទី​៤ ខែ​តុលា ​ឆ្នាំ​២០២៦​ថ្មីៗ​នេះ​ បាន​កត់សម្គាល់ថា ការដោះស្រាយវិវាទនៅ អ.ដ.ក. គឺមានភាពរហ័ស។ ​ក្នុងរយៈពេលមិនដល់១ខែ​ផង​ចាប់​តាំងពីលោក​បាន​ដាក់​ពាក្យ​ប្តឹង​ មន្រ្ដី អ.ដ.ក. បានធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ​របស់​លោក​បាន​​ដោយជោគ​ជ័យ​។

​បុរស​ដែល​បដិសេធ​ប្រាប់​ទីកន្លែង​ដែល​ខ្លួន​រស់នៅ​​រូបនេះ​​និយាយ​ថា៖ «ការ​ដោះ​ស្រាយ​វិវាទ​ទាំង​ស្រុង​នេះ ​គឺ​មិន​មាន​អស់​លុយ​កាក់​អ្វី​សូម្បី​១រៀល​​ទេ គឺ​ក្រុម​​មន្ត្រី​ អ.ដ.ក.ធ្វើ​ការ​ដោះ​ស្រាយ​​ដោយសុទ្ធ​ចិត្ត​ មិន​យក​លុយ​កាក់​ពីប្រជាពល​រដ្ឋ​ទេ»។

លោក​ សន សុវណ្ណា ​​និយាយ​ថា លោក​សប្បាយ​ចិត្ត​​​នៅ​ពេល​ដែល​វិវាទ​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​​ដោយ​មិន​ចំណាយ​ប្រាក់​។

លោក​បញ្ជាក់​ថា៖ «​ពេល​មក​កន្លែង​ អ.ដ.ក. នឹង​អ្នក​សម្រប​សម្រួល​គាត់​ល្អ ការនិយាយ​ស្តី​គាត់​សម​រម្យ​ទទួល​យក​បាន​​ផ្អែម​ល្ហែម​និយាយ​មក​កាន់​ភាគីទាំង​សងខាង​។ និយាយ​មក​សម្រួល​ហើយ​នៅលើ​អារម្មរណ៍​យើង​ ថា​តើ​​យើង​ទទួល​យក​បាន​មិន​បាន​រឿង​យើង​ គេអត់​មាន​បង្ខិត​បង្ខំ​យើង ​គេ​គ្រាន់​តែសួរ​យើង​ថាតើ​ព្រម​អត់ គេឱ្យ​ប៉ុណ្ណេះ​ព្រម​អត់​? ហើយ​ខាង​ណោះ​អាច​ផ្តល់​ឱ្យ​គេ​សម​រម្យ​​អីអត់?គឺ​អ៊ីចឹង​»។

បើ​តាម​បុរសរូប​នេះ បន្ទាប់​ពីលោក​បាន​ដាក់​​ពាក្យ​​បណ្តឹង​មិន​​ទាន់​បាន​មួយ​អាទិត្យ​ផង​ក៏ខាង​អ.ដ.ក. ​​បាន​កោះ​ហៅ​លោក​​ទៅ​ជួប។ «ជួប​ហើយ​ក៏គេ​ទំនាក់​ទំនង​ទៅ​ភាគីម្ខាង​ទៀត​ ក៏គេ​ណាត់​ឱ្យ​​ខ្ញុំ​មក​ជួប​ជុំគ្នា​។ បើ​និយាយ​​ទៅ​ជួប​គ្នា​ទាំង​ចរចា​ តម្លៃ​ចរចាអីហ្នឹង​គឺ​៣​ដង​ ទាំង​គាត់​ហៅ​យើង​ទៅ​សួរនាំ​ និង​រៀប​ចំឯក​សារហ្នឹង។ ទី១ ទី​២​ ទៅជួបជុំគ្នា​កក់​លុយ​ទី​៣សម្រេច​ជោគជ័យ»។

ចំណែក​ពល​រដ្ឋ​ម្នាក់​ទៀត គឺ​លោក ថោង គយហេង ជាភាគីដាក់ពាក្យស្នើសុំសម្រុះសម្រួលផ្សះផ្សាវិវាទ​ទៅ​ អ.ដ.ក. ក្នុងសំណុំរឿងចំនួន ៥ករណី ពាក់ព័ន្ធនឹងវិវាទ​កិច្ចសន្យា និងវិវាទពាណិជ្ជកម្ម។ ក្រោយពី​សម្រុះសម្រួលផ្សះផ្សាដោយ​ជោគជ័យកាលពី​ចុង​ខែ​កញ្ញា​ឆ្នាំ​២០២៦​ថ្មីៗនេះ​បានចំនួន​ ៤សំណុំរឿង លោក ថោង គយហេង ក៏សម្រេចចិត្តលើកយកវិវាទកិច្ចសន្យាខ្ចីប្រាក់ជាមួយធនាគារមកដោះស្រាយបន្ត នៅ អ.ដ.ក. ទៀត​។

