យោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមប្រទេសសមាជិកអាស៊ាន ទាក់ទងនឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់។ របាយការណ៍នេះបានលើកឡើងពីបញ្ហាដូចជា ការអនុវត្តច្បាប់នៅមានកម្រិត អំពើពុករលួយ សេដ្ឋកិច្ចក្រៅប្រព័ន្ធទំហំធំ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។
ប្រទេសកម្ពុជាទទួលបានពិន្ទុ ៣៦,៦ ក្នុងចំណោមពិន្ទុសរុប ១០០ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៣៨ ក្នុងចំណោមប្រទេសចំនួន១៥៨ នៅលើសន្ទស្សន៍ពាណិជ្ជកម្មខុសច្បាប់ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសម្ព័ន្ធអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ (TRACIT) ជាអង្គការមួយដែលគាំទ្រដោយវិស័យឧស្សាហកម្ម ដែលក្នុងនោះ មានក្រុមហ៊ុនក្នុងវិស័យថ្នាំជក់ គ្រឿងស្រវឹង និងឱសថជាសមាជិក។
របាយការណ៍ស្តីពីអាស៊ាននេះ បានយកសន្ទស្សន៍ឆ្នាំ២០២៥ ទៅអនុវត្តលើសមាជិកទាំង ១០ របស់ប្លុកអាស៊ាន ព្រមទាំងមានការវិភាគដាច់ដោយឡែកតាមប្រទេសនីមួយៗ ការសម្ភាសន៍អ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម និងអនុសាសន៍គោលនយោបាយ ត្រូវបានរៀបចំឡើងតាមកការស្នើសុំរបស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) ហើយត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ។
សិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតំបន់ ដោយទទួលបានពិន្ទុ៦១,៥ បន្ទាប់មក គឺឥណ្ឌូនេស៊ីទទួលបានពិន្ទុ ៥៧,១ និងថៃទទួលបាន ៥៣,០ ពិន្ទុ។ ចំណែកប្រទេសឡាវទទួលបាន ៤៤,៨ ពិន្ទុ និងមីយ៉ាន់ម៉ាទទួលបានពិន្ទុ ៤០,៩ ស្ថិតនៅចំណាត់ថ្នាក់ទី៨ និងទី៩។ ពិន្ទុជាមធ្យមរបស់អាស៊ាន គឺ ៤៩,៧ ដែលទាបជាងពិន្ទុជាមធ្យមសកលបន្តិចបន្តួច គឺ ៤៩,៩។
របាយការណ៍នេះបានលើកឡើងថា៖ «លទ្ធផលរបស់កម្ពុជាលើសន្ទស្សន៍ពាណិជ្ជកម្មខុសច្បាប់ ឆ្លុះបញ្ចាំងពីប្រព័ន្ធមួយ ដែលមានមូលដ្ឋានគ្រឹះចាំបាច់រួចហើយ ប៉ុន្តែវានៅមិនទាន់ដំណើរការប្រកបដោយប្រសិទ្ធភាពនៅឡើយ»។
សន្ទស្សន៍នេះ វាយតម្លៃប្រទេសនានាដោយផ្អែកលើវិស័យចំនួន៦ និងសូចនាករចំនួន៣៧ ដើម្បីកំណត់ពីភាពងាយរងគ្រោះ និងសមត្ថភាពរបស់ប្រទេសទាំងនោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់។
វិស័យទាំងប្រាំមួយនេះរួមមាន ពន្ធដារនិងបរិយាកាសសេដ្ឋកិច្ច ក្របខ័ណ្ឌបទប្បញ្ញត្តិនិងការអនុវត្តច្បាប់ កត្តាជំរុញឱ្យមានបទឧក្រិដ្ឋដែលជួយសម្រួលដល់ពាណិជ្ជកម្មខុសច្បាប់ ពាណិជ្ជកម្ម គយ និងការគ្រប់គ្រងព្រំដែន អន្តរការីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងសូចនាករតាមវិស័យនីមួយៗ នៃពាណិជ្ជកម្មខុសច្បាប់។
របាយការណ៍នេះ បានចង្អុលបង្ហាញថា អំពើពុករលួយ គឺជាកត្តាជំរុញចម្បងមួយ ដោយលើកឡើងពីពិន្ទុរបស់កម្ពុជាចំនួន២០ ក្នុងចំណោមពិន្ទុ១០០ នៅលើសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (Corruption Perceptions Index) របស់អង្គការតម្លាភាពអន្តរជាតិ ព្រមទាំងបានកត់សម្គាល់ថា ការងារជាង៨០% គឺជាការងារក្នុងវិស័យក្រៅប្រព័ន្ធ។ របាយការណ៍នេះក៏បានលើកឡើងផងដែរអំពីទីតាំងឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ព្រមទាំងចន្លោះប្រហោងក្នុងការត្រួតពិនិត្យលើវេទិកាអនឡាញ និងតំបន់សេដ្ឋកិច្ចពិសេសនានា។
កម្ពុជាទទួលបានលទ្ធផលមិនល្អជាពិសេសនៅក្នុងផ្នែកអន្តរការីខ្សែច្រវាក់ផ្គត់ផ្គង់ ដោយទទួលបានពិន្ទុត្រឹមតែ៩,៣ ក្នុងចំណោម ១០០ពិន្ទុ ដែលជាពិន្ទុទាបបំផុតក្នុងតំបន់។ TRACIT បានពន្យល់ថា លទ្ធផលនេះបណ្តាលមកពីការត្រួតពិនិត្យមិនបានដិតដល់លើតួអង្គអន្តរការីសំខាន់ៗ ជាពិសេស គឺបណ្តាវេទិកាអនឡាញនានា។ របាយការណ៍នេះបានបញ្ជាក់ថា វេទិកាដូចជា ហ្វេសប៊ុក តេឡេក្រាម និងទិកតុក ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការលក់ដូរក្រៅប្រព័ន្ធ សម្រាប់ការឆបោក និងការចែកចាយទំនិញខុសច្បាប់ ហើយសកម្មភាពទាំងនេះ ច្រើនតែកើតឡើងដោយមានការត្រួតពិនិត្យ ឬការអនុវត្តច្បាប់តិចតួចបំផុត។
កម្ពុជាទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងផ្នែកបរិស្ថានពន្ធដារ និងសេដ្ឋកិច្ច ដោយទទួលបាន ៥៧,៤ពិន្ទុ ដែលទាបជាងមធ្យមភាគរបស់អាស៊ានបន្តិច។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ បានបញ្ជាក់ថា ទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែជាកត្តាចម្បងជំរុញឱ្យមានពាណិជកម្មខុសច្បាប់នៅក្នុងផ្នែកនេះ។
របាយការណ៍បានបញ្ជាក់ថា៖ «បញ្ហានេះ បានរឹតត្បិតយ៉ាងខ្លាំងលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យសកម្មភាពសេដ្ឋកិច្ច ពង្រឹងការអនុវត្តកាតព្វកិច្ចបង់ពន្ធ និងស៊ើបអង្កេតការជួញដូរខុសច្បាប់»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
TRACIT បានកត់សម្គាល់ថា កម្ពុជាមានឧបករណ៍និងប្រព័ន្ធសំខាន់ៗមួយចំនួនសម្រាប់ការងារគយរួចទៅហើយ រួមមានប្រព័ន្ធសម្រាប់ប្រមូលព័ត៌មានលម្អិតអំពីការដឹកជញ្ជូនទំនិញមុនពេលទំនិញមកដល់ កម្មវិធីសម្រាប់ពាណិជ្ជករដែលទទួលបានការទុកចិត្ត និងអំណាចក្នុងការរឹបអូសទំនិញ ដែលកំពុងស្ថិតក្នុងដំណើរការដឹកជញ្ជូន។
ប៉ុន្តែវិធានការទាំងនេះ «ហាក់ដូចជាមិនបានប្រែក្លាយជាលទ្ធផលជាក់ស្តែងនៃការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនោះទេ» ដោយរបាយការណ៍នោះបានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តដើរតួជាចំណុចឆ្លងកាត់សម្រាប់ទំនិញក្លែងក្លាយ គ្រឿងញៀន សត្វព្រៃ និងឈើ៕
រាយការណ៍បន្ថែមដោយ ម៉ន សានយ៉ាណា








