ពលរដ្ឋចំនួន១៦នាក់រួមទាំងជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនផ្តល់កម្ចីនៅកម្ពុជា ប្រកាសមិនចូលរួមដោះស្រាយក្រៅផ្លូវការដែលស្នើដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ដោយសារគ្មានទំនុកចិត្ត និងបារម្ភពីសុវត្ថិភាព ខណៈធនាគារពិភពលោកអះអាងថា IFC កំពុងសិក្សាជំហានសមស្របសម្រាប់អ្នកដែលបានបដិសេធ ហើយសង្ឃឹមថាដើមបណ្តឹងប្តូរចិត្ត។
សេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃពុធទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ពលរដ្ឋដាក់ពាក្យបណ្ដឹងចំនួន១៦នាក់ ក្នុងនោះរួមមានប្រពន្ធរបស់អ្នកដាក់ពាក្យបណ្ដឹងម្នាក់ដែលទទួលមរណភាព អំឡុងពេលដំណើរការនៃបណ្ដឹងផងដែរ បានបដិសេធមិនចូលរួម ដោយសារតែពួកគេមានក្តីបារម្ភអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃយន្តការដែលស្នើឡើងដោយ IFC ដោយសារតែការសម្រេចចិត្តរបស់ស្ថាប័ននេះ ក្នុងការបដិសេធរបាយការណ៍ឯករាជ្យនៃយន្តការគណនេយ្យភាពរបស់ខ្លួនបន្ទាប់ពីឆ្លងកាត់ដំណើរការបណ្ដឹងអស់រយៈពេលបួនឆ្នាំ រួមទាំងការស៊ើបអង្កេតរយៈពេលពីរឆ្នាំផងដែរ។
ជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិលរួមមានអង្គការ លីកាដូ និងអង្គការសមធម៌កម្ពុជា ដែលតំណាងពលរដ្ឋក្នុងការដាក់ពាក្យបណ្ដឹង ក៏បានសម្រេចចិត្តមិនបន្តចូលរួមជាមួយយន្តការស្នើឡើងថ្មីនេះ ហើយបានប្រគល់ព័ត៌មានទំនាក់ទំនងរបស់ពលរដ្ឋទាំង២នាក់ផ្សេងទៀតទៅឱ្យ IFC បន្តធ្វើការដោយផ្ទាល់។
គួរឱ្យដឹងថា កាលពីឆ្នាំ២០២២ អង្គការ លីកាដូ និងអង្គការសមធម៌កម្ពុជា បានតំណាងឱ្យពលរដ្ឋរងផលប៉ះពាល់ ១៨នាក់ ដាក់ពាក្យបណ្ដឹងទៅការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ(CAO) ដែលជាស្ថាប័នត្រួតពិនិត្យឯករាជ្យរបស់ធនាគារពិភពលោក រហូតឈានដល់ការចេញផ្សាយរបាយការណ៍១៨៨ទំព័រ កាលពីខែតុលា ឆ្នាំ២០២៥ដោយពិពណ៌នាលម្អិតពីការបរាជ័យរបស់IFCក្នុងការអនុវត្តតាមគោលនយោបាយខ្លួនឯង ដែលបណ្តាលឱ្យកើតមានផលប៉ះពាល់ជាប្រព័ន្ធយ៉ាងទូលំទូលាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមមាន ការបាត់បង់ជីវភាពរស់នៅ, ការកាត់បន្ថយសន្តិសុខស្បៀង, ផលប៉ះពាល់លើសុខភាព និងការបែកបាក់គ្រួសារ, ផលប៉ះពាល់លើជនជាតិដើមភាគតិច, ព្រមទាំងការគំរាមកំហែង និងការបំភិតបំភ័យ។
ទោះជាយ៉ាងណា នៅខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកបានបដិសេធការរកឃើញនេះ ដោយការណ៌នេះ នាំឱ្យមានការលាលែងពីតំណែងរបស់ប្រធាន CAO និងការថ្កោលទោសពី ក្រុមសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវលើបញ្ហាមីក្រូហិរញ្ញវត្ថុជាង ១០០ ស្ថាប័ន។ ហើយភ្លាមៗបន្ទាប់មក IFC ក៏បានស្នើឱ្យប្រជាពលរដ្ឋទទួលយកការដោះស្រាយក្រៅផ្លូវការវិញ។
ពាក់ព័ន្ធនឹងការបដិសេធការរកឃើញផ្លូវការរបស់ CAO ហើយបែរជាស្នើដោះស្រាយក្រៅផ្លូវការវិញនោះ អ្នកនាំពាក្យរបស់ធនាគារពិភពលោកបានបញ្ជាក់ដោយឈរលើជំហរដដែលថា ក្រុមប្រឹក្សាភិបាល IFC បានបកស្រាយការសម្រេចចិត្តនេះនៅក្នុងសេចក្តីថ្លែងការណ៍សាធារណៈរួចហើយ ដោយលើកហេតុផលថាស្ថាប័នIFC មិនមានការល្មើស ឬខកខានក្នុងការអនុវត្តតាមគោលនយោបាយស្តីពីបរិស្ថាន និងចីរភាពសង្គមរបស់ខ្លួននោះឡើយ។ ហើយក្រុមប្រឹក្សាភិបាលក៏បានអនុម័តរបាយការណ៍គ្រប់គ្រង និង «ផែនការសកម្មភាពគ្រប់គ្រងពិសេស» ដែលជាការដោះស្រាយក្រៅផ្លូវការ ដើម្បីដោះស្រាយផលប៉ះពាល់របស់ដើមបណ្តឹងទាំង ១៨រូប ដោយមាន CAO ជាអ្នកតាមដាន។
យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍រួមបញ្ជាក់ថា កន្លងមកអ្នកដាក់ពាក្យបណ្ដឹងជាច្រើននាក់ ធ្លាប់បានប្រើប្រាស់នូវយន្តការទាំងនេះរួចទៅហើយ ប៉ុន្តែយន្តការទាំងនេះមិនបានផ្តល់នូវការអនុគ្រោះ ឬដំណោះស្រាយណាមួយដល់អ្នកខ្ចីប្រាក់នោះទេ ខណៈដែលអ្នកខ្ចីផ្សេងទៀតបានលក់ដីធ្លី ឬទ្រព្យសម្បត្តិរបស់ពួកគេរួចទៅហើយ ដើម្បីសងបំណុល។
ប្រភពបន្តថា៖ «ផែនការសកម្មភាពគ្រប់គ្រងពិសេស» ដែលជាការដោះស្រាយក្រៅផ្លូវការរបស់ IFC មិនបានបញ្ចូលដំណោះស្រាយណាមួយទាក់ទងនឹងសំណងផ្នែកហិរញ្ញវត្ថុ ឬដំណោះស្រាយណាមួយក្រៅពីការប្រើប្រាស់យន្តការដោះស្រាយពាក្យបណ្តឹងដែលមានស្រាប់ និងគ្មានប្រសិទ្ធភាពនោះឡើយ ទោះបីជាមានការស្នើសុំយ៉ាងច្បាស់លាស់ពីអង្គការមិនមែនរដ្ឋាភិបាល ដែលតំណាងឱ្យអ្នកដាក់ពាក្យបណ្តឹងទាំងនោះឱ្យIFC ដាក់បញ្ចូលជម្រើសនេះក៏ដោយ។
ឆ្លើយតបនឹងការចោទសួរថាតើហេតុអ្វីបានជាផែនការនេះផ្តោតតែលើការសម្រួលបំណុល និងការសម្របសម្រួល ជំនួសឱ្យការផ្តល់សំណងហិរញ្ញវត្ថុដោយផ្ទាល់ អ្នកនាំពាក្យរបស់ធនាគារពិភពលោកបានពន្យល់ថា IFC បានប្តេជ្ញាចិត្តលើវិធានការជាក់ស្តែងដើម្បីដោះស្រាយកង្វល់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ដោយបន្ថែមថា ផែនការសកម្មភាពគ្រប់គ្រងពិសេសនេះ គឺតម្រង់ទិសធនធានទៅកាន់យន្តការទាំងឡាយណាដែលសមស្រប និងមានប្រសិទ្ធភាពបំផុតក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយមានក្រុមសម្របសម្រួលឯករាជ្យរៀបចំដំណោះស្រាយ និងកញ្ចប់កែសម្រួលរចនាសម្ព័ន្ធបំណុលជូនអ្នកខ្ចីផ្អែកលើករណីជាក់ស្តែងនីមួយៗ។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងជាសំណួរចំពោះភាពមិនប្រក្រតី ដោយឆ្ងល់ថាហេតុអ្វីបានជាមានការស្នើដោះស្រាយក្រៅផ្លូវការបែបនេះ ខណៈដែលក្រុមប្រឹក្សាភិបាលធនាគារពិភពលោកបានបដិសេធការរកឃើញរបស់ស្ថាប័នទទួលពាក្យបណ្ដឹងឯករាជ្យរបស់ខ្លួនទៅហើយ។ លោកក៏បានសម្ដែងការខកចិត្តចំពោះធនាគារពិភពលោក ដែលមិនបានផ្ដល់នូវយុត្តិធម៌ និងដំណោះស្រាយពិតប្រាកដទៅដល់អ្នកដាក់ពាក្យបណ្ដឹងទាំងអស់។
ក្នុងនោះលោកក៏បានជំរុញឱ្យស្ថាប័ននេះ បង្ហាញភាពក្លាហាន និងសុចរិតភាពនៅក្នុងការកែប្រែការសម្រេចចិត្តរបស់ខ្លួនដោយទទួលយករបាយការណ៍ដែលរកឃើញដោយការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ (CAO) ដែលជាស្ថាប័នចំណុះខ្លួន និងដោះស្រាយស្របទៅតាមគោលការណ៍ដែលមានស្រាប់។
លោកមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក គួរតែមានភាពក្លាហាន និងមានសុចរិតភាពនៅក្នុងការកែប្រែការសម្រេចចិត្តរបស់ខ្លួនដើម្បីទទួលយករបាយការណ៍របស់ CAO ហ្នឹង! យកទៅពិនិត្យហើយនិងដោះស្រាយជូនទៅដល់ដើមបណ្ដឹងដែលបានប្ដឹង។ ហើយបង្កើតនូវយន្តការមួយដើម្បីដោះស្រាយទប់ស្កាត់ដើម្បីកុំឱ្យមានបញ្ហាហ្នឹងបន្តទៅទៀត សម្រាប់ការវិនិយោគរបស់ខ្លួន»។
គួរឱ្យដឹងថា យោងតាមគោលនយោបាយរបស់ IFC នៅក្នុងករណីដែល CAO រកឃើញផលប៉ះពាល់ពាក់ព័ន្ធនឹងការមិនអនុវត្តតាមគោលការណ៍ណែនាំ ថ្នាក់គ្រប់គ្រងរបស់ IFC ត្រូវតែរៀបចំ និងដាក់ជូននូវ «ផែនការសកម្មភាពគ្រប់គ្រង» (MAP) ដើម្បីដោះស្រាយផលប៉ះពាល់ទាំងនោះ ហើយការអនុវត្តផែនការនោះ នឹងត្រូវតាមដានត្រួតពិនិត្យដោយ CAO។
ដោយសារកត្តាសុវត្ថិភាពរបស់ប្រភពដែលបដិសេធចូលរួមដោះស្រាយក្នុងយន្តការស្នើថ្មីនេះ សារព័ត៌មានខេមបូចាមិនបានទាក់ទងទៅសម្ភាសន៍ពួកគេនោះទេ ប៉ុន្តែសម្រង់សម្ដីរបស់ពួកគេក៏ត្រូវបានបញ្ចូលនៅក្នុងសេចក្ដីថ្លែងការណ៌រួមនេះដែរ។
សេចក្តីថ្លែងការណ៍បានស្រង់សម្តីពលរដ្ឋថា៖ «ខ្ញុំខ្លាចថាការដោះស្រាយក្រៅប្រព័ន្ធចឹង មិនស្មើភាពគ្នា ដោយសារអាយអេហ្វស៊ីធ្លាប់បន្ទោសយើងពីមុន ហើយខ្លាចថាគេធ្វើចឹងទៀត»។
អ្នកផ្សេងទៀតលើកឡើងថា៖ «ហេតុអ្វីគេមិនបន្តដំណើរការចាស់ ម៉េចក៏គេធ្វើដំណើរការ ថ្មីមួយទៀត? ខ្ញុំអត់យល់ ហើយក៏មិនដឹងទុកចិត្តដំណើរការថ្មីយ៉ាងម៉េច»។
ពលរដ្ឋផ្សេងទៀតថា៖ «ខ្ញុំអស់ទំនុកចិត្តជាមួយអាយអេហ្វស៊ី ដែលគាត់មិនបានអនុវត្តអ្វីដែលគាត់រកឃើញ ហើយនឹងគោលនយោបាយដែលគាត់មានស្រាប់»។

ចំពោះករណីដែលដើមបណ្តឹង ១៦រូប បានបដិសេធមិនចូលរួមក្នុងផែនការនេះ អ្នកនាំពាក្យរបស់ធនាគារពិភពលោកបានគូសបញ្ជាក់ថា IFC គោរពតាមការសម្រេចចិត្តរបស់ដើមបណ្តឹងជានិច្ច ហើយទ្វារសម្រាប់ការសន្ទនា និងជំនួយគាំទ្រនៅតែបើកចំហជានិច្ច។ ប្រភពបន្តថា ក្រុមសម្របសម្រួលឯករាជ្យនៅតែត្រៀមខ្លួនជាស្រេចក្នុងការជួយដើមបណ្តឹងទាំង ១៨រូប ប្រសិនបើពួកគេផ្លាស់ប្តូរចិត្ត។
អ្នកនាំពាក្យបានបន្ថែមថា៖ «ស្ថាប័ននឹងមិនបង្ខិតបង្ខំប្រជាពលរដ្ឋឡើយ ប៉ុន្តែសង្ឃឹមថាដើមបណ្តឹងនឹងពិចារណាឡើងវិញ ខណៈដែល IFC ប្តេជ្ញាដោះស្រាយកង្វល់ដោយផ្តោតលើការសម្ងាត់ និងសុវត្ថិភាពពីការសងសឹក ព្រមទាំងកំពុងសិក្សាបន្ថែមលើជំហានសមស្របសម្រាប់អ្នកដែលបានបដិសេធ»។
ធនាគារពិភពលោកតាមរយៈអ្នកនាំពាក្យ បានសម្តែងការខកចិត្តដែលអង្គការ លីកាដូ និងអង្គការសមធម៌កម្ពុជា បានសម្រេចចិត្តបញ្ចប់ការចូលរួមបែបនេះ ខណៈស្ថាប័ននេះថានៅតែចាត់ទុកសង្គមស៊ីវិលជាផ្នែកសំខាន់នៃគណនេយ្យភាព។ ប្រភពបន្តថា IFC និងធនាគារពិភពលោកនឹងនៅតែបន្តទំនាក់ទំនងជាមួយសហគមន៍តាមច្រកផ្សេងៗ ព្រមទាំងប្តេជ្ញាជួយកែលម្អការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងតាមដានលទ្ធផល និងរាយការណ៍អំពីការអនុវត្ត«ផែនការសកម្មភាពគ្រប់គ្រងពិសេស» ដោយសង្ឃឹមថានឹងអាចមានការសន្ទនាសារជាថ្មីជាមួយគ្រប់ភាគីពាកព័ន្ធទាំងអស់រួមទាំងអ្នកដែលបានដកថយនឹងអាចកើតឡើងបានសារជាថ្មី នាពេលខាងមុខ។
ប្រភពបន្ថែមថា៖ «យើងក៏បានប្តេជ្ញាចិត្តជួយកែលម្អការអនុវត្តការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ក្នុងចំណោមអតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) របស់យើងផងដែរ»។
ជាមួយគ្នានេះដែរ អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ «វាជារឿងដែលខកចិត្តណាស់ ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលអ្នកដាក់ពាក្យបណ្តឹងទាំងនោះ លែងទុកចិត្តលើ អាយអេហ្វស៊ី ក្នុងការដោះស្រាយបញ្ហារបស់ពួកគេដោយសារតែស្ថាប័ននេះបានបង្ហាញសាធារណៈរួចទៅហើយថា ខ្លួនមិនបានយកចិត្តទុកដាក់នឹងយន្តការត្រួតពិនិត្យឯករាជ្យ និងគណនេយ្យភាពរបស់ខ្លួន»។
លោក រចំ សាំង ជាជនជាតិដើមភាគតិចកាចក់ នៅខេត្តរតនគិរី បានប្រាប់សារព័ត៌មានខេមបូចា ពីបទពិសោធន៍ដែលលោកជួបប្រទះ ក្នុងការខ្ចីប្រាក់ចំនួន ២ ម៉ឺនដុល្លារ ពីធនាគារក្នុងស្រុកមួយ ដើម្បីធ្វើកសិកម្ម សង់ផ្ទះ និងទិញម៉ូតូ។ តែដោយសារការប្រមូលផលមិនសូវល្អធ្វើឱ្យលោកជួបការលំបាកក្នុងការបង់សងធនាគារវិញ។
លោកបន្តថា បុគ្គលិកធនាគារបានដាក់សម្ពាធឱ្យរូបលោកទៅខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជន និងលក់ដីធ្លីរបស់ខ្លួនដើម្បីយកប្រាក់មកសងធនាគារវិញ។ កត្តានេះបានបង្ខំឱ្យកូនប្រុសរបស់លោកត្រូវបោះបង់ ការសិក្សាត្រឹមថ្នាក់ទី៨ ដើម្បីទៅធ្វើការរកប្រាក់ជួយបង់សងបំណុល និងទ្រទ្រង់គ្រួសារ។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា លោកធ្លាប់បានដាក់ពាក្យបណ្ដឹងទៅកាន់ធនាគារពិភពលោក និង IFC ផងដែរ ដោយសារដឹងថា ពួកគេជាម្ចាស់ទុនដែលផ្តល់ឱ្យធនាគារដែលលោកបានខ្ចី ដោយលោកស្នើឱ្យមានការអន្តរាគមន៍សងសំណងដែលលោករងគ្រោះ ប៉ុន្តែត្រូវបានស្ថាប័ននេះច្រានចោល។ ការណ៍នេះ លោកលើកឡើងថា វានៅតែបន្តជាការគំរាមកំហែងដល់ពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចដូចរូបលោក។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ថា យើងជាជនជាតិដើមភាគតិចនៅតែបន្តរងគ្រោះ និងរស់នៅក្រោមហានិភ័យដដែល ដោយទី១ គឺហានិភ័យបាត់បង់ដីធ្លី និងទី២ ប៉ះពាល់ដល់វប្បធម៌ប្រពៃណី។ ឯទី៣ គឺការធ្វើចំណាកស្រុក និងទី៤ គឺមានកូនៗត្រូវបោះបង់ការសិក្សា»។
នៅក្នុងការប្រារព្ធទិវាអន្តរជាតិនៃជនជាតិដើមភាគតិចពិភពលោក កាលពីដើមខែសីហានេះ សហគមន៍ជនជាតិដើមភាគតិច និងក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ក៏បានអំពាវនាវយ៉ាងទទូចឱ្យក្រុមធនាគារពិភពលោក (World Bank Group) ពិចារណាឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងផលរកឃើញនៃការស៊ើបអង្កេតដោយការិយាល័យភាពអនុលោមទីប្រឹក្សា និងដោះស្រាយវិវាទ (CAO) អំពីផលប៉ះពាល់នៃការផ្តល់កម្ចីឥណទានមីក្រូហិរញ្ញវត្ថុមកលើសហគមន៍ជនជាតិដើមភាគតិច។
ពួកគេទាំងនោះ ក៏បានអំពាវនាវស្របពេលជាមួយគ្នាដែរថា ការកើនឡើងនៃបំណុលគ្រួសារបានធ្វើឱ្យគ្រួសារនានាកាត់បន្ថយការបរិភោគអាហារ កុមារបាត់បង់ឱកាសសិក្សា និងប្រជាជនត្រូវធ្វើចំណាកស្រុកដើម្បីធ្វើការរកប្រាក់សងបំណុល។ ពួកគេក៏បានលើកឡើងផងដែរថាបំណុលបានធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចកាន់តែមានការលំបាកក្នុងការចូលរួមក្នុងពិធីបុណ្យប្រពៃណី និងការថែរក្សាទំនៀមទម្លាប់បុរាណរបស់ខ្លួន៕
កត់ចំណាំ៖ ម៉ោង១០:៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ កែតម្រូវព័ត៌មាននៃឃ្លាចាប់ផ្តើមនៃLeadពី ជនជាតិដើមភាគតិចចំនួន១៦នាក់ ទៅជា ពលរដ្ឋចំនួន១៦នាក់រួមទាំងជនជាតិដើមភាគតិច ក្រោយពីបានផ្ទៀងផ្ទាត់ជាមួយប្រភពឡើងវិញ។