លោក​និយាយ​ថា៖ «នៅ អ.ដ.ក.​គាត់​ប្រកាន់​នូវ​គោល​ជំហរឈ្នះ​ៗ​ គាត់​អត់​ឱ្យ​ភាគីណា​ចាញ់​ទេ ​ឱ្យ​ជោគ​ជ័យ​ទាំង​អស់​គ្នា​ តាម​លទ្ធភាព​សម្រប​សម្រួល​ធ្វើ​យ៉ាងម៉េច​ឱ្យ​យើង​បាន​ទៅ​ទាំង​អស់​គ្នា។ គេ​ក៏ស្ម័គ្រ​យើង​ក៏​ព្រមទទួល​ដូច្នេះ​ហើយ​វា​ទៅ​រលូន​ទាំង​អស់​គ្នា។ អ៊ី​ចឹង​​វាអត់​មាន​ភាគីណាមួយ​ខុស​នោះ​ទេ​»។

​លោក​ គយហេង ​បាន​ថ្លែង​តាម​រយៈ​វិដេអូឃ្លីប​មួយរបស់ ​អ.ដ.ក.​ថា​ ស្ថាប័ន​នេះ​គឺ​ជាយន្ត​ការ​ដោះ​ស្រាយ​វិវាទ​ដែល​ល្អ​សម្រាប់​ប្រជាពល​រដ្ឋ ​ដោយលោក​អះអាងថា ​មន្ត្រី​ អ.ដ.ក.​​គឺ​ជួយ​រក​ដំណោះ​ស្រាយ​​ជួយ​រក​គោល​ការណ៍​ណា​ ដែល​អាច​ធ្វើ​ឱ្យ​គូវិវាទ​សះជាគ្នា​។

នៅ​ពេល​ដែល​កើតមាន​វិវាទ​លោក​លើកឡើងថា៖ «​ភាគីដើម​ក៏​ពិបាក​ ភាគីចុង​ក៏​ពិបាក​ ក៏​ប៉ុន្តែ​​មន្ត្រី អ.ដ.ក.​គេ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ម្ចាស់​លុយ​ហ្នឹង​ក៏​មិន​មាន​ជាបញ្ហា​ចោទគេ​អាច​ដោះ​បាន​ខ្លះ​ អ្នក​កូន​បំណុល​ក៏អាច​រក​វិធី​ដោះ​បាន​ខ្លះ​ដើម្បី​ឱ្យ​វា​ចប់​រឿង​។ សូម្បី​តែ​រឿង​ខ្ញុំ​ជាកូន​បំណុល​នៀក​ ខ្ញុំ​ជំពាក់​ធនាគារ​ក៏​ខ្ញុំ​ដាក់​ទៅ​ អ.ដ.ក​ដែរ​ គឺ​ពិត​ជាល្អ​មែន​ទែន​»។

សូម​បញ្ជាក់​ថា អ.ដ.ក.គឺជាស្ថាប័នថ្នាក់ជាតិថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរ​ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា​ការ ដើម្បីជាយន្តការដោះស្រាយវិវាទថ្មីមួយបន្ថែម លើយន្តការដែលមានស្រាប់ សម្រាប់ជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ​អង្គការសិទ្ធិមនុស្ស​លីកាដូមើល​ឃើញ​ថា ​អ.ដ.ក.​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​ទៅលើ​សំណុំ​រឿងរដ្ឋប្បវេណី ​ទាក់​ទង​នឹងការខ្ចីប្រាក់​ រឿង​ជម្លោះ​ក្នុង​គ្រួសារ ​និង​បញ្ហា​វិវាទ​ដីធ្លី​ជាដើម។

ក៏ប៉ុន្តែ​លោក​​ថា ដំណោះ​ស្រាយ​នៃ​រឿង​វិវាទមួយ​ៗ​ អាច​កើតឡើង​ទៅ​បាន​​ លុះ​ត្រា​តែភាគី​វិវាទ​ទាំង​សងខាង​ ព្រម​ទទួល​យក​ការដោះ​ស្រាយ​សម្រប​សម្រួល​របស់​មន្ត្រី ​អ.ដ.ក.​នេះ​។ ប្រសិន​បើ​គូភាគីណាមួយ​មិន​ព្រម​នោះ​ក៏​មិន​អាច​​ចាប់​បង្ខំ​ដោះ​ស្រាយ​បាន​ដែរ។

លោក​បញ្ជាក់​ថា៖ «​ទី​២​ ប្រសិន​ជាដោះ​ស្រាយ​ហើយ​ភាគីទាំងពី​រ​មិន​មាន​ការស្រុះ​ស្រួល​គ្នា​អាហ្នឹង​​ក៏​នៅ​តែ​អាច​ទៅ​តុលាការ​ដដែល​ដែរ។ ក៏​ប៉ុន្តែ​ទោះ​យ៉ាងណា​យើង​ឃើញ​ថា យន្តការ​នេះ​មានការ​ជួយ​សម្រួល ​និង​ដោះ​ស្រាយ​បាន​ច្រើន​ ទៅ​លើ​បញ្ហា​ទាំងអស់នេះ​ ហើយ​យន្តការ​នេះ​ក៏​ជារឿង​មួយ​ដែល​ឱ្យ​គូភាគី​នឹង​រស់​នៅ​ជាមួយ​គ្នា​មើល​មុខ​គ្នា​​ក្នុង​នាម​ជាអ្នក​ជិត​ខាង​ភូមិ​ផង​របងជាមួយ​មិន​មាន​អ្នក​ឈ្នះ​មិន​មាន​អ្នក​ចាញ់​ហើយ​មិន​មាន​ការគុំគួន»។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូបនេះ ​បញ្ជាក់​ថា ប្រសិន​​បើ​សំណុំ​រឿង​វិវាទ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​គឺ​វាមាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់ ហេតុ​ដូច្នេះ​វាអាច​បង្ក​ឱ្យ​មាន​អរិយភាព​នឹងគ្នា។ បន្ថែម​ពីនេះ យន្ត​​ការ​​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​​​តុលាការ​ផងដែរ​។

លោក​ថ្លែងថា៖ «​ពីព្រោះ​ប្រសិន​បើ​គ្រប់​សំណុំ​រឿង​សុទ្ធ​តែត្រូវ​បញ្ជូន​ទៅ​តុលាការ​វា​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ។ អ៊ីចឹង​យើង​ទទួល​ស្គាល់​ថា យន្តការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​គឺ​ជួយ​សម្រួល​ទៅលើ​បញ្ហា​​វិវាទ​ទាក់​ទង​នឹងសំណុំ​រឿង​រដ្ឋប្ប​វេណី​ដូច​ជាការ​ខ្ចី​ប្រាក់​ និង​វិវាទក្នុង​គ្រួសារ​ជាដើម​ ប៉ុន្តែ​មិន​អាច​ដោះ​ស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​បាន​ទេ»។

សម្រាប់​តទៅ​ថ្ងៃអនាគត ​អ្នក​ជំនាញ​សិទ្ធិមនុស្ស លោក ​អំ សំអាត​ ​ចង់​ឃើញ​យន្តការ​នៃអាជ្ញាធរជាតិ​​ដោះ​ស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​នេះ ​មាន​ការពង្រីក​វិសាល​ភាព​របស់​ខ្លួន​ទៅ​ដល់​ថ្នាក់​​ក្រុង ស្រុក​ខណ្ឌ​ ដ៏ដូច​ជាទៅ​ដល់​ឃុំ​សង្កាត់ ​ដើម្បី​ធ្វើ​ឱ្យ​សេវា​នេះ​បាន​កៀក​ទៅ​នឹង​ប្រជាពល​រដ្ឋ​ដែល​ជាការ​ពង្រីក​បាន​ទាំង​បរិមាណ​និង​គុណភាព​​ឱ្យ​បាន​កាន់​តែល្អប្រសើរ​។

លោក​បន្ថែម​ថា៖ «រឿងក្តី​ក្តាំ​ដែល​ត្រូវ​បាន​ប្តឹងទៅ​តុលាការ​ ក្រៅ​ពីធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មើល​​មុខគ្នា​មិន​ចំ​មាន​អរិយភាព​និង​គ្នា​​ វាក៏ថែម​ទាំង​មាន​ការចំណាយ​នូវ​ធន​ធាន​ថវិកា​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពល​រដ្ឋ​ផងដែរ​។ អ៊ីចឹង​បើ​សិន​ជាមាន​ការពង្រីក​វិសាល​ភាព​នៃយន្តការ​ដោះ​ស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការនេះ​ទៅ​ដល់​ថ្នាក់​មូល​ដ្ឋាន​គឺ​វាកាន់​តែល្អប្រសើរ​ថែម​ទៀត»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម