សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​ស្ទើ​រតែ​សម្រេច​បាន​គោល​ដៅ​ផ្ដល់​សេវា​ទឹក​ស្អាត និង​អនាម័យ ប៉ុន្តែ​គ្រួសារ​នៅ​ជនបទ​មួយ​ចំនួន​​បន្ត​ជួប​បញ្ហា​ថវិកា​លើ​ថ្លៃ​សេវាកម្ម​

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាក់រទេះ ក្នុងខេត្តបាត់ដំបង ដែលមិនទាន់បានទទួលសេវា ទឹកស្អាត។ រូបភាពថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ អ្នកស្រីប្រើប្រាស់ទឹកពីស្ទឹងសង្កែ និងសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ទឹកស្អាតដល់អ្នកភូមិបានឆាប់ៗ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាក់រទេះ ក្នុងខេត្តបាត់ដំបង ដែលមិនទាន់បានទទួលសេវា ទឹកស្អាត។ រូបភាពថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ អ្នកស្រីប្រើប្រាស់ទឹកពីស្ទឹងសង្កែ និងសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ទឹកស្អាតដល់អ្នកភូមិបានឆាប់ៗ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

នៅ​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល​ភាគ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើ​ន​គ្រួសារ​​នៅ​ខ្វះ​ខាត​​ទឹក​ស្អាត និង​បង្គន់​អនាម័យ​សម្រាប់​ប្រើ​ប្រាស់​។ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះរដ្ឋាភិបាល ក្រុម​អ្នក​ផ្ដល់​កម្ចីអភិវឌ្ឍន៍ និង​ក្រុម​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​បាន​ខិត​ខំ​ជា​ខ្លាំង​ក្នុង​ការ​ផ្ដល់​នូវ​ប្រភព​ទឹក​ស្អាត និង​បង្គន់​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​ប្រើ​ប្រាស់​កាន់​តែ​ច្រើន ប៉ុន្តែ​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល​បាន​និយាយ​ថា​ជំនួយ​​ដែល​បាន​មក​ដល់​​ពួក​គាត់​ទាំង​នោះ​​ច្រើន​តែ​ជា​បន្ទុក​ចំណាយ​ធ្វើ​ឱ្យគ្រួសារ​ពិបាក​ទ្រាំទ្រ​បាន​។​​

លោក ឡាន ឡា ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​រយ៉លើ ឃុំ​រយ៉លើ​ ក្នុង​ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា​​ប្រជា​ពល​រដ្ឋ​​ក្នុង​ភូមិ​មាន​គ្នា​ជិត​៥០០​នាក់ ហើយ​ក្នុង​នោះ​មាន​តែប្រហែល​ពាក់​កណ្ដាល​ប៉ុណ្ណោះ​​ដែល​មាន​បង្គន់​អនាម័យ​​ប្រើប្រាស់​។​ លោក​បន្តថា ​ប្រជា​ពល​រដ្ឋ​ជា​ច្រើ​ន​នៅ​តែ​ទៅ​ដង​ទឹក​តាម​ប្រឡាយ​ជិតៗ​ភូមិ​យក​មក​ប្រើ​ប្រាស់​ ដូច​​អ្វី​ដែល​ពួក​គាត់​តែង​តែ​ធ្វើ ដោយ​មិន​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បង្ក​ដោយ​ទឹក​មិន​ស្អាត​នោះទេ​។ លោក​បន្ថែម​ថា ក្នុង​សហគមន៍​​មិន​មាន​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នោះ​ទេ​។​

លោក​ឲ្យ​ដឹង​ថា៖ «​សហគមន៍​ធ្លាប់​បាន​ទទួលជំនួយ​​គាំទ្រ​ពី​អង្គការ និង​រដ្ឋាភិបាល​ ដូច​ជា​អណ្ដូង និង​បង្គន់ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​នោះ​ទេ​»។​

លោក​បន្ថែមថា ​មាន​គ្រួសារ​ខ្លះ​មាន​លទ្ធភាព​សង់​បង្គន់​អនាម័យ​ដោយ​ខ្លួន​ឯង ខណៈ​ភាគ​ច្រើន​​ទៀត​មិន​មាន​លទ្ធភាព និង​ប្រជា​ពល​រដ្ឋ​ក៏​មិន​ដែល​បាន​ឮ​ពី​គម្រោង​ណា​មួយ​ក្នុង​ការ​នាំ​យក​ប្រព័ន្ធ​ទឹក​ស្អាត​មក​ក្នុង​ភូមិ​ដែរ។​

​តួ​លេខ​ថ្នាក់​ជាតិ​បាន​បង្ហាញ​ថា​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​មាន​៨៨ភាគរយ​បាន​ទទួល​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​២០២៣​ ប៉ុន្តែ​គម្លាត​រវាង​តំបន់​ជនបទ និង​ទី​ប្រជុំ​ជន​នៅ​តែខុសគ្នា ដោយ​ក្នុង​ទី​ជន​បទ​មាន​ប្រភព​ទឹកស្អាត​ត្រឹម​៨៥​ភាគរយ ខណៈ​នៅ​តាម​ទី​ប្រជុំ​ជន​មាន​៩៣,២​ភាគ​រយ​។ នេះ​បើ​តាម​​គោល​នយោបាយសង្ខេប​ឆ្នាំ​២០២៥ របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​កម្ពុជា ដក​ស្រង់​ពី​ទិន្នន័យ​សិក្សា​របស់​រដ្ឋាភិបាល​។ ប្រជា​ពល​រដ្ឋ​នៅ​តាម​ទីជន​បទ​ប្រហែល​១៥ភាគរយ​នៅ​មិន​ទាន់មា​ន​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ។ នេះ​បើ​តាម​វិទ្យាស្ថាន​ដដែល​។​

រដ្ឋាភិបាល​បាន​ដាក់​គោល​ដៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​១០០ភាគរយ​អាច​ទទួល​បាន​ទឹក​ស្អាត​ និង​បង្គន់​អនាម័យ​ប្រើ​ប្រាស់​នៅ​ទូ​ទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០៣០ ដោយ​អនុវត្ត​ផែនការជាតិ​២០២៦-២០៣៣ ដែល​ក្រ​សួងអភិវឌ្ឍន៍ជនបទ​ទើប​រៀបចំ​បញ្ចប់​នៅ​ឆ្នាំ​នេះ​។​ ផែនការ​ថ្មី​នេះ​ត្រូវ​ដាក់​ឲ្យ​ជំនួស​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ចាស់​ឆ្នាំ​២០១១ ដែល​កាល​នោះ​បាន​កំណត់​ថា​តំបន់​ជនបទ​នឹង​ទទួល​បាន​ទឹកស្អាត និង​បង្គន់​អនាម័យ​ពេញ​លេញ​នៅ​ត្រឹម​ឆ្នាំ​២០២៥​។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​នេះ​ថា ផែនការ​​អនាម័យ​មូល​ដ្ឋាន​សម្រេច​បាន​៩៥​ភាគ​រយ​ហើយ​នៅ​ទូទាំង​ប្រទេស​។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​គ្រួសារ​ក្រី​ក្រ​រស់​នៅ​ក្នុង​តំបន់មាន​បរិស្ថាន​ងាយ​រងគ្រោះ​នៅ​តែ​ពិបាក​ទទួលបាន​ប្រព័ន្ធ​ទឹកស្អាត បង្គន់អនាម័យ និង​ថា​ការមានគ្រោះ​ទឹក​ជំនន់ និង​​គ្រោះ​រាំង​ស្ងួត​ញឹក​ញាប់​ក៏​បាន​បំផ្លាញ​ប្រភព​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​។​

ក្រុម​ប្រទេស​ផ្ដល់ជំនួយ និង​កម្ចី​អភិវឌ្ឍន៍​បាន​បន្ត​ផ្ដល់​ជំនួយ​លើ​គម្រោង​ទាំង​នេះ​។​ អង្គការ​​ទស្សនៈ​ពិភព​លោក​អន្តរជាតិ ក្នុង​ខែ​វិច្ឆិកានេះ បាន​​ដាក់​ចេញ​នូវ​ផែនការ​មួយ​ដែល​ត្រូវ​ចំណាយ​ថវិកា​១២,៣​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​ការ​ទទួល​បាន​ទឹក​ស្អាត​ និងអនាម័យ ដែល​គេ​ស្គាល់​ថា​ «WASH» ​។ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០២៦ ដល់​ឆ្នាំ​២០៣០ និង​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​២៦​។ ក្នុង​ឆ្នាំ​២០២៤ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​អនុម័ត​ថវិកា​​កម្ចី និង​ជំនួយ​ចំនួន​៩៣,៦​លាន​ដុល្លារ ដើម្បី​លើ​កកម្ពស់​សេវា​អានាម័យ និង​ទឹក​ស្អាត ដល់​ប្រជា​ពល​រដ្ឋ​ ៨៨ ០០០​គ្រួសារ​ក្នុង​ភូមិ​ចំនួន​៤០០ នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​បួន ក្នុង​នោះ​រួម​ទាំង​ខេត្ត​ស្ទឹង​ត្រែង​ផង​ដែរ។​​

លោកស្រី ជុំ សោភា ដែលទើបមានបង្គន់អនាម័យជួយកម្ចាត់មេរោគលើដង ទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ម៉ិច ជូឡាយ)
លោកស្រី ជុំ សោភា ដែលទើបមានបង្គន់អនាម័យជួយកម្ចាត់មេរោគលើដងទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ម៉ិច ជូឡាយ)

អ្នកស្រី ម៉ាន់ ប៊ុន​ថាន់ ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​សាមឃួយ ខេត្ត​ស្ទឹង​ត្រែង បាន​ឲ្យ​ដឹងថា​ ជំនួយ​ទាំង​នោះ​បាន​ទៅ​ដល់​សហគមន៍​អ្នកស្រី ប៉ុន្តែ​ថា​គ្រួសារជា​ច្រើន​ពិបាករក​ប្រាក់​​ក្នុង​ការ​ចេញ​ថ្លៃ​មួយ​ចំនួន​។

​អ្នក​ស្រី​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​នៅ​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​មាន​បង្គន់អនាម័យ ក្រោ​យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​អនុវត្ត​គម្រោង​ទឹកស្អាត និង​អនាន័យ​នៅ​ក្នុង​ឃុំ។ ប៉ុន្តែ​អ្នកស្រីឱ្យដឹង​ថា​ គ្រួសារ​ទាំង​នោះ​ត្រូវ​ចូល​រួម​ចេញ​ថ្លៃ​ចំណាយ​​ក្នុងការ​សាង​សង់​បង្គន់​ប្រហែល​១០០​ដុល្លារ​សម្រាប់​ការ​ជីក​រណ្ដៅ និង​ដាក់​លូ​។

អ្នក​ស្រី​បន្ថែ​​ម​ថា៖ «​បើ​សិន​ជា​យើង​សង់​ដំបូល និង​បិទជញ្ជាំង​ស័ង្កសី នោះ​ត្រូវ​ចំណាយ​បន្ថែម»​​។ អ្នកស្រី​សំដៅដល់​បង្គន់​ដែល​ប្រើ​ស័ង្កសី​សម្រាប់​ធ្វើ​ជញ្ជាំង និង​ដំបូល​ ដែល​គេ​និយម​ធ្វើ​នៅ​តាម​ទីជន​បទ​។​

​សម្រាប់​ទឹក​ស្អាត​គឺ​ជាការ​ចំណាយ​បន្ថែម​មួយ​ទៀត​។ អ្នកស្រី​ថា​ក្រុម​ហ៊ុន​ទឹកស្អាត​បាន​ដំឡើង​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុង​ឃុំ ហើយ​តាម​ផ្ទះ​នីមួយៗ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ភ្ជាប់​ប្រព័ន្ធទឹក និង​បង់​ថ្លៃ​ទឹក​ប្រចាំ​ខែ ដែល​ទឹក​មួយ​ម៉ែតគួប មាន​​តម្លៃ​ ១ ៥០០​រៀ​ល។​

​ការ​ចូល​រួម​ចេញ​ថ្លៃ​ចំណាយ​ទាំង​នេះគឺ​ជា​ការ​ចំណាយ​ផ្លូវ​ការ​មួយ​ដែល​គម្រោង​បាន​កំណត់​។ ក្រោមកម្មវិធីជំនួយ​ ADP ​គ្រួសារ​ទាំង​អស់​ត្រូវ​សង់​បង្គន់​ដោយ​«រ៉ាប់​រង​ការ​ចំណាយ​ដោយ​ខ្លួន​ឯង»​ហើយ​មាន​តែ«គ្រួសារ​ក្រី​ក្រ​ និងគ្រួសារ​ងាយ​រងគ្រោះ»​​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​ការ​ឧបត្ថម្ភខ្លះៗ។ នេះ​បើ​តាម​ក្រប​ខណ្ឌច្បាប់​ឆ្នាំ​២០២៤ ដែល​ក្រសួង​អភិវឌ្ឍន៍ជន​បទ​បាន​រៀបចំដាក់​ទៅ​កាន់ធនាគារ​។​ សម្រាប់​ការ​ជីក​អណ្ដូង​នៅ​ក្នុង​សហគមន៍​ក្រោម​កម្មវិធីនេះ គឺ​ត្រូវ​ចេញ​ថ្លៃ​ចំណាយ​ដោយ​គ្រួសារ​អ្នក​ប្រើប្រាស់​ផ្ទាល់​លើ​ថ្លៃ​ជីក និង​ជួស​ជុល។​

លោក ពិត ករុណា អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​មាន​ប្រសាសន៍​ថា ​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២៦ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​កម្រិត​មូល​ដ្ឋាន​បាន​ឈាន​ដល់​៨៩​ភាគរយ​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​ការគ្រប់​គ្រង​ និង​​ផ្គត់​ផ្គង់​ទឹកដែល​មាន​សុវត្ថិភាព មាន​ត្រឹម​២៥​ភាគរយ។ ​​ការគ្រប់​គ្រង​ និង​​ផ្គត់​ផ្គង់​ទឹកដែល​មាន​សុវត្ថិភាព សំដៅ​ដល់​ទឹក​ចេញ​ពី​ប្រភព​ការពារ និង​អាច​យក​ប្រើប្រាស់​បាន​នៅ​តាម​ផ្ទះ​ពេល​មាន​តម្រូវ​ការ និង​មិន​បារម្ភ​ថាទឹក​មាន​ជាតិ​ពុល​។​

លោក​បាន​ឲ្យ​ដឹង​ថា៖ «​ការ​សម្រេច​បាន​លទ្ធផល​នេះ​ គឺ​​ពិត​ជា​អរគុណ​ដល់​អ្នក​ចូល​រួម​មក​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ រួម​ទាំង​ក្រសួង ស្ថាប័ន អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដៃគូអភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ម្ចាស់​ជំនួយ​ផ្សេង​ៗ​ទៀត»។ លោក​បន្ថែម​ថា ក្រសួង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​អ្នក​ទាំង​នោះ​ដើម្បី​ឲ្យ​សម្រេច​គោល​ដៅ​។​

​ពេល​សួរ​ដល់​ក្ដី​កង្វល់​របស់​ប្រជាពល​រដ្ឋ​លើការ​ចំណាយ​សង់​បង្គន់ និង​ការ​ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត លោក​ថា​បង្គន់​នៅ​ជនបទ​សង់​ឡើង​ក្រោម​វិធី​ចូល​ថវិកា​គ្នា​ ដែល​ប្រជា​ពល​រដ្ឋ​​ចូល​រួម​ចេញ​ថ្លៃ​ចំណាយ និង​កម្លាំង​ពល​កម្ម​។

លោក​បន្តថា៖ «ក្រសួង​ផ្ដល់​សម្ភារសំណង់ ដូច​ជា​លូបង្គន់ ជើង​តាង ការ៉ូ ចានបង្គន់ បំពង់​បង្ហូរទឹក បំពង់បំភាយ​ឧស្ម័ន និង​ដំបូល ខណៈ​ប្រជា​ពល​រដ្ឋ​វិញ​ត្រូវ​ចូល​រួម​ចេញ​ថ្លៃ​ដែល​នៅ​សល់ និង​កម្លាំង​ពល​កម្ម​​ដើម្បី​សង់បង្គន់​នោះ​ឲ្យ​បាន​រួច​រាល់»។​

សម្រាប់ក្រុម​ម្ចាស់​ជំនួយ​វិញ​លើក​ឡើ​ថា ​ជំនួយ​ទាំង​នេះ​មិន​ទាន់​បាន​ទៅ​ដល់​គ្រួសារ​ក្រី​ក្រ​បំផុត និង​ដាច់​ស្រយាលបំផុត​នោះទេ។​

លោក យី គឹមថាន នាយក​ស្តីទីប្រចាំ​ប្រទេស​របស់អង្គការ​ភ្លែនអន្តរជាតិកម្ពុជា ​មាន​​ប្រសាសន៍​ថា ​គ្រួសារ​នៅ​តាម​ទីជន​បទ​ភាគ​ច្រើន​មាន​បង្គន់​សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​ថា​នៅ​តាម​សហគមន៍​ខ្លះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ប្រើ​បង្គន់​មួយ​រួម​គ្នា​។​

លោក​បន្ថែម​ថា៖ «​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ជើង គឺ​រង​ផល​ប៉ះពាល់​ខ្លាំងជាង​គេ ព្រោះថា​​សហគមន៍​របស់​ពួកគាត់​នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​ប្រជា​ពល​រដ្ឋ​មិន​សូវ​មាន​ចំណេះដឹង​ទាក់ទង​នឹង​​ទឹក​ស្អាត និង​អនាម័យ​នោះដែរ​…​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជុំ​វិញ​បឹង​ទន្លេសាប និងសហគមន៍​នៅ​តាម​​កោះ មិនមាន​បង្គន់​អនាម័​យគ្រប់​គ្រាន់​ទេ ​ហើយ​ក៏​ងាយ​ជួប​បញ្ហា​សុខភាព​ដែរ»។​

លោក នង ដាវីត ជា​អ្នក​ឯកទេស​​បច្ចេកទេស​ជាន់​ខ្ពស់​របស់​កម្មវិធី​​ទឹក​ស្អាត និងអនាម័យ​របស់​អង្គការ​​ទស្សនៈពិភព​លោកអន្តរជាតិ ប្រចាំ​កម្ពុជា មាន​ប្រសាសន៍ថា​​ គ្រួ​សារ​នៅ​ទីជន​បទជា​ច្រើន​មិន​មាន​លទ្ធភាព​សង់​បង្គន់ ឬ​បង់​ថ្លៃ​ចំណាយ​លើ​ការ​តភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត​ទេ​។ លោក​បញ្ជាក់​ដែរ​ថា ​កម្សោយ​លើ​ប្រ​ព័ន្ធ​ថែទាំ និង​ភាព​យឺត​យ៉ាវ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​​ក៏​ជា​បញ្ហា​នៅ​ទី​ជនបទ។​

លោក​បន្ថែម​ថា៖ «​រដ្ឋាភិបាល​គួរ​បន្ត​ពង្រឹង​ការ​​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​គោល​ដៅ​ដែល​ជាគ្រួសារ​ក្រីក្របំផុត ជួយ​ឲ្យ​ពួក​គាត់អាច​សង់​បង្គន់​អនាម័យ​បាន និង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត​កម្រិត​តូចនៅ​ក្នុង​ភូមិ​»។​ លោក​បន្ត​ថា ដៃគូ​អភិវឌ្ឍន៍ទាំងអស់​គួរ​បន្ត​អប់រំប្រជាពល​រដ្ឋ​ឲ្យ​ឈប់​បន្ទោបង់ពាសវាលពាសកាល និង​ចូល​រួម​កសាង​បង្គន់​អនាម័យ​​៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម