សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នក​វិភាគ​ថា សេចក្តីព្រាងច្បាប់ស្តីពី​ការ​កម្ចាត់​បណ្តាញ​ឆបោកអនឡាញ​ ដែល​អនុម័តដោយសភា​អាមេរិក​ អាចបង្កើនសម្ពាធលើកម្ពុជា

ទិដ្ឋភាពនៅខាងក្នុងទីតាំងឆបោក «8 Park» នៅ​ខេត្តព្រៃវែង អំឡុង​ដំណើរទស្សនកិច្ចរបស់​ក្រុម​អ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយអាជ្ញាធរកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា​/ ព្រីង សំរាំង)
ទិដ្ឋភាពនៅខាងក្នុងទីតាំងឆបោក «8 Park» នៅ​ខេត្តព្រៃវែង អំឡុង​ដំណើរទស្សនកិច្ចរបស់​ក្រុម​អ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយអាជ្ញាធរកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា​/ ព្រីង សំរាំង)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

អ្នកវិភាគម្នាក់បានលើកឡើងថា សេចក្តីព្រាងច្បាប់ ដែលមានគោលបំណងកម្ចាត់​​​បណ្តាញឆបោកទូទាំង​ពិភព​លោក​ បានឈានមួយជំហានទៀតខិត​ទៅរក​ការ​ក្លាយជាច្បាប់នៅសហរដ្ឋអាមេរិក ជា​ការវិវឌ្ឍ​មួយ​ ដែល​អាចនាំឱ្យមានវិធានការ​តឹងរ៉ឹងជាងមុនពីទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងក្រុមឧក្រិដ្ឋជនឆបោក ព្រមទាំង​​បង្កើនសម្ពាធផ្នែកការទូតទៅលើប្រទេសមួយ​ចំនួន​ ដូចជាកម្ពុជា ជាដើម ដែលត្រូវ​បាន​ចោទ​ប្រកាន់ថា បានផ្តល់ទីជម្រកដល់ក្រុមទាំងនេះ។

កាល​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តី​ព្រាង​ច្បាប់ស្តីពី​ការកម្ចាត់​បណ្តាញឧក្រិដ្ឋកម្ម​ឆបោកបរទេស ហើយបានបញ្ជូនសេចក្តីព្រាង​ច្បាប់​នេះទៅកាន់ព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតក្រុមការងារអន្តរ​​​ស្ថាប័នមួយ ដើម្បីបិទបញ្ចប់ប្រតិបត្តិការ​ឆបោក ដែលមាន​​គោលដៅ​លើពល​រដ្ឋ​អាមេរិក ព្រមទាំងផ្តល់សិទ្ធិឱ្យ​ដាក់ទណ្ឌកម្មលើមន្ត្រីបរទេសណា ដែលដឹងថាកំ​ពុង​ជួយសម្រួល ឬទទួលបានផលប្រយោជន៍ពីទីតាំង ដែលប្រើប្រាស់សម្រាប់ការឆ​បោក។

លោក សេង វណ្ណ​លី​ អ្នកវិភាគនយោបាយឯករាជ្យមួយរូប​បានមានប្រ​សាសន៍ថា៖ «ខ្ញុំយល់ថា សេចក្តីព្រាងច្បាប់នេះអាចជំរុញឱ្យប្រទេស​កម្ពុជាធ្វើការស៊ើបអង្កេត​ឱ្យកាន់តែស៊ីជម្រៅជាងមុន ប៉ុន្តែការសម្រេចចិត្តលើការស្វែងរកភស្តុតាង និងការចាប់ខ្លួនអ្នក ដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅលើតុលាការកម្ពុជា»។

ព្រឹទ្ធសភាអាមេរិក​បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលមានខ្លឹម​សារ​ស្រដៀង​គ្នានេះ​ គឺច្បាប់ស្តីពីការទទួលខុសត្រូវ និងការចាត់វិធានការប្រឆាំងនឹងទីតាំងឆ​បោកអនឡាញ​ កាល​ពី​ខែធ្នូ ឆ្នាំ២០២៥។ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ផ្លូវការ សភាទាំងពីរត្រូវតែឯកភាពគ្នាលើខ្លឹមសារតែមួយ ហើយប្រ​ធានាធិបតី ដូណាល់ ត្រាំ ត្រូវចុះហត្ថលេខាលើច្បាប់នេះ មុនពេលអាណត្តិសភា​​បច្ចុប្បន្នបញ្ចប់នៅថ្ងៃទី៣ ខែមករា។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ស្នើកាល​ពីខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលកម្ពុជាកំពុងបង្កើនការបង្ក្រាបលើក្រុមឧក្រិដ្ឋជនឆ​បោក។ នៅក្នុងសំណៅ​សេចក្តីព្រាងច្បាប់ដំបូង មានការបញ្ជាក់ឈ្មោះមន្ត្រីកម្ពុជាមួយចំនួន ដែលត្រូវបាន​ចោទប្រកាន់ថា មានការពាក់ព័ន្ធ ឬបានសមគំនិតក្នុងអំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ព្រមទាំងបានស្នើឱ្យដាក់ទណ្ឌកម្មលើមន្ត្រី​ទាំងនោះ​។ ប៉ុន្តែសេចក្តីព្រាងច្បាប់ ដែលត្រូវបានអនុម័តដោយសភានេះ​ មិនបាន​បញ្ជាក់ឈ្មោះបុគ្គលណាម្នាក់ឡើយ។

យោងតាមសេចក្តីព្រាងច្បាប់នេះ ក្រុមការងារនឹងរៀបចំយុទ្ធសាស្ត្រមួយនៅត្រឹមដំណាច់​​ឆ្នាំក្រោយ ដែលរួមមានការដាក់សម្ពាធលើរដ្ឋាភិបាលបរទេសដែល «សមគំនិត អនុគ្រោះ ឬមិនសហការ» ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោក ការសម្របសម្រួលវិធានការដាក់ទណ្ឌកម្មជាមួយសម្ព័ន្ធមិត្ត និងការបណ្តុះបណ្តាលដៃគូអនុវត្តច្បាប់បរទេសលើជំនាញផ្នែក​កោសល្យ​វិច័​យ​ឌីជីថល ការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការត្រួត​ពិនិត្យ​តាម​ព្រំដែន។

លោក វណ្ណលី​ បានមានប្រសាសន៍ថា៖ «ប្រសិនបើកម្ពុជាពិនិត្យមើលរបាយការ​ណ៍​ហិរញ្ញវត្ថុ ការពារសាក្សី និងចែករំលែកភស្តុតាងជាមួយសហរដ្ឋអាមេរិក នោះ​កិច្ចសហប្រតិបត្តិការបែបនេះ អាចជួយពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរ»។

លោកបានកត់សម្គាល់ថា ប្រធានគណៈកម្មាធិការប្រឆាំងការឆបោករបស់កម្ពុជា បានលើកឡើងថា អាជ្ញាធរកំពុងស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោក កុក អាន និងលោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាដូចគ្នា។ លោក​ទាំងពីរ​ ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម ជុំវិញ​ការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោក។ យ៉ាងណាក៏ដោយ អ្នក​​ទាំងពីរបានបដិសេធការចោទប្រ​កាន់ទាំងនេះ ហើយក៏មិនទាន់មានការចោទប្រកាន់ផ្លូវច្បាប់ណាមួយប្រឆាំងនឹងពួកគេនៅក្នុងប្រទេសកម្ពុជានោះដែរ។

លោក វណ្ណលី បានព្រមានថា ប្រសិនបើអាជ្ញាធរកម្ពុជានៅតែបន្តធ្វើប្រតិបត្តិការចុះបង្ក្រាប ដោយមិនមានការស៊ើបអង្កេតឱ្យបានស៊ីជម្រៅនោះទេ ទីក្រុងវ៉ាស៊ីនតោនអាចនឹងកាន់តែមានការសង្ស័យចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា​ក្នុងការដោះស្រាយបញ្ហាឧស្សាហកម្មខុសច្បាប់នេះ ហើយអាចនឹងដាក់ទណ្ឌ កម្មបន្ថែមទៀត។

ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់សហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជា និងបុគ្គលមួយ​ចំនួន​ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការដាក់សម្ពាធលើក្រុង​ភ្នំពេញ ដែលបាន​ជំរុញឱ្យមានការបង្ក្រាបទូទាំងប្រទេសទៅលើសកម្មភាពឆបោក​អនឡាញ​។

រដ្ឋាភិបាលកម្ពុជាបាន​អះអាង​ថា ខ្លួនបានបង្ក្រាបទីតាំងឆ​បោកអនឡាញ​ជាង ៨៣០កន្លែង ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៥ ដោយបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងបណ្តេញជនបរទេសរាប់ម៉ឺននាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ​។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ផង​ដែរថា មន្ត្រីនគរបាលយ៉ាងហោចណាស់៧៧នាក់ ត្រូវបានដាក់វិន័យ ដោយសារមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ​។

ក្រុមអង្គការ​សិទ្ធិមនុស្សបានចោទជាសំណួរថា តើយុទ្ធនាការ​បង្ក្រាបនេះ​​មាន​ប្រ​សិទ្ធភាពដែរឬទេ។ ពួកគេលើកឡើងថា អាជ្ញាធរបានខកខាន​មិន​បាន​យកចិត្តទុកដាក់លើជនបរទេស ដែលត្រូវបានគេជួញដូរឱ្យមកធ្វើការក្នុងវិស័យនេះ ដែលអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណក្នុងឆ្នាំ២០២៣ ថា មានមនុស្សយ៉ាង​ហោចណាស់ ១០០ ០០០នាក់នៅក្នុងប្រទេសកម្ពុជាតែមួយ។ ពួកគេក៏បានលើកឡើងផងដែរថា រដ្ឋាភិបាល​កម្ពុជា​មិនបានចាត់វិធានការផ្លូវច្បាប់លើមន្ត្រីជាន់ខ្ពស់ ដែលមានជាប់ពាក់ព័ន្ធនឹងសកម្ម​ភាព​ឆបោកទាំងនោះឡើយ។

សេចក្តីព្រាងច្បាប់នេះ កើតឡើងចំពេល ដែលសហរដ្ឋអាមេរិកកាន់តែមានក្តីបា​រម្ភអំពីសកម្មភាពឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការរីករាលដាលនៃសកម្មភាពទាំងនេះទៅកាន់តំបន់ផ្សេងទៀត ខណៈ​ពេល ដែលរដ្ឋាភិបាលនៅក្នុង​តំបន់នេះចាត់វិធានការបង្ក្រាប។ សេចក្តីព្រាងច្បាប់នេះបានចង្អុលបង្ហាញកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ថា ជាចំណុចក្តៅ ដែលក្រុមឧក្រិដ្ឋជនចិនកំពុង​ប្រតិ​បត្តិការ ដោយសង្ស័យថា មានការគាំទ្រពីមន្ត្រីក្នុងស្រុក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ាន់ប្រមាណថា មជ្ឈមណ្ឌលឆបោក ដែលមានមូលដ្ឋាននៅតំបន់​អាស៊ីអាគ្នេយ៍ បានលួចយកប្រាក់ចំនួន១៨,២ពាន់លានដុល្លារពីពលរដ្ឋ​អាមេរិកក្នុងឆ្នាំ២០​២៥​។

សេចក្តីព្រាងច្បាប់នេះ​ ក៏នឹងផ្តល់សិទ្ធិអនុម័តថវិកាសម្រាប់ទីជម្រក និងការថែទាំដល់ជនរងគ្រោះ នៃការជួញដូរមនុស្ស ព្រមទាំងអនុញ្ញាតឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ចែករំលែករូបភាពពីផ្កាយរណបជាមួយអ្នកស្រាវជ្រាវ និងក្រុមសិទ្ធិមនុស្ស ដែលកំពុងតាមដានទីតាំងនៃក្រុមឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើឆបោក​ផងដែរ។

ដោយឡែក កាល​ពី​ខែកញ្ញា ប្រធានគណៈកម្មាធិការចំនួនពីរ នៃរដ្ឋ​សភាអាមេរិក បានស្នើទៅក្រសួងការបរទេស និងក្រសួងរតនាគារសហរដ្ឋអាមេរិកឱ្យស៊ើបអង្កេតលើបុគ្គល​ចំនួន ២៦នាក់ និងក្រុមហ៊ុនចំនួន២ ដើម្បីពិចារណាដាក់ទណ្ឌ​កម្ម​។ ក្នុង​ចំណោម​អ្នក​ទាំង​នោះរួមមាន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវជាកូនប្រសាររបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​។ លោក ស សុខា បានបដិសេធថា លោកមិនមានការពាក់ព័ន្ធអ្វីឡើយជា​មួយករណីឆបោកទាំង​នោះ​។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរថា តើលោកទាំង​ពីរ​​ស្វា​គម​ន៍សេចក្តីព្រាងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែរឬទេ ឬក៏ថា តើមានមន្ត្រីជាន់ខ្ពស់ណាម្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតដែរឬទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US Anti-Scam Bill Clears House, Could Raise Pressure on Cambodia, Analyst Says

ព័ត៌មានថ្មី

អត្ថបទពេញនិយម