Update:
អ្នកបើកបររថយន្តឈ្នួលឯកជនដែលដឹកសិស្សដែលរៀននៅសាលាប៊ែលធី (មិនមែនរថយន្តរបស់សាលា) ឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន កំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី បន្ទាប់បើករថយន្តគេចម៉ូតូ ហើយក្រឡាប់ធ្លាក់ចូលស្រះទឹក តាមបណ្ដោយផ្លូវលេខ៨ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក) កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ស្នងការដ្ឋាននរគបាលខេត្តកណ្ដាលបន្តថា អ្នករួមដំណើរ ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។ ករណីនេះបណ្តាលឱ្យស្លាប់ចំនួន០៥នាក់ ភេទស្រី, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។
ចំពោះរថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ តាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ៖ បណ្តាលមកពី អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។
សិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ចូលស្រះទឹក កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបណ្តាលឲ្យស្លាប់៥នាក់ និងរបួស២នាក់។ នេះបើយោងតាមការបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកគ្រូ លី ប៊ុនឆៃ អគ្គនាយករងសាលាប៊ែលធី។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងពេលដែលរថយន្តដឹកសិស្សគេចម៉ូតូ ហើយបណ្តាលឱ្យក្រឡាប់ចូលទឹកស្រះ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា រថយន្តដឹកសិស្សសាលានេះ មិនមែនជារថយន្តផ្ទាល់របស់សាលានោះឡើយ តែជារថយន្តឈ្នួលឯកជន ហើយត្រូវបានឪពុកម្តាយរបស់កូនសិស្សជួលដឹកកូនៗរបស់ពួកគាត់មករៀននៅសាលាប៊ែលធីសាខាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក លី ឆេង ស្ថាបនិក និងជាអគ្គនាយក (CEO) នៃ ប៊ែលធី គ្រុប (BELTEI Group) បានថ្លែងក្នុងហ្វេសប៊ុករបស់លោកថា តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប ព្រមទាំង សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំចំពោះមរណភាពរបស់សិស្សប៊ែលធីចំនួន ៥នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្ត គេចម៉ូតូ រេចង្កូតធ្លាក់ចូលស្រះទឹក)។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងអំឡុងពេលដែលក្មួយៗសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ២៦នាក់ បានធ្វើដំណើរតាមរថយន្តស៊ីឈ្នួលដឹកសិស្ស និងពលរដ្ឋទូទៅ (មិនមែនរថយន្តរបស់សាលាប៊ែលធី) ទៅរៀននៅសាលា ប៊ែលធី អន្តរជាតិទី២៤ (សាខាស្ពានព្រែកតាមាក់) ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក លី ឆេង បានបន្តថា៖ «ក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុប សូមចូលរួមរំលែកមរណទុក្ខដោយក្តីអាឡោះអាល័យ និងសោកស្តាយយ៉ាងក្រៃលែងជាមួយ មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារនៃសព»។ លោកបន្ថែមថា៖ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗទាំង៥នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
យោងតាមប្រភពផ្សេងៗក្នុងហ្វេសប៊ុកបានលើកឡើងថា ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឱ្យស្លាប់ដោយសារឈ្លក់ទឹកស្រះ។
អ្នកបើករថយន្ត ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសពសិស្សរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគួរឱ្យអាសូរបំផុត។ យោងតាម Fresh News។
សារព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយ ពីលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បាននៅឡើយទេគិតត្រឹមម៉ោងចុះផ្សាយ៕










