សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​ប្រឈមនឹង​ពន្ធ​នាំចូលទំនិញ​ទៅ​​អាមេរិក​១៨ភាគរយ ក្រោយ​ការ​ស៊ើបអង្កេត​រកឃើញ​ការ​ផលិត​លើស​ពី​សមត្ថភាព​

រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ស្តាប់សំឡេងនៃអត្ថបទនេះ (បង្កើតដោយ AI)។

សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃពុធ​បាន​ស្នើ​ឡើង​នូវ​ពន្ធថ្មី​​លើ​កម្ពុជា​និង​ប្រទេស​ចំនួន​១៣​ផ្សេង​ទៀត ដោយ​បាន​ចោទ​ថា​ប្រទេស​ទាំង​នេះ​បាន​ផលិត​ទំនិញលើស​ពី​តម្រូវ​ការ ក្រោយ​មានការ​ស៊ើប​អង្កេត​មួយ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។​

​ទំនិញ​ភាគច្រើន​របស់​កម្ពុជា​ដែលត្រូវ​នាំ​ទៅ​អាមេរិក​អាច​នឹង​ប្រឈម​ពន្ធ​រហូត​ដល់​១៨​ភាគរយ នេះ​បើ​តាម​សំណើ​ថ្មី​​។ ពន្ធ​នេះ​អាច​នឹង​រួម​បញ្ចូល​ពន្ធ​១០​ភាគ​រយ​​ដែល​បាន​ដាក់​កាល​ពី​ខែ​កក្កដា ទាក់ទង​នឹង​អ្វី​ដែល​សហរដ្ឋអាមេរិក​ថា​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ហាមឃាត់​នាំចេញ​ទំនិញ​ដែល​ផលិត​ចេញ​ពី​ការ​ធ្វើ​ការ​ដោយ​បង្ខំ​។​

អត្រា​ពន្ធ​នេះ​អាចកើន​ឡើង​ច្រើន​បំផុត​ដល់​២៥​ភាគ​រយ បើ​សិន​ជា​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន និង​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ ជជែក​មិន​ត្រូវ​រូវ​គ្នា រួម​ទាំង​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​កន្លង​មក​មិន​បាន​បំពេញ​ចិត្ត​អាមេរិក​។​

ពន្ធ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​​មុន​មាន​សាវនាការ​សាធារណៈ​នៅ​ក្រុងវ៉ាស៊ីន​តោន​ថ្ងៃទី​២៥ ខែ​មករា ខាង​មុខ​។​

ចិន សហភាពអ៊ឺរ៉ុប ជប៉ុន និង​វៀតណាម ក៏​ជា​ប្រទេស​ស្ថិត​ក្នុង​ផែនការ​ពន្ធ​​ថ្មី​ចេញ​កាល​ពី​ថ្ងៃពុធ​នេះ​ដែរ​។ នេះជា​កិច្ច​ខិត​ខំ​ជា​ថ្មី​របស់​រដ្ឋបាល ​លោក​ ដូលណាល់ ត្រាំ ក្នុង​ការ​រៀបចំ​កម្មវិធី​ពន្ធ​ថ្មី​ក្រោយ​តុលាកា​រកំពូល​បាន​រារាំង​កម្មវិធី​ពន្ធ​បដិការ​របស់​លោក ត្រាំ កាល​ពី​ខែ​កុម្ភៈ​។​

​ដំបូង​ឡើយ​កម្ពុជា​បាន​ប្រឈម​នឹង​ពន្ធ​បដិការ​រហូត​ដល់​៤៩​ភាគរយ ពេល​លោក ​ត្រាំ ប្រកាស​វិធាន​ការ​នេះ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៥​។ ក្រោយ​មក​ទៀត​ក៏​បាន​កាត់​មក​នៅ​ត្រឹម​៣៦​ភាគរយ និង​បន្ត​ធ្លាក់​មក​នៅ​១៩ភាគរយ​ ហើយ​អត្រា​នេះ​ក៏​បាន​ដាក់​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

យោង​តាម​របាយការណ៍​ដែល​ភ្ជាប់​ជាមួយ​នឹង​សំណើ​ពន្ធ​ថ្មី ការិយាល័យ​តំណាង​អាមេរិក​បាន​និយាយ​ថា ​វិស័យ​កម្មន្តសាល​កម្ពុជា​បាន​«ផលិត​ទំនិញ​ច្រើន​លើស​ពី»​ទំហំសេដ្ឋកិច្ច​របស់​ខ្លួន និង​ថា​កម្ពុជា​មិន​បាន​«ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​រចនា​សម្ព័ន្ធផលិត​កម្ម​លើស​សមត្ថភាព​»។​

​ការិយាល័យ​ដដែល​សរុប​រួម​ថា ​​គោល​នយោបាយ​កម្ពុជា​គឺ «មិនសមហេតុផល» និង​«​ដាក់​បន្ទុក​ធ្ងន់ ឬ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​អាមេរិក»។​

របាយការណ៍​ដដែល​ក៏​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា​ជា​ទីតាំង​ជួយ​ដល់​​អ្នក​ជំនួយ​ចិន​​ក្នុង​ការ​នាំ​ទំនិញ​របស់​ពួក​គេ​ទៅ​កាន់ទីផ្សារ​អាមេរិក​។ អាមេរិក​បាន​លើក​ឧទាហរណ៍​ពី​​ផ្ទាំង​សូឡា ដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ឆ្នាំ​២០២៣ បាន​រក​ឃើញ​ថា​ក្រុម​ហ៊ុន​ចិន​បាន​បង្វែរ​ផលិត​កម្ម​របស់​ខ្លួន​មក​កម្ពុជា​ដើម្បី​គេច​វេះពន្ធ​គយ​អាមេរិក និងថា​សម្បក​កង់រថយន្ត​«ក៏មាន​លេច​ចេញ​នូវ​ទម្រង់​ប្រហាក់​ប្រហែល​គ្នា​នេះដែរ»។​

កាល​ពី​ឆ្នាំ​២០២៥ អាមេរិក​បាន​ដាក់​ពន្ធ​លើ​ពាណិជ្ជករ​នាំ​ផ្ទាំង​សូឡា​ចេញ​ពី​កម្ពុជា​រហូត​ដល់ជាង​​៣ ៤០០​ភាគរយ សម្រាប់​អ្វី​ដែល​អាមេរិក​ចោទថា ​អ្នក​ទាំង​នោះ​បាន​លក់​ផលិត​ផល​​ក្នុង​តម្លៃ​ទាប​ខ្លាំង​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ទុន​ពី​រដ្ឋាភិបាល​។​

លោកឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុន ដែល​បាន​ដឹក​នាំ​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។ កាល​ពី​ខែកក្កដា លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​បាន​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ដោយ​បង្ខំ​។​

លោក ហ៊ាង សុទ្ធាយុត្តិ​ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​នោះទេ។ ដូច​គ្នា​ដែរ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់សារព័ត៌មាន​ខេមបូចា​ថា លោក «កំពុង​ជាប់​ប្រជុំ»។​

​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ប៉ែន បូណា បដិសេធធ្វើអត្ថាធិប្បាយ​លើ​រឿងនេះ និង​បាន​បង្វែរសំណួរ​ទៅ​កាន់​ក្រ​សួង​ពាណិជ្ជកម្មវិញ​។​

កម្ពុជា​បាន​នាំទំនិញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ទំហំទឹកប្រាក់​១៣,២៧​ពាន់​លាន​ដុល្លារ គិត​ត្រឹម​១០​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៦​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​២៨​ភាគរយ បើ​ធៀប​នឹងឆ្នាំ​កន្លង​ទៅ​។​ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

អាមេរិក​ជា​ទី​ផ្សារដ៏​ធំមួយ​របស់​កម្ពុជា ​ក្នុង​ចំណោម​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទាំង​អស់​មាន៤០​ភាគរយ​នាំទៅ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តា​ម​របាយការណ៍​របស់​អាមេរិក​។ អាមេរិក​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ច្រើន​ជាងអាមេរិក​នាំ​មក​កម្ពុជាដោយ​កើន​ពី​៨,៣​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ​​២០២១ ដល់​១៤,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥ ខណៈ​ដែល​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅចិន តិច​ជាង​ចិន​នាំ​មក​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​អតុល្យភាព​ពាណិជ្ជកម្ម​​ជាមួយចិន​​រហូត​ដល់ទៅ​៥៦​ភាគរយ​។​​

​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិតផលធ្វើដំណើរ គឺ​ជា​វិស័យ​ធំបំផុត​របស់​កម្ពុជា​​ក្នុងការ​នាំចេញ ដោយ​អាច​រក​ប្រាក់​បាន​ជិត​១៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥ និង​១១,៧៦​ពាន់​លាន​ដុល្លារ​នៅ​ប្រាំ​បីខែ​ ដើម​ឆ្នាំ​២០២៦ កើន​ឡើង​៧,២ភាគរយ។ នេះ​បើ​តាម​តួលេខ​របស់​ក្រ​សួង​ពាណិជ្ជកម្ម​។​ វិស័យ​កាត់​ដេរ​បាន​រួម​ចំណែក​៨,៧​ពាន់​លាន​ដុល្លារនៅ​ក្នុង​ទំហំពាណិជ្ជកម្ម​​ដែល​កម្ពុជា​បាន​នាំ​ចេញ​លើស​​ពី​ទំហំ​អាមេរិក​នាំ​ទំនិញ​មក​កម្ពុជា​កាល​ពី​ឆ្នាំមុន។ នេះ​បើ​តាម​របាយការណ៍​របស់​អាមេរិក​។​

លោក កាំង​ មូនីកា អគ្គលេខាធិការ​រង​នៃ​សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មាន​ប្រសាសន៍ថា​ សំណើ​ពន្ធ​ថ្មី​នេះ​នៅ​តែ​​ផ្ដល់​ការ​អនុគ្រោះ​ដល់​កម្ពុជា​ជាង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ទោះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ក៏​ដោយ​។​

លោក​បន្ថែម​ថា៖ «អត្រា​ពន្ធ​ថ្មី​ដែល​លើក​ឡើង​នេះ​ សម្រាប់​កម្ពុជា​គឺ​នៅ​ស្មើ​នឹង​បង់ក្លាដែស និងឥណ្ឌូនេស៊ី ហើយ​នៅ​ក្រោយ​អត្រា​ពន្ធ​របស់​ប្រទេស​វៀតណាម​»។ លោក​បាន​អរគុណ​ដល់​រដ្ឋាភិបាល និង​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជាសម្រាប់​ការ​ចូល​រួម​ចំណែក​ក្នុង​ដំណើរការ​ស៊ើប​អង្កេត​កន្លង​មក​។​

ប្រាក់​ឈ្នួល​នៅ​តែ​មិន​ទាន់​សម​នឹង​​កំណើន​នៃការ​នាំចេញ​ និង​ភាព​ប្រកួត​ប្រជែង​របស់​វិស័យ​មួយ​នេះ​។ ​ប្រាក់​ឈ្នួល​គោល​អប្បបរមា​​​​​ប្រចាំ​ខែ​បាន​ឡើង​២​ដុល្លារសម្រាប់​ឆ្នាំ​ក្រោយ ខណៈ​បច្ចុប្បន្ន​មាន​​២១០​ដុល្លារ ដែល​តួលេខ​នេះ​មាន​តិចជាង​​ពី​អ្វី​ដែល​សហជីព​ចង់បាន​២៣២​ដុល្លារ​។ ចាប់ពី​ខែ​មករា ឆ្នាំ​២០២៧ ប្រាក់​ឈ្នួល​គោល​អប្បបរមា​នឹង​ឡើង​បាន​២១២​ដុល្លារ​។​

របាយការណ៍​អាមេរិក​បាន​លើកឡើង​ថា ​ប្រាក់​ឈ្នួល​នៅ​កម្ពុជា«មាន​កម្រិត​ទាប​ខ្លាំង និង​ពឹង​ពាក់​ខ្លាំង​លើ​កម្លាំង​មនុស្ស»។ របាយការណ៍​ដដែល​បញ្ជាក់ថា​កម្លាំង​ពល​កម្ម​របស់​កម្មករ​បាន​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ថេរមាន​ប្រហែល​៤៦​ភាគរយ​ពី​ឆ្នាំ​២០២១ ដល់​២០២៥ បើ​ទោះ​បីជា​ផលិត​កម្ម និង​ការនាំចេញ​កើន​ឡើង​ក៏​ដោយ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Faces up to 18% US Tariff After Excess Capacity Probe

ព័ត៌មានថ្មី

អត្ថបទពេញនិយម