សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការ​កោះហៅ​អ្នកភូមិ៨នាក់​ ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការដែនជម្រកសត្វព្រៃក្នុង​ខេត្តរតនគិរី

ស្នាក់​ការ​រង​ស្រែជ្រៃ​ក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអ្នកភូមិដុតបំផ្លាញកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងបរិស្ថាន)
ស្នាក់​ការ​រង​ស្រែជ្រៃ​ក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអ្នកភូមិដុតបំផ្លាញកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ (រូបភាព៖ ក្រសួងបរិស្ថាន)

សាលាដំបូងខេត្តរតនគិរីបានកោះហៅអ្នកភូមិចំនួន៨នាក់ ក្នុង​នោះមានជនជាតិដើមភាគតិចពូនង​ចំនួន៦នាក់ ឱ្យចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធនឹងករណីដុតបំផ្លាញស្នាក់ការ​រង​ស្រែជ្រៃ​នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់បានស្លាប់​អំឡុងពេលប្រតិបត្តិការបង្ក្រាបសកម្មភាពជីកយករ៉ែមាសខ្នាតតូច។

ព្រះរាជអាជ្ញាបានចេញដីកាកោះហៅបុរសជនជាតិពូនង​ម្នាក់ឈ្មោះ កឿន ចាន់ណា អាយុ ៣១ឆ្នាំ រស់នៅភូមិរយ៉​ ឃុំរយ៉​ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ព្រមទាំងបុគ្គលមួយចំនួនទៀត ឱ្យចូលខ្លួនទៅកាន់តុលាការនៅថ្ងៃទី២០ ខែតុលា ដើម្បីបំភ្លឺ​ពាក់ព័ន្ធនឹងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា។

លោក ចាន់ណា ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិទាំងប្រាំបីនាក់ ដែលត្រូវបានកោះហៅ បាន​និយាយថា លោក​និងអ្នកភូមិផ្សេងទៀតមិនមានគម្រោងដុតបំផ្លាញស្នាក់​ការ​បរិស្ថា​ន​នោះ​ទេ។ លោក​បានបញ្ជាក់​ថា អ្នកភូមិ​​បានទៅទីនោះ ដើម្បីស្វែងរកដំណោះស្រាយចំពោះករណីស្ត្រីម្នាក់ដែល​បានស្លាប់ ប៉ុន្តែពួកគាត់​បានខឹងសម្បារ នៅពេលដែលមន្ត្រីបរិស្ថានគេច​វេះ​មិនព្រមជួបពួកគាត់​។

លោក​បានរំឭកថា ពី​ដំបូង អាជ្ញាធរបានប្រាប់អ្នកភូមិថា រឿងនេះនឹងមិនត្រូវបានបន្តចាត់វិធានការ​ទៀតទេ។ លោក​បាននិយាយថា ប៉ុន្តែ​ពេលនេះ តុលាការបានកោះហៅពួកគាត់​ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺជុំវិញហេតុការណ៍នោះ ខណៈដែល «មិន​ទាន់​មាន​នរណាម្នាក់ទទួលខុសត្រូវចំ​ពោះការស្លាប់របស់ស្ត្រីរូបនោះនៅឡើយ»។

លោកបានអំពាវនាវដល់មន្ត្រីបរិស្ថាន និងក្រសួងបរិស្ថាន ឱ្យពិចារណាឡើងវិញលើករណីនេះ ដោយសារអ្នកភូមិមិនមានចេតនាបំផ្លាញទ្រព្យសម្បត្តិរដ្ឋនោះទេ។ លោកក៏បានបង្ហាញក្តីបារម្ភ​ចំពោះសុវត្ថិភាព និងជីវភាពរស់នៅរបស់ពួកគាត់​ផងដែរ ដោយលើកឡើងថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគាត់ គឺមានការលំបាកស្រាប់ទៅហើយ ហើយការកោះហៅឡើង​តុលាការ នឹង​ធ្វើឱ្យបន្ទុកសេដ្ឋកិច្ចរបស់ពួកគាត់​កាន់តែលំបាក​ថែមទៀត។

លោកនិយាយថា៖ «ប្រសិនបើគ្មាន​អ្នកភូមិណាម្នាក់ស្លាប់នោះទេ​ ពួក​យើងក៏មិនខឹងខ្លាំងដល់​ថ្នាក់នេះដែរ។ នៅពេលនោះ យើងចង់ដោះស្រាយបញ្ហានេះ និងស្វែងរកសំណងជូនគ្រួសាររបស់ស្ត្រី ដែលបានស្លាប់នោះ។ អាជ្ញាធរបានប្រាប់ពួកយើងឱ្យបញ្ចប់រឿងត្រឹមហ្នឹង ប៉ុន្តែមិនមានការកត់ត្រាជាលាយលក្ខណ៍អក្សរអ្វីឡើយ។ រឿងនេះធ្វើឱ្យអ្នកភូមិមានការខកចិត្តយ៉ាងខ្លាំង ព្រោះករណីនេះ គួរតែត្រូវបានបញ្ចប់ត្រឹមហ្នឹងឯង»។

សូមរំលឹកថា កាល​ពី​ថ្ងៃទី៦ ខែកញ្ញា ក្រុមអ្នកភូមិមួយក្រុមបានដុតបំផ្លាញស្នាក់ការ​ង​បរិស្ថាន​មួយ​កន្លែង បន្ទាប់ពីស្ត្រីជនជាតិដើមភាគតិចម្នាក់ឈ្មោះ សាលៀង សាវិន អាយុ១៩ឆ្នាំ បានស្លាប់ដោយមិនដឹងមូលហេតុនៅជិតទីតាំងរុករករ៉ែមាសមួយកន្លែង។ អ្នកភូមិបានចោទប្រកាន់មន្ត្រីបរិស្ថានថា បានធ្វើឱ្យនាង «ភ័យខ្លាច» អំឡុងពេលប្រតិបត្តិការបង្ក្រាបសកម្មភាពរុករករ៉ែមាសខ្នាតតូច ប៉ុន្តែអាជ្ញាធរបានបដិសេធថា ការស្លាប់របស់ស្ត្រីរូបនេះ មិនមានជាប់ពាក់ព័ន្ធនឹង​ការ​បង្ក្រាប​របស់ខ្លួន​ឡើយ​។

លោក ប៊ុន ធឿន ជាអ្នកភូមិ​នៅឃុំរយ៉​ បានរៀបរាប់អំពីហេតុការណ៍ស្រដៀងគ្នានេះ ពាក់ព័ន្ធនឹង​ការដុតបំផ្លាញស្នាក់ការ​រង​បរិស្ថាន​។ លោកបាននិយាយ​ថា មិនមានបុគ្គល ឬក្រុមណាមួយ​បានណែនាំឱ្យអ្នកភូមិដុតស្នាក់ការ​នោះទេ។ លោកបន្ត​ថា ផ្ទុយទៅវិញ ពួកគាត់​បានទៅសាក​សួរ​អំពីមូលហេតុ ដែលស្ត្រីម្នាក់បានស្លាប់ អំឡុងពេលមន្ត្រីឧទ្យាននុរក្សចុះ​ប្រតិបត្តិការ​បង្ក្រាប​​​អ្នក​ភូមិ ដែលកំពុងធ្វើសកម្មភាពជីកយករ៉ែមាស។

មន្ត្រីទាំងនោះ មិនបានចេញមកពិភាក្សាអំពីបញ្ហានេះទេ ប៉ុន្តែបែរជាគេចខ្លួនទៅវិញ ដែលធ្វើឱ្យ​អ្នកភូមិខឹងសម្បារ ហើយនាំឱ្យកើតមានហេតុការណ៍នេះឡើង។

លោក​បាន​និយាយថា៖ «ពួកយើងបានទៅទីនោះ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ ប៉ុន្តែពួកគេមិននៅទីនោះទេ ព្រោះពួកគេបានរត់គេចខ្លួនបាត់ទៅហើយ។ អ្នកភូមិដែលឈឺចាប់​មិនអាចទទួលយកបានឡើយ ទើបពួកគាត់​បានព្រមព្រៀងគ្នាដុតបំផ្លាញស្នាក់​ការ​នោះចោល»។

លោក សាលៀង ថុន ជាប្អូន​ប្រុសរបស់ស្ត្រី ដែលបានស្លាប់នោះ បាននិយាយថា មិនមាននរណាម្នាក់ទទួលខុសត្រូវចំពោះការស្លាប់បង​ស្រីរបស់លោកឡើយ ទោះបីជាអាជ្ញាធរ​បាន​ផ្តល់​​ថវិកាមួយចំនួនសម្រាប់ចំណាយលើពិធីបុណ្យសពក៏ដោយ។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់បង​ស្រីរបស់លោក ហើយបានអំពាវនាវដល់មន្ត្រីកុំឱ្យចាត់វិធានការផ្លូវច្បាប់លើ​អ្នកភូមិ​។

លោកបាន​និយាយថា៖ «គាត់​ [មន្ត្រី] បានចូលរួមវិភាគទាន​តែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ពិធីបុណ្យសព។ ពាក់​ព័ន្ធ​ការកោះហៅអ្នកភូមិ ខ្ញុំយល់ថា ប្រសិនបើបញ្ហានេះ ត្រូវបានដោះស្រាយ​រួចរាល់ហើយនោះ មន្ត្រីមិនគួរដាក់ទោសអ្នកភូមិឡើយ»។

លោក សី​ ទូច អភិបាលស្រុកកោះញែក បានប្រាប់សារព័ត៌មានខេមបូចាព័ត៌មាន​ថា អាជ្ញាធរ​តែងតែធ្វើការអប់រំប្រជាពលរដ្ឋ និងណែនាំឱ្យពួកគាត់​បញ្ឈប់សកម្មភាពរុករករ៉ែ។ លោកបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានសកម្មភាពខុសច្បាប់កើតឡើង ស្ថាប័ន​មាន​សមត្ថកិច្ចត្រូវអនុវត្តតាមនីតិវិធីច្បាប់ ដោយបាន​បន្ថែមថា ស្ថាប័នផ្សេងទៀតមិនអាចលូកដៃ​ចូល​ក្នុង​ដំ​ណើរការនីតិវិធីទាំងនោះបានឡើយ។

លោកបានមានប្រសាសន៍ថា អាជ្ញាធរមិនអាចទប់ស្កាត់ ឬលូកដៃចូលក្នុងរាល់ហេតុការណ៍ទាំង​អស់បាននោះទេ ប៉ុន្តែព្យាយាមសម្របសម្រួល ផ្តល់ការណែនាំ និងទប់ស្កាត់មិនឱ្យអ្នកភូមិ​ប្រព្រឹត្តខុសច្បាប់ ឬបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

លោកបានថ្លែងថា៖ «ប្រសិនបើប្រជាពលរដ្ឋប្រព្រឹត្តកំហុសដោយអចេតនា ឬដោយសារការធ្វេសប្រហែស ហើយទទួលស្គាល់កំហុសរបស់ខ្លួននោះ អាជ្ញាធរតែងតែព្យា​យាមសម្របសម្រួល និងផ្តល់ដំបូន្មាន។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះនៅតែត្រូវពិនិត្យឡើងវិញស្របតាមនីតិវិធីរបស់អាជ្ញាធរពាក់ព័ន្ធ»។

លោក សី​ ទូច​ បានមានប្រសាសន៍ថា មរណភាពរបស់ស្ត្រីរូបនេះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត និងនីតិវិធីច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ដែលត្រូវ​មានភស្តុតាងច្បាស់លាស់។ លោកបានបញ្ជាក់ថា អាជ្ញាធរថ្នាក់ស្រុកមិនអាចធ្វើការសន្និដ្ឋានជំនួសបានឡើយ ដោយបន្ថែមថា ករណីនេះស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរខេត្តរតនគិរី ផ្នែក​​ទៅលើទីតាំង និងកាលៈទេសៈនៃហេតុការណ៍។

លោក ផុ​ន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានលើកឡើងថា ករណីនេះកំពុងស្ថិតនៅ​ក្នុងដៃតុលាការហើយនៅពេលនេះ​ ប៉ុន្តែលោកបានបដិសេធថា មន្ត្រីបរិស្ថានមិនបានដាក់ពាក្យប្តឹង​អ្នក​ភូមិទេ​។ លោកបានបញ្ជាក់ថា ពាក្យបណ្តឹងនោះ គឺសំដៅទៅលើតែបុគ្គលដែលបាន​ប្រព្រឹត្តបទល្មើសប៉ុណ្ណោះ។

នៅពេលធ្វើអត្ថាធិប្បាយលើករណីនេះ លោកបានចោទសួរថា តើគួរចាត់ទុក​ហេតុការណ៍នេះយ៉ាងដូចម្តេចទៅវិញ​ «នៅពេលពលរដ្ឋ​តាម​ចោទ​ថា បានប្រព្រឹត្តល្មើសច្បាប់ និងបានកៀងគរអ្នកដទៃឱ្យដុតបំផ្លាញស្នាក់ការ​របស់​រដ្ឋ​»។ លោកបានបញ្ជាក់ថា មន្ទីរ​បរិស្ថាន​មិនចង់ «ជជែកវែកញែក​»​ អំពីរឿងនេះបន្តទៀតទេ ហើយនឹងទុកឱ្យតុលាការជាអ្នកសម្រេច។

លោក​មាន​ប្រសាសន៍​ថា៖ «យើងកំពុងបន្តនីតិវិធីតុលាការប្រឆាំង​​បុគ្គលទាំងឡាយណា ដែលបានបំពានច្បាប់។ យើងមិនបានប្តឹង​អ្នកភូមិនោះទេ»។

នៅពេលត្រូវបានសួរថា តើអ្នកណាគួរទទួលខុសត្រូវចំពោះការស្លាប់របស់ស្ត្រីរូបនោះ លោក ខេមរិន្ទ បានលើកឡើង​ថា វាជារឿងដាច់ដោយឡែកពីគ្នា​ ហើយមិនគួររាប់បញ្ចូល​ក្នុងករ​ណី​ដុត​បំផ្លាញស្នាក់ការង​បរិស្ថាន​នោះទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ជាទូទៅ មនុស្សម្នាក់​ៗ​​មាន​ហេតុផលរៀងៗខ្លួន ប៉ុន្តែខ្ញុំនឹងមិនជជែកវែកញែកអំពីបញ្ហានេះទេ។ យើងនឹងទុកឱ្យតុលាការជាអ្នកចាត់វិធាន​ការ»។

សេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកសំលេង​ជនជាតិដើមភាគតិច​ពូនង​បានលើកឡើងថា ហេតុការណ៍នេះឆ្លុះបញ្ចាំងពីស្ថានភាពរស់​នៅ​ដ៏លំ​បាក​របស់អ្នកភូមិ ដែលកំពុងជួបប្រទះនឹងភាពក្រីក្រ បំណុល និងកង្វះខាតធនធានសម្រាប់ផ្គត់​ផ្គង់គ្រួសារ។ សេចក្តីថ្លែងការណ៍នោះបានបន្ត​ថា អ្នកភូមិបានងាកទៅប្រកប​មុខ​របរ​រុករករ៉ែមាសតាមបែបប្រពៃណីនៅក្នុងសហគមន៍របស់ពួកគេ ដើម្បីរកចំណូល ផ្គត់ផ្គង់កូនៗ និងសងបំណុលដែលកំពុងកើនឡើង។

សេចក្តី​ថ្លែងការណ៍​នេះបានឱ្យដឹងទៀត​ថា ហេតុការណ៍នេះបានបញ្ចប់ទៅដោយសោកនាដ​កម្ម គឺការស្លាប់ស្ត្រីវ័យក្មេងម្នាក់ ដែលកំពុងមានផ្ទៃពោះ ដោយចាត់​ទុក​ការស្លាប់របស់ស្ត្រី​រូបនេះថា ជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងជាទុក្ខសោកដ៏រ៉ាំរ៉ៃសម្រាប់សហគមន៍។

សេចក្តីថ្លែងការណ៍នេះសរសេរថា៖ «យើងអំពាវនាវឱ្យមានការពិចារណាឱ្យបានទូលំទូលាយ និងដោយប្រយ័ត្ន​ប្រយែង​ អំពីមូលហេតុ និងកាលៈទេសៈ ដែលនាំឱ្យកើតមានហេតុការណ៍នេះ»។

សេចក្តីថ្លែងការណ៍​របស់​សហគមន៍​ជនជាតិដើមភាគតិច​ពូនង​នេះបានលើកឡើងថា ច្បាប់ដើរ​តួនាទីសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងយុត្តិធម៌ ប៉ុន្តែមនុស្ស​ធម៌​ក៏គួរតែជា​គោលការណ៍​ណែនាំ​​​ដល់ការសម្រេចចិត្តរបស់មេ​ដឹកនាំផងដែរ។ ពួកគេបានចោទជាសំណួរថា តើអាចស្វែងរកដំណោះស្រាយមួយដោយមិនបន្ថែម​បន្ទុកដល់អ្នកភូមិ ដែលកំពុងរងទុក្ខដោយ​សារការបាត់បង់មនុស្សជាទីស្រឡាញ់ ភាពក្រីក្រ បំណុល និងនីតិវិធីផ្លូវច្បាប់រួចហើយ​នោះ​។

សេចក្តីថ្លែងការណ៍​ដដែល​បានបន្ថែមថា ការសម្រេចចិត្តដ៏មានតម្លៃបំផុតរបស់ថ្នាក់ដឹកនាំ មិនមែន​មានត្រឹមតែការដាក់ទោសចំពោះទង្វើខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​ស្វែងរកដំណោះស្រាយ​ ដែលអាចជួយសម្រាលទុក្ខលំបាក កាត់បន្ថយជម្លោះ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋ​អាចវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍ប្រកបដោយសន្តិភាពវិញ។

កាល​ពី​ខែសីហា ឆ្នាំ២០២៣ ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើង នៅពេលជនជាតិដើម​ភាគតិចក្រោលជាង៣០០នាក់ នៅក្នុងឃុំស្រែជិះ​ ខេត្តក្រចេះ បានដុតបំផ្លាញស្នាក់ការ​របស់ក្រសួងបរិស្ថានមួយកន្លែង បន្ទាប់ពីមានទំនាក់ទំនង​តានតឹងជាមួយមន្ត្រីអស់រយៈពេលជាច្រើន​ឆ្នាំ។ ការតវ៉ានេះបានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំបន់ការពារ «សរសរស្តម្ភសត្វតោ​» នឹងត្រូវពង្រីកបន្ថែមចំនួន ៤ ៥០០ហិកតា។ មិនមានការចាប់ខ្លួននរណាម្នាក់​ទេនៅ​ពេលនោះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Eight Villagers Summoned for Torching Wildlife Sanctuary Station in Ratanakiri

ព័ត៌មានថ្មី

អត្ថបទពេញនិយម